ប្រជាពលរដ្ឋរស់នៅតំបន់ជាយដែនជាប់ប្រទេសវៀតណាម រៀបរាប់បញ្ជាក់ថា សត្វក្របីទាំងតូចទាំងធំរបស់ជនជាតិវៀតណាម សម្រុកដេញចូលមកលែងឲ្យស៊ីស្មៅដោយសេរីជាមួយក្របីខ្មែរ នៅក្រុងបាវិត ទាំងហ្វូងៗយ៉ាងគគ្រឹកគគ្រេងរៀងរាល់ថ្ងៃ ហើយព្រមទាំងមានម្ចាស់របស់វាដើរឃ្វាលក្របីយ៉ាងរំភើយទៀតផង។
ប្រជាពលរដ្ឋរស់នៅតំបន់ជាយដែននៅភូមិតាបិប សង្កាត់បាវិត អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ ដើម្បីការពារបញ្ឈប់សកម្មភាពរបស់ជនជាតិវៀតណាម មិនឲ្យនាំហ្វូងក្របីដេញចូលមកស៊ីស្មៅនៅលើទឹកដីរបស់កម្ពុជា តទៅទៀត។
អ្នកស្រី ម៉េង សុផាន ថ្លែងបញ្ជាក់នៅថ្ងៃទី២២ មករា ថា ចំពោះក្របីរបស់ខ្មែរវិញ មិនងាយចូលទៅរកស៊ីស្មៅនៅលើទឹកដីរបស់វៀតណាម សូម្បីតែមួយចំអាមដី ក៏ពុំអាចចូលទៅបានដែរ។ ប៉ុន្តែ ចំពោះសត្វក្របីរបស់វៀតណាម វិញ គេអាចដេញចូលមកដីខ្មែរ ព្រមទាំងមានម្ចាស់មកជាមួយផងដោយសេរី ពុំមានអាជ្ញាធរណាគិតគូរហាមឃាត់សកម្មភាពរបស់ពួកគេឡើយ៖ «មានមនុស្សដេញមកវាមកមើលខ្លួនវាតែម្ដង ហើយវាមក ដល់ម៉ោងវាទៅវិញ ទៅដល់ម៉ោងវាមកវិញមក។ មករាល់ថ្ងៃរាល់ពេលវេលា ឃើញតែប៉ុណ្ណឹង មករាល់ថ្ងៃអ៊ីចឹងរាល់ថ្ងៃ ថ្ងៃណាក៏វាមកដែរ មកព្រឹកល្ងាចៗទៅ ដល់ម៉ោងទៅវិញទៅ។ ក្របីច្រើនណាស់។ ក្របីជាប់ ៥០-៦០-១០០ណោះ។ មករហូតមកមួយហ្វូង គ្នាវាហ្នឹងមនុស្សមកពីរ អ៊ីចឹងទៅមកដេញទៅវិញទៅមករាល់តែថ្ងៃ មិនដែលខានថ្ងៃណាទេ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលក្រុងបាវិត លោក ណេប សារ៉ុន មានប្រសាសន៍បញ្ជាក់ថា លោកនៅពុំទាន់ទទួលបានព័ត៌មានជុំវិញសត្វក្របីរបស់ជនជាតិវៀតណាម ចូលមកឃ្វាលឲ្យស៊ីស្មៅនៅលើទឹកដីរបស់ខ្មែរនៅក្រុងបាវិត នោះនៅឡើយទេ។ លោក ណេប សារ៉ុន ថ្លែងបន្តថា លោកនឹងធ្វើការតាមដានត្រួតពិនិត្យនូវសកម្មភាពនេះ។
តំបន់ដែលជនជាតិវៀតណាម ឃ្វាលក្របីនៅលើទឹកដីរបស់កម្ពុជា ស្ថិតនៅតំបន់ជាប់ជាយដែនកម្ពុជា-វៀតណាម នៅភូមិតាបិប ប៉ែកខាងត្បូងនៃសង្កាត់ និងក្រុងបាវិត ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋឲ្យដឹងថា ជនជាតិវៀតណាម គេដេញក្របីចូលមកឃ្វាលនៅលើដីខ្មែរភាគច្រើននៅរដូវប្រាំង គឺចាប់ពីខែធ្នូ ដល់ខែមិថុនា។ ហើយគេច្រើនដេញក្របីមកឃ្វាលចំនួន ២ដងក្នុងមួយថ្ងៃ គឺនៅពេលព្រឹកចាប់ពីម៉ោង៧ រហូតដល់ម៉ោង១១ថ្ងៃ ទើបគេដេញក្របីចូលទៅក្នុងទឹកដីរបស់វៀតណាម វិញ។ ហើយជនជាតិវៀតណាម ដេញក្របីមកឃ្វាលម្ដងទៀតនាពេលរសៀល គឺចាប់ពីម៉ោង ២ រហូតដល់ប្រមាណជាម៉ោង ៤រសៀល។
ប្រជាពលរដ្ឋថ្លែងបន្តថា សត្វក្របីដែលជនជាតិវៀតណាម ដេញមកឃ្វាលឲ្យស៊ីស្មៅក្នុងទឹកដីខ្មែរប្រមាណពី ៥០ ទៅជិត ១០០ក្បាលក្នុងមួយថ្ងៃ។ ហើយក្នុងមួយហ្វូងមានម្ចាស់ក្របីជនជាតិវៀតណាម ដើរអមជួនម្នាក់ ជួនពីរនាក់រៀងរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
