សហជីព​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​កម្មករ​ដួល​សន្លប់

0:00 / 0:00

តំណាង​សហជីព​នៅ​កម្ពុជា ព្រួយ​បារម្ភ​ចំពោះ​ករណី​ដួល​សន្លប់​របស់​កម្មករ ដែល​កើត​មាន​ជា​បន្តបន្ទាប់។ ទន្ទឹម​គ្នា​នេះ​ដែរ ពួកគេ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ករណី​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ ការ​ស្នើ​នេះ ស្រប​ពេល​មាន​កម្មករ​ជា​ច្រើន​រយ​នាក់​តាម​បណ្ដា​រោងចក្រ​ជា​ច្រើន​បាន​ដួល​សន្លប់​នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នាៗ​មក​នេះ។

ក្រុម​សហជីព​លើក​ឡើង​ថា ករណី​ដួល​សន្លប់​របស់​កម្មករ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​បរិភោគ​អាហារ​មិន​គ្រប់គ្រាន់ ធ្វើ​ការ​លើស​ម៉ោង បរិយាកាស​ក្នុង​រោងចក្រ​មិន​ល្អ ធំ​ក្លិន​ថ្នាំ​ពី​សម្ភារៈ និង​ពុល​ដោយសារ​សារធាតុ​គីមី។

ទាក់ទង​នឹង​ករណី​កម្មករ​ដួល​សន្លប់​នេះ​ដែរ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ (C-CAWDU) លោក អាត់ ធន់ បាន​ឲ្យ​ដឹង​ថា បើ​គិត​ចាប់​ពី​ថ្ងៃ​២៩ ខែ​មិថុនា រហូត​មក​ដល់​ពេល​នេះ​មាន​កម្មករ​ជិត ១០០​នាក់ តាម​រោងចក្រ​នៅ​ភ្នំពេញ ទាំង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ក្នុង​នោះ​ដូចជា​ខេត្ត​កណ្ដាល កំពង់ស្ពឺ និង​តាកែវ បាន​ដួល​សន្លប់។

លោក​ថា ចំនួន​នេះ​គឺ​ជា​ចំនួន​កម្មករ​ដួល​សន្លប់​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ដោយ​មិន​រាប់​បញ្ចូល​ចំនួន​កម្មករ​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត​ដែល​បាន​ដួល​សន្លប់​មាន​ស្ថានភាព​ស្រាល​​នោះ​ទេ។

លោក អាត់ ធន់ ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​មូលហេតុ​ពីរ​ធំៗ គឺ​បញ្ហា​សុខភាព​កម្មករ និង​បញ្ហា​ប្រាក់​ឈ្នួល​ទាប៖ «ដោយសារ​កម្មករ​ខ្លួន​ឯង​ផ្ទាល់​មាន​សុខភាព​ខ្សោយ គួបផ្សំ​នឹង​បរិស្ថាន​កន្លែង​ការងារ​មិន​ល្អ​ផង បាន​ធ្វើ​ឲ្យ​កម្មករ​ដួល​សន្លប់។ ម្យ៉ាង បញ្ហា​ប្រាក់​ខែ​ទាប ក៏​ជា​មូលហេតុ​ចម្បង​ផង​ដែរ»

ប្រធាន​សហជីព​រូប​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​បណ្ដា​រោងចក្រ​កាត់ដេរ​ទាំង​អស់ គិតគូរ​ដោះស្រាយ​បញ្ហា​ដួល​សន្លប់​របស់​កម្មករ​នៅ​កម្ពុជា តាម​រយៈ​ការ​ដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ ដើម្បី​ឲ្យ​កម្មករ​មាន​លទ្ធភាព​ថែរក្សា​សុខភាព និង​បរិភោគ​គ្រប់គ្រាន់ ត្រូវ​មាន​ក្រុម​ចុះ​ត្រួត​ពិនិត្យ​តាម​បណ្ដា​រោងចក្រ ហើយ​រោងចក្រ​ទាំង​អស់​ត្រូវតែ​ធានា​ថា មាន​លក្ខខណ្ឌ​ស្តង់ដារ និង​បរិយាកាស​ល្អ៖ «បរិយាកាស​ខាង​ក្នុង​រោងចក្រ​បាន​ធ្វើ​ឲ្យ​ការ​ដក​ដង្ហើម​របស់​កម្មករ​ខ្វះ​អុកស៊ីហ្សែន។ ជាង​នេះ​ទៅ​ទៀត ខ្ញុំ​សូម​ស្នើ​ទៅ​រដ្ឋាភិបាល និង​ម្ចាស់​រោងចក្រ​ទាំងអស់ យក​ចិត្ត​ទុក​ចំពោះ​កម្មករ​របស់​ខ្លួន»

