អាជីវករ​នៅ​ព្រៃវែង​តវ៉ា​អាជ្ញាធរ​មិន​ចេញ​ទៅ​លក់​នៅ​ផ្សារ​សង់​ថ្មី

ក្រុម​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ចក្រី នៃ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ប្រឆាំង​ជំទាស់​នឹង​ការ​បណ្ដេញ​របស់​អាជ្ញាធរ ដែល​បាន​បង្ខំ​ឲ្យ​ពួក​គាត់​ផ្លាស់​ប្ដូរ​ពី​ទី​កន្លែង​លក់​ដូរ​សព្វថ្ងៃ ឲ្យ​ទៅ​លក់​នៅ​ផ្សារ​សង់​ថ្មី​វិញ។ ប្រជាពលរដ្ឋ​បដិសេធ​មិន​ធ្វើ​តាម​សំណើ​របស់​អាជ្ញាធរ ដោយ​លើក​ហេតុផល​ថា ទីតាំង​ផ្សារ​ថ្មី​នោះ​មាន​តម្លៃ​ជួល​ខ្ពស់ លក់​ដូរ​ពុំ​បាន​ផល​កម្រៃ​ចំណេញ​ឡើយ។

0:00 / 0:00

ក្រុម​អាជីវករ​បាន​រៀប​រាប់​បញ្ជាក់​ដោយ​ចាត់​ទុក​វិធាន​ការ​របស់​អាជ្ញាធរ និង​ក្រុម​នាយ​ទុន​រក​ស៊ី​សង់​ផ្សារ​ឯកជន ដែល​បាន​ព្យាយាម​បណ្ដេញ​ពួក​គាត់​មិន​ឲ្យ​លក់​ដូរ​នៅ​ផ្សារ​ទីតាំង​ចាស់​នោះ ថា​ជា​ការ​គាប​សង្កត់ កេង​ចំណេញ​ធ្វើ​បាប​ពី​ប្រជាពលរដ្ឋ​អ្នក​លក់​ដូរ​តូចតាច ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ខ្លួន។

អ្នក​លក់​ដូរ​នៅ​ផ្សារ​ចក្រី ម្នាក់ អ្នកស្រី ឡាយ សុខគាង ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ មករា ថា ផ្សារ​ចក្រី សង់​ថ្មី ដែល​ក្រុម​អាជ្ញាធរ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​លក់​ដូរ​ថ្មី​នោះ មាន​ទីតាំង​នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ពី​ផ្លូវ និង​ឆ្ងាយ​ពី​កន្លែង​រស់​នៅ​របស់​ប្រជាពលរដ្ឋ។ អ្នកស្រី ឡាយ សុខគាង ថ្លែង​បន្ត​ថា ទាំង​កន្លែង​ជួល និង​កន្លែង​សេវាកម្ម​គ្រប់​បែប​យ៉ាង​ក្នុង​ផ្សារ​ថ្មី​នោះ មាន​តម្លៃ​ខ្ពស់​ខុស​ពី​ទីតាំង​ចាស់ ដែល​ធ្វើ​ឲ្យ​អ្នក​លក់​ដូរ​ក្នុង​ផ្សារ ពុំ​ទទួល​បាន​ផល​កម្រៃ​ពី​ការ​លក់​ដូរ​របស់​ខ្លួន​ឡើយ។

អ្នកស្រី ឡាយ សុខគាង៖ «អ្នក​ណា​យក​ច្រើន​ម៉ែត្រ​បង់​ច្រើន​ទៅ មួយ​ម៉ែត្រ​មួយ​ខែ​មួយ​ម៉ឺន បើ​យក ៥​ម៉ែត្រ​មួយ​ខែ​៥​ម៉ឺន។ ហើយ​នៅ​ទីតាំង​ចាស់​ហ្នឹង មួយ​ខែ​ក្មួយ​បង់​តែ ២​ម៉ឺន​ទេ ហើយ​នៅ​មិន​ចង់​រត់​រួច​ផង អា​ឡូវ​បួន​ប្រាំ​ម៉ឺន​មួយ​ខែ​ទៀត រត់​អត់​រួច​ទេ​ពូ នៅ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង ហើយ​នៅ​ភាស៊ី​ទៀត។ មុន​ដំបូង​ថា​មួយ​ម៉ែត្រ​ហ្នឹង ៨​ពាន់​ក្នុង​មួយ​ខែ ដល់​ពេល​អាជីវករ​សុខ​ចិត្ត​ថា​ព្រម​ទៅ​ខាង​នោះ ឥឡូវ​ឡើង​ថ្លៃ​មួយ​ម៉ឺន។ ហើយ​ភ្លើង​ហ្នឹង​អត់​ត​ខ្លួន​ឯង​បាន​ទេ ត​កន្លែង​ដី​ទីផ្សារ​ថ្មី​ហ្នឹង​ហ្មង»

