ព្រឹទ្ធាចារ្យផ្នែកវប្បធម៌ខ្មែរ និងផ្នែកតែងនិពន្ធគឺលោក ពេជ្រ ទុំក្រវ៉ិល មានឈ្មោះដើម ឈន ទត បានទទួលមរណភាពហើយ ក្នុងវ័យ ៧២ឆ្នាំ នៅថ្ងៃទី១៥ ឧសភា វេលាម៉ោង ១១ និង ៣១នាទីថ្ងៃត្រង់ ដោយជំងឺ នាគេហដ្ឋានរបស់លោកក្នុងរាជធានីភ្នំពេញ។
កូនស្រីចិញ្ចឹមរបស់លោក គឺកញ្ញា ប៉ែន ស្រីម៉ៅ ដែលនៅថែទាំជំងឺជាមួយក្រុមគ្រួសារ បានឲ្យដឹងថា លោក ពេជ្រ ទុំក្រវ៉ិល ស្លាប់ គឺដោយសារជំងឺបេះដូងរ៉ាំរ៉ៃជាយូរមកហើយ។ កញ្ញាបន្តថា ពេលនេះក្រុមគ្រួសារបានតម្កល់សាកសពរបស់លោក នៅគេហដ្ឋានរបស់លោក ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
សាកសពរបស់លោក នឹងត្រូវដឹកទៅបញ្ចុះនៅថ្ងៃច័ន្ទ ទី១៧ ខែឧសភា នាភូមិខ្លាប្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដែលជាកន្លែងដែលលោកបង្កើតបណ្ណាល័យគ្រួសារសម្រាប់សាធារណជន។
អតីតសិល្បកររបាំព្រះរាជទ្រព្យ និងបច្ចុប្បន្នជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ព្រឿង ឈៀង ដែលបានចូលរួមពិធីបុណ្យសពរបស់ លោក ពេជ្រ ទុំក្រវ៉ិល បានអំពាវនាវដល់សិល្បករគ្រប់ជំនាន់ទាំងអស់ចូលរួមមរណទុក្ខ និងលើកទឹកចិត្តដល់គ្រួសារសព។
ជាងនេះទៅទៀត លោកក៏ផ្ដាំផ្ញើដល់សិល្បករគ្រប់រូប គួរយកគំរូរបស់ព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវ៉ិល ក៏ដូចជាចូលរួមរក្សាមរតកវប្បធម៌ជាតិ៖ «នេះជាការសោកស្ដាយមួយ ព្រោះលោកជាមរតកមួយដែលមិនអាចកាត់ថ្លៃបាន ជាពិសេសក្រោយសម័យខ្មែរក្រហមមក គាត់បានជួយធ្វើឲ្យសិល្បៈច្រើនទម្រង់បានរស់ឡើងវិញ និងមានស្នាដៃជាច្រើន ជាអ្នកដឹកនាំរឿងផង ជាអ្នកហ្វឹកហាត់ស្មៀនផង ជាតន្ត្រីករផង និងជាកវីនិពន្ធផង នេះជាជ្រុងមួយដ៏មានតម្លៃ ដែលក្នុងសម័យយើងនេះមិនអាចយកអ្នកណាម្នាក់មកប្រៀបផ្ទឹមជាមួយគាត់បាន» ។
លោក ពេជ្រ ទុំក្រវ៉ិល ត្រូវបានគេចាត់ទុកថា ជាវរៈសិល្បករមួយរូបដែលមានស្នាដៃខាងវប្បធម៌សិល្បៈ និងធ្លាប់ជាម្ចាស់ជ័យលាភីលើកទី១របស់កម្ពុជា ពីការតែងនិពន្ធប្រចាំអាស៊ីអាគ្នេយ៍ ហើយលោកក៏មានតួនាទីសំខាន់ៗក្នុងរដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាទីប្រឹក្សារដ្ឋាភិបាលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
