ពលរដ្ឋ​នៅ​ខណ្ឌ​ឫស្សីកែវ​បារម្ភ​ខ្លាច​បាក់​ច្រាំង​ទន្លេ​ដោយសារ​ការ​បូម​ខ្សាច់

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៩ សង្កាត់​ច្រាំងចំរេះ១ ខណ្ឌ​ឫស្សីកែវ បាន​ត្អូញត្អែរ​ពី​ការ​រំខាន​ដោយ​សំឡេង​បូម​ខ្សាច់ និង​កំពុង​ព្រួយ​បារម្ភ​ការ​បាក់​ច្រាំង​ទន្លេ។

បុរស​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​ត្អូញត្អែរ គឺ​លោក សុស ភឿង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ថា ពលរដ្ឋ​នៅ​តំបន់​នោះ​កំពុង​ធុញ​ទ្រាន់​ចំពោះ​សំឡេង​រំខាន​ដោយ​ម៉ាស៊ីន​បូម​ខ្សាច់​ជា​ច្រើន​គ្រឿង ដែល​បើក​ចេញ​ចូល​មក​ដឹក​ជញ្ជូន និង​បូម​ខ្សាច់​នៅ​ទន្លេ​មេគង្គ ចាប់​ពី​ម៉ោង​ប្រមាណ ៥ ទៅ​ម៉ោង ៦​ព្រឹក រហូត​ដល់​យប់​ម៉ោង​៦ ដល់​ម៉ោង ៧​យប់​ក្នុង​មួយ​ថ្ងៃៗ ដែល​បាន​ដំណើរ​ការ​ប្រមាណ ៦​ខែ​មក​ហើយ។

លោក​ថា ពលរដ្ឋ​បាន​ឃើញ​ឈ្មោះ​នៅ​លើ​សាឡង់ និង​កប៉ាល់​បូម​នោះ​សរសេរ​ជា​អក្សរ​វៀតណាម ថា ក្រុមហ៊ុន លី យ៉ុងផាត់ ករណី​នេះ ពួក​គេ​បាន​ដាក់​លិខិត​សុំ​ឲ្យ​អាជ្ញាធរ​ចុះ​ត្រួត​ពិនិត្យ និង​ភ្ជាប់​ដោយ​ស្នាម​មេដៃ​ពលរដ្ឋ​ប្រមាណ ១​ពាន់​នាក់ តែ​គ្មាន​ដំណោះស្រាយ​សោះ៖ «កប៉ាល់ និង​ម៉ាស៊ីន​វា​ហ្នឹង​មក​ចត​ហូរហែ​ពេញ​ទឹក​ពេញ​ដី​ហ្នឹង។ ម៉ាស៊ីន​បូម​ខ្សាច់ ៦​គ្រឿង ហើយ​កប៉ាល់​ហ្នឹង​និយាយ​ឲ្យ​ចំ​ទៅ បើ​សិន​ថា​រាប់ៗ​មិន​អស់​ទេ​ចេញ​ចូលៗ មួយ​ថ្ងៃ​វាស់ៗ​ល្ងាច គ្មាន​ម៉ោង​សម្រាក​ទេ និយាយ​ឲ្យ​ចំ​ទៅ សាឡង់​ហ្មង​បណ្ដោយ​សុទ្ធ​តែ ១០០​ម៉ែត្រ​អី​ណោះ ហើយ​និង​ម៉ាស៊ីន​ធំៗ​ចង់​ប៉ុនៗ​ឡាន​នោះ និយាយ​ពី​ឡើង​ចង់​បែក​កណ្ដាស់​ត្រចៀក​នោះ មិន​ទុក​ចិត្ត​ដែរ​មើល​ទៅ​ដី​ឡើង​ខ្ទរ​ដី​អស់​ហើយ»

ឆ្លើយ​តប​ទៅ​នឹង​ក្ដី​បារម្ភ​នេះ ចៅ​សង្កាត់​ច្រាំងចំរេះ១ លោក ហ៊ុយ មូរ៉ា មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ដឹង​អំពី​ការ​រំខាន​ដល់​ពលរដ្ឋ​នេះ​ជា​យូរ​ណាស់​មក​ហើយ។ លោក​ថា អាជ្ញាធរ​បាន​ជូន​ដំណឹង​លែង​ឲ្យ​មាន​ដេប៉ូ​ខ្សាច់​នៅ​ត្រើយ​ខាង​នោះ​ទៀត ឯ​ការ​នៅ​សំឡេង​រំខាន​នោះ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​នេះ​ត្រូវ​ដឹក​ជញ្ជូន​ខ្សាច់​នៅ​សេសសល់​ប៉ុណ្ណោះ។ យ៉ាង​ណា លោក​ឆ្លើយ​ថា អាជ្ញាធរ​សង្កាត់​មិន​បាន​ដឹង​ថា ក្រុមហ៊ុន​ដឹក​ជញ្ជូន​នោះ​មាន​ឈ្មោះ​អ្វី​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។