មន្ត្រី​អប់រំ​ស្រុក​ខេត្ត​ព្រៃវែង​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

វិស័យ​អប់រំ​ជា​វិស័យ​មួយ​ដ៏​សំខាន់​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស។ ប៉ុន្តែ មន្ត្រី​អប់រំ​មួយ​ចំនួន ក៏​មាន​ទំនាស់​ពី​ការ​កេងប្រវ័ញ្ច​ប្រាក់​ខែ​របស់​មន្ត្រី​ថ្នាក់​លើ​មក​មន្ត្រី​ថ្នាក់​ក្រោម​កើត​ឡើង​ជា​ហូរហែ។ ដោយ​ឡែក​នៅ​ថ្ងៃ​ទី៩ កក្កដា គ្រូបង្រៀន​បឋម​សិក្សា​នៅ​ឯ​ខេត្ត​ព្រៃវែង បាន​ចោទ​ប្រកាន់​មន្ត្រី​អប់រំ​ស្រុក​ព្រះស្ដេច ថា​បាន​កាត់​ប្រាក់​ខែ​បង្រៀន​បន្ថែម​ម៉ោង​របស់​ពួក​គាត់​អស់ ៩% ក្នុង​មួយ​ខែៗ។

0:00 / 0:00

ក្រុម​គ្រូបង្រៀន​បាន​ត្អូញត្អែរ និង​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​លើ​ទង្វើ​របស់​មន្ត្រី​អប់រំ​ស្រុក ដែល​បាន​កាត់​ប្រាក់​ខែ​បង្រៀន​បន្ថែម​ម៉ោង​របស់​ពួក​គាត់ ថា​ជា​បញ្ហា​អំពើ​ពុក​រលួយ​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​មួយ​នេះ​មាន​ប្រវត្តិ​កេរ្តិ៍​ឈ្មោះ​មិន​ល្អ និង​មិន​គួរ​គប្បី​កើត​មាន​នៅ​ក្នុង​សង្គម​មួយ​នេះ​ឡើយ។

លោកគ្រូ​បង្រៀន​បឋម​សិក្សា​នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៩ កក្កដា ថា មន្ត្រី​អប់រំ​ស្រុក​ព្រះស្ដេច កាត់​ប្រាក់​ខែ​បន្ថែម​ម៉ោង ៩% គឺ​មាន​ចំនួន​ច្រើន​ណាស់។ ហើយ​បញ្ហា​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់៖ «គ្រូបង្រៀន​ពីរ​ពេល​ហ្នឹង គឺ​ប្រាក់​បង្រៀន​ពេល​ថ្ងៃ ចំពោះ​គ្រូ​ដែល​សាលា​ហ្នឹង​ខ្វះ​គ្រូ​អីចឹង ត្រូវ​ការ​យក​គ្រូ​ដដែល​យក​មក​បង្រៀន​មួយ​ថ្នាក់​ទៀត។ អ៊ីចឹង គាត់​បង្រៀន​ពីរ​ពេល គឺ​ពេល​ព្រឹក​មួយ​ពេល ហើយ​ពេល​ថ្ងៃ​មួយ​ពេល។ ហើយ​ប្រាក់​ដែល​គេ​កាត់ គឺ​កាត់​ប្រាក់​ពេល​ល្ងាច»

លោក​បន្ថែម​ថា ប្រាក់​ខែ​បង្រៀន​បន្ថែម​ម៉ោង​ជំនួស​គ្រូ​ដែល​ខ្វះ​នេះ គឺ​ចាប់​ពី ៦ ទៅ ៨​ខែ ទើប​គេ​បើក​ឲ្យ ហើយ​គេ​កាត់​យក​ពី​ពួក​គាត់​នៅ​ពេល​បើក​តែ​ម្ដង។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក លោក សរ ឈឿន មាន​ប្រសាសន៍​ថា ការិយាល័យ​អប់រំ​ស្រុក​មិន​ដែល​មាន​គោលការណ៍​កាត់​ប្រាក់​ខែ​មន្ត្រី​ក្រោម​ឱវាទ​ដូច​ការ​លើក​ឡើង​របស់​លោកគ្រូ​អ្នកគ្រូ​នោះ​ឡើយ៖ «ទេ​ការ​ប្រាក់​ខែ​នេះ ខ្ញុំ​ដូច​ជា​មិន​មាន​គោលការណ៍​អ្វី​ទេ។ នេះ​គ្រាន់​តែ​ថា​ជា​ការ​សម្រប​សម្រួល​ងាយ​អាយ​អ្វី​ទេ។ ដល់​ទៅ​កាត់​ប្រាក់​ខែ ៨-៩% ខ្ញុំ​អត់​មាន​គោលការណ៍​ឲ្យ​កាត់​ទេ»

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ជុំវិញ​បញ្ហា​នេះ​ថា ជា​រឿង​ដដែលៗ ហើយ​មន្ត្រី​អប់រំ​តែង​ប្រកែក​មិន​ព្រម​ទទួល​ការ​ពិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ឡើយ៖ «ការ​អះអាង​ការ​បដិសេធ​របស់​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក គ្រាន់​តែ​ជា​ការ​ប្រកែក ហើយ​មិន​ហ៊ាន​ទទួល​ខុស​ត្រូវ​ទេ។ អ្វី​ដែល​លោកគ្រូ​អ្នកគ្រូ​បាន​លើក​ឡើង​សម្ដែង​ពី​រឿង​ការ​ពិត​ហើយ។ យើង​ដឹង​ហើយ​ការ​សម្រេច​ចិត្ត និង​ហ៊ាន​មក​ជម្រាប​វិទ្យុ​អាស៊ីសេរី ថា​មាន​ការ​កាត់​លុយ​អី​ហ្នឹង គាត់​ជា​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​គាត់។ ហើយ​អ្វី​ដែល​គាត់​លើក​ឡើង​ហ្នឹង សុទ្ធ​តែ​ជា​ការ​ពិត»

លោក​បន្ត​ថា ក្រសួង​អប់រំ គួរ​តែ​នាំ​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ ទៅ​លើ​មន្ត្រី​ខិលខូច​ណា​ដែល​បាន​ប្រព្រឹត្ត និង​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ឲ្យ​បាន​ប្រសើរ​ឡើង។

នៅ​ក្នុង​ស្រុក​ព្រះស្ដេច មាន​សាលារៀន​សរុប ៥៩​សាលា និង​មាន​គ្រូ​បឋម​សិក្សា​បង្រៀន​បន្ថែម​ម៉ោង​ប្រមាណ​ជាង ៣០០​នាក់។ ដោយ​គ្រូបង្រៀន​បន្ថែម​ម៉ោង​ម្នាក់​អាច​ទទួល​បាន​ប្រាក់​បន្ថែម​ពី ១៧​ម៉ឺន ទៅ ២៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។