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សហជីព​សហព័ន្ធ​កម្មករ​ខ្មែរ លោក ហេ លីម ដែល​បាន​ជួយ​សង្គ្រោះ​កម្មករ​ដួល​សន្លប់​នៅ​រោងចក្រ ភី.ភី.អូ (PPO) ប្រមាណ​ជាង ៤០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កក្កដា សម្ដែង​ក្តី​បារម្ភ​លើ​ការ​ដួល​សន្លប់​កម្មករ​ដែរ​ថា កម្មករ​ដែល​ដួល​សន្លប់​ភាគ​ច្រើន​មាន​អាការៈ​ក្អួត​ចង្អោរ វិល​មុខ អស់​កម្លាំង ដែល​បង្ក​ឡើយ​ដោយ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន នៅ​ក្នុង​រោងចក្រ។

លោក​បន្ត​ថា នៅ​ពេល​កម្មករ​ដួល​សន្លប់​កាន់​ច្រើន នឹង​ប៉ះពាល់​ដល់​ដំណើរ​ផលិតកម្ម និង​ជីវភាព​រស់​នៅ​របស់​កម្មករ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់៖ «ខ្ញុំ​យល់​ថា បណ្ដា​ម្ចាស់​រោងចក្រ​ទាំងអស់ ត្រូវ​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ពេល​មាន​ករណី​កម្មករ​ដួល​សន្លប់ វា​ប៉ះពាល់​ច្រើន​ណាស់​ដល់​ជីវភាព​កម្មករ និង​សេដ្ឋកិច្ច​ជាតិ»

​របាយការណ៍​របស់​សហជីព​សេរី​កម្មករ​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៤ កម្មករ​ដួល​សន្លប់ និង​រង​គ្រោះថ្នាក់​ការងារ​ប្រមាណ​ជាង ១.៤៣០​នាក់ ដោយ​ហេតុផល​ថា ហូប​មិន​គ្រប់គ្រាន់ ធ្វើការ​លើស​ម៉ោង ពុល​កាវ ធំ​ក្លិន​ថ្នាំ​ពី​សម្ភារៈ គ្មាន​សេវា​សុខភាព និង​ដោយសារ​ពុល​ជាតិ​គីមី​ជាដើម។

របាយការណ៍​របស់​របប​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស) បាន​ឲ្យ​ដឹង​ថា មាន​រោងចក្រ​ចំនួន ១១​ទូទាំង​ប្រទេស ដែល​មាន​កម្មករ​ជាង ៥០០​នាក់ បាន​ដួល​សន្លប់​នៅ​ក្នុង​ឆមាស​ទី​១ (គិត​ចាប់​ពី​ខែ​មករា រហូត​ដល់​ខែ​មិថុនា) នៅ​ក្នុង​ឆ្នាំ​២០១៥។ ចំនួន​នេះ​មាន​ការ​ថយ​ចុះ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នឹង​ឆ្នាំ​មុន​ដែល​មាន​កម្មករ​សន្លប់​រហូត​ដល់​ជាង ៨៩០​នាក់។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ផេង សួរ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ធ្លាប់​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា កន្លង​ទៅ​ថា ករណី​ដួល​សន្លប់​របស់​កម្មករ​នៅ​តែ​បន្ត​មាន ហើយ​ក្រសួង​នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់ រួម​នឹង​ការ​ផាក​ពិន័យ​ចំពោះ​ថៅកែ​ក្រុមហ៊ុន សហគ្រាស​ណា​ដែល​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង។ លោក​បន្ត​ថា ក្រសួង​នឹង​រឹត​បន្តឹង​បទដ្ឋាន​អនាម័យ និង​សុវត្ថិភាព​ការងារ​បន្ថែម​ទៀត ពិសេស​រោងចក្រ​សហគ្រាស​ណា​ដែល​ធ្លាប់​មាន​ប្រវត្តិ​ករណី​ដួល​សន្លប់។

​ការ​ស្រាវជ្រាវ​របស់​ក្រសួង​ការងារ​រក​ឃើញ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​កម្មករ​ដួល​សន្លប់ ដោយសារ​បរិយាកាស​ការងារ គួប​ផ្សំ​នឹង​បញ្ហា​សុខភាព និង​បញ្ហា​តានតឹង​អារម្មណ៍ ឬ​ស្ត្រេស (Stress) របស់​កម្មករ។ ករណី​ដួល​សន្លប់​កើត​ឡើង​ច្រើន​បំផុត​គឺ​នៅ​ក្នុង​រដូវ​ក្ដៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។