រីឯ​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ចក្រី ម្នាក់​ទៀត លោក វឿន វ៉ៃ ថ្លែង​បញ្ជាក់​ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​លក់​ដូរ​នៅ​ទី​កន្លែង​ផ្សារ​ចក្រី​ចាស់​ដូច​ដើម​វិញ។ លោក​ថ្លែង​បន្ត​ថា ទីតាំង​ផ្សារ​ថ្មី​នោះ ជួប​ការ​លំបាក នៅ​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន​ដែល​ពុំ​មាន​មនុស្ស​ចេញ​ចូល​ទិញ​របស់​របរ​ច្រើន ដូច​ផ្សារ​ចាស់​ដែល​ស្ថិត​នៅ​ជិត​ផ្លូវ​នោះ​ឡើយ៖ «ហើយ​អ៊ីចឹង​តម្លៃ តម្លៃ​តូប​ហ្នឹង​យើង​ជួល ហើយ​យើង​ធ្វើ​តូប​ខ្លួន​យើង​ការពារ ហើយ​ទារៗ​ហ្នឹង​ថ្លៃ​ពេក ទឹក​ភ្លើង​ក៏​វា​ថ្លៃ​ដែរ។ កាល​យើង​នៅ​នោះ កន្លែង​ចាស់​យើង​ទឹក​ភ្លើង​តម្លៃ​ថោក​ទេ ហើយ​ទៅ​ណោះ​រត់​ម៉េច​រួច ប្រជាពលរដ្ឋ​ឥឡូវ​លក់​ដូរ​ក៏​អត់​សូវ​ដាច់​ដែរ ឥឡូវ​គ្មាន​មនុស្ស​ណា​នៅ គិត​ទៅ មើល​នៅ​ភ្នំពេញ ក៏​ដូច​គ្នា​ដែរ វា​ពិបាក​ណាស់​អ្នក​រក​ស៊ី​គាប​អ៊ីចឹង​ពេក។ គាប​សង្កត់​ថា​ឲ្យ​យើង​ទៅ​រើ​ទៅ​កន្លែង​ថ្មី​ទៅ បើ​យើង​អត់​ទៅ​បាន យើង​ទៅ​ម៉េច​កើត បើ​កន្លែង​ថ្មី​លក់​ដាច់​ទៅ​គេ​ទៅ​ហើយ»

ផ្សារ​ចក្រី ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ​ពី​ជាយ​ដែន​នៃ​ប្រទេស​វៀតណាម ស្ថិត​នៅ​ភូមិ​ករគោ នៃ​ឃុំ​ករគោ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង។ សព្វថ្ងៃ ផ្សារ​មួយ​នេះ​មាន​អាជីវករ​លក់​ដូរ​ប្រហែល​ជិត ១០០​តូប ហើយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន និង​នាយ​ទុន​រក​ស៊ី​សង់​ផ្សារ​ឯកជន បាន​ចាក់​ដី​សង់​ផ្សារ​ចក្រី​ថ្មី ជំនួស​ផ្សារ​ចាស់​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្សារ​ចក្រី​ចាស់ ប្រមាណ​ជិត ៣០០​ម៉ែត្រ។

ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ព្រះស្ដេច លោក ប៉ិច សុង មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​បាន​អភិវឌ្ឍ​ទីតាំង​នៅ​តំបន់​ផ្សារ​ចក្រី ដោយ​ទីតាំង​នៃ​ផ្សារ​ចក្រី​ចាស់ ជា​កន្លែង​លិច​ទឹក​នៅ​រដូវ​វស្សា មាន​ទីធ្លា​តូច​ចង្អៀត គ្មាន​សោភ័ណភាព។ លោក ប៉ិច សុង ថ្លែង​បន្ត​ថា ចំពោះ​បញ្ហា​រវាង​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អាជីវករ​នោះ លោក​នឹង​ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​អាជីវករ​បាន​លក់​ដូរ​ទៅ​តាម​សំណើ​របស់​ប្រជាពលរដ្ឋ៖ «ផ្សារ​ហ្នឹង​គេ​ដាក់​ឲ្យ​ធ្វើ​ជា​ផ្សារ​អភិវឌ្ឍន៍ អ៊ីចឹង​កន្លែង​លក់​ចាស់​វា​នៅ​កន្លែង​ទំនាប វា​ទាប​វា​ផុក​វា​ជាំ​ដល់​ខែ​ទឹក​លិច​មក​វា​លិច ដល់​ឥឡូវ​គេ​ចាក់​ដី​កន្លែង​ថ្មី ខែ​ទឹក​លិច​ក៏​វា​អត់​លិច​ដែរ។ សម្រួល​ថា អ្នក​ណា​ព្រម​ទៅ​ទីតាំង​ថ្មី​ទៅ អ្នក​ណា​មិន​ព្រម​នៅ​ទីតាំង​ចាស់​ហ្នឹង​ទៅ អា​ហ្នឹង​ក្នុង​នាម​អាជ្ញាធរ​ដែន​ដី​សម្រប​សម្រួល​អ៊ីចឹង»

តែ​យ៉ាង​ណា ក្រុម​អាជីវករ​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ មករា ក្រុម​អាជ្ញាធរ​មូលដ្ឋាន​មាន​មេ​ភូមិ និង​ប៉ូលិស​ផង បាន​នាំ​កម្លាំង​ទៅ​បង្ខំ​ដោយ​គាប​សង្កាត់​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​ទីកន្លែង​ដែល​ខ្លួន​លក់​ដូរ​ចាស់ រួច​ទៅ​លក់​ដូរ​កន្លែង​ថ្មី​ជំនួស​វិញ។ ប៉ុន្តែ ក្រុម​អាជីវករ​ប្រឆាំង​តវ៉ា​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។