អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងធ្វើលំហាត់សមយុទ្ធក្នុងការជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយយន្តហោះជាយថាហេតុ។ ព័ត៌មានដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)ឲ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជូនដំណឹងពីគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ នឹងធ្វើនៅថ្ងៃទី២៧ ខែកុម្ភៈ។
សមយុទ្ធនោះ គឺជាការហ្វឹកហ្វឺនសាកល្បងដល់ស្ថាប័ននានាដែលពាក់ព័ន្ធ ដើម្បីជាបទពិសោធន៍លើការងារជួយសង្គ្រោះជនរងគ្រោះនៅពេលមានគ្រោះមហន្តរាយយន្តហោះដែលកើតឡើង។ ក្នុងនោះក៏មានការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បីបង្កើតជាអណ្ដាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិតទៅដល់ការធ្លាក់យន្តហោះ ដែលជាប្រធានបទនៃលំហាត់សមយុទ្ធ។
បើតាមរដ្ឋលេខាធិការអាកាសចរស៊ីវិល ឲ្យដឹងដែរថា លំហាត់នោះក៏បានប្រកាសអាសន្នដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមសង្គ្រោះនៃមន្ទីរពេទ្យនានា រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
