រដូវប្រមូលផលស្រូវវស្សារបស់ពលរដ្ឋមួយចំនួននៅក្នុងខេត្តព្រៃវែង បានចាប់ផ្ដើមជាបណ្ដើរៗហើយ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងស្រុកកំចាយមារ និងស្រុកស្វាយអន្ទរជាដើម។ នេះជារដូវកាលរីករាយរបស់កសិករ ប៉ុន្តែពួកគាត់មួយចំនួនហាក់មិនសូវសប្បាយចិត្តទៅវិញ នៅពេលដែលតម្លៃស្រូវរបស់គាត់មិនមានតម្លៃខ្ពស់។ ពលរដ្ឋខ្លះការធ្វើស្រែរបស់គាត់គឺខាតដើមទៅវិញ ដោយសារតែតម្លៃជីគីមីដាក់ស្រូវ និងឈ្នួលគ្រឿងចក្រភ្ជួររាស់ និងច្រូតកាត់នោះមានតម្លៃខ្ពស់ ហើយផលិតផលរបស់គាត់បែរជាមានតម្លៃថោក។
« សំឡេងម៉ាស៊ីនច្រូតស្រូវ »
សំឡេងគ្រឿងចក្រច្រូតស្រូវបានបន្លឺឡើងស្ទើរតែគ្រប់ស្រែដែលមានស្រូវទុំ របស់កសិករនៅឯស្រុកកំចាយមារ ខេត្តព្រៃវែង។ ការប្រើប្រាស់គ្រឿងចក្រទាំងនោះបង្ហាញថា ក្នុងការប្រមូលផលស្រូវរដូវវស្សារបស់ពួកគាត់ ហាក់ទំនើប និងជឿនលឿន ដោយពួកគាត់មិនបានច្រូតកាត់តាមរបៀបបុរាណទៀតទេ។
កសិករបានថ្លែងថា ការជួលគ្រឿងចក្រទាំងនោះ គឺត្រូវចំណាយប្រាក់៣០ ទៅ៣៥ម៉ឺនរៀលក្នុងមួយហិតា ដើម្បីច្រូតកាត់។ ពួកគាត់បានថ្លែងទៀតថា ការចំណាយផ្សេងៗក្នុងការបង្កបង្កើនផលនៅក្នុងឆ្នាំនេះ បើទូទាត់នឹងប្រាក់ចំណូលដែលបានមកពីលក់ផលស្រូវវិញ គឺពួកគាត់ខាតទៅហើយ។
កសិករនៅក្នុងភូមិស្មោង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ថ្លែងថា ទិន្នផលស្រូវផ្ការំដួល ក្នុងឆ្នាំនេះគឺលក់បានតម្លៃ១០៥០រៀល ក្នុងមួយគីឡូស្រូវ ឬស្រូវខ្លះដែលឈ្មួញមើលទៅមិនមានគុណភាពល្អវិញបានតម្លៃ៩៥០រៀលក្នុងមួយគីឡូក្រាម។
លោក ម៉ៅ ឈាន់ ថ្លែងថា ប្រាក់ដែលប្រមូលបានបើទូទាត់នឹងការចំណាយលើជីគីមីសម្រាប់ដាក់ស្រូវ និងថ្លៃឈ្នួលគ្រឿងចក្រភ្ជួររាស់ និងច្រូតកាត់នោះ គឺមិនសល់ប្រាក់ចំណេញទេ៖ « បាទ ! រដូវប្រមូលផលឆ្នាំហ្នឹងស្រូវវាមានចុះតម្លៃហើយ ព្រោះថាមិនរកទីផ្សារបាន បើដូចឆ្នាំមុនគឺអ្នកទិញ ទីផ្សារហ្នឹងគឺមករកទិញដល់កន្លែងដល់កសិកររៀងៗខ្លួន។ ឆ្នាំនេះយ៉ាងហើយ ព្រោះកសិករច្រូតហើយ ទៅរកទីផ្សារខ្លួនឯងហើយគេមិនទិញទៀត។ ដល់ពេលទូទាត់នឹងតម្លៃជី តម្លៃឈ្នួលអីទៅវាអត់សល់ អត់សមស្រប អត់សមាមាត្រ គឺខាតធំតែម្ដង។ អ៊ីចឹងសំណូមពរដល់រដ្ឋាភិបាលហ្នឹងគិតគូររកទីផ្សារឲ្យបានសមរម្យជួយកសិករឲ្យបានផង បើមិនអ៊ីចឹងទេ គឺធ្វើចំណាកស្រុកចោលស្រុកអស់ហើយ »។
តម្លៃស្រូវដែលប្រមូលបានគឺមិនមានការកំណត់ច្បាស់លាស់ទេ ដោយកសិករទាំងនោះអះអាងថា គឺតម្លៃចុះឬឡើង អាស្រ័យទៅលើឈ្មួញកណ្ដាលដែលចុះមកទិញដល់ស្រែ ឬនៅផ្ទះនោះជាអ្នកដាក់តម្លៃឲ្យទៅវិញ។
