មន្ទីរ​អប់រំ​ខេត្ត​រតនគិរី​សុំ​គោលការណ៍​ពី​ក្រសួង​ដើម្បី​ប្ដូរ​នាយក​អនុវិទ្យាល័យ​ស្រែ​អង្គ្រង

ដោយ រដ្ឋា វិសាល
2016.03.09
មន្ទីរ​អប់រំ រតនគិរី ២០១៦ ៨៥៥ ៩-មីនា-២០១៦៖ មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​រតនគិរី។ RFA/Ratha Visal
RFA/Ratha Visal

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​រតនគិរី ស្នើសុំ​គោលការណ៍​ទៅ​ក្រសួង​អប់រំ ប្ដូរ​នាយក​អនុវិទ្យាល័យ ស្រែ​អង្គ្រង បន្ទាប់​ពី​ស៊ើប​អង្កេត​ឃើញ​កំហុស​ពាក់ព័ន្ធ​ការ​បំពេញ​តួនាទី​របស់​នាយក​អនុវិទ្យាល័យ​នោះ។ គណៈកម្មការ​ទ្រទ្រង់​អនុវិទ្យាល័យ ស្រែ​អង្គ្រង និង​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​នេះ អំពាវនាវ​សុំ​ឲ្យ​ក្រសួង​អប់រំ ចាត់​វិធានការ​រួសរាន់ ដើម្បី​បញ្ចប់​ភាព​អសកម្ម​នៅ​អនុវិទ្យាល័យ ស្រែ​អង្គ្រង។

រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៨ ខែ​មីនា ភាព​អសកម្ម​របស់​នាយក​អនុវិទ្យាល័យ ស្រែ​អង្គ្រង ក្នុង​ស្រុក​កូនមុំ ខេត្ត​រតនគិរី មិន​ទាន់​ដោះស្រាយ​ចប់​សព្វ​គ្រប់​នៅ​ឡើយ។ គណៈកម្មការ​ទ្រទ្រង់​អនុវិទ្យាល័យ រួម​មាន​ឪពុក​ម្ដាយ​សិស្ស និង​គ្រូបង្រៀន​ទាំងអស់ នៅ​តែ​បន្ត​ទាមទារ​ឲ្យ​មន្ទីរ​អប់រំ ឆ្លើយ​តប​សំណូមពរ​ប្ដូរ​នាយក​ថ្មី​មក​ដឹក​នាំ​អនុវិទ្យាល័យ​នេះ​ឡើង​វិញ។

កាល​ពី​ដើម​ខែ​មីនា គណៈកម្មការ​ទ្រទ្រង់​អនុវិទ្យាល័យ ស្រែ​អង្គ្រង បាន​ធ្វើ​លិខិត​ស្នើសុំ​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ-ស្រុក ជួយ​អន្តរាគមន៍​ទៅ​មន្ទីរ​អប់រំ​ជា​ថ្មី​ទៀត បន្ទាប់​ពី​ប្រធាន​មន្ទីរ​អប់រំ សម្រប​សម្រួល​ឲ្យ​គ្រូ និង​សិស្ស​ចូល​បង្រៀន និង​ចូល​រៀន​ដូច​ធម្មតា ដើម្បី​រង់ចាំ​លទ្ធផល​ដោះស្រាយ​របស់​គណៈកម្មការ​វិន័យ ទាក់ទិន​លទ្ធផល​ស៊ើប​អង្កេត​ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​នាយក​អនុវិទ្យាល័យ មិន​មក​ធ្វើ​ការ​ច្រើន​ខែ និង​យក​ប្រាក់​ទិញ​សម្ភារៈ​បង្រៀន​ប្រើប្រាស់​មិន​ត្រឹមត្រូវ។

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​រតនគិរី អ្នកស្រី ចាន់ ខាំឃឿ បញ្ជាក់​ថា បាន​ធ្វើ​លិខិត​ស្នើសុំ​ផ្លាស់ប្ដូរ​នាយក​អនុវិទ្យាល័យ ទៅ​ក្រសួង​អប់រំ ហើយ ក៏ប៉ុន្តែ​ត្រូវ​រង់ចាំ​ចំណាត់​ការ​ពី​ថ្នាក់​ក្រសួង។ អ្នកស្រី​សម្ដែង​សុទិដ្ឋិនិយម​ថា ការ​ផ្លាស់ប្ដូរ​នាយក​អនុវិទ្យាល័យ នឹង​ត្រូវ​ធ្វើ​ឡើង ពីព្រោះ​លទ្ធផល​ស៊ើប​អង្កេត​រក​ឃើញ​ពី​កំហុស​ការងារ​របស់​នាយក​អនុវិទ្យាល័យ៖ «ឥឡូវ​ដាក់​ទៅ​ក្រសួង​ហើយ មិន​បាន​ភ្លាមៗ​ទេ។ យើង​ដាក់​មិន​ទាន់​បាន​មួយ​អាទិត្យ​ផង។ របាយការណ៍​ដាក់​ទៅ​សុំ​អនុសាសន៍​ពី​ក្រសួង​តែ​ម្តង»

