អ្នក​ស្ម័គ្រ​ចិត្ត​អាមេរិក​ក្រុម​ទី​៨​ចំនួន​៥៣​នាក់​នឹង​បំពេញ​ការងារ​នៅ​កម្ពុជា​រយៈពេល​២​ឆ្នាំ

0:00 / 0:00

ពលរដ្ឋ​អាមេរិក ជាង ៥០​នាក់​នៃ​ទីភ្នាក់ងារ​ស្ម័គ្រ​ចិត្ត ភីស.ឃ័រ (Peace Corps) បាន​បង្ហាញ​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា ដោយ​សន្យា​ថា នឹង​ចុះ​តាម​សហគមន៍​ជនបទ​ក្នុង​ខេត្ត​មួយ​ចំនួន ដើម្បី​ផ្តល់​ការ​អប់រំ​ភាសា​អង់គ្លេស និង​អប់រំ​ផ្នែក​សុខភាព​សាធារណៈ ជូន​ប្រជាពលរដ្ឋ ពិសេស​យុវជន​កម្ពុជា ឲ្យ​ចេះ​ពី​វិធី​រៀបចំ​ខ្លួន ឬ​បង្កើត​ជំនាញ​ចិញ្ចឹម​ជីវិត​ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​អនាគត។

វត្តមាន​ទីភ្នាក់ងារ ភីស.ឃ័រ សហរដ្ឋ​អាមេរិក ពេល​នេះ ទទួល​បាន​ការ​ស្វាគមន៍​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ដោយ​អះអាង​ថា នឹង​អាច​ចូលរួម​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​ផ្នែក​វិស័យ​អប់រំ និង​សុខភាព​សាធារណៈ នៅ​ទី​ជនបទ​បាន​ប្រសើរ​នា​ថ្ងៃ​ខាង​មុខ។

ពិធី​ធ្វើ​សច្ចាប្រណិធាន​ចូល​បំពេញ​ការងារ​របស់​ទីភ្នាក់ងារ​ស្ម័គ្រ​ចិត្ត ភីស.ឃ័រ ក្រុម​ថ្មី​ពេល​នេះ ធ្វើ​ឡើង​នៅ​គេហដ្ឋាន លោក វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែ​កញ្ញា។

លោក វីល្លៀម ថត ឲ្យ​ដឹង​ថា ក្រុម​ថ្មី​នៃ​ទីភ្នាក់ងារ ភីស.ឃ័រ មក​កម្ពុជា ពេល​នេះ មាន​សមាជិក​ចំនួន ៥៣​នាក់ នឹង​មក​បំពេញ​ការងារ​រយៈពេល ២​ឆ្នាំ តាម​ខេត្ត​ចំនួន​១៥ ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា អ្នក​ស្ម័គ្រ​ចិត្ត ភីស.ឃ័រ ទាំង​នេះ នឹង​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​ខ្មែរ និង​ធ្វើ​ការ​នៅ​តាម​សហគមន៍​ជនបទ មាន​ដូចជា បង្រៀន​ភាសា​អង់គ្លេស​ដល់​យុវជន អប់រំ​សុខភាព​សាធារណៈ អប់រំ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ អប់រំ​អំពី​ការ​អភិវឌ្ឍ​មុខ​ជំនួញ​ខ្នាត​តូច ឬ​កសាង​ជំនាញ​ភាព​ជា​អ្នក​ដឹក​នាំ ដល់​យុវជន ជាដើម។

លោក វីល្លៀម ថត បាន​ផ្តាំ​ផ្ញើ និង​មាន​ជំនឿ​ថា ភ្នាក់ងារ ភីស.ឃ័រ ក្រុម​ទី​៨​ថ្មី​បំផុត​នៅ​កម្ពុជា នឹង​បំពេញ​ការងារ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ព្រម​ទាំង​ផ្តល់​នូវ​ជំនាញ​ផ្សេងៗ​ពិត​ប្រាក​ដល់​យុវជន និង​ពលរដ្ឋ​ក្រីក្រ​រស់នៅ​ទី​ជនបទ​ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក អ្នក​ស្ម័គ្រ​ចិត្ត​នៃ​ទីភ្នាក់ងារ ភីស.ឃ័រ សហរដ្ឋ​អាមេរិក បាន​ចុះ​មក​បំពេញ​ការងារ​ក្នុង​ប្រទេស​កម្ពុជា មាន​សមាជិក​ចំនួន ៤០០​នាក់​ហើយ ហើយ​ពួក​គេ​បាន​ចុះ​ធ្វើ​ការងារ​នៅ​តាម​ខេត្ត​ចំនួន​១៥ ក្នុង​ប្រទេស​កម្ពុជា។

