អ្នកភូមិនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន សម្ដែងក្ដីបារម្ភចំពោះសកម្មភាពមេខ្យល់សម្រុកនាំមនុស្សឆ្លងដែនទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ ហើយយកមកលក់ឲ្យឈ្មួញក្នុងប្រទេសកម្ពុជា ខុសច្បាប់ ដោយពុំមានសមត្ថកិច្ចទប់ស្កាត់ទេ។ ប៉ុន្តែ ប៉ូលិសក្រុងប៉ៃលិន បញ្ជាក់ថា ពុំទាន់ទទួលព័ត៌មានអំពីបញ្ហានេះនៅឡើយ។
ប្រជាពលរដ្ឋនៅតំបន់ប៉ៃលិន អះអាងថា ការប្រថុយប្រថានទៅរកស៊ីឆ្លងដែននេះ ក្រុមមេខ្យល់ច្រើនធ្វើសកម្មភាពនៅពេលយប់ ដោយនាំមនុស្សព្រមទាំងមានឧបករណ៍កាប់ឈើផង ចេញដំណើរក្នុងមួយក្រុមមានគ្នាប្រមាណពី ១០ ទៅ ២០នាក់ ស្ទើរជារៀងរាល់សប្ដាហ៍។
អ្នកភូមិនៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ម្នាក់ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះ នៅថ្ងៃទី១៤ តុលា ថា ប្រភពមេខ្យល់ដែលនាំមនុស្សទៅកាប់ឈើក្នុងទឹកដីថៃ ស្ថិតនៅម្ដុំចុងភូមិអូរពឺត សង្កាត់ទួលល្វា ធ្វើសកម្មភាពប្រមាណមួយឆ្នាំមកហើយ។ អ្នកភូមិរូបនេះបន្តថា ក្រុមអ្នកដែលធ្វើដំណើរផ្សងព្រេងតាមរយៈមេខ្យល់នោះ ភាគច្រើនជាមនុស្សមកពីតាមបណ្ដាខេត្តផ្សេងៗ មករកស៊ីនៅខេត្តប៉ៃលិន ហើយពួកគេទាំងនោះនៅពេលដែលចេញដំណើរ ប្រើប្រាស់ថ្នាំញៀនបង្កើនកម្លាំង ប្រឈមនឹងគ្រោះថ្នាក់ណាស់។ អ្នកភូមិឲ្យដឹងទៀតថា ពួកគេចំណាយពេលទៅកាប់ឈើក្នុងមួយលើកប្រមាណ ៥ថ្ងៃ ទើបត្រឡប់យកឈើមកលក់ឲ្យឈ្មួញនៅឯកម្ពុជា វិញ ហើយធ្វើសកម្មភាពជាច្រើនខែមកហើយ ពុំមានអាជ្ញាធរណាទប់ស្កាត់នៅឡើយទេ៖ «ចូលទៅម៉ាយប់អី២អ៊ីចឹង ចូលទៅទឹកដីថៃ ដើរប្រហែល ២យប់អីបានដល់ទៅកន្លែងធ្វើណាស់ ធ្វើហ្នឹងនៅជិតអាដែងប្រជាជនថៃ ដូចថាមានដើមធូរេនដើមអី។ ឮគេថាម៉ាស៊ីនហ្នឹងអត់មានឲ្យឮសំឡេងអារ អាហ្នឹងស្ពាយតាមខ្នងមកទេ។ ពេលណាគេចុះមកអ៊ីចឹងទៅ គេដេកម៉ាយប់ពីរយប់ទៅ បានលុយបានកាក់អ៊ីចឹង គេចេញទៅវិញទៅ»។
ឆ្លើយតបនឹងបញ្ហានេះ អធិការក្រុងប៉ៃលិន លោក លឹម វាសនា មានប្រសាសន៍បញ្ជាក់ថា លោកពុំទាន់ទទួលព័ត៌មានពាក់ព័ន្ធនឹងមេខ្យល់នាំមនុស្សទៅកាប់ឈើគ្រញូងនៅប្រទេសថៃ ដោយខុសច្បាប់នោះនៅឡើយទេ។ ទោះជាយ៉ាងនេះ លោកថានឹងចាត់វិធានការតាមដានលើការងារនេះ៖ «បានឮពីបងហ្នឹង ខ្ញុំអត់ដែលឮសោះ មិនដែលមានសោះ។ ខ្ញុំបើដឹងមានខ្ញុំចាប់អស់បង តែវាអត់ឃើញ។ ចាំមើលខ្ញុំឲ្យកម្លាំងខ្ញុំទៅមើលបង»។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា មានកត្តាមួយចំនួនដែលជំរុញឲ្យប្រជាពលរដ្ឋចេញទៅកាប់ឈើតាមរយៈមេខ្យល់ដោយខុសច្បាប់ ដែលបញ្ហានេះដោយសារពួកគាត់មានជីវភាពក្រីក្ររកព្រឹកខ្វះល្ងាច មិនអាចដោះស្រាយបន្ទុកគ្រួសារប្រចាំថ្ងៃបាន និងបញ្ហាមួយទៀត កើតឡើងដោយសារការអូសទាញរបស់មេខ្យល់តែម្ដង៖ «ប៉ុន្តែវាគួបផ្សំជាមួយហ្នឹងអឺ! ការជួញដូរមនុស្សនេះ វាពាក់ព័ន្ធជាមួយមន្ត្រីធំនិយាយរួមជារឿយៗពាក់ព័ន្ធមន្ត្រីធំៗដែលយើងឃើញ ហើយការចាប់មេខ្យល់អីហ្នឹង គឺថាបានតែខ្ញុំច្រើនតែប្រើពាក្យថាត្រីតូចៗ មេខ្យល់តូច។ ដោយឡែកមេខ្យល់ធំៗហ្នឹង គឺអត់សូវបានចាប់បានទេ។ អ៊ីចឹងថាការអនុវត្តនៅក្នុងយើងវាធូររលុង ដោយសារគេខ្លាចមន្ត្រីដែលមានគ្នាមានខ្នងអស់ហ្នឹងបាទ»។
លោកបន្ថែមថា ការធ្វើចំណាកស្រុកទៅប្រទេសថៃ តាមរយៈមេខ្យល់ទាំងការទៅកាប់ឈើ និងទៅធ្វើការដោយខុសច្បាប់ ជាការប្រថុយប្រថានមួយប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតណាស់។
អ្នកភូមិឲ្យដឹងថា ឈើគ្រញូងដែលកាប់បានយ៉ាងហោចណាស់ក្នុងមួយលើកប្រមាណពី ៣០០ ទៅ ៤០០គីឡូក្រាមដែរ ហើយឈើទាំងនោះត្រូវគេយកទៅរក្សាទុកនៅផ្ទះរបស់មេខ្យល់ឈ្មោះ ចាន់នី នៅខាងចុងភូមិអូរពឺត សង្កាត់ទួលល្វា ដើម្បីរង់ចាំឈ្មួញមកទទួលទិញបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
