អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ប្រាប់អាស៊ីសេរី នៅថ្ងៃទី១០ តុលា ថា ទណ្ឌិត សោម ឯក ពិតជាបានចេញពីពន្ធនាគារប៉េស្ស៊ី (PJ) ប្រាកដមែន។ លោកបញ្ជាក់ថា ទណ្ឌិត សោម ឯក បានលួចរត់ បន្ទាប់ពីគេបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី។
លោក នុត សាវនា ឲ្យដឹងថា ទណ្ឌិត សោម ឯក ដែលសាលាដំបូងរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១០ បានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១៨ឆ្នាំ មានជំងឺលើសឈាម បានដួលក្នុងបន្ទប់ទឹក ហើយត្រូវបានពន្ធនាគារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ លោកថា ទណ្ឌិត សោម ឯក បានលួចរត់គេចអំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែមិនមែនលួចហែកគុកចេញនោះទេ៖ «ខ្លាចមានបញ្ហាដល់ជីវិតគាត់ ទើបបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ គាត់រត់បាត់ហើយ»។
ប្រភពសុំមិនបញ្ចេញឈ្មោះមួយរូប បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៩ តុលា ឲ្យដឹងថា លោក សោម ឯក បានរត់គេចពីពន្ធនាគារ ដោយសារមន្ត្រីពន្ធនាគារប៉េស្ស៊ី ធ្វើទារុណកម្មខ្លាំងពេក។ ប្រភពដដែលបានបញ្ជាក់ទៀតថា ប្រធានពន្ធនាគារប៉េស្ស៊ីគាបសង្កត់អ្នកទោស ធ្វើបាបអ្នកទោសផ្សេងទៀតដោយប្រើដំបងប៉ុនកដៃ វ៉ៃខ្នងបែកឈាម ហើយឆក់ខ្សែភ្លើង ជាដើម។
អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា អះអាងថា កន្លងទៅ លោកធ្លាប់ឮពីការប្រើហិង្សានៅពន្ធនាគារប៉េស្ស៊ីដែរ។ លោកបញ្ជាក់ថា នឹងមានការបើកការស៊ើបអង្កេតបន្ថែមលើរឿងនេះ៖ «ខ្ញុំធ្លាប់ឮល្ហែៗ តែប្រភពស្រាវជ្រាវទៅ យើងចាត់ទុកថា វាមិនទាន់ច្បាស់លាស់។ ក្រោយមកយើងឮល្ហែងៗមកទៀត អ៊ីចឹងហើយបានវាជាសញ្ញាមួយដែលយើងយកចិត្តទុកដាក់ដែរ»។
លោកបន្ថែមថា ការស៊ើបអង្កេតនេះ នឹងធ្វើឡើងដោយក្រុមការងារអន្តរក្រសួង ទប់ស្កាត់ការប្រើអំពើអមនុស្សធម៌ អំពើឃោរឃៅ និងធ្វើទារុណកម្ម។ លោកថ្លែងថា ប្រសិនបើប្រធានពន្ធនាគារប៉េស្ស៊ី ឬមន្ត្រីពន្ធនាគារ ត្រូវគេរកឃើញថាមានកំហុសមែននោះ នឹងត្រូវបណ្ដេញចេញពីតំណែង ព្រមទាំងប្រឈមនឹងការដាក់ទោសឲ្យជាប់ពន្ធនាគារ។
លោក សោម ឯក ត្រូវតុលាការចោទប្រកាន់ថា ជាមេខ្លោងនៃចលនារណសិរ្សរួបរួមជាតិ រូបសញ្ញាក្បាលខ្លា ដែលបានបង្កៃគ្រឿងផ្ទុះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៧ នៅទីក្រុងភ្នំពេញ ដើម្បីបំផ្លាញស្តូបមិត្តភាពកម្ពុជា-វៀតណាម ប៉ុន្តែមិនបានសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
