អគ្គ​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​ទទួល​មរណភាព

ដោយ កែវ និមល
2015.03.30
ប៉ែន សមិទ្ធិ ៦២០ លោក ប៉ែន សមិទ្ធិ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA

អ្នក​កាសែត​កម្ពុជា ជា​ច្រើន​នាក់ នៅ​ថ្ងៃ​ទី​៣០ មីនា មាន​ការ​ភ្ញាក់ផ្អើល និង​សោកស្ដាយ​ជា​ខ្លាំង ដោយ​បាន​ទទួល​ដំណឹង​ថា​អគ្គ​និពន្ធ​នាយក កាសែត​រស្មីកម្ពុជា លោក ប៉ែន សមិទ្ធិ បាន​ទទួល​មរណភាព នៅ​ព្រឹក​ថ្ងៃទី ៣០ មីនា ឆ្នាំ​២០១៥ ដោយ​រោគាពាធ។

ក្រៅ​ពី​មាន​មុខ​តំណែង​នៅ​កាសែត​រស្មីកម្ពុជា លោក ប៉ែន សមិទ្ធិ មាន​មុខតំណែង​ជា អគ្គ​និពន្ធ​នាយក​កាសែត​គេហទំព័រ (អនឡាញ) ឈ្មោះ ខាំបូឌ៊ា អ៊ិចប្រេសញូវ (Cambodia Express News=CEN) និង​ជា​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា។

ប្រភព​សាច់ញាតិ និង​អ្នក​រួម​ការងារ​បាន​ឲ្យ​ដឹង​ថា លោក ប៉ែន សមិទ្ធិ មាន​អាយុ ៥៥ ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម និង​ជា​មនុស្ស​ម្នាក់​មាន​ការ​ស្រឡាញ់​រាប់អាន ពី​សំណាក់​មនុស្ស​ជាច្រើន​ ដែល​ជា​មិត្តភ័ក្ដិ និង​អ្នក​ធ្វើ​ការ​ជាមួយ។ លោក ប៉ែន សមិទ្ធិ បាន​ទទួល​មរណភាព ដោយ​បន្សល់​ទុក​ភរិយា និង​កូន​ចំនួន​២​នាក់។

នៅ​ថ្ងៃ​ទី​៣០ មីនា មាន​មិត្តភ័ក្ដិ កូន​សិស្ស អ្នក​រួម​ការងារ​ជាមួយ​លោក​ជា​ច្រើន​នាក់ បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ពួក​គេ ដោយ​សម្ដែង​ក្ដី​សោកស្ដាយ​ចំពោះ​ដំណឹង​ស្ដីពី មរណភាព​របស់ លោក ប៉ែន សមិទ្ធិ។

ពួកគេ​ចាត់​ទុក​ថា ការ​ស្លាប់​របស់​លោក គឺ​ជា​ការ​បាត់បង់​អ្នក​កាសែត​មាន​វិជ្ជាជីវៈ មាន​បទ​ពិសោធន៍ មាន​សីលធម៌ និង​បាន​បូជា​ជីវិត​ខ្លួន ក្នុង​មុខ​របប​ជា​អ្នក​កាសែត ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​នានា ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។

លោក​ហក់​ចូល​ក្នុង​វិស័យ​សារព័ត៌មាន ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ គឺ​ចាប់​ពី​ឆ្នាំ ១៩៨០ ដល់​១៩៩៣ លោក​បាន​ធ្វើ​ការ​នៅ​កាសែត​ភ្នំពេញ។ ចាប់​ពី​ឆ្នាំ​១៩៩៣ មក​ទល់​ថ្ងៃ​ទទួល​មរណភាព លោក​ធ្វើ​ការ​នៅ​កាសែត​រស្មីកម្ពុជា ដោយ​មាន​មុខ​តំណែង​ជា​អគ្គ​និពន្ធ​នាយក។

ក្នុង​រយៈពេល​ធ្វើការ​នៅ​កាសែត​រស្មីកម្ពុជា​នេះ លោក​បាន​បង្កើត​គេហទំព័រ​ព័ត៌មាន​មួយ ឈ្មោះ ខាំបូឌ៊ា អ៊ិចប្រេសញូវ និង​បាន​រួម​ជាមួយ​អ្នក​កាសែត​មួយ​ចំនួន បង្កើត​ក្លឹប​អ្នក​កាសែត​កម្ពុជា(..) ដោយ​លោក​ជាប់​ឆ្នោត​ជា​ប្រធាន​ក្លឹប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។