អ្នក​ស្រុក​នៅ​ពោធិ៍សាត់​ផ្អើល​នាំ​គ្នា​ឡើង​ភ្នំ​ដក​ផ្សិត​លក់

0:00 / 0:00

ពលរដ្ឋ​ស្ទើរ​គ្រប់​ភូមិ នៃ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​សម្រុក​ឡើង​ភ្នំ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​រក​ដក​ប្រភេទ​ផ្សិត​ម្យ៉ាង​ដែល​មាន​តម្លៃ​ថ្លៃ​ទៅ​លក់​ឲ្យ​ឈ្មួញ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ។ អ្នក​ភូមិ និង​ឈ្មួញ​កណ្ដាល​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ផ្សិត​ដុះ​ដ៏​ខ្លី​ក្រោយ​ភ្លៀង​ធ្លាក់​មួយ​មេ ឬ​ពីរ​មេ​ដំបូង​នៅ​ដើម​រដូវ​វស្សា នៃ​ឆ្នាំ​នីមួយៗ គឺ​ជា​ឱកាស​មាស​របស់​ពួកគេ​រក​ប្រាក់ បន្ថែម​លើ​មុខ​របរ​ធ្វើ​ស្រែចម្ការ។

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ថ្ងៃ​បាក់​រសៀល ក្រុម​អ្នក​ភូមិ​ក្មេង​ចាស់​ប្រុស​ស្រី បាន​វែក​រក​ផ្សិត​ផក់ ឬ​ផ្សិត​ប៉ក់ នៅ​តាម​កំប៉ូត​ស្បូវ និង​កូន​ឈើ​តូចៗ ឋិត​នៅ​ក្នុង​ទឹក​ដី​​ស្រុក​ក្រគរ និង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។ ពលរដ្ឋ​មួយ​គ្រួសារ​ដែល​មាន​សមាជិក​បី​នាក់ ឬ​ពីរ​នាក់​ប្ដី​ប្រពន្ធ អាច​រក​ផ្សិត​បាន​ចន្លោះ​ពី ៤ ទៅ ៣០​គីឡូក្រាម​ក្នុង​១​ថ្ងៃ​ដែល​ស្មើ​នឹង​ប្រាក់ ១០​ម៉ឺន ទៅ ៨០​ម៉ឺន​រៀល។

បុរស​វ័យ​ជាង ៤០​ឆ្នាំ​ម្នាក់ កំពុង​ដើរ​កាត់​ព្រៃ​ក្នុង​ទឹក​មុខ​ហេវហត់ ដោយ​មាន​ញើស​ហូរ​កាត់​ផ្ទៃ​មុខ​ផង​នោះ គឺ​លោក ម៉ៅ សើ។ លោក​មាន​ប្រសាសន៍​ថា ដោយ​ឃើញ​អ្នក​ភូមិ​រក​ប្រាក់​បាន​ច្រើន​ពី​ការ​ដក​ផ្សិត​លក់ លោក​ក៏​ចូល​ព្រៃ​រក​ផ្សិត​ដែរ។ ក្នុង​មួយ​ព្រឹក​លោក​រក​ផ្សិត​បាន​ចន្លោះ​ពី ១​គីឡូក្រាម ទៅ​មួយ​គីឡូ​កន្លះ​ប៉ុណ្ណោះ ដោយ​លោក​គ្មាន​សមាជិក​គ្រួសារ​ឡើង​មក​ជួយ​រក ហើយ​មិន​សូវ​ប្រសព្វ​រក​ទៀត៖ «មួយ​ថ្ងៃ​បាន ១​គីឡូ​ជួន​កាល​បាន ១​គីឡូ​កន្លះ ពិបាក​រក​ហ្នឹង ហើយ​រក​ពេញ​តែ​ព្រៃ​ហ្នឹង ដើរ​បេះ​តាម​ទួល។ ឃើញ​គេ​ទិញ​ចេះ​តែ​ជិះ​ម៉ូតូ​មក​រក​តាម​គេ​ទៅ។ រក​បាន​ពីរ​ថ្ងៃ​ហើយ»

