តួនាទីរបស់ស្ថាប័នអភិវឌ្ឍន៍នៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ ប៉ុន្តែ ការផ្ដល់ជំនួយអភិវឌ្ឍន៍ត្រូវឆ្លើយតបនឹងកំណើនជីវភាពរបស់ប្រជាពលរដ្ឋ ការថែរក្សាបរិស្ថាន និងធានាគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាដើម។ ជាក់ស្ដែង ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្ដល់ជំនួយទាំងហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសដល់កម្ពុជា បានវាយតម្លៃគម្រោងអភិវឌ្ឍន៍សហគ្រាសខ្នាតតូច ឬសិប្បកម្មរបស់ខ្លួន ដែលបានចាប់ផ្ដើមប្រមាណជិត ៣ឆ្នាំ ដែលស្ថិតនៅតំបន់សម្បូរព្រៃគុក ក្នុងខេត្តកំពង់ធំ។
ការវាយតម្លៃគម្រោងនេះ នឹងស្វែងរកទាំងឱកាស និងបញ្ហាប្រឈម ដើម្បីធ្វើឲ្យសហគមន៍មូលដ្ឋានទទួលបានចំណែកស្មើភាពគ្នានៃផលប្រយោជន៍សេដ្ឋកិច្ចសង្គម ពីកំណើនខាងវិស័យទេសចរណ៍ដែលរំពឹងថា នឹងកើតមាននៅតំបន់ប្រាសាទសម្បូរព្រៃគុក នេះ។
អ្នកឯកទេសជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា អ្នកស្រី ការិន សែលហ្សិក (Karin Schelzig) បានអះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ី ចង់ឃើញប្រជាពលរដ្ឋអាចទទួលបានចំណែកស្មើភាពគ្នាពីកំណើនភ្ញៀវទេសចរ និងទាក់ទាញអ្នកទស្សនាកាន់តែច្រើនឲ្យមកទស្សនាតំបន់ប្រាសាទសម្បូរព្រៃគុក។ អ្នកស្រីបញ្ជាក់ទៀតថា ទឹកប្រាក់ជំនួយឥតសំណងនេះ នឹងលើកកម្ពស់សហគ្រាសដែលទ្រទ្រង់ដល់ជីវភាពប្រជាពលរដ្ឋ និងមានលទ្ធភាពទទួលបានទីផ្សារលក់ផលិតផលកាន់តែប្រសើរជាងមុន។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រាសាទសម្បូរព្រៃគុក បានព្រួយបារម្ភពីនិរន្តរភាពរបស់គម្រោងនៅពេលម្ចាស់ជំនួយដកចេញពីតំបន់នោះ។ អ្នកទទួលផលគម្រោងមួយក្នុងចំណោមគម្រោងបីផ្សេងទៀតរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលព្រួយបារម្ភនោះ គឺសហគ្រាសផលិតគ្រាប់ស្វាយចន្ទី។
ប្រធានសហគមន៍ដែលតំណាងឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលផលិតស្វាយចន្ទី ប្រាសាទសម្បូរព្រៃគុក លោក អ៊ុំ អន មានប្រសាសន៍ថា សហគមន៍ផលិតស្វាយចន្ទីនៅតំបន់ប្រាសាទសម្បូរព្រៃគុក នឹងដួលស្របពេលដែលជំនួយដកចេញពីតំបន់នោះ។
គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានទឹកប្រាក់ជាជំនួយឥតសំណងចំនួន ២លាន ១សែនដុល្លារអាមេរិក នឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០១៤។ គម្រោងនេះ អនុវត្តបានប្រមាណ ៦៣% ដែលបានចំណាយទឹកប្រាក់អស់ចំនួន ១លានដុល្លារអាមេរិក ហើយរហូតដល់បច្ចុប្បន្ន។ អ្នកគ្រប់គ្រង និងដឹកនាំគម្រោងនេះ គឺក្រសួងទេសចរណ៍។
ប្រធានមន្ទីរទេសចរណ៍ប្រចាំខេត្តកំពង់ធំ លោក សេង អាន មានប្រសាសន៍ថា ទឹកប្រាក់គម្រោងដែលសល់ប្រមាណ ១លានដុល្លារទៀត នឹងអនុវត្តទៅតាមផែនការតាមការគ្រោងទុកនៅឆ្នាំ២០១៤។ លោកបញ្ជាក់ទៀតថា បច្ចុប្បន្នស្ថាប័នពាក់ព័ន្ធ និងម្ចាស់ជំនួយ បានផ្ដល់ជំនាញបច្ចេកទេសក្នុងការផលិតប្រកបដោយគុណភាព និងជំនាញ ក្នុងការស្វែងរកទីផ្សារលក់ផលិតផលរបស់ខ្លួន។
បន្ថែមលើបញ្ហានេះ អភិបាលរងខេត្តកំពង់ធំ លោក ប្រាក់ សារ៉ាត់ មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលនឹងធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់ប្រាសាទសម្បូរព្រៃគុក ទទួលបានជំនាញ។ ការទទួលបានជំនាញពិតប្រាកដ នឹងធ្វើឲ្យពួកគាត់ទទួលបានចំណូល។ ហើយការទទួលបានចំណូល នឹងធ្វើឲ្យជីវភាពរបស់ពួកគាត់កើនឡើង។ និន្នាការនេះ នឹងធ្វើឲ្យគម្រោងនេះទទួលបានលទ្ធផលជាវិជ្ជមាន និងមាននិរន្តរភាព។
របាយការណ៍របស់គម្រោង បានសរសេរថា ដើម្បីធានាបាននិរន្តរភាព គម្រោងត្រូវអនុវត្តតាមកម្មវិធីមួយចំនួន។ ទីមួយ ការកសាងសមត្ថភាពផលិតស្របតាមតម្រូវការទីផ្សារ។ ទីពីរ គាំទ្រដល់សហគ្រាសដែលមានសក្ដានុពល ការស្រាវជ្រាវ និងវិភាគទីផ្សារផលិតផល។ ទីបី ការកែលំអហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់លទ្ធភាពទទួលបានទីផ្សារជាដើម។
ស្របពេលជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា បានជួយកែលំអផ្លូវដែលភ្ជាប់ពីប្រាសាទសម្បូរព្រៃគុក ទៅកាន់ផ្លូវជាតិ ដើម្បីបង្កើនលទ្ធភាពទទួលបានទីផ្សារកាន់តែប្រសើរ។ បច្ចុប្បន្ន ផ្លូវដែលបានសាងសង់នេះ បានជួយពន្លឿនការចរាចរកាន់តែលឿងជាងមុនប្រមាណ ៤ដង។
គម្រោងលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារ សម្រាប់ប្រជាពលរដ្ឋក្រីក្រ បានអនុវត្តកាលពីឆ្នាំ២០១០ និងបញ្ចប់នៅឆ្នាំ២០១៤ ដែលប្រើប្រាស់ទឹកប្រាក់ ២លាន ១សែនដុល្លារអាមេរិក។ អ្នកទទួលផលពីគម្រោងនេះសរុបមានចំនួន ៩០០គ្រួសារ ស្មើនឹង ១ម៉ឺន ២ពាន់នាក់ ដែលរស់នៅក្នុងភូមិចំនួន១១ ស្ថិតនៅតំបន់ប្រាសាទសម្បូរព្រៃគុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
