លោក យាន រិទ្ធី មានអាយុ ២៥ឆ្នាំ កើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង។ លោកបានបញ្ចប់ការសិក្សា ថ្នាក់ទី១២ ពីវិទ្យាល័យ «តាកោគ» នៃស្រុកព្រះស្ដេច។ លោក យាន រិទ្ធី ជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់ ជាកូនរបស់លោក យន់ យាន រស់នៅភូមិអំពិល ឃុំរំចេក។ ក្រោយពីបញ្ជាក់ការសិក្សាថ្នាក់ ១២ លោកមិនបានសិក្សាបន្តទៅថ្នាក់មហាវិទ្យាល័យនោះទេ ដោយសារជីវភាពគ្រួសារក្រីក្រជួបការលំបាក។ នៅឆ្នាំ២០០៩ លោក យាន រិទ្ធី បានចាកចេញពីផ្ទះទៅស្វែងរកការងាររោងចក្រ ធ្វើនៅរាជធានីភ្នំពេញ ដើម្បីទៅរកប្រាក់មកជួយដោះទាល់ជីវភាពគ្រួសារនៅឯស្រុកកំណើត។
លោក យន់ យាន ថ្លែងថា កូនរបស់គាត់ គឺលោក យាន រិទ្ធី ជាមនុស្សមនុស្សស្លូតបូត ចេះគោរពចាស់ទុំ និងចេះជួយយកចិត្តទុកដាក់ទុក្ខធុរៈរបស់បងប្អូន។ លោកបន្តថា កាលពីនៅសិក្សាវិទ្យាល័យ កូនរបស់លោកពុំដែលបោះបង់ការសិក្សារបស់ខ្លួនឡើយ។ មិនតែប៉ុណ្ណោះ លោក យាន រិទ្ធី ពេលចេញពីរៀនម្ដងៗ តែងតែរងចាំទទួលប្អូនៗធ្វើដំណើរត្រឡប់ទៅផ្ទះរួមគ្នារហូត។ ហើយនៅពេលទំនេរពីការសិក្សាលោកក៏តែងតែជួយទុកដាក់ធ្វើការងារផ្ទះជំនួសឪពុកម្ដាយជាប្រចាំ ដោយពុំដែលត្អូញពីទុក្ខលំបាកនឿយហត់ពីការងារម្ដងណាឡើយ៖« ក្រោយពីការសិក្សាមក គឺត្រឡប់មកមកវិញធ្វើការងារកសិករ ព្រោះឪពុកកសិករអ៊ីចឹង...។ ដល់ម៉ោងទៅរៀន ទៅរៀនទៅ ត្រឡប់ពីមកពីរៀនវិញហ្នឹងគឺជួយធ្វើការងារឪពុកម្ដាយ។ ដូចជាការដកស្ទូងច្រូតកាត់ ហើយពេលទំនេរយប់ហ្នឹង គឺនៅរៀននៅនឹងផ្ទះហ្នឹងតែម្ដង»។
លោក យន់ យានបន្តថា កូនរបស់លោកជាមនុស្សល្អ ពុំដែលបង្កផលលំបាកដល់គ្រួសារ និងអ្នកភូមិក្បែរខាងនោះទេ។
លោក យាន រិទ្ធី អតីតជាកម្មករនៅរោងចក្រកាត់ដេរ «សេន ចូវ» (Sen Chov) នៅរាជធានីភ្នំពេញ។ លោកធ្វើការរោងចក្រនៅភ្នំពេញ រយៈពេលប្រមាណ ៣ឆ្នាំ ឪពុកម្ដាយក៏បានផ្សំផ្គុំឲ្យមានគូស្រករ។ លោក យាន រិទ្ធី រៀបការនៅឆ្នាំ២០១១ ជាមួយអ្នកស្រី ឈីវ សារុន មានស្រុកកំណើតនៅខេត្តតាកែវ ជាកម្មការិនី បម្រើការនៅក្នុងរោងចក្រជាមួយគ្នា។ អ្នកទាំងពីររួមរស់ជាមួយគ្នាជាគូស្រករស្របច្បាប់ ប្រកបដោយសុខដុមរមនា ហើយមានកូនស្រីម្នាក់អាយុប្រមាណ ២ឆ្នាំ។
អ្នកស្រី ឈីវ សារុន ថ្លែងថា ចាប់តាំងពីរៀបការរួមរស់ជាមួយគ្នារហូតមក ស្វាមីរបស់អ្នកស្រី គឺលោក យាន រិទ្ធី ពុំដែលបង្កការលំបាកដល់អ្នកស្រីម្ដងណានោះទេ។ អ្នកស្រីដដែលថ្លែងបន្តថា ស្វាមីរបស់ខ្លួនជាមនុស្សឧស្សាហ៍ អត់ធ្មត់នឹងការងារ មិនត្អូញត្អែរពីទុក្ខលំបាក ហើយចេះជួយយកទុក្ខធុរៈរបស់អ្នកជិតខាង នៅពេលគ្រាមានទុក្ខលំបាក។
អ្នកស្រីបន្តថា លោក យាន រិទ្ធី ខិតខំធ្វើការរកប្រាក់ចំណូលផ្ដល់ជូនអ្នកស្រីសម្រាប់ប្រើប្រាស់ដោះស្រាយជីវភាពគ្រួសារជាប្រចាំ គឺពុំដែលខ្វះ ឬបាត់បង់នោះឡើយ៖« ពេលគាត់ចេញពីធ្វើការមកគាត់ជួយខ្ញុំ ពេលខ្ញុំអត់ស្រួលខ្លួន គាត់បោកខោអាវ គាត់ជួយធ្វើម្ហូប ដាំបាយដាំអី ជួយធុរៈគ្រប់សព្វបែបយ៉ាង។ ជួនកាលគាត់អត់គិតការងារប្រុសការងារស្រី គាត់ជួយខ្ញុំទាំងអស់។ លុយកាក់ដែលគាត់ធ្វើការបាន គាត់ផ្ដល់មកទាំងអស់ៗរាលខែ » ។
ប៉ុន្តែអកុសលអាក្រក់បានមកបំបែកគួរស្វាមីភរិយាមួយនេះ បីដូចអកព្រាត់គូដោយគ្មានថ្ងៃវិលវិញនោះឡើយ។
អ្នកស្រី ឈីវ សារុន ឱ្យដឹងថា ប្ដីរបស់អ្នកស្រីពុំមែនជាក្រុមកម្មករចូលរួមធ្វើបាតុកម្មនៅថ្ងៃកើតហេតុនោះទេ។ ប៉ុន្តែស្វាមីរបស់អ្នកស្រីធ្វើដំណើរតាមផ្លូវ លុះទៅដល់កន្លែងកើតហេតុស្រាប់តែមានគ្រោះថ្នាក់ត្រូវគ្រាប់កាំភ្លើងដោយពុំដឹងមូលហេតុតែម្ដង៖« គាត់អត់មានប្រាប់ខ្ញុំថាទៅណាទេ ចេញពីធ្វើការមក ក្រុមហ៊ុនគេឲ្យចេញ អ៊ីចឹងជូនប្អូនទៅផ្ទះ។ ត្រឡប់មកវិញមានគ្រោះថ្នាក់អ៊ីចឹងទៅ តែពេលដែលខ្ញុំដឹងហ្នឹង គេមកប្រាប់ថា ប្ដីខ្ញុំត្រូវគ្រាប់ហើយ។ ខ្ញុំអត់មានដឹងហេតុការណ៍ដែលគាត់ត្រូវគ្រាប់ហ្នឹងមកពីអី ខ្ញុំអត់ដឹងទេ ព្រោះដឹងថា គាត់ចេញទៅក្រៅ » ។
លោក យាន រិទ្ធី ត្រូវគ្រាប់កាំភ្លើងចំឆ្អឹងជំនីពីខាងឆ្វេងធ្លុះទៅខាងស្ដាំ នៅគ្រាដែលលោកធ្វើដំណើរតាមម៉ូតូនៅតំបន់ផ្លូវវ៉េងស្រេង ដែលក្រុមកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ កាលពីថ្ងៃទី៣ មករា ឆ្នាំ២០១៤ កន្លងទៅ។ បន្ទាប់ពីត្រូវគ្រាប់កាំភ្លើងភ្លាម លោក យាន រិទ្ធី ត្រូវបានក្រុមកម្មករ និងសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី នៅរាជធានីភ្នំពេញ។ យុវជន យាន រិទ្ធី ស្លាប់ក្នុងមន្ទីរពេទ្យនៅថ្ងៃដដែល នាវេលាម៉ោងប្រមាណ ៣រសៀល។
សពរបស់លោក យាន រិទ្ធី សាច់ញាតិ និងក្រុមគ្រួសារបាននាំយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅស្រុកកំណើតនៃសព នៅភូមិអំពិល ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ភរិយានៃសពថ្លែងថា ការបាត់បង់លោក យាន រិទ្ធី ហាក់ដូចបាត់បង់សសរបង្គោលរបស់គ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