គ្រូបង្រៀន​អនុវិទ្យាល័យ ស្រែ​អង្គ្រង ចំនួន ៨​នាក់ រួម​ទាំង​គណៈកម្មការ​ទ្រទ្រង់​អនុវិទ្យាល័យ កាល​ពី​ខែ​មករា បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​នាយក​អនុវិទ្យាល័យ ស្រែ​អង្គ្រង គឺ​លោក ឯក ពិសី ថា​មិន​មក​ធ្វើ​ការ​ច្រើន​ខែ និង​មិន​ផ្តល់​ប្រាក់​ទិញ​សម្ភារៈ​បង្រៀន​សិស្ស។ ហេតុ​នេះ លោកគ្រូ​អ្នកគ្រូ​មិន​មក​បង្រៀន​សិស្ស ដោយសារ​គ្មាន​ថ្នាក់​ដឹក​នាំ​គ្រប់គ្រង និង​គ្មាន​សម្ភារៈ​បង្រៀន។

មេ​ឃុំ​ស្រែអង្គ្រង និង​ជា​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​អនុវិទ្យាល័យ លោក ឈឹម សុឃីម មាន​ប្រសាសន៍​ថា សិស្ស និង​ឪពុក​ម្ដាយ​សិស្ស អស់​ជំនឿ​លើ​នាយក​ចាស់ ទើប​ស្នើសុំ​មក​អាជ្ញាធរ​ឃុំ ជួយ​អន្តរាគមន៍​ទៅ​មន្ទីរ​អប់រំ ជ្រើស​រើស​នាយក​ថ្មី​មក​ជំនួស។ លោក​ថា ប្រមាណ​ពីរ​ខែ​ហើយ ការ​ស្វែងរក​ដំណោះស្រាយ​ដែល​គ្រូ និង​ឪពុក​ម្ដាយ​សិស្ស​បាន​ធ្វើ​ការ​តវ៉ា​នោះ មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ៖ «យក​នាយក​ពី​ណា​ក៏ដោយ មក​គ្រប់គ្រង ធ្វើ​ម៉េច​ឲ្យ​សាលា​ហ្នឹង​មាន​និរន្តរភាព​ទៅ​ជា​រលូន»

ឆ្លើយ​តប​បញ្ហា​នេះ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​កូនមុំ លោក ផន សុភាព បញ្ជាក់​ថា លោក​បាន​ចុះ​ហត្ថលេខា​បញ្ជូន​ពាក្យ​ប្ដឹង​តវ៉ា​របស់​គណៈកម្មការ​ទ្រទ្រង់​អនុវិទ្យាល័យ​ទៅ​អាជ្ញាធរ​ស្រុក​រួច​ហើយ ក៏ប៉ុន្តែ​ដំណោះស្រាយ​បែប​ណា លោក​មិន​បាន​ដឹង​ទេ។ លោក​ថា ការ​អូស​បន្លាយ​ពេលវេលា​ដោះស្រាយ​សំណូមពរ​គ្រូ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​បង្រៀន​របស់​គ្រូ​ជា​ថ្មី​ទៀត៖ «បើ​សិន​បញ្ហា​ហ្នឹង​នៅ​តែ​កើត​មាន ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ខ្លាច​យូរ​ទៅ​លោកគ្រូ​អ្នកគ្រូ​បាក់​ទឹក​ចិត្ត​លែង​ទៅ​បង្រៀន វា​ខាត​ប្រយោជន៍​សិស្ស​អត់​បាន​រៀន​សូត្រ​ប្រជាពលរដ្ឋ​ប្ដឹង​តវ៉ា»

គណៈកម្មការ​ទ្រទ្រង់​អនុវិទ្យាល័យ ស្រែ​អង្គ្រង និង​គ្រូបង្រៀន ឲ្យ​ដឹង​ថា រហូត​បច្ចុប្បន្ន​នេះ នាយក​អនុវិទ្យាល័យ​នៅ​តែ​មក​ធ្វើ​ការ​មិន​ទៀងទាត់ និង​មិន​ទាន់​សង​ប្រាក់​ទិញ​សម្ភារៈ​បង្រៀន​សិស្ស​វិញ​តាម​ការ​ណែនាំ​របស់​ប្រធាន​មន្ទីរ​អប់រំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។