សាលា​ក្រុង​បដិសេធ​ដំឡើង​ប្រាក់​ខែ​ដល់​អ្នក​បើកបរ​រថយន្ត​ក្រុង​សាធារណៈ

ដោយ ម៉ម មុនីរតន៍
2015.02.03
រថយន្ត​ក្រុង​ ៦២២ រថយន្ត​ក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥
RFA

អ្នក​បើកបរ​រថយន្ត​ក្រុង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ បាន​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។ ចំណែក​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​វិញ បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ទាំង​អ្នក​បើកបរ និង​សាលា​ក្រុង ពុំ​មាន​ចង​កាតព្វកិច្ច​ដោយ​ច្បាប់​ណា​មួយ​ឡើយ ហើយ​បើ​ពួក​គេ​មិន​ពេញ​ចិត្ត​ទេ គឺ​អាច​ទៅ​រក​ការងារ​ធ្វើ​នៅ​ខាង​ក្រៅ​បាន ជាពិសេស សាលា​រាជធានី​ភ្នំពេញ ពុំ​ធ្លាប់​ដែល​បាន​សន្យា​ដំឡើង​លុយ​បន្ថែម​ដល់​អ្នក​បើកបរ​ទៀត​ផង។

ការ​ឆ្លើយ​តប​របស់​សាលា​រាជធានី​ភ្នំពេញ​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​បើកបរ​រថយន្ត​ក្រុង​ប្រមាណ ១១​នាក់​ក្នុង​ចំណោម ៥០​នាក់ ធ្វើ​កូដកម្ម​ប្រឆាំង​កិច្ចសន្យា ដែល​ក្រុម​អ្នក​តវ៉ា​ចាត់​ទុក​ថា សាលា​ក្រុង​ខកខាន​មិន​បាន​ឆ្លើយ​តប​រឿង​បន្ថែម​លុយ ដូច​ដែល​មាន​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ឲ្យ​ដល់ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​កិច្ចសន្យា​បាន​កំណត់​ថា ក្នុង​រយៈពេល ៣​ខែ​បន្ទាប់​ក្រោយ​ពី​ដាក់​ឲ្យ​ដំណើរ​ការ​រួច សាលា​រាជធានី​ភ្នំពេញ​នឹង​ដំឡើង​ជូន​បន្ថែម​ទៀត។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បដិសេធ​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ថា សាលា​ក្រុង​ពុំ​ដែល​បាន​សន្យា​អ្វី​សោះ​ឡើយ ថា​នឹង​ដំឡើង​លុយ​ឲ្យ​អ្នក​បើកបរ​រថយន្ត​ក្រុង​រហូត​ដល់ ៣០០​ដុល្លារ​ម្ដង​ណា​ទេ។ ក៏ប៉ុន្តែ លោក​ថ្លែង​ថា ប្រសិន​បើ​ទៅ​ថ្ងៃ​ខាង​មុខ​រយៈពេល​វែង​ទៀត អាជីវកម្ម​នេះ​ទទួល​បាន​ជោគជ័យ​លើ​សេវា​រថយន្ត​ក្រុង សាលា​រាជធានី​ភ្នំពេញ​អាច​នឹង​គិតគូរ​ប្រាក់​បន្ថែម​ជូន​បាន។

លោក​បញ្ជាក់​ទៀត​ថា បើ​ទោះ​ជា​បែប​ណា នៅ​ពេល​នេះ​សេវាកម្ម​ដឹក​ជញ្ជូន​របស់​សាលា​ក្រុង គឺ​នៅ​មិន​ទាន់​រក​ប្រាក់​ចំណេញ​ឃើញ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា «ដូច​ឃើញ​ស្រាប់​ហើយ​ឥឡូវ​នេះ គឺ​ថា​សឹង​មិន​រួច​ខ្លួន​ផង។ ដោយសារ​យើង​មាន​គោល​នយោបាយ​ដោះស្រាយ​ជូន​សិស្ស​និស្សិត ព្រះសង្ឃ មនុស្ស​ចាស់​អី​ជាដើម ដូច្នេះ​យើង​មិន​អាច​ដំឡើង​បាន​ទេ។ លោក​បន្ត​ថា យើង​ធ្លាប់​បាន​និយាយ​ហើយ នៅ​ថ្ងៃ​ខាង​មុខ​បើ​មាន​លទ្ធភាព​ចំណូល​ចំណេញ​គួរសម ពិចារណា​ក្នុង​ការ​ដំឡើង​ជូន​គាត់»

គិត​ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ កន្លង​ទៅ​ដែល​ជា​ការ​សាកល្បង​លើក​ទី​ពីរ​របស់​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ធ្លាប់​បរាជ័យ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០១ នោះ សេវា​រថយន្ត​ក្រុង​សាធារណៈ​ជា​ថ្មី​ទៀត​នេះ មាន​ឡាន​ចំនួន ៤៥​គ្រឿង ដាក់​ឲ្យ​ដំណើរ​ការ ៣​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​តម្លៃ​នៃ​ការ​ធ្វើ​ដំណើរ​ម្ដង​ក្នុង​ម្នាក់ ១.៥០០​រៀល។

យ៉ាង​ណា ក្រុម​អ្នក​បើកបរ​និយាយ​ថា ការ​ធ្វើ​កូដកម្ម​សុំ​ដំឡើង​ប្រាក់​ខែ​ពី ៧២​ម៉ឺន​រៀល​ក្នុង​ពេល​បច្ចុប្បន្ន ឲ្យ​ឡើង​ដល់ ៣០០​ដុល្លារ​នេះ ដោយសារ​ពី​មុន​មក​សាលា​រាជធានី​ភ្នំពេញ​បាន​សន្យា​ថា នឹង​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន​រហូត​ដល់ ៣០០​ដុល្លារ​ក្នុង​រយៈពេល ៣​ខែ​បន្ទាប់ ក្រោយ​ពី​ដាក់​ឲ្យ​ដំណើរ​ការ​រថយន្ត​ក្រុង​រួច។

ជុំវិញ​រឿង​នេះ លោក ទៀង គឹមសាន អ្នក​បើកបរ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ផ្សេង​ទៀត អះអាង​ថា ដើម​ឡើយ​មន្ត្រី​របស់​សាលា​រាជធានី​ភ្នំពេញ ពិត​ជា​បាន​សន្យា​ថា​នឹង​ដំឡើង​មែន ក៏ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ៥​ខែ​ហើយ ការ​សន្យា​នោះ​បាន​កប់​បាត់​ឈឹង​រហូត។ លោក​ថ្លែង​បន្ត​ថា ព្រោះ​តែ​ហេតុ​នេះ​ហើយ ទើប​ពួក​គេ​តវ៉ា ហើយ​ការ​លើក​ឡើង​ណា​មួយ​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​នោះ គឺ​ផ្ទុយ​ពី​ការ​ពិត។ លោក ទៀង គឹមសាន ព្រមាន​ថា បើ​សាលា​រាជធានី​ភ្នំពេញ​មិន​ឆ្លើយ​តប​ទេ ក្រុម​អ្នក​បើកបរ​នឹង​ធ្វើ​យុទ្ធនាការ​បន្ត​ទៀត​ទៅ​រដ្ឋាភិបាល ប្រឆាំង​សេចក្តី​សម្រេច​នេះ។ លោក​បន្ត​ថា «មុន​នឹង​បើក​ប្រាក់​ខែ​គេ​និយាយ​ជាមួយ​យើង​ថា រដ្ឋ​យើង​ទើប​ដំណើរ​ការ។ វា​មិន​អាច​ឲ្យ​ប្រាក់​ខែ​យើង​ដល់​អ៊ីចឹង​ទេ»

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ថ្លែង​ថា ការ​បកស្រាយ​ណា​មួយ​របស់​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ គឺ​ជា​ការ​ដោះ​បន្ទុក និង​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ។ លោក​បន្ត​ថា «មក​ដល់ ៣​ខែ ត្រូវ​តែ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​និយោជិក»។ លោក​បន្ត​ទៀត​ថា «អ៊ីចឹង​ខ្ញុំ​គិត​ថា បង​ប្អូន​ធ្វើ​នេះ គឺ​ជា​ការ​ត្រឹមត្រូវ»

នេះ​ជា​ការ​តវ៉ា​លើក​ទី​ពីរ​ហើយ​របស់​ក្រុម​អ្នក​បើកបរ​រថយន្ត​ក្រុង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ការ​តវ៉ា​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ ត្រូវ​បរាជ័យ។ យ៉ាង​ណា​ក្នុង​ថ្ងៃ​នៃ​ការ​ធ្វើ​កូដកម្ម​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ នៅ​មុខ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ កម្លាំង​ប៉ូលិស និង​ប៉េអិម​មួយ​ចំនួន ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ក្បែរ​នោះ​ដែរ។ ក៏ប៉ុន្តែ កម្លាំង​ដែល​បាន​ដាក់​ពង្រាយ​នោះ ពុំ​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​ជាមួយ​អ្នក​ធ្វើ​កូដកម្ម​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។