ក្រសួងអប់រំ យុវជន និងកីឡា ជំរុញឲ្យយុវជនជ្រើសរើសជំនាញសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា ដើម្បីបំពេញតម្រូវការទីផ្សារការងារ។ អ្នកឯកទេសបង្ហាញថា ជំនាញទាំងនេះមិនត្រឹមតែជួយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងជួយជំរុញសេដ្ឋកិច្ចកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងទៀតផងដែរ។
កញ្ញា សន សុវណ្ណល័ក្ខស្មី វ័យ ២១ឆ្នាំ កំពុងសិក្សាជំនាញគីមីអាហារនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ។ យុវតីរូបនេះ និយាយដោយទឹកមុខញញឹមញញែមថា នាងមានមហិច្ឆតាចង់ក្លាយជាអ្នកប្រាជ្ញជំនាញផ្នែកវិទ្យាសាស្ត្រកម្ពុជា វ័យក្មេង៖ «»។
យ៉ាងណាក៏ដោយ បើតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បង្ហាញថា នៅកម្ពុជា មានភាពមិនស៊ីសង្វាក់គ្នារវាងធនធានមនុស្ស និងទីផ្សារការងារ។ ជាក់ស្ដែង ធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (Science, Technology, Engineering and Maths) ហៅកាត់ថា ស្តេម (STEM) នៅមិនទាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារការងារនៅឡើយ។
កញ្ញា ល័ក្ខស្មី និយាយបន្តថា ជំនាញដែលពាក់ព័ន្ធនឹង ស្ដេម មានដូចជា វិទ្យាសាស្ត្រសុខាភិបាល ព័ត៌មានវិទ្យា វិស្វកម្មសំណង់ គណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា។ យុវតី ល័ក្ខស្មី និយាយដោយសង្ខេបថា ស្ដេម ផ្ដោតខ្លាំងលើមុខវិជ្ជាវិទ្យាសាស្ត្រពិត ដែលត្រូវការទាំងទ្រឹស្ដី និងទាំងការអនុវត្ត។
លោក បៀល ឡុងហើស (Bill Longhurst) ឯកអគ្គរដ្ឋទូតនៃចក្រភពអង់គ្លេស ថ្លែងថា ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលចាំបាច់មួយ ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ច្រើនជាងមុនទៅលើវិជ្ជាជីវៈផ្នែកស្ដេម។ លោកថា ស្ដេមដើរតួនាទីចម្បងក្នុងការលើកតម្កើងផលិតកម្ម ការកើនឡើងនូវខ្សែសង្វាក់ការងារ ដែលផ្ដល់ប្រយោជន៍ឲ្យប្រជាពលរដ្ឋកម្ពុជា អាចទទួលបានប្រាក់កម្រៃការងារ និងស្តង់ដារជីវភាពរស់នៅបានប្រសើរឡើង។
ស្រដៀងគ្នានេះដែរ លោក ឡ ពុតណាម (Lord Puttnam) ប្រេសិតនៃចក្រភពអង់គ្លេស ផ្នែកពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជា ផ្ដល់តម្លៃខ្ពស់ដល់ជំនាញវិជ្ជាជីវៈផ្នែកស្ដេម។ លោកថា ប្រសិនបើកម្ពុជា មានធនធានមនុស្សផ្នែកស្ដេមគ្រប់គ្រាន់ វាជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលអាចឲ្យកម្ពុជា ដើរទាន់បណ្ដាប្រទេសអាស៊ានផ្សេងទៀត៖ «ពីព្រោះខ្ញុំយល់ថា វិស្វកម្មជាគ្រឹះសំខាន់សម្រាប់ប្រទេសណាដែលលូតលាស់លឿន។ យើងឃើញមានប្រទេសជាច្រើនដែលជាឧទាហរណ៍។ ចូរក្រឡេកមើលករណីប្រទេសឥណ្ឌូនេស៊ី! តើប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ខុសគ្នាម្ដេចខ្លះ? ឥណ្ឌូនេស៊ី មានទំហំធំ សេដ្ឋកិច្ចគេក៏ធំ គឺឥណ្ឌូនេស៊ី មានសក្ដានុពលច្រើនផ្នែក ក៏ប៉ុន្តែកម្ពុជា អាចដើរលឿនចឹងបាន បើកម្ពុជា អាចប្រែក្លាយជាប្រទេសឆ្លាតវៃ ហើយដើម្បីក្លាយជាប្រទេសឆ្លាតវៃ កម្ពុជា ត្រូវមានធនធានមនុស្សច្រើន»។
នៅកម្ពុជា មិនមានសិស្សច្រើនទេដែលបានជ្រើសរើសជំនាញសិក្សាផ្នែកវិទ្យាសាស្ត្រ ឬស្ដេម។ យោងតាមតួលេខរបស់ក្រសួងអប់រំ នៅឆ្នាំ២០១៤ ក្នុងចំណោមនិស្សិតសរុបចំនួន ២៥ម៉ឺននាក់ មាននិស្សិតចំនួនជាង ៤ម៉ឺន ២ពាន់នាក់ (៤២.៦៤០នាក់) ឬ ៣ភាគរយប៉ុណ្ណោះ ដែលបានបញ្ចប់ការសិក្សាមុខជំនាញស្ដេម។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងថា អត្រាទាបនៃចំនួនយុវជនជ្រើសរើសមុខជំនាញស្ដេម ដោយសារកត្តាខ្វះគ្រូបង្រៀន ឬខ្វះបទពិសោធន៍បង្រៀន។ លោកអះអាងថា ក្រសួងកំពុងផ្ដល់វគ្គបំប៉នសមត្ថភាពដល់គ្រូបង្រៀន និងពង្រឹងការជ្រើសរើសគ្រូបង្រៀនផ្នែកនេះ។ លោករដ្ឋមន្ត្រីទទួលស្គាល់ថា សិស្សនិស្សិតកម្ពុជា នៅខ្វះខាតការយកទ្រឹស្ដីយកទៅអនុវត្ត ដោយសារខ្វះឧបករណ៍ពិសោធន៍៖ «»។
លោក ហង់ ជួនណារ៉ុន បន្ថែមថា ក្រសួងអប់រំ ក៏បានបង្កើតកម្មវិធីវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម សម្រាប់តម្រង់ទិសដល់សិស្សវិទ្យាល័យ ដើម្បីជំរុញឲ្យសិស្សរើសជំនាញសិក្សាផ្នែកស្ដេម។
ក្រសួងអប់រំ យុវជន និងកីឡា រួមនឹងស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា និងអាយ.ឌី.ភី (IDP Education) កំពុងលើកកម្ពស់វិស័យអប់រំផ្នែកស្ដេមនេះ។ ស្ថាប័នទាំងនេះ ជ្រើសរើសយុវជន ៧នាក់ដែលនិស្សិតជំនាញផ្នែកស្ដេមជាឯកអគ្គរដ្ឋទូតសុឆន្ទៈ។
ឯកអគ្គរាជទូតសុឆន្ទៈស្ដេម «STEM» កម្ពុជា ជាក្រុមអ្នកស្ម័គ្រចិត្ត ដែលនឹងជួយចូលរួមផ្សព្វផ្សាយ ព្រមទាំងធ្វើជាទីប្រឹក្សាដល់យុវជនវ័យក្មេងកម្ពុជា ដើម្បីលើកទឹកចិត្តពួកគេឲ្យជ្រើសរើសជំនាញសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
យុវតី ល័ក្ខស្មី ក៏ឋិតក្នុងចំណោម ៧នាក់ដែលត្រូវបានជ្រើសរើសជាឯកអគ្គរាជទូតសុឆន្ទៈស្ដេម «STEM» កម្ពុជា។
ជាជំហានដំបូង ឯកអគ្គរាជទូតសុឆន្ទៈទាំង ៧នាក់នេះ នឹងធ្វើដំណើរទៅកាន់វិទ្យាល័យផ្សេងៗក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តតាកែវ កំពង់ចាម កំពង់ឆ្នាំង និងខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយមុខវិជ្ជាផ្នែកស្ដេមដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគេជ្រើសរើសមុខវិជ្ជាទាំងនេះជាវិជ្ជាជីវៈ។
បើទោះជាធ្វើការមានតែតួនាទី តែគ្មានប្រាក់ខែក្ដី ល័ក្ខស្មី ថ្លែងថា រូបនាងពេញចិត្តនឹងកិច្ចការជាឯកអគ្គរាជទូតសុឆន្ទៈនេះ៖ «»។
លោក បៀល ឡុងហើស ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា យល់ថា មាតាបិតា លោកគ្រូអ្នកគ្រូ ក៏ជាអ្នកដើរតួនាទីសំខាន់ ដើម្បីលើកទឹកចិត្តឲ្យសិស្សានុសិស្សរៀនជំនាញស្ដេម។ លោកបន្ថែមថា កម្មវិធីផ្សព្វផ្សាយស្ដេមរបស់ឯកអគ្គរាជទូតសុឆន្ទៈទាំង ៧រូប ជួយផ្លាស់ប្ដូរការឃើញរបស់ប្រជាជនកម្ពុជា ជុំវិញជ្រើសរើសជំនាញស្ដេមនេះ៖ «ជួយផ្លាស់ប្ដូរការយល់ឃើញរបស់ប្រជាជនកម្ពុជា។ ខ្ញុំបានដឹងថា មានសិស្សជាច្រើន រួមទាំងឪពុកម្ដាយសិស្សផង យល់ថាជ្រើសរើសជំនាញ គឺពួកគាត់ផ្ដោតទៅលើជំនាញច្បាប់ ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។ ជំនាញផ្នែកស្តេម គឺត្រូវបានមើលរំលង។ យើងព្យាយាមផ្លាស់ប្ដូរការយល់ឃើញនេះ ហើយព្យាយាមបង្ហាញពីសារសំខាន់នៃស្ដេមសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងអាចឲ្យសិស្សអាចមានជំនាញវិជ្ជាជីវៈមួយសម្រាប់ចិញ្ចឹមជីវិត»។
តើធ្វើយ៉ាងណាទៅ ប្រសិនបើសិស្សចង់ជ្រើសរើសមុខជំនាញស្ដេមជាជំនាញវិជ្ជាជីវៈរបស់ខ្លួន?
ឯកអគ្គរាជទូតស្ដេមផ្ដល់នូវដំបូន្មានមួយចំនួន៖ «»។
កាលពីថ្ងៃទី២៧ ខែតុលា ក្រសួងអប់រំ សមាគមគណិតវិទ្យាកម្ពុជា និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ក៏បានដាក់ឲ្យប្រើប្រាស់នូវវិធីសាស្ត្ររៀនគណិតវិទ្យាតាមបែបចក្រភពអង់គ្លេស ក្នុងទម្រង់ជាល្បែងល្បងប្រាជ្ញាគណិតវិទ្យា (Diagnostic Questions) ដើម្បីទាក់ទាញសិស្សឲ្យចូលចិត្តរៀនមុខវិជ្ជាគណិតវិទ្យាឲ្យបានច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
