រថយន្តអង្គរក្ស លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានក្រឡាប់ធ្វើឲ្យអង្គរក្សផ្ទាល់ខ្លួនរបស់លោក រងរបួស៧នាក់ ក្នុងនោះ២នាក់ របួសធ្ងន់ នៅរសៀលថ្ងៃទី១៥មិថុនា នៅវាលរេញ ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ។
តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមអង្គរក្ស លោក សម រង្ស៊ី គឺលោក ឡុង រី ឲ្យដឹងថា រថយន្តអង្គរក្ស លោក សម រង្ស៊ី ដែលបើកអមពីក្រោយ រថយន្តលោក សម រង្ស៊ី ធ្វើដំណើរ ពីខេត្តព្រះសីហនុឆ្ពោះមកភ្នំពេញនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន នៅចំណុចភូមិស្ទឹងឆាយ សង្កាត់វាលរេញ ខណ្ឌព្រៃនប់ នៅវេលាម៉ោងជាង៤រសៀលថ្ងៃទី១៥ មិថុនានេះ។
លោក ឡង់ រី បញ្ជាក់ទៀតថា បញ្ហាគ្រោះថ្នាក់នេះ ដោយសារតែរថយន្តអង្គរក្សបានបើក គេចពីឡានកុងទីន័រ បើកបញ្ច្រាសទិសគ្នា ហើយរអិលផ្លូវគ្រូសក្រហមក៏រេចង្កូតក្រឡាប់តែម្ដង។
លោកបញ្ជាក់ថា រថយន្តរបស់លោក សម រង្ស៊ី វិញពុំមានបញ្ហាអ្វីទេ។ ចំណែកអ្នករងរបួសទាំង៧នាក់នោះ ត្រូវបានដឹកយកទៅជួយសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខណ្ឌព្រៃនប់ភ្លាមៗ ដោយសារអ្នករបួសទាំងនោះ មានអ្នកខ្លះបាក់ដៃ អ្នកខ្លះប៉ះត្រូវក្បាលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