អ្នក​ភូមិ​ភាគ​ច្រើន​នាំ​គ្នា​ឡើង​រក​ផ្សិត​នៅ​តាម​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឱរ៉ាល់ នៅ​ចំណុច​រាំងខ្វាវ បាយ​ក្ដាំង​ដំណាក់​ត្រប់ និង​ដំណាក់​មន្ត្រី​ជា​ដើម។ សកម្មភាព​នេះ​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ហើយ​គេ​អាច​បន្ត​រក​រហូត​ដល់​ដំណាច់​ខែ​ឧសភា ឆ្នាំ​២០១៦ បើ​ពុំ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា និង​មេធំ​ទេ​នោះ។ ទីផ្សារ​របស់​ផ្សិត​ផក់​មាន​ឈ្មួញ​រង់​ចាំ​ដណ្ដើម​គ្នា​ទិញ​ក្នុង​តម្លៃ ២៥.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម។

ចំណែក​អ្នក​ភូមិ​នៃ​ឃុំ​ឈើតុំ ម្នាក់​ទៀត គឺ​លោកស្រី គ្រីម ម៉ារី កំពុង​អង្គុយ​រាប់​លុយ​ដែល​ទើប​លក់​ផ្សិត​បាន និង​និយាយ​ក្នុង​ទឹក​មុខ​ញញឹមញញែម​បណ្ដើរ​ថា រូប​គាត់​បាន​បបួល​ប្ដី​ប្រពន្ធ និង​កូន​ពីរ​ទៀត​ឡើង​លើ​ភ្នំ​ដក​ផ្សិត​បី​ថ្ងៃ​ជាប់ៗ​គ្នា។

ផ្សិត​ប៉ក់ ​ដែល​ពលរដ្ឋ​ដក​បាន​នៅ​ជើង​ភ្នំក្រវាញ ឋិត​នៅ​ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦។
ផ្សិត​ប៉ក់ ​ដែល​ពលរដ្ឋ​ដក​បាន​នៅ​ជើង​ភ្នំក្រវាញ ឋិត​នៅ​ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦។ (RFA/Chin Chetha)

លោកស្រី​ថា តាំង​ពី​ព្រលឹម រហូត​ដល់​ថ្ងៃ​រសៀល គ្រួសារ​លោកស្រី​ស្ទើរ​មិន​ហ៊ាន​ឈប់​សម្រាក​ដោយ​ខំ​ដើរ​លុក​ព្រៃ​រក​ផ្សិត​បាន​ជាង ១០​គីឡូ​ក្រាម​ដើម្បី​លក់៖ «ដល់​ពេល​ឃើញ​គ្រូ​ឃើញ​អី​មក​រក​ដែរ ព្រោះ​រក​បាន​នោះ! ដល់​ពេល​អ៊ីចឹង​ទៅ​គ្រូ​សម្រាក​ក៏​នាំ​កូន​មក​ដែរ។ គាត់ (គ្រូ)មក​រក​ផ្សិត​ដែរ​គាត់​ថា សុំ​សម្រាក​ពីរ​បី​ថ្ងៃ ព្រោះ​អី​គេ​រក​បាន​ពេក​មួយ​ថ្ងៃ​ខ្លះ​គេ​រក​បាន ៤០​ម៉ឺន​រៀល ខ្លះ​មាន​គ្នា​ច្រើន​បាន​ពី ៥០ ទៅ ៧០​ម៉ឺន​អ៊ីចឹង​ដែរ»

ក្រុម​អ្នក​រក​ផ្សិត​មួយ​ចំនួន​បាន​ក្រោក​ពី​ដំណេក​នៅ​ម៉ោង ១២​យប់ និង​ខ្លះ​នៅ​ម៉ោង ៤​ទៀបភ្លឺ តាម​ផ្ទះ​ជិត ឬ​ឆ្ងាយ​ពី​តំបន់​ជួរ​ភ្នំ​ដែល​ត្រូវ​ឡើង​រក​ផ្សិត​នោះ។ ការ​រួត​រាស់​ចេញ​ដំណើរ​ដោយ​យក​គោយន្ត និង​ម៉ូតូ​ធ្វើ​ជា​យានជំនិះ​ទាំង​យប់អធ្រាត្រ​បែប​នេះ គឺ​ដោយសារ​ពួកគាត់​មាន​ឱកាស​រក​ច្រើន ព្រោះ​ពេល​ព្រឹក​មេឃ​ត្រជាក់ ចំណែក​ពេល​ថ្ងៃ​ក្ដៅ​ខ្លាំង ម្យ៉ាង​ចង់​លក់​ផ្សិត​បាន​លុយ​ត្រឡប់​មក​ផ្ទះ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​លិច។

អាជីវករ​ផ្សារ​បំណក់ ស្រុក​ក្រគរ និង​ជា​អ្នក​ទទួល​ទិញ​ផ្សិត​ផ្ទាល់​ពី​អ្នកភូមិ​នៅ​តំបន់​ស្ទឹង​ព្រាល ស្រុក​ភ្នំក្រវាញ ម្នាក់ គឺ​លោកស្រី តាន់ លៀងផេង ឲ្យ​ដឹង​ថា ក្នុង ១​ថ្ងៃ​គាត់​ត្រៀម​ដើម​ទុន​ច្រើន​គួរសម​ដែរ ដើម្បី​ប្រមូល​ទិញ​ផ្សិត​ប៉ក់​ពី​ពលរដ្ឋ​ទៅ​លក់​បន្ត​នៅ​ទី​រួម​ស្រុក​ភ្នំក្រវាញ។ តែ​ក្នុង​១​ថ្ងៃៗ​លោកស្រី​ទិញ​បាន​តែ ៣០០ ទៅ ៤០០​គីឡូក្រាម​ប៉ុណ្ណោះ ខណៈ​ម៉ូយ​ធានា​ទិញ​ទាំង​អស់​ឲ្យ​តែ​មាន​ផ្សិត៖ «ទិញ​បាន​ដោយ​ថ្ងៃ គឺ​ថ្ងៃ​ណា​បាន​បី​រយ​គីឡូ ថ្ងៃ​ណា​បាន​បួន​រយ​​គីឡូ លក់​នៅ​ស្រុក​ភ្នំ​ក្រវាញ ហើយ​អ្នក​ក្រវាញ យក​ទៅ​លក់​នៅ​ថៃ។ ដើម​ទុន​ក្នុង​មួយ​ថ្ងៃ​អស់​ប្រាំបី​លាន។ អត់​ទៀង​បង តែ​បើ​គេ​មាន​ទិញ​ត​ទៀត»

ឈ្មួញ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចាម បាន​បើក​ម៉ូតូ ឡាន និង​រថយន្ត​កែច្នៃ​ចុះ​ទិញ​ផ្ទាល់​ពី​ពលរដ្ឋ​នៅ​តាម​ច្រក​សំខាន់ៗ នៃ​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឱរ៉ាល់។ ចំណែក​នៅ​ស្រុក​ក្រគរ មាន​ទីតាំង​ទិញ​ធំ​មួយ គឺ​នៅ​ចំណុច​ស្ទឹងព្រាល ឋិត​នៅ​ភូមិ​ក្បាល​ទាហាន ឃុំ​ឈើតុំ ដោយ​មាន​ថៅកែ​ចាំ​ប្រមូល​ទី​ចំនួន ៤​កន្លែង។

ឈ្មួញ​កណ្ដាល​ម្នាក់ លោក គៀន គាំង បញ្ជាក់​ថា លោក​គ្មាន​ប្រាក់​រាប់​លាន​មក​ទិញ​ផ្សិត​ប្រភេទ​នេះ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​លុយ​បន្ត​ពី​ថៅកែ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដើម្បី​ទិញ​ផ្សិត​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ផ្ទាល់។

លោក​ថា ក្នុង ១​ថ្ងៃ​លោក​អាច​ប្រមូល​ទិញ​បាន​ប្រហែល ១​តោន ប៉ុន្តែ​បច្ចុប្បន្ន​ថ្ងៃ​ខ្លះ​លោក​ទិញ​បាន​តែ ៨០០​គីឡូក្រាម​ប៉ុណ្ណោះ ព្រោះ​មាន​អ្នក​ចាំ​ទិញ​ច្រើន​ពេក៖ «វា​មិន​មែន​មាន​តែ​ខ្ញុំ​មួយ​ទេ វា​មាន​ច្រើន​ដែរ​ថៅកែ។ ខ្ទង់​ប្រ​ហែល​ជា ១២​ថៅកែ​ហើយ​នៅ​ក្នុង​ប្លុក​ខ្ញុំ​នេះ។ ក្នុង​មួយ​ថៅកែៗ​មាន​មនុស្ស​មិន​ចេះ​តិច​ទេ មិន​ក្រោម​ពី ១​ពាន់​នាក់​ទេ តិច​បំផុត​ត្រឹម ៧០០ ទៅ ៨០០​ដែរ នេះ​នៅ​ក្នុង​ប្លុក​ខ្ញុំ​មួយ​ផង ចុះ​នៅ​ប្លុក​គេ​ផ្សេង​ទៀត»

ផ្សិត​ប៉ក់ ឬ​ផ្សិត​ផក់ ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា បារូមិតថើ អ៊ឺសស្ដារ (Barometer Earthstars) គឺ​ជា​ប្រភេទ​ផ្សិត​ម្យ៉ាង​ដុះ​ដោយ​ឯកឯង​ជា​ជួរ​ៗ​នៅ​ផ្ទាល់​ដី​តាម​បែប​ធម្មជាតិ។ ផ្សិត​នេះ​មាន​រាង​មូល​មាន​ដោយ​ទំហំ​ធំ​បំផុត​ប៉ុន​មេ​ជើង ហើយ​ផ្នែក​ខាង​ក្រៅ​រឹង​បន្តិច​ស្រោប​ដោយ​សាច់​ពណ៌​ស​ជ្រាយ​នៅ​ផ្នែក​ខាង​ក្នុង។ ផ្សិត​នេះ គេ​និយម​យក​ទៅ​ធ្វើ​ម្ហូប​អាហារ និង​នំ​នៅ​ប្រទេស​ថៃ។

ត្បិត​ពុំ​មាន​ឯកសារ ឬ​អ្នក​ជំនាញ​អះអាង​ច្បាស់​លាស់​លើ​ប្រភេទ​ផ្សិត​នេះ ប៉ុន្តែ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ពលរដ្ឋ​ធ្លាប់​ភ្លក់​រស​ជាតិ​ឲ្យ​ដឹង​ថា ផ្សិត​នេះ​មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង។ ដោយ​គេ​ជឿ​ថា ផ្សិត​ប៉ក់ ឬ​ផ្សិត​ផក់​នេះ អាច​ជួយ​បម្រុង​រាងកាយ​ជំនួយ​កម្លាំង​ជួយ​ឃាត់​ឈាម ផ្សះ​ស្នាម​របួស បន្ថយ​អាការៈ​ហើម​ជាំ ​បន្ថយ​ការ​មាន​រោគ​រមាស់​ដៃជើង និង​បន្ថយ​គ្រុន​ក្ដៅ​ក្នុង​ខ្លួន។

យ៉ាងណា​អ្នក​ឡើង​ភ្នំ​រក​ផ្សិត​ប្រភេទ​នេះ​មួយ​ចំនួន មិន​ដែល​ភ្លក់​រសជាតិ ឬ​យក​វា​ទៅ​ចម្អិន​ឲ្យ​កូន​ចៅ​ហូប​នោះ​ទេ ដោយ​ខ្លះ​លើក​ហេតុផល​ថា មិន​ដែល​ហូប​ខ្លាច​ពុល និង​ខ្លះ​ទៀត​ថា ស្ដាយ ព្រោះ​វា​មាន​តម្លៃ​ថ្លៃ ហើយ​រក​ទម្រាំ​តែ​បាន​ដោយ​ផ្សង​នឹង​ពស់​ចឹក ឬ​សត្វ​មាន​ពិស​ផ្សេងៗ​ខាំ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត នៅ​អំឡុង​ពេល​ដែល​វែក​កំប៉ូត​ព្រៃ ឬ​ដើរ​លុក​ក្នុង​ព្រៃរបោះ​តាម​ជួរ​ភ្នំ ដើម្បី​ស្វែង​រក​ផ្សិត​នោះ៕

ទស្សនា​វីដេអូOpens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។