វត្តមួយនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ឋិតនៅឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងជួបការលំបាកច្រើនក្នុងការអភិវឌ្ឍ ដោយសារកម្រមានពលរដ្ឋទៅដល់ទីនោះ ខណៈពលរដ្ឋមូលដ្ឋានភាគច្រើនមានជីវភាពខ្វះខាត។ ព្រះចៅអធិការវត្តពាមសុវណ្ណសាគរ ហៅវត្តពាមមន្ទារ អំពាវនាវឲ្យពុទ្ធបរិស័ទជិតឆ្ងាយចូលរួមចំណែកកសាងវត្តឯកោមួយនេះ ដើម្បីទុកជាប្រយោជន៍សម្រាប់គោរពបូជា និងទុកជាតឹកតាងប្រវត្តិសាស្ត្រខ្មែរ។
តើវត្តពាមសុវណ្ណសាគរ ហៅវត្តពាមមន្ទារ ជួបភាពលំបាកតោកយ៉ាកយ៉ាងណាខ្លះ?
វត្តពាមសុវណ្ណសាគរ ហៅវត្តពាមមន្ទារ មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីស្រុកកំពង់ត្របែក និងមានចម្ងាយប្រមាណ ១គីឡូម៉ែត្រពីបង្គោលព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិ-ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
វត្តឯកោនៅជាប់ព្រំដែននេះ ពុំមានសមិទ្ធផលធំៗ និងថ្មីឡើយ ថ្វីត្បិតតែមានវ័យចំណាស់ក្តី ពោលគឺមានតែកុដិឈើតូចមួយធ្លុះធ្លាយដោយអន្លើ និងសាលាឆាន់ឈើចាស់ទ្រុឌទ្រោម ចំណែកព្រះវិហារវិញកំពុងចាក់គ្រឹះសាងសង់បានតិចតួចប៉ុណ្ណោះ។
ប្រសិនបើអ្នកចំណូលថ្មីទៅដល់ទីនោះ ហើយមិនបានចាប់អារម្មណ៍ ប្រហែលជាគិតថាទីអារាមនោះគឺជាផ្ទះរបស់អ្នកភូមិ។
ព្រះចៅអធិការវត្តពាមមន្ទារ ព្រះតេជព្រះគុណ ទ្រី ខ្លា ព្រះជន្ម ៥៨ព្រះវស្សា មានថេរដីកាថា មូលហេតុដែលនាំឲ្យវត្តនេះមានការអភិវឌ្ឍយឺតយ៉ាវ ដោយសារវត្តនេះនៅឆ្ងាយ ហើយផ្លូវធ្វើដំណើរទៅកាន់វត្តពិបាក ទើបពុំសូវមានពុទ្ធបរិស័ទចូលទៅដល់វត្តនោះ ហើយពលរដ្ឋចំណុះជើងវត្តភាគច្រើន មានជីវភាពខ្វះខាតដោយសារលក់កសិផលបានតម្លៃថោក។
ព្រះចៅអធិការវត្តបន្តថា ពីជំនាន់មួយទៅជំនាន់មួយ ទីអារាមដ៏កម្សត់មួយនេះ ពុំដែលឃើញមានថ្នាក់ដឹកនាំ ឬពុទ្ធបរិស័ទណាជួយឧបត្ថម្ភជ្រោមជ្រែងក្នុងការកសាងទេ។ លើសពីនេះទៀត ពេលបុណ្យទានម្តងៗ ដូចជាបុណ្យភ្ជុំ និងចូលឆ្នាំក្តី ក៏ពុំសូវមានពុទ្ធបរិស័ទមកទីអារាមនេះដែរ៖ « កុដិមានមួយ តែធ្លុះដែរហើយ តែអាចជួសជុលបាន សំខាន់នោះ គឺចង់ឲ្យព្រះវិហារបានកើតមួយ ដើម្បីកក់ក្តៅក្នុងចិត្ត ហើយឥឡូវនេះលើកបានសសរចំនួន ១៨ដើមហើយ។ ចំណាយច្រើនណាស់ ប្រហែល ៥ម៉ឺនដុល្លារអីនោះ តែមិនទាន់សិក្សាច្បាស់ទេ។ បើបានខាងលើជួយអាត្មា សប្បាយចិត្តណាស់ »។
សព្វថ្ងៃនេះ វត្តនេះមានព្រះសង្ឃគង់នៅបួនអង្គ និងពុទ្ធបរិស័ទចំណុះជើងវត្តជាង ២០០គ្រួសារ។ ព្រះចៅអធិការវត្តមិនរំពឹងថា ព្រះវិហារនេះនឹងសាងសង់រួចរាល់ឆាប់ៗឡើយ។ ការអភិវឌ្ឍបានលឿន លុះត្រាតែមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស ជាពិសេសមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៖ « សូមឲ្យអំពាវនាវដល់រដ្ឋាភិបាលឲ្យជួយកសាងផ្លូវ និងវត្តអារាមនេះឡើង ព្រោះពេលទស្សនកិច្ចទៅ នឹងឃើញថា អភិវឌ្ឍទឹកដីខ្មែរនៅទីនេះមានខ្មែរនៅទីនេះ »។
ចំណែកអាចារ្យវត្តពាមមន្ទារ លោក សៅ សំអឿន វ័យ ៦០ឆ្នាំ បានរំឭកថា ដំបូងឡើយ វត្តពាមមន្ទារ ត្រូវបានកសាងកាលពីអំឡុងទសវត្សរ៍១៩៨០ នៅចំកន្លែងប៉ុស្តិ៍នគរបាលខ្មែរជាប់ខ្សែបន្ទាត់ព្រំដែន ប៉ុន្តែក្រោយមក អាជ្ញាធរបានឲ្យមកកសាងវត្តពាមមន្ទារ ឆ្ងាយពីកន្លែងចាស់ប្រហែល ១គីឡូម៉ែត្រក្នុងទសវត្សរ៍១៩៩០។
លោក សៅ សំអឿន បន្តថា មកដល់សព្វថ្ងៃ វត្តជាយដែនមួយនេះនៅតែមានភាពខ្វះខាតយ៉ាងខ្លាំង ទាំងចង្ហាន់ សម្ភារប្រើប្រាស់ និងកុដិស្នាក់នៅរបស់ព្រះសង្ឃ ជាពិសេសនោះ ខ្វះខាតបច្ច័យក្នុងការកសាងព្រះវិហារឲ្យមានលេចធ្លោដូចវត្តដទៃទៀតដែលមានកុដិ សាលាឆាន់ និងព្រះវិហារ មានក្បូរក្បាច់រចនាដ៏ល្អឥតខ្ចោះ។
លោកអាចារ្យវត្តរូបនេះបានរៀបរាប់ថា ពុទ្ធបរិស័ទនៅទីនោះខំប្រឹងកសាងវត្តនេះឡើង ក្នុងបំណងដើម្បីគោរពបូជាផង និងដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រខ្មែរផង៖ « សូមជួយវត្តពាមមន្ទារ របស់យើងខ្ញុំនេះដែលកំពុងកសាង ហើយឥឡូវកំពុងខ្វះខាតបច្ច័យ ដើម្បីទុកជាអត្តសញ្ញាណនៅជាប់ព្រំដែននេះ និងទុកជាគោលដៅព្រំដែនរបស់យើង។ ទាំងនេះជាចំណុចសំខាន់ណាស់ដែលរដ្ឋាភិបាលត្រូវអភិវឌ្ឍនៅតាមព្រំដែន ដូចជាផ្លូវសាលារៀន មន្ទីរពេទ្យ និងវត្តអារាម ដើម្បីទុកឲ្យកូនខ្មែរការពារព្រំដែន »។
ទោះបីជាយ៉ាងណា ខុសពីវត្តរាជាការាម ឬវត្តប៉ាក់ណាម ដែលឋិតនៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ដែលមានសុទ្ធតែជនជាតិវៀតណាម រស់នៅជុំជិត នៅឯជុំវិញវត្តពាមមន្ទារ គឺមានពលរដ្ឋខ្មែររស់នៅជុំវិញ។ ប៉ុន្តែដោយសារពលរដ្ឋមានភាពក្រីក្រ ទើបពួកគេមិនអាចជួយកសាងវត្តឲ្យប្រណីតដូចវត្តដទៃទៀតបាន។

នៅពេលដែលលោកអ្នកធ្វើដំណើរទៅដល់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំពាមមន្ទារ នោះ លោកអ្នកនឹងឃើញថា មិនមែនតែវត្តអារាមទេដែលពុំសូវមានការអភិវឌ្ឍនោះ ពោលគឺស្ទើរគ្រប់វិស័យទាំងអស់ដែលជាតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ ក៏មិនសូវមានការអភិវឌ្ឍដែរ។ បើរៀបរាប់ត្រួសៗ គឺគ្មានទីផ្សារ គ្មានមន្ទីរពេទ្យ គ្មានអណ្ដូងទឹកស្អាតប្រើប្រាស់ គ្មានផ្លូវល្អធ្វើដំណើរ កំណាត់ផ្លូវខ្លះមានភក់ផុងត្រឹមជង្គង់ ខ្វះសាលារៀន។ រីឯផ្ទះប្រជាពលរដ្ឋជាច្រើន និងប៉ុស្តិ៍ប៉ូលិសការពារព្រំដែនជាដើមនៅទីនោះ ក៏មើលរខេករខាកដែរ។ ផ្ទះពលរដ្ឋខ្មែរខ្លះបិទបាំងដោយកន្ទេល និងជញ្ជាំងធ្វើចំបើងលាយអាចម៍គោ ហើយទ្រដោយសសរប៉ុនៗភ្លៅ។ លើសពីនេះ ពលរដ្ឋខ្មែរពេញកម្លាំងជាច្រើននាំគ្នាចំណាកស្រុកស្ងាត់ភូមិ ចំណែកចាស់ៗនៅចាំផ្ទះ មើលថែចៅ និងរើសអាចម៍គោអាចម៍ក្របីហាលឲ្យក្រៀម ទុកលក់ឲ្យជនជាតិវៀតណាម ក្នុងមួយប៉ាវតម្លៃ ៣ពាន់រៀល។ ពលរដ្ឋថា អ្នកភូមិខ្មែរស្ទើរ ៩០ភាគរយធ្វើស្រែគ្រាន់តែដោះបំណុលជនជាតិវៀតណាម បន្ទាប់ពីជំពាក់ថ្លៃទិញជី ថ្នាំ និងប្រេង ជាដើម។
បើក្រឡេកទៅមើលប្រទេសវៀតណាម វិញ ពលរដ្ឋគេរស់នៅអមតាមផ្លូវខ្សែក្រវាត់ព្រំដែន មានជីវភាពធូរធារ មានផ្ទះថ្ម និងព្រះវិហារចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់គោរពប្រតិបត្តិ មានផ្លូវចាក់បេតុងស្ទើរគ្រប់ខ្សែ មានមន្ទីរពេទ្យ មានទីផ្សារ មានសាលារៀននៅជាប់ព្រំដែនជាហូរហែ។ និយាយរួម វៀតណាម មានការអភិវឌ្ឍស្ទើរគ្រប់វិស័យ៖ « ផ្លូវគេនៅតាមព្រំដែន គេចាក់សុទ្ធតែថ្ម ស្អាតណាស់ ហើយចូលទៅធ្វើដំណើរ គឺមិនលំបាកដូចខ្មែរយើងទេ »។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងពីការការពារព្រំដែនរបស់កម្ពុជា ដែរ។ លោក ហ៊ុន សែន ឲ្យដឹងថា លោកតែងតែប្រាប់ដល់ថ្នាក់ដឹកនាំខេត្ត ឲ្យរៀបចំឲ្យប្រជាពលរដ្ឋរស់នៅបានសមរម្យតាមទល់ដែន និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនទាំងខាងកើត និងខាងលិច។
ទោះបីជាយ៉ាងនេះក្តី គេនៅតែមើលឃើញថា ការអភិវឌ្ឍតំបន់ព្រំដែនយឺតយ៉ាវ នៅតែជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាល ក្នុងការការពារទឹកដីរបស់ខ្លួនពីការរំលោភបំពានពីប្រទេសជិតខាង។
ជុំវិញបញ្ហានេះដែរ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប្រកាសថា បើមានឱកាសដឹកនាំរដ្ឋាភិបាលនោះ បក្សប្រឆាំងនឹងយកចិត្តទុកដាក់អភិវឌ្ឍខេត្តនៅជាប់ព្រំដែន តាមរយៈការធ្វើផ្លូវខ្សែក្រវាត់ព្រំដែន រៀបចំឲ្យមានទីផ្សារ វត្តអារាម និងបង្កើតឲ្យទៅជាតំបន់កសិកម្ម ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
