ក្អមឆ្នាំង គឺជាអត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំង។ អ្នកភូមិអណ្ដូងឫស្សី ខេត្តកំពង់ឆ្នាំង ប្រមាណ ៤០គ្រួសារ នៅតែបន្តស្មូនក្អមឆ្នាំង ខណៈដែលអ្នកភូមិជាង ៧០គ្រួសារបានងាកទៅបើកអាជីវកម្ម ឬស៊ីឈ្នួលផលិតជើងក្រានលក់នៅលើទីផ្សារវិញម្ដង។ អ្នកដែលប្រកាន់ខ្ជាប់នូវមុខរបរផលិតក្អម ឬឆ្នាំង ត្អូញត្អែរពីបញ្ហាក្អមឆ្នាំងមិនសូវមានតម្លៃដូចជើងក្រាន ហើយវត្ថុធាតុដើមផលិតកាន់តែអស់ទៅ។
ចាប់តាំងពីម៉ោង ៤ទៀបភ្លឺរហូតដល់ព្រលប់ស្ទើររៀងរាល់ថ្ងៃ លោក ពៅ ឋាន និងប្រពន្ធឈ្មោះ សែម មួន ចាប់ផ្តើមការងាររៀងៗខ្លួន។ ដោយលោកមិនសូវមានសុខភាពមាំទាំ ត្រូវទទួលភារៈជាអ្នកដាំបបរ ឬបាយហូប ចំណែកប្រពន្ធចាប់ផ្ដើមលាយច្របាច់ដីដែលទិញទុកក្បែរផ្ទះ ដើម្បីធ្វើក្អមឆ្នាំង។
លោក ពៅ ឋាន ដែលបច្ចុប្បន្នមានវ័យ ៧៨ឆ្នាំ និងប្រពន្ធវ័យ ៧៦ឆ្នាំ បានចាប់យកមុខរបរស្មូនក្អមឆ្នាំងតាំងពីក្មេងវ័យ ក្នុងចំណោមសិប្បករនៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ វ័យចន្លោះពី ៧៥ឆ្នាំទៅ ៨០ឆ្នាំជាង ១០នាក់ផ្សេងទៀត កំពុងប្រកបមុខរបរនេះ។ បើទោះជាវ័យជរាទៅហើយក្ដី ពួកគាត់នៅតែបន្តផលិតក្អមឆ្នាំងក្នុងគោលបំណងរក្សាកេរដំណែលស្នាដៃដូនតាផង និងដើម្បីជីវភាពផង។
កំពុងស្មូនក្អមនៅក្រោមសំយាបផ្ទះប្រក់ស័ង្កសីបាំងជញ្ជាំងស្លឹកតូចមួយ លោកស្រី សែម មួន រៀបរាប់ថា លោកស្រី និងប្ដីបានចាប់ដៃគ្នាជាប្ដីប្រពន្ធតាំងពីមុនហេតុការណ៍ជម្លៀសមនុស្សចេញពីក្រុងភ្នំពេញ ឆ្នាំ១៩៧៥។ លោកស្រីថា ប្ដីប្រពន្ធ និងកូនស្រីពីរនាក់ ព្រមទាំងប្រុសម្នាក់ បានរួចផុតពីការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម ហើយបច្ចុប្បន្ន ពួកគេមានប្ដីប្រពន្ធបង្កើតកូនរស់នៅបែកផ្ទះអស់ហើយ។ លោកស្រី សែម មួន បន្ថែមថា សព្វថ្ងៃ រូបគាត់ និងប្ដីដែលមានជំងឺចាស់ជរាជាប់កាយ បានរស់នៅឯកាតែពីរនាក់ប្ដីប្រពន្ធក្បែរផ្ទះចៅស្រីនៅចុងភូមិអណ្ដូងឫស្សី នៃឃុំស្រែថ្មី។ ចំណែកកូនៗបង្កើតរស់នៅបែកផ្ទះក្នុងភូមិ ប៉ុន្តែកូនប្រុសដែលធ្វើជាកងកម្លាំងបោសសម្អាតមីន និងកូនស្រីៗពីរនាក់ ធ្វើស្រែចម្ការ ដែលបច្ចុប្បន្នមានជីវភាពគ្រាន់បើនោះ បានផ្ដល់លុយកាក់តិចតួចឲ្យគាត់ជាប្រចាំដែរ៖ « ពិបាកវាពិបាកណាស់ហើយកូនអើយ ! ប៉ុន្តែបើមិនខំរកបានស្អី ? ហោប៉ៅកូន ហើយតែបានកូនណោះមួយម៉ឺនអ៊ីចឹងទៅ។ គ្រាន់ខ្លះ មិនគ្រាន់ខ្លះទៅ កូនឲ្យអ៊ីចឹងទៅ បើតាអត់រកអី រកតែខ្ញុំម្នាក់ឯងគត់។ លោក ជិន ជេដ្ឋា៖ ម៉េចបានតាអត់ជួយរក ? ជួយរកអី បើចាក់ថ្នាំទើបរួច និយាយផ្ដេសផ្ដាសទៅណាទៅណីអត់កើតទេ »។
ទោះបីជាយ៉ាងណា លោកស្រី សែម មួន និងប្ដីមិនផ្ដេកផ្ដួលលើការផ្ដល់ប្រាក់ពីកូនៗទាំងស្រុងនោះទេ ដោយនាំគ្នាប្រឹងប្រែងរកប្រាក់ផ្គត់ផ្គង់ជីវភាព មើលជំងឺ និងធ្វើបុណ្យទានដោយខ្លួនឯង។ ប្រភពចំណូលសំខាន់ គឺបានមកពីម៉ូយទិញក្អមឆ្នាំង ខណៈរូបគាត់ត្រូវចំណាយថ្លៃដើមទិញដី និងឧសសម្រាប់ដុតក្អមទៅវិញស្ទើរមិនចំណេញ។ តែពួកគាត់នៅតែបង្ខំចិត្តធ្វើ ដោយរកអ្វីមិនបានក្រៅពីរបរស្មូនក្អមឆ្នាំង។
កំពុងអង្គុយលើគ្រែជក់ថ្នាំខ្លាំងមូរស្លឹកសង្កែ ក្រឡេកមើលទៅក្អមដែលតម្រៀបហាលត្រៀបត្រានៅលើរានហាលក្រៅផ្ទះ លោកស្រី សែម មួន រំឭកថា រយៈពេល ៥ឆ្នាំទៅ ៦ឆ្នាំហើយដែលលោកស្រី និងប្ដីលែងមានកម្លាំងឡើងភ្នំក្រាំងដីមាស ឋិតនៅក្បែរភូមិ ដើម្បីកាប់ឧស និងជីកយកដីមកធ្វើក្អមឆ្នាំង។ សព្វថ្ងៃ រូបគាត់ត្រូវចំណាយលុយទិញឧស និងដីគេមកធ្វើដោយក្នុងមួយថ្ងៃអាចធ្វើបាន ១០ក្អម ហើយក្អមមួយលក់បាន ១.៨០០រៀល៖ « ខ្ញុំធ្វើក្អមឆ្នាំងតាំងពីតូចដល់បានប្ដី ហើយនៅធ្វើទៀត តែខ្ញុំអត់ចេះធ្វើវត្ថុបុរាណដូចគេដុតនៅឡនោះណា ព្រោះពីម៉ែពីឪធ្វើតែអានេះ។ ( ដំបូង ) ធ្វើដីឲ្យសព្វច្របាច់យកគ្រោះចេញ បើលាយមិនសព្វផ្ទុះខូច។ ក្រោយមកបានប៉ែន បន្ទាប់បើកឲ្យប៉េង ហើយភ្ជិតគូថ ក្រោយមកទៀតហាលថ្ងៃឲ្យស្ងួត រួចយកទៅដុត »។
ចំណែកលោក ពៅ ឋាន ដែលជាប្ដីមានភារៈដាំស្លនោះ ក៏ខ្នះខ្នែងជួយប្រពន្ធទាំងកម្លាំងកាយ និងកម្លាំងចិត្តដែរ។ តែលោកមិនអាចជួយបានច្រើនណាស់ណាទេ ព្រោះមានជំងឺចាស់ជរាប្រចាំកាយ។
កំពុងបង្កាត់ភ្លើងចៀនត្រីប្រឡាក់ដើម្បីពិសាជាមួយបាយកកនៅក្នុងផ្ទះបាយក្បែរកន្លែងយាយស្មូនក្អមឆ្នាំង លោក ពៅ ឋាន មានប្រសាសន៍ថា អាការៈឈឺឆ្អឹងឆ្អែង ចុកពោះ និងវិលមុខដែលជាជំងឺចាស់ជរា បានបង្កការលំបាកយ៉ាងខ្លាំងដល់សុខភាព និងការហូបចុករបស់លោក។ ប៉ុន្តែជាទៀងទាត់ លោកត្រូវយកអង្ករមួយកំប៉ុងចម្អិនបបរ ឬបាយរាល់ពេល មុនជួយការងារធ្វើក្អមឆ្នាំងប្រពន្ធ៖ « បាទ ! គ្រាន់តែបានជួយដាំបាយ ឬពេលយាយដុតក្អម ជួយជញ្ជូនក្អមទៅដុតបន្ទាប់បន្សំ ជញ្ជូនក្អមយកទៅដុត រួចរៀបឧសជាទីធំ »។
លោក ពៅ ឋាន និងលោកស្រី សែម មួន មិនបានខកចិត្តនឹងវាសនា ឬត្រូវចំណាយពេលស្ទើរមួយជីវិតពេញក្នុងការប្រកបមុខរបរធ្វើក្អមឆ្នាំងនោះទេ ផ្ទុយទៅវិញ គាត់ត្រេកអរចំពោះដំណើរជីវិតនេះ។ លោក ពៅ ឋាន ថាប្ដីប្រពន្ធលោករំពឹងលើកូនៗទាំងបីនាក់ចិញ្ចឹមបីបាច់ពេលសុខភាពទ្រុឌទ្រោមខ្លាំង ប៉ុន្តែលោក និងប្រពន្ធតស៊ូរកស៊ីចិញ្ចឹមជីវិតតែពីរនាក់ រហូតដល់នាទីចុងក្រោយនៃជីវិត។
ប្ដីប្រពន្ធវ័យចាស់នេះ មានការអៀនប្រៀនចំពោះការគាស់រំលើងអនុស្សាវរីយ៍ស្នេហាពីក្មេងវ័យ ប៉ុន្តែអ្នកទាំងពីរថ្លែងបែបអឹមអៀមថា សព្វថ្ងៃគាត់ស្រឡាញ់គ្នា និងជួយទុក្ខធុរៈគ្នាជាងពីក្មេងទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