លោក វីល្លៀម ថត ឲ្យ​ដឹង​ថា វត្តមាន​របស់​ទីភ្នាក់ងារ ភីស.ឃ័រ នៅ​កម្ពុជា គឺ​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

នៅ​ក្នុង​ពិធី​ធ្វើ​សច្ចាប្រណិធាន​នៃ​ទីភ្នាក់ងារ ភីស.ឃ័រ លោក អេង ហួត រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​លោក ពិន ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​សាទរ និង​ចូលរួម​សហការ​ជាមួយ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នេះ។ លោក ពិន ចំណាន ដែល​ចូលរួម​ក្នុង​ពិធី​សច្ចាប្រណិធាន​របស់​ទីភ្នាក់ងារ ភីស.ឃ័រ មាន​ប្រសាសន៍​ជា​ភាសា​អង់គ្លេស ដោយ​ចាត់​ទុក​វត្តមាន​ទីភ្នាក់ងារ​ស្ម័គ្រ​ចិត្ត ភីស.ឃ័រ ក្រុម​ថ្មី​នេះ ថា​នឹង​អាច​ចូលរួម​ចំណែក​ដល់​ការ​អប់រំ​ភាសា​អង់គ្លេស​បាន​ទូលំទូលាយ។ ហើយ​ក៏​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ជាមួយ​រាជ​រដ្ឋាភិបាល​កាន់​តែ​ប្រសើរ​នា​ថ្ងៃ​អនាគត។

នៅ​ក្នុង​ពិធី​នោះ លោក ពិន ចំណាន បាន​បដិសេធ​មិន​ផ្តល់​សម្ភាស​ជា​ភាសា​ខ្មែរ​ដល់​វិទ្យុ​អាស៊ីសេរី ទេ រួច​ក៏​ឡើង​ជិះ​ឡាន​ចាក​ចេញ​ទៅ។

ផ្ទុយ​ពី​នេះ សម្រាប់​ទីភ្នាក់ងារ ភីស.ឃ័រ សហរដ្ឋ​អាមេរិក ពួក​គេ​បែរ​ជា​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ជា​ភាសា​ខ្មែរ ជំនួស​ភាសា​អង់គ្លេស ដែល​ជា​ភាសា​កំណើត​របស់​ពួក​គេ​ទៅ​វិញ។

កញ្ញា អ៊ុលកា ហ្វូស្ទ័រ (Miss. Olka Forster) និង​លោក ម៉ាត ប្រូនី (Matt Brunee) ស្ថិត​ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត ភីស.ឃ័រ ទាំង ៥៣​នាក់ បាន​ផ្តល់​បទសម្ភាសន៍​ជា​ភាសា​ខ្មែរ​ថា ពួក​គេ​ប្ដេជ្ញា​នឹង​យក​ចំណេះ​ដឹង ដើម្បី​ចែក​រំលែក​ដល់​យុវជន និង​ពលរដ្ឋ​កម្ពុជា ឲ្យ​មាន​ជំនាញ​ពិត​ប្រាកដ​ក្នុង​បេសកកម្ម​ពីរ​ឆ្នាំ​នៅ​កម្ពុជា។

ធ្លាប់​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ថ្នាក់​វិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក លោក ម៉ាត ប្រូនី មាន​ប្រសាសន៍​ថា រូប​គាត់ និង​ភរិយា បាន​ស្ម័គ្រ​ចិត្ត​ដោយ​រីករាយ​ចុះ​មក​បម្រើ​ការងារ​នៅ​កម្ពុជា។ លោក​មាន​ក្តី​រំពឹង​ថា រយៈពេល​ពីរ​ឆ្នាំ បើ​យុវជន​កម្ពុជា ខិតខំ​រៀន​ភាសា​អង់គ្លេស នឹង​អាច​ចេះ​និយាយ និង​សរសេរ​ភាសា​អង់គ្លេស​បាន​ល្អ។ ដូច​រូប​គាត់ គឺ​ទើប​រៀន​ភាសា​ខ្មែរ​បាន ២​ខែ គឺ​អាច​និយាយ​ភាសា​ខ្មែរ និង​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​បាន​មួយ​ចំនួន​ដែរ៖ «ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត ព្រោះ​បាន​មក​ធ្វើ​ការ​ជាមួយ​ប្រជាជន​កម្ពុជា និង​រៀន​អំពី​វប្បធម៌​នៅ​ក្នុង​ប្រទេស​នេះ។ ខ្ញុំ គឺ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ខ្ញុំ​នឹង​ធ្វើ​ការ​ជាមួយ​កូន​សិស្ស​នៅ​ស្រុក​ខ្មែរ។ ខ្ញុំ​គិត​ថា ខ្ញុំ​ឲ្យ​ឱកាស​ច្រើន​សម្រាប់​ក្មេងៗ​នៅ​ប្រទេស​ខ្មែរ ឬ​ប្រទេស​កម្ពុជា។ ខ្ញុំ​ចង់​ពង្រឹង​សមត្ថភាព​សរសេរ​សម្រាប់​ប្រជាជន​កម្ពុជា និង​ខ្ញុំ​ចង់​បង្កើន​ឲ្យ​ពលរដ្ឋ​កម្ពុជា ចេះ​ហាត់​ប្រាណ​ផង​ដែរ»

មិន​ខុស​គ្នា​ទេ សម្រាប់ កញ្ញា អ៊ុលកា ហ្វូស្ទ័រ ដែល​ត្រូវ​ចុះ​ទៅ​បំពេញ​ការងារ​នៅ​ខេត្ត​សៀមរាប ក៏​បាន​អះអាង​ថា នឹង​ព្យាយាម​ផ្តល់​នូវ​ជំនាញ​ផ្នែក​សុខាភិបាល ឬ​សុខភាព​សាធារណៈ ជូន​ដល់​ពលរដ្ឋ​កម្ពុជា នៅ​តាម​ទី​ជនបទ​ឲ្យ​បាន​ល្អ​បំផុត។ ជាង​នេះ កញ្ញា អ៊ុលកា ហ្វូស្ទ័រ ដែល​មាន​សម្បុរ​ខ្មៅ​រលើប ក៏​នឹង​ព្យាយាម​យល់ និង​រៀន​សូត្រ​ពី​របៀប​រស់នៅ ការ​ហូប​ចុក ព្រម​ទាំង​ស្វែង​យល់​ពី​វប្បធម៌​របស់​ប្រជាជន​កម្ពុជា ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​ឲ្យ​ពិភពលោក​ដឹង​បន្ត នៅ​ពេល​វិល​ទៅ​អាមេរិក វិញ៖ «ខ្ញុំ​ចុះ​ជួយ​ផ្នែក​សុខភាព និង​អប់រំ​អំពី​សុខភាព​សាធារណៈ​ដល់​ពលរដ្ឋ។ នៅ​សហរដ្ឋ​អាមេរិក ខ្ញុំ​ជា​និស្សិត​រៀន​អំពី​វប្បធម៌​នៅ​លើ​ពិភពលោក និង​ធ្វើ​ការ​ជាមួយ​ជំងឺ​អេដស៍​នៅ​ក្នុង​ទីក្រុង​ខ្ញុំ»

ត្រង់​ចំណុច​នេះ លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ថ្លែង​បញ្ជាក់​ថា អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់ៗ​នៃ​ទីភ្នាក់ងារ ភីស.ឃ័រ គឺ​ត្រូវ​បាន​ជ្រើសរើស​តាម​រយៈ​ការ​ដាក់​ពាក្យ​សុំ​ប្រកួត​ប្រជែង​យ៉ាង​ហ្មត់ចត់​នៅ​សហរដ្ឋ​អាមេរិក។ ទីភ្នាក់ងារ​នេះ​មាន​ប្រុស​មាន​ស្រី គឺ​មាន​អាយុ​ចន្លោះ​ពី ២២​ឆ្នាំ ដល់ ៧៥​ឆ្នាំ ហើយ​មក​ពី​ក្រុម​ជនជាតិ ឬ​ក្រុម​ជនជាតិ​ភាគ​តិច​ខុសៗ​គ្នា​ជាច្រើន។

ទីភ្នាក់ងារ ភីស.ឃ័រ បាន​បង្កើត​ឡើង​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក ចន ខេនីឌី (John F. Kennedy) នៅ​ក្នុង​ឆ្នាំ​១៩៦១ ក្នុង​បំណង​លើក​កម្ពស់​សន្តិភាព​ពិភពលោក និង​មិត្តភាព។ ហើយ​គោលដៅ​របស់ ភីស.ឃ័រ គឺ​កសាង​សមត្ថភាព​របស់​បុរស និង​ស្ត្រី​នៅ​តាម​បណ្ដា​ប្រទេស​ដែល​មាន​ការ​ចាប់​អារម្មណ៍ និង​ដើម្បី​លើក​កម្ពស់​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​សកលលោក។

ស្ថានទូត​អាមេរិក ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១១ ទីភ្នាក់ងារ ភីស.ឃ័រ បាន​ប្រារព្ធ​ខួប​លើក​ទី​៥០​ឆ្នាំ​របស់​ខ្លួន។ ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១ មក មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​ជាង ២​សែន ១​ម៉ឺន ៥​ពាន់​នាក់ បាន​បម្រើ​ការងារ​ក្នុង​ទីភ្នាក់ងារ​នេះ​នៅ​តាម​ប្រទេស​ចំនួន​១៣៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។