អង្គការដើម្បីស្នាមញញឹមនៃកុមារ ហៅកាត់ថា ប៉េ.អេស.អឺ (PSE) នឹងរៀបចំពិព័រណ៍ម្ហូបអាហារអាស៊ាន នៅថ្ងៃទី១ និងទី២ ខែមេសា ឆ្នាំ២០១៦ នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ ដើម្បីរៃអង្គាសថវិកាសម្រាប់ផ្តល់ការសិក្សាអប់រំជំនាញវិជ្ជាជីវៈដល់កុមារក្រីក្រកម្ពុជា។
ថ្លែងនៅថ្ងៃទី២២ មីនា ក្នុងសន្និសីទសារព័ត៌មាន នាយកកម្មវិធីនៃអង្គការ ប៉េ.អេស.អឺ (PSE) លោក ពិន សារពេជ្ញ ឲ្យដឹងថា ពិព័រណ៍ម្ហូបអាហារអាស៊ានលើកទីមួយនេះ នឹងតាំងបង្ហាញអាហារអាស៊ានជាង ៧០មុខផ្សេងគ្នា។ លោកបន្តថា ក្រៅពីនេះក៏មានការប្រគំតន្ត្រី ការរាំកម្សាន្ត និងការសម្ដែងសិល្បៈនៃប្រទេសអាស៊ាននីមួយៗ។
លោក សារពេជ្ញ បញ្ជាក់ថា ការតាំងបង្ហាញម្ហូបអាហារអាស៊ាននៅកម្ពុជា ជាការឆ្លុះបញ្ចាំងនៃទំនាក់ទំនងវប្បធម៌របស់អាស៊ាន ដែលមិនត្រឹមតែមានភូមិសាស្ត្ររួមប៉ុណ្ណោះទេ តែក៏មានអត្តសញ្ញាណនៃការបរិភោគរួមគ្នា ពិសេសនោះគឺបាយ ជាអាហារគោល៖ « ខ្ញុំគិតថា ចំណុច ដែលអស្ចារ្យ នៅថ្ងៃនោះ គឺការដែលយើងមានការលាយឡំគ្នារវាងជាតិសាសន៍នីមួយៗ។ ខ្ញុំគិតថា នៅថ្ងៃនោះយើងមានអារម្មណ៍មួយថា យើងនៅក្នុងប្រទេសមួយដែលយើងមានជាតិសាសន៍ផ្សេងៗគ្នា។ តែដល់ចុងក្រោយបំផុត យើងជាអាស៊ានតែមួយ។ នេះហើយជាអ្វីដែលយើងចង់បង្ហាញ ទៅសាធារណជន ហើយវប្បធម៌របស់គាត់នឹងត្រូវបានបង្ហាញ »។
អង្គការ ប៉េ.អេស.អឺ (PSE) ធ្លាប់រៀបចំការតាំងពិព័រណ៍ម្ហូបអាហារខ្មែររយៈពេល ១០ឆ្នាំមកហើយ តែនេះជាលើកទីមួយសម្រាប់ការរៀបចំពិព័រណ៍ម្ហូបអាហារអាស៊ានរបស់អង្គការ ប៉េ.អេស.អឺ (PSE)។ ក្នុងមួយឆ្នាំៗមានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់។
លោក សារពេជ្ញ រំពឹងថា ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា នឹងបន្តគាំទ្រការពិព័រណ៍ម្ហូបអាហារនេះ ដើម្បីរៃអង្គាសថវិកាសម្រាប់គាំទ្រកម្មវិធីអប់រំរបស់កុមារកំព្រានៅកម្ពុជា។
សំបុត្រចូលរួមមួយសន្លឹកមានតម្លៃ ១ម៉ឺន ២ពាន់រៀល ឬ ៣ដុល្លារ ដែលអ្នកចូលរួមអាចយកសំបុត្រប្ដូរយកភេសជ្ជៈ។ សំបុត្រអាចរកទិញបាននៅភោជនីយដ្ឋាន លូទូសប្លង់ (Lotus Blanc) ស្ថានីយប្រេងឥន្ធនៈតូតាល់ (Total) និងពហុកីឡដ្ឋានជាតិអូឡាំពិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
