បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែជាវិបត្តិដ៏ធំមួយដែលតែងគំរាមកំហែងជីវិតអ្នកប្រើប្រាស់ផ្លូវជាប្រចាំ។ ក្នុងនោះ យុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ គឺជាក្រុមដែលប្រឈមនឹងការបាត់បង់ជីវិតខ្លាំងជាងគេ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ។
បញ្ហានេះ អង្គការអន្តរជាតិមួយបានបង្ហាញលទ្ធផលនៃការសិក្សាថ្មីមួយរកឃើញថា ករណីបើកបរហួសល្បឿនកំណត់នៅតែជាកត្តាឈានមុខគេ ដែលបង្កឲ្យមានវិបត្តិគ្រោះថ្នាក់ចរាចរណ៍កាន់តែកើនឡើង។
ការសិក្សាស្ដីពីការត្រួតពិនិត្យល្បឿនបើកបរ ធ្វើឡើងប្រាំឆ្នាំម្ដងដោយអង្គការជនពិការអន្តរជាតិ (Handicap International) បង្ហាញថា ពីរភាគបីនៃចំនួនអ្នកបើកបរ បានបើកបរហួសល្បឿនកំណត់ ដែលជាដើមចមចម្បងទី១ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
ក្នុងបទបង្ហាញនៅថ្ងៃទី២៧ កក្កដា ស្ដីពីលទ្ធផលនៃការសិក្សានេះ ប្រធានកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអង្គការជនពិការអន្តរជាតិ អ្នកស្រី ជាង សារីម បញ្ជាក់ថា អត្រានៃអ្នកបើកបរហួសល្បឿនកំណត់មានការកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺពីជាង ៣៣% នៅឆ្នាំ២០១០ កើនដល់ជាង ៦៦% នៅឆ្នាំ២០១៤ ដែលកំណើននេះសបញ្ជាក់ថា កម្ពុជា កំពុងប្រឈមនឹងហានិភ័យដ៏ខ្ពស់ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
របាយការណ៍នៃការសិក្សាស្រាវជ្រាវនេះ ក៏លើកឡើងដែរថា ការអនុវត្តច្បាប់នៅមានកង្វះខាត ហើយចំណេះដឹងរបស់អ្នកបើកបរស្ដីពីសុវត្ថិភាពចរាចរណ៍នៅមានកម្រិតទាបខ្លាំង។ ក្នុងនោះ ៩៧% នៃចំនួនអ្នកបើកបរដែលអង្គការជនពិការអន្តរជាតិបានសិក្សា គាំទ្រឲ្យមានការរឹតបន្តឹងច្បាប់លើការបើកបរហួសល្បឿនកំណត់។

ក្នុងសិក្ខាសាលានោះ អនុប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ទី ឡុង បានលើកឡើងថា រដ្ឋាភិបាលនឹងផ្ដល់ ៧០% នៃទឹកប្រាក់ផាកពិន័យដល់នគរបាលចរាចរណ៍ដែលអនុវត្តច្បាប់ ហើយថានឹងដាក់បង្ហាញជាសាធារណៈនូវចំនួនទឹកប្រាក់ផាកពិន័យតាមច្បាប់ថ្មី នៅតាមកន្លែងផាកពិន័យ។
ថ្មីៗនេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការកំណត់ល្បឿនក្នុងការបើកបរ និងទឹកប្រាក់ដែលត្រូវផាកពិន័យអន្តរការណ៍។ មាត្រា៥ នៃអនុក្រឹត្យនោះ តម្រូវឲ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ប្រើល្បឿនទៅតាមស្លាកសញ្ញាកំណត់ល្បឿនដែលបំពាក់នៅតាមដងផ្លូវ។ ចំពោះការបើកបរក្នុងទីប្រជុំជនដែលមិនមានស្លាកសញ្ញាកំណត់ល្បឿនទេ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងយានយន្តកសិកម្មជាដើម ត្រូវប្រើល្បឿនមិនឲ្យលើសពី ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ឯរថយន្តវិញ ត្រូវបានកំណត់ថាមិនឲ្យលើសពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរបើកបរនៅក្រៅទីប្រជុំជនវិញ ល្បឿនអតិបរមាគឺ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង និង ៩០គីឡូម៉ែត្រក្នុងមួយម៉ោង បើបើកបរនៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរ និងមានគន្លងផ្លូវចាប់ពីបួនឡើងទៅ។ បច្ចុប្បន្ន ច្បាប់ចរាចរណ៍ថ្មីកំពុងស្ថិតក្នុងដំណាក់កាលអប់រំផ្សព្វផ្សាយដល់សាធារណជននៅឡើយ ឯការអនុវត្តជាផ្លូវការតាមច្បាប់ថ្មីនេះ នឹងចាប់ផ្ដើមពីខែមករា ឆ្នាំ២០១៦ នេះតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