អ្នកស្រី សំ ស្រីមុំ រស់នៅក្នុងឃុំស្មោងខាងជើង ស្រុកកំចាយមារ បានថ្លែងថា គាត់មិនដឹងថា តម្លៃស្រូវផ្ការំដួល នៅតាមខេត្តផ្សេងៗ ឬតំបន់ផ្សេង មានតម្លៃថោក ដូចនៅក្នុងឃុំស្រុករបស់គាត់ដែរឬទេ។
អ្នកស្រី ថ្លែងថា ឆ្នាំកន្លងទៅគឺស្រូវផ្ការំដួល មានតម្លៃខ្ពស់ជាងប្រភេទស្រូវនានា ដែលធ្វើឲ្យកសិករ មួយចំនួនធំសម្រុកបង្កបង្កើនផលប្រភេទស្រូវនេះ តែក្រោយពេលប្រមូលផលស្រាប់តែចុះថោកទៅវិញ៖ « ស្រេចតែគេអ្នកថា ទេនេះ ! អត់មានហាងឆេងផងពូ ហើយយើងមិនដឹងធ្វើម៉េចបើគេថាប៉ុន្មានគឺប៉ុណ្ណឹងហើយស្រេចតែគេហ្នឹង។ យើងមិនមែនឈ្មួញលើយើងផង បើយើងមិនលក់អត់ទៅបើយើងជំពាក់គេហ្នឹងបើយើងមិនលក់យើងជំពាក់គេអីហ្នឹង ថោកថ្លៃអីគឺត្រូវតែលក់ ដូចថា យើងបណ្ដាក់ថ្លៃជីគេអ៊ីចឹងទៅ ដល់ពេលខែនេះគេត្រូវប្រមូលហើយ ថោកថ្លៃអីគឺត្រូវតែលក់ ជួនកាលលក់ស្រូវថោកហ្នឹងលក់លុះតែអស់ខានហូបហ្នឹង »។
ក្រុមកសិករទទូចចង់ឲ្យរដ្ឋាភិបាលកំណត់តម្លៃស្រូវឲ្យបានច្បាស់លាស់ ឬផ្ដល់ព័ត៌មាន ពីតម្លៃទីផ្សារស្រូវដល់កសិករនៅគ្រប់តំបន់ដើម្បីកុំឲ្យពួកគាត់ខាតដើម ដោយសារតែតម្លៃស្រូវផ្អែកតែលើឈ្មួញឯកជនជាអ្នកកំណត់នោះ។
ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង លោក អ៊ុក សំណាង មានប្រសាសន៍ថា តម្លៃត្រូវវស្សារបស់កសិករនៅក្នុងខេត្តព្រៃវែង នៅក្នុងឆ្នាំនេះហាក់ថោកបន្តិចមែន ដោយលោកលើកឡើងថា ស្រូវចាស់ពីឆ្នាំ២០១៣ នៅសល់ច្រើនហេតុនេះឈ្មួញលក់ចេញស្រូវចាស់មិនទាន់អស់ ទើបមិនទាន់មានឈ្មួញច្រើនដែលចុះមកទិញស្រូវដេញថ្លៃគ្នានៅឡើយ។ ប៉ុន្តែមកដល់ពេលនេះ គឺមានឈ្មួញដណ្ដើមគ្នាទិញបណ្ដើរៗហើយ៖ « តម្លៃនៅក្នុងឆ្នាំនេះយើងសង្កេតឃើញថា វាទាបបន្តិចមែន ប៉ុន្តែវាក៏មិនទាន់ធ្វើឲ្យខាតបង់អ្វីធ្ងន់ធ្ងរដែរដោយសារតែវានៅក្នុងតម្លៃចន្លោះពី១០២០រៀល ទៅ១០៥០ក្នុងមួយគីឡូក្រាម នេះបើគិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា គឺស្ថិតក្នុងតម្លៃចន្លោះពី១០២០រៀល ទៅ១០៥០រៀល។ ជាអនុសាស្ត្ររបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម ក៏ដូចជាថ្នាក់ខេត្ត លោកបានណែនាំថា នៅក្នុងកំឡុងពេលដែលស្ថានភាពអ្នកជំនួញកំពុងតែបន្ទាបតម្លៃនេះគឺយើងអប់រំចលនាប្រជាជនធ្វើយ៉ាងណាឲ្យលោករក្សាទុកបណ្ដោះអាសន្នសិន ហើយនៅពេលណាដែលតម្លៃស្រូវនេះកើនឡើងល្អទើបលក់ចេញ »។
ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង លោក អ៊ុក សំណាង មានប្រសាសន៍ទៀតថា មន្ទីរកសិកម្មបានបានផ្សព្វផ្សាយដល់បណ្ដាញសហគមន៍កសិករ ពីស្ថានភាពទីផ្សារដោយសារតែឈ្មួញ និងប្រទេសជិតខាងមិនទាន់លក់ស្រូវចាស់ចេញអស់ ដើម្បីទទួលទិញស្រូវថ្មី នោះ ទើបតម្លៃហាក់នៅទាបនៅឡើយ។
លោកបញ្ជាក់ថា កសិករគួរតែរក្សាស្រូវទុកសិន ដោយរង់ចាំស្រូវផ្ការំដួលនេះមានតម្លៃខ្ពស់ ឬលក់ខ្លះដើម្បីទូទាត់គ្រាប់ពូជ ថ្លៃឈ្នួល ឬជីដាក់ស្រូវជាដើមនោះ ហើយលោកក៏បានស្វះស្វែងរកទីផ្សារសម្រាប់កសិករដែលប្រមូលផលបាននោះដែរ៖ «ជារួមមន្ទីរកសិកម្មបានខិតខំស្វែងរកដៃគូនៃការប្រមូលទិញហ្នឹងដូចជារោងម៉ាស៊ីននៅក្នុងស្រុក ក៏ដូចជាដៃគូជាពិសេសសហព័ន្ធនាំស្រូវអង្កចេញហ្នឹងគឺយើងបានបញ្ជូនព័ត៌មានហ្នឹងក៏ដូចជាស្ថិតិនៃបរិមាណផលស្រូវ ដែលមាននៅក្នុងខេត្តព្រៃវែង យើងខ្ញុំទាំងមូលបានផ្ដល់ទៅដល់ដៃអ្នកទិញ។ បាទ ! កាលយើងបានទៅប្រជុំជាមួយសភាពាណិជ្ជកម្មនៅក្នុងខេត្តព្រៃវែង។ បានអ៊ីចឹងយើងអាចសង្ឃឹមថា វានឹងអាចហក់ឡើងវិញដែរនៅពេលដែលស្ថានភាពអាកាសធាតុស្រឡះល្អ »។
អ្វីដែលកសិករចង់បានគឺស្រូវមានតម្លៃខ្ពស់ ប៉ុន្តែកសិករក៏មិនទាន់វិធីដើម្បីធ្វើឲ្យផលស្រូវរបស់គាត់មានតម្លៃ។
អ្នកវិភាគសេដ្ឋកិច្ចគឺលោក ស្រី ចន្ធី ថ្លែងថា កសិករអាចចងក្រងគ្នាជាសហគមន៍បង្កបង្កើនផលដើម្បីងាយស្រួលក្នុងការទទួលព័ត៌មានតម្លៃទីផ្សារ កសិករចងក្រងបង្កបង្កើនផលស្រូវដែលមានទីផ្សារខ្ពស់ ម្យ៉ាងទៀតកសិករគាត់បានលក់ផលស្រូវជាឯកជនតូចៗ ធ្វើឲ្យលំបាកដល់អ្នកប្រមូលទិញ ស្របពេលដែលពួកគាត់លក់ប្រញាប់ទៀតនោះ ទើបធ្វើឲ្យស្រូវមិនបានថ្លៃ៖ « អាហ្នឹងមួយក៏អាចជាលទ្ធភាពដែលនៅពេលដែលគាត់អាចរួមគ្នា គឺថា គាត់មានអំណាចចរចាតម្លៃជាមួយអ្នកប្រមូលទិញត្រង់ហ្នឹងគាត់រៀបចំគ្នាបានស្រួល ហើយគាត់អាចមួយទៀតរៀបចំផែនការផលិត ដោយឥឡូវនេះយើងមានច្បាប់កសិកម្មជាប់កិច្ចសន្យា ប្រសិនបើគាត់មានជាសហគមន៍គាត់អាចធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនអ្នកប្រមូលទិញ ឧទាហរណ៍ថាអ្នកនាំចេញគាត់ចង់បានស្រូវប្រភេទអី អ៊ីចឹងគាត់រៀបចំផលិតហើយធ្វើកុងត្រាមុន »។
លោកបានថ្លែងទៀតថា រដ្ឋាភិបាលគួរតែគិតគូពីការចំណាយថ្លៃដើមរបស់ប្រជាកសិករ ហើយត្រូវមានផែនការ ឬគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលកសិករកំពុងតែប្រឈមមុខនៅពេលបច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
