មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកឡើងថា បាតុភូតរន្ទះបាញ់នៅតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្ស សត្វនៅកម្ពុជា។ ករណីនេះ មន្ត្រីជំនាញឲ្យដឹងថា អ្នកស្លាប់ និងរបួសដោយគ្រោះធម្មជាតិរន្ទះបាញ់ក្នុងឆ្នាំ២០១៦ កើនឡើងលើសឆ្នាំមុន ដែលទាមទារឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់។
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថា ពលរដ្ឋកម្ពុជា ដែលភាគច្រើនរស់នៅតំបន់ជនបទសរុបប្រមាណ ១០៨នាក់ បានស្លាប់ដោយសារតែគ្រោះធម្មជាតិរន្ទះបាញ់នៅក្នុងឆ្នាំ២០១៦ នេះ។ ចំនួននេះបានកើនឡើងចំនួន ០,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលមានត្រឹមតែ ១០៧នាក់។
ទន្ទឹមគ្នានេះ គ្រោះធម្មជាតិរន្ទះបាញ់ក៏បានបង្កឲ្យមនុស្សចំនួន ១០៥នាក់ទៀតរងរបួស ហើយចំនួននេះ គឺបានកើនឡើង ៣៦% បើប្រៀបធៀបនឹងចំនួនសរុបកាលពីឆ្នាំ២០១៥ ដែលមានតែ ៧៧នាក់បានទទួលរងរបួស។ ក្នុងនោះ រន្ទះបាញ់ក៏បានបង្កឲ្យផ្ទះរបស់ប្រជាពលរដ្ឋខូចខាតធ្ងន់ធ្ងរចំនួន ៩ខ្នង និងស្លាប់គោក្របីប្រមាណជាង ៨០ក្បាលដែរ។
ករណីនេះ ត្រូវបានទីប្រឹក្សា និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់អាស៊ីសេរី នៅថ្ងៃទី២៦ ខែធ្នូ ថា បាតុភូតរន្ទះ គឺជាគ្រោះមហន្តរាយដ៏គ្រោះថ្នាក់ បន្ទាប់ពីគ្រោះរាំងស្ងួត និងខ្យល់ព្យុះ។ លោកសង្កេតឃើញថា ករណីរន្ទះបាញ់បានកើតមានឡើងច្រើនលើសពីធម្មតា ដោយសារកម្ពុជា ជួបគ្រោះរាំងស្ងួតដ៏អាក្រក់នៅអំឡុងខែឧសភា ដល់ខែមិថុនា ឆ្នាំ២០១៦ ខណៈកម្ពុជា មិនទាន់មានប្រព័ន្ធការពាររន្ទះគ្រប់គ្រាន់៖ « ជាបាតុភូតធម្មជាតិ វា មិនអាច បញ្ចៀស បានទេ ប៉ុន្តែគ្រាន់ថាប្រទេសគេ គេ រីកចម្រើន ប្រព័ន្ធការពាររន្ទះ របស់គេ គេមានច្រើន និងការពារមានប្រសិទ្ធភាពជាង ហើយប្រទេសយើងនៅមានតិចនៅឡើយ »។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋរស់នៅជនបទដែលនៅឆ្ងាយពីតំបន់ការពាររន្ទះ ប្រុងប្រយ័ត្នក្នុងពេលភ្លៀង ជាពិសេសកសិករ គប្បីចាកចេញពីវាលស្រែឲ្យឆ្ងាយពីប្រភពទឹក និងកុំនៅជ្រកក្រោមដើមឈើខ្ពស់ៗ ដែលងាយរងគ្រោះដោយបាតុភូតរន្ទះ ហើយក៏ទទូចឲ្យប្រជាជនទាំងអស់ ព្យាយាមសម្ងំនៅក្នុងផ្ទះជានិច្ចនៅពេលមានភ្លៀងធ្លាក់ ខ្យល់បោកបក់រកភ្លៀង និងផ្គររន្ទះ ជាដើម៖ « ប្រជាពលរដ្ឋ ពេលដែល ធ្វើការ នៅតាមទីវាល ឬ នៅតាម ប្រភពទឹក ពេល ដែលមាន ភ្លៀងខ្យល់ កើតឡើង អីហ្នឹង ត្រូវរួសរាន់ ត្រឡប់មកផ្ទះ បិទទូរស័ព្ទ ឲ្យអស់ ប្រើវិទ្យុ ក៏ត្រូវ បិទ កុំឲ្យកាន់របស់ អ្វីដែល អាចចម្លងអគ្គិសនី កុំទៅជ្រកនៅក្រោមដើមឈើ ត្រូវនៅឲ្យឆ្ងាយប្រមាណចម្ងាយពី ៣ ទៅ ៤ ម៉ែត្រពីក្រោម ដើមឈើ ជៀសវាង ការឆ្លងចរន្តអគ្គិសនី នៅពេល ដែលមាន រន្ទះ »។
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី នៅមិនទាន់បានបញ្ជាក់ពីទំហំទឹកប្រាក់ដែលខាតបង់លើគ្រោះធម្មជាតិរន្ទះបាញ់នេះបាននៅឡើយ ប៉ុន្តែលោកថា សម្រាប់ឆ្នាំ២០១៧ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តផ្សព្វផ្សាយ និងអប់រំពលរដ្ឋពីរបៀបការពារខ្លួនពីគ្រោះធម្មជាតិ។
ជាងនេះទៀត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានជំរុញទៅអាជ្ញាធរគ្រប់អង្គភាពនៅថ្នាក់មូលដ្ឋានទាំងរាជធានី-ខេត្ត ត្រៀមវិធានការជាមុន ដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិនេះ ឈានទៅបន្ថយអត្រាអ្នកស្លាប់ និងរបួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
