មេទាហានទាំងពីរនាក់នោះ ជាប់ចោទក្នុងអំពើកេងប្រវ័ញ្ចទ្រព្យសម្បត្តិអង្គភាព ការកាត់ប្រាក់បៀវត្សរ៍កងទ័ព និងជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។ ក្រុមទាហានរងគ្រោះទាំងនោះ នៅតែទាមទារឲ្យក្រសួងការពារជាតិ បើកការស៊ើបអង្កេតសើរើករណីនេះឡើវិញ។
សំណុំរឿងអាស្រូវមេបញ្ជាការយោធាសឹករងខេត្តបន្ទាយមានជ័យ ពីរនាក់ ថ្វីត្បិតបានបិទបញ្ចប់ហើយក៏ដោយ ប៉ុន្តែការទាមទាររកយុត្តិធម៌ពីសំណាក់នាយទាហាននាយទាហានរង និងពលទាហាន នៅពុំបានបញ្ចប់នោះឡើយ។ ជាក់ស្ដែង ក្រុមអតីតទាហានទាំងនោះបានប្រតិកម្មជំទាស់ទៅនឹងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤។
អតីតនាយផ្នែកវិស្វកម្មតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដែលត្រូវគេដកចេញពីតំណែង ទៅបម្រើការនៅការិយាល័យទី៣នៃកងទ័ពជើងគោក លោក យស់ សំណាង ថ្លែងថា ក្នុងរយៈពេលកន្លងទៅ មានក្រុមអធិការកិច្ចក្រសួងការពារជាតិ បានចុះដោះស្រាយលើពាក្យបណ្ដឹងនោះមែន ប៉ុន្តែក្រុមការងារនេះគ្រាន់តែបានចុះទៅសួរនាំសើៗប៉ុណ្ណោះ ពុំបានប្រកាសឲ្យកូនទាហានក្នុងអង្គភាពដឹងជាសាធារណៈនោះទេ។ ក្រោយមក នាយទាហាននាយទាហានរង និងពលទាហានដែលជាអ្នកមានឈ្មោះក្នុងពាក្យបណ្ដឹងនោះ ត្រូវគេគំរាម និងផ្លាស់ចេញពីអង្គភាព៖ «ដកចេញច្រើនគ្នាណាស់ មួយចំនួនទៅនៅកងទ័ពជើងទឹក មួយចំនួនទៅនៅភូមិភាគមួយចំនួនទៀត ទៅនៅរថក្រោះ សុទ្ធតែអ្នកពាក់ព័ន្ធរួមមេដៃប្ដឹង គឺគាត់ត្រូវតែដកចេញ ដើម្បីកុំឲ្យនៅតវ៉ាបន្តទៀត ដូចជារឿងកាន់កាប់ដីធ្លីអ៊ីចឹង ខ្ញុំទៅរៀនពីការងារគ្រប់គ្រងអចលនទ្រព្យ ខ្ញុំនិយាយពីច្បាប់ ប៉ុន្តែគាត់អត់គោរពច្បាប់»។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ ក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានថា ពាក្យបណ្ដឹងរបស់នាយទាហាននាយទាហានរង និងពលទាហានទាំងនោះ ក្រសួងការពារជាតិ បានចុះស៊ើបអង្កេតតាមឋានានុក្រម និងចាត់វិធានការរួចរាល់ កាលពីឆ្នាំ២០១១ ដោយពុំមានការពាក់ព័ន្ធនឹងថ្នាក់ដឹកនាំក្រសួងការពារជាតិ ឬក៏ថ្នាក់ភូមិភាគនោះឡើយ។
មន្ត្រីនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បញ្ជាក់បន្ថែមថា សំណុំរឿងខាងលើនេះជារឿងចាស់ ក្រសួងការពារជាតិ បានបញ្ជូនក្រុមមន្ត្រីអធិការកិច្ចក្រសួងចុះដោះស្រាយ ហើយបានបិទបញ្ចប់អស់ហើយ៖ «ក្រសួងការពារជាតិ លោកបានទទួលហើយពាក្យបណ្ដឹងទាំងអស់នេះ ឯកឧត្ដម ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ហ្នឹង គាត់បានចាត់វិធានការជាបន្ទាន់ ឲ្យក្រុមនាយកដ្ឋានអធិការកិច្ចរបស់ក្រសួងការពារជាតិ ចុះទៅធ្វើការត្រួតពិនិត្យ តាំងពីឆ្នាំ២០១១ មកម្ល៉េះ ហើយយើងបានដោះស្រាយអស់ហើយតាមនីតិវិធី និងឋានានុក្រមអស់ហើយ អត់មាន រឿងថ្មីជារឿងដែលបានដោះស្រាយអស់ហើយ»។
ពាក់ព័ន្ធទៅនឹងការដកតំណែងផ្លាស់តួនាទីនាយទាហាននាយទាហានរង និងពលទាហានជាច្រើននាក់ នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ នោះ មន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិ ពុំបានបញ្ជាក់ពីមូលហេតុនោះទេ ដោយអះអាងថា ជានីតិវិធី និងជាលក្ខខណ្ឌកងទ័ព។
យ៉ាងណាក៏ដោយ អតីតទាហាននៅតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ នៅតែទទូចសុំឲ្យក្រសួងការពារជាតិ បើកការស៊ើបអង្កេតលើសំណុំរឿងជាថ្មីឡើងវិញ៖ «ក្នុងនាមកូនចៅតែងតែគោរពថ្នាក់ដឹកនាំហើយ ទោះបីថ្នាក់ដឹកនាំសម្រេចតាមបែបផែនណា ក៏យើងមិនអាចរើរុះបានដែរ អ៊ីចឹង អ៊ីចឹងបានថា រឿងពិតសម្រាប់ការអត់ធ្មត់ និងការតស៊ូមតិចំពោះការរស់នៅអំឡុងពេលដែល លោក ភ្លន់ តារា កាន់តំណែង រឿងអាស្រូវកើតមានឡើងពិតប្រាកដមែន»។
នៅក្នុងសំណុំឯកសារពាក្យបណ្ដឹងកម្រាស់ ១៦ទំព័រ បានបញ្ជាក់ថា មេបញ្ជាការ មេបញ្ជាការរងពីរនាក់ បានរកស៊ីជួញដូរគ្រញូងខុសច្បាប់ នៅតំបន់ជាយដែនខ្មែរថៃ និងប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរនៅក្នុងអង្គភាពទ័ពនៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។ នៅក្នុងពាក្យបណ្ដឹងនោះ ចោទថា លោកឧត្ដមសេនីយ៍ ភ្លន់ តារា និងលោកវរសេនីយ៍ឯក កែវ សេងលន មានឋានៈជាមេបញ្ជាការ និងជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានរួមគំនិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាព និងទៅលើកងកម្លាំងក្រោមឱវាទជាច្រើនករណី។
រយៈពេលកន្លងទៅ ពួកគាត់បានដាក់ពាក្យបណ្ដឹងនោះទៅខុទ្ទកាល័យ លោក ហ៊ុន សែន ប្ដឹងទៅក្រសួងការពារជាតិ ប្ដឹងទៅអគ្គមេបញ្ជាការ ប្ដឹងទៅយោធភូមិភាគ៥ ប្ដឹងទៅគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល ដើម្បីឲ្យស្ថាប័នកំពូលៗទាំងនេះអន្តរាគមន៍ដោះស្រាយ ប៉ុន្តែពួកគាត់ពុំទទួលបានភាពយុត្តិធម៌នោះឡើយ។ យ៉ាងណាក៏ដោយ នៅក្នុងពាក្យបណ្ដឹងដែលមានភ្ជាប់ជាមួយឯកសារតារាងប្រាក់បៀវត្សរ៍ប្រចាំខែ ចាប់តាំងពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១០ រួមនិងស្នាមមេដៃទាហានចំនួន ៣៩នាក់ ធ្វើជាភស្តុតាងផងនោះ បញ្ជាក់ថា ការកាត់ប្រាក់បៀវត្សរ៍កូនទាហាន គឺថ្នាក់ដឹកនាំអង្គភាពទ័ពមួយនេះពុំបានបញ្ជាក់ពីមូលហេតុនោះឡើយ។
ទាក់ទិនទៅនឹងការចេញសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នេះ អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ដែលបានជួបសួរនាំអតីតទាហានទាំងនោះ ថ្លែងថា អតីតនាយទាហាននាយទាហានរង និងពលទាហាននៅតែទាមទារឲ្យមានការសើរើពាក្យបណ្ដឹងនោះឡើងវិញ។ លោកថា ការដោះស្រាយ និងសេចក្ដីប្រកាសព័ត៌មាននោះ ពួកគាត់មិនអាចទទួលយកបាននោះឡើយ៖ «ព្រោះគាត់បានសំដៅទៅលើសