មូលនិធិ​លី​ពញារី​ដក​ជំនួយ​ពី​សាលា​បឋម​សិក្សា​ខ្នារ​នៅ​ស្រុក​បន្ទាយស្រី​ខេត្ត​សៀមរាប

0:00 / 0:00

អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ មូលនិធិ លី ពញារី បាន​ទៅ​ប្រមូល​យក​កុំព្យូទ័រ និង​ផ្ទាំង​ថាមពល​អគ្គីសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ (Solar) ព្រម​ទាំង​ឧបករណ៍​ភ្លេង​ជាច្រើន​គ្រឿង​ពី​សាលា​បឋម​សិក្សា​ខ្នារ នៅ​ភូមិ​ខ្នារ ឃុំ​ខ្នារសណ្ដាយ នៃ​ស្រុក​បន្ទាយស្រី ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។

ការ​ប្រមូល​យក​សម្ភារ​ទាំងនោះ​វិញ ជា​សញ្ញា​បញ្ជាក់​ថា អង្គការ​បាន​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ទៅ​ឲ្យ​សាលា​នេះ​ទៀត​ហើយ ដោយសារ​តែ​គេ​រក​ឃើញ​ថា នាយក​សាលា​បាន​កេង​ប្រវ័ញ្ច​លើ​ជំនួយ​ខ្លះៗ​សម្រាប់​កុមារ។

តើ​ការ​កេង​ប្រវ័ញ្ច​នោះ​ក្នុង​រូបភាព​បែប​ណា?

ឪពុក​ម្ដាយ​សិស្ស​មួយ​ចំនួន​រស់នៅ​ឃុំ​ខ្នារសណ្ដាយ ស្រុក​បន្ទាយស្រី សម្ដែង​ការ​សោកស្ដាយ ព្រម​ទាំង​ព្រួយ​បារម្ភ​ទៅ​លើ​អនាគត​កូនៗ​របស់​ពួក​គេ ថា​អាច​នឹង​មិន​មាន​លទ្ធភាព​សិក្សា​បាន​ច្រើន​ដូច​មុន​ទៀត​ឡើយ​ទៅ​លើ​ជំនាញ​កុំព្យូទ័រ និង​ភាសា​អង់គ្លេស ជាដើម។ ការ​ព្រួយ​បារម្ភ​នេះ កើត​មាន​ឡើង​នៅ​ក្រោយ​ពេល​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ មូលនិធិ លី ពញារី បាន​ដក​ជំនួយ​ចេញ​ពី​សាលា​បឋម​សិក្សា​ខ្នារ ដែល​កូនៗ​របស់​គេ​ធ្លាប់​ទៅ​រៀន​កុំព្យូទ័រ និង​ភាសា​អង់គ្លេស​ដោយ​ឥត​គិត​ថ្លៃ​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។

ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​ដែល​ជា​អ្នក​ភូមិ​ខ្នារ ក្នុង​ចំណោម​ឪពុក​ម្ដាយ​សិស្ស​ជាច្រើន​ទៀត គឺ​លោកស្រី ចាវ ទុំ។ លោកស្រី​មាន​ប្រសាសន៍​ថា កាល​ពី​ជិត ១​សប្ដាហ៍​មុន លោកស្រី​មាន​អារម្មណ៍​ក្ដុកក្ដួល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​កុមារ​តូចៗ​ជាច្រើន​នាក់​ដើរ​ចេញ​ពី​សាលា​បឋម​សិក្សា​ខ្នារ ហើយ​នាំ​គ្នា​យំ។ លោកស្រី​បាន​សួរ​ក្មេងៗ​ទាំងនោះ​ថា នាំ​គ្នា​យំ​រឿង​អ្វី? ហើយ​ពួក​គេ​ប្រាប់​ថា គេ​យំ​ពីព្រោះ​តែ​អង្គការ​បាន​ដក​យក​កុំព្យូទ័រ និង​ថាមពល​អគ្គិសនី​ដោយ​កម្លាំង​ព្រះអាទិត្យ​អស់​ទៅ​ហើយ ព្រម​ទាំង​បិទ​ថ្នាក់​បង្រៀន​ភាសា​អង់គ្លេស ធ្វើ​ឲ្យ​ពួក​គេ​មិន​បាន​រៀន​ទៀត​ឡើយ។

លោកស្រី ចាវ ទុំ បញ្ជាក់​ថា ជំនួយ​របស់​មូលនិធិ លី ពញារី នៅ​ក្នុង​សាលា​បឋម​សិក្សា​ខ្នារ ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជួយ​កុមារ​តូចៗ និង​ក្មេង​កំព្រា​ក្រីក្រ មាន​ឱកាស​ល្អ​បាន​រៀន​សូត្រ​សម្រាប់​អនាគត៖ « ខ្ញុំ​យល់​ថា​ឲ្យ​មូលនិធិ​គួរ​ដាក់​ជំនួយ​មក​វិញ​មក ពីព្រោះ​អ្នក​ស្រុក​នេះ​កំពុង​តែ​ខ្វះខាត​លទ្ធភាព​ជួយ​កូន​ឲ្យ​រៀន​សូត្រ។ កុមារ​ខ្លះ​មិន​មាន​សម្លៀកបំពាក់​ទៅ​សាលា​រៀន​ទេ ពីព្រោះ​គ្មាន​ឪពុក​ម្ដាយ »

អ្នក​ភូមិ​ខ្នារ ម្នាក់​ទៀត​ក៏​សម្ដែង​ការ​សោកស្ដាយ​ប្រហាក់​ប្រហែល​គ្នា​ដែរ។ លោកស្រី ជាង សុភា មាន​ប្រសាសន៍​ថា លោកស្រី​មាន​កូន​តូចៗ​ចំនួន ៣​នាក់​ដែល​កំពុង​រៀន​នៅ​សាលា​បឋម​សិក្សា។ ជាច្រើន​ខែ​មុន ពួក​គេ​បាន​ទៅ​រៀន​ភាសា​អង់គ្លេស​នៅ​សាលា​នោះ ដោយ​រូប​គាត់​មិន​បាន​ចំណាយ​ប្រាក់​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​មូលនិធិ លី ពញារី បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ឲ្យ​សាលា​នោះ គឺ​កូនៗ​របស់​គាត់​បាន​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ព្រម​ទាំង​អស់​សង្ឃឹម​លើ​ការ​រៀន​សូត្រ​ប្រចាំ​ថ្ងៃ៖ « ដក​ចេញ​អ៊ីចេះ ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ដោយសារ​កូន​ដែរ។ កូន​ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ចំពោះ​ការ​សិក្សា។ ខ្ញុំ​អង្គុយ​គិត​ថា​មិន​ដឹង​មាន​លទ្ធភាព​រក​លុយ​ពីណា​ឲ្យ​កូន​ទៅ​រៀន​កុំព្យូទ័រ​ដូច​ពេល​មុន ពីព្រោះ​គ្មាន​លុយ »

នាយក​សាលា​បឋម​សិក្សា​ខ្នារ លោក សួន សុហ៊ាន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hang Savyouth
នាយក​សាលា​បឋម​សិក្សា​ខ្នារ លោក សួន សុហ៊ាន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hang Savyouth (RFA/Hang Savyouth)

ប្រភព​ព័ត៌មាន​ខ្លះ​ដែល​ផ្សព្វផ្សាយ​រឿង​អាស្រូវ​របស់​សាលា​បឋម​សិក្សា​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​និយាយ​ថា បញ្ហា​ដែល​មូលនិធិ លី ពញារី បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ទៅ​ឲ្យ​សាលា​បឋម​សិក្សា​ខ្នារ នោះ ដោយសារ​តែ​នាយក​សាលា​កេង​ប្រវ័ញ្ច​ទៅ​លើ​របប​អាហារ​ខ្លះៗ​ដែល​អង្គការ​បាន​ផ្ដល់​ឲ្យ​កុមារ​ហូប​ជា​រៀង​រាល់​ព្រឹក។

ក៏ប៉ុន្តែ​នាយក​សាលា​បឋម​សិក្សា​ខ្នារ លោក សួន សុហ៊ាន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ ថា​គឺ​ជា​រឿង​មិន​ពិត។ លោក សួន សុហ៊ាន មាន​ប្រសាសន៍​ថា កាល​ពី ៣-៤​ឆ្នាំ​មុន រូប​លោក​ធ្លាប់​មាន​បញ្ហា​តិចតួច​ជាមួយ​នឹង​មូលនិធិ លី ពញារី ដោយសារ​តែ​អង្គការ​បាន​ទម្លាក់​លុយ​ថ្លៃ​អាហារ​មក​ឲ្យ​សាលា​គ្រប់គ្រង ហើយ​មាន​ការ​លម្អៀង​ខ្លះៗ រូប​លោក​ក៏​បង្វិល​ការ​គ្រប់គ្រង​លុយ​ថ្លៃ​អាហារ​នោះ​ទៅ​ឲ្យ​អង្គការ​គ្រប់គ្រង​វិញ។

លោក សួន សុហ៊ាន បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ថា​រូប​លោក​កេង​ប្រវ័ញ្ច​លើ​របប​អាហារ​កុមារ​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​តែ​សាលា​មិន​បាន​គ្រប់គ្រង​ប្រាក់​ទាំងនោះ​ឡើយ៖ « ទាក់ទង​នឹង​សម្ភារ ឬ​ក៏​លុយ​កាក់ សាលា​មិន​បាន​ទទួល​មក​គ្រប់គ្រង​ទេ សូម្បី​តែ​វិក្រយបត្រ​ចាយវាយ​លុយ​កាក់ ក៏​សាលា​មិន​បាន​ស៊ីញេ​ទេ ដោយសារ​តែ​ការងារ​ទាំងអស់ គឺ​បុគ្គលិក​របស់​អង្គការ​ទិញ​យក​មក​ដាក់​ជាមួយ​នឹង​ចុងភៅ​ផ្ទាល់ »

លោក​នាយក​សាលា​បឋម​សិក្សា​ខ្នារ ឲ្យ​ដឹង​ថា រយៈពេល ១១​ឆ្នាំ​មក​ហើយ មូលនិធិ លី ពញារី បាន​ផ្ដល់​ជំនួយ​ឲ្យ​សាលា​របស់​លោក ដូចជា​ផ្ដល់​សម្ភារ​សៀវភៅ ប៊ិច ព្រម​ទាំង​សម្លៀកបំពាក់​ឲ្យ​កុមារ ហើយ​ជា​រៀង​រាល់​ខែ មូលនិធិ លី ពញារី តែង​ឧបត្ថម្ភ​អាហារ​ឲ្យ​សិស្ស​បន្ថែម​លើ​របប​អាហារ​របស់​អង្គការ​ស្បៀង​អាហារ​ពិភពលោក ដូចជា​សាច់​ជ្រូក បន្លែ ព្រម​ទាំង​អាហារ​ក្រៀម និង​ទឹក​ផ្លែឈើ​កំប៉ុង ជាដើម។ បន្ថែម​លើ​នេះ មូលនិធិ​បាន​ផ្ដល់​កុំព្យូទ័រ​សម្រាប់​សិស្ស​រៀន ព្រម​ទាំង​ចេញ​ថ្លៃ​ឲ្យ​គ្រូ​ទៅ​បង្រៀន​ភាសា​អង់គ្លេស​ដល់​កុមារ​ផង។ លោក​នាយក​សាលា​នៅ​តែ​អះអាង​ថា លោក​មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ថា កេង​ប្រវ័ញ្ច​លើ​ជំនួយ​របស់​កុមារ​នោះ​ទេ។

បច្ចុប្បន្ន សាលា​បឋម​សិក្សា​ខ្នារ គឺ​មាន​សិស្ស​ចំនួន​ជាង ២៨០​នាក់ បាន​ចូល​រៀន​ជា​ប្រចាំ ទាំង​ថ្នាក់​មត្តេយ្យ ថ្នាក់​បឋម​សិក្សា និង​ថ្នាក់​ទី​៦ នៃ​អនុវិទ្យាល័យ។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ អ្នក​គ្រប់គ្រង​មូលនិធិ លី ពញារី បាន​ដាក់​ពាក្យ​ទៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​សៀមរាប ដោយ​ស្នើសុំ​ដក​យក​កុំព្យូទ័រ​ចំនួន ១០​គ្រឿង ផ្ទាំង Solar ថ្នាក់​កុំព្យូទ័រ​ចំនួន ១០​គ្រឿង ឧបករណ៍​អេឡិចត្រូនិក ៣​ឈុត ឧបករណ៍​ភ្លេង ២០​ដើម ម៉ាស៊ីន​បញ្ចាំង Slide ១​គ្រឿង និង​ផ្ទាំង​បញ្ចាំង Slide ១​គ្រឿង​ពី​សាលា​បឋម​សិក្សា​ខ្នារ ដោយ​បញ្ជាក់​ថា មូលនិធិ លី ពញារី បាន​ជួយ​សាលា​នេះ​រយៈពេល ១១​ឆ្នាំ ហើយ​យល់​ថា​សាលា​នេះ​រឹងមាំ​អាច​ជួយ​ទ្រទ្រង់​ការ​អប់រំ​ដោយ​ខ្លួន​ឯង​បាន។

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​សៀមរាប លោក សយ ទិត្យាវង្ស មាន​ប្រសាសន៍​ថា លោក​មិន​បាន​រក​ឃើញ​ថា នាយក​សាលា​នោះ​បាន​កេង​ប្រវ័ញ្ច​ជំនួយ​របស់​អង្គការ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​មូលនិធិ លី ពញារី បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ត​ទៅ​ទៀត៖ « ដូចជា​មិន​មាន​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ការ​ដែល​មូលនិធិ លី ពញារី ដក​យក​សម្ភារ​ពី​សាលា​នោះ ដោយសារ​តែ​សាលា​នោះ​រឹងមាំ ហើយ​គេ​យក​ទៅ​ជួយ​សាលា​ផ្សេង​ទៀត »

ស្ថាបនិក​មូលនិធិ លី ពញារី អ្នកស្រី លី ពញារី ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hang Savyouth
ស្ថាបនិក​មូលនិធិ លី ពញារី អ្នកស្រី លី ពញារី ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Hang Savyouth (RFA/Hang Savyouth)

ទោះ​ជា​យ៉ាង​ណា ស្ថាបនិក​មូលនិធិ គឺ​អ្នកស្រី លី ពញារី អះអាង​ថា បញ្ហា​ដែល​អង្គការ​របស់​អ្នកស្រី​ដក​សម្ភារ និង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ឲ្យ​សាលា​បឋម​សិក្សា​ខ្នារ នោះ ដោយសារ​តែ​ម្ចាស់​ជំនួយ និង​អ្នក​ស្ម័គ្រ​ចិត្ត​បរទេស​ជាច្រើន​មិន​សប្បាយ​ចិត្ត​ចំពោះ​ភាព​មិន​ប្រក្រតី​ជាច្រើន។ អ្នកស្រី លី ពញារី បញ្ជាក់​ថា ជាច្រើន​ឆ្នាំ​មក​ហើយ អ្នកស្រី​មិន​ពេញ​ចិត្ត​ជាមួយ​នាយក​សាលា ដែល​មិន​បាន​សហការ​លើ​ការងារ​ឲ្យ​ជាប់លាប់ ព្រម​ទាំង​ការ​កេង​ប្រវ័ញ្ច​លើ​របប​អាហារ​របស់​កុមារ ជាដើម៖ « កាល​ពី​មុន​ដំបូង អង្គការ​បាន​ប្រគល់​ប្រាក់​ឲ្យ​គាត់​ទៅ​ទិញ​ម្ហូប ជា​លទ្ធផល​គាត់​ទិញ​សម្ភារ​មក​ទុក​ក្នុង​ឃ្លាំង​ឲ្យ​វា​រលួយ​ចោល ភាព​មិន​ប្រក្រតី​ទី​២ គឺ​មាន​ការ​បាត់​ម្ហូប »

អង្គការ​មូលនិធិ លី ពញារី ឲ្យ​ដឹង​ថា បេសកកម្ម​របស់​អង្គការ​នេះ​តាំង​តែ​ពី​ឆ្នាំ​២០០៦ មក គឺ​ជួយ​ជ្រោមជ្រែង​ដល់​កុមារ និង​យុវជន​ក្រីក្រ​ច្រើន​រយ​នាក់​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះវិហារ ឲ្យ​មាន​លទ្ធភាព​បាន​រៀន​សូត្រ ព្រម​ទាំង​បន្ត​ការ​សិក្សា​រហូត​ដល់​ថ្នាក់​ឧត្តម។ ពេល​នេះ​ថ្វីត្បិតតែ​អង្គការ​មូលនិធិ លី ពញារី បញ្ឈប់​ការ​ផ្ដល់​ជំនួយ​ទៅ​ឲ្យ​សាលា​បឋម​សិក្សា​ខ្នារ ក្តី ក៏​អង្គការ​នៅ​តែ​គិតគូរ​ដល់​កុមារ​ជាច្រើន​នៅ​ទីនោះ ពីព្រោះ​តែ​កុមារ​ទាំងអស់​បាន​ស្ថិត​នៅ​ក្នុង​បេះដូង​នៃ​មូលនិធិ លី ពញារី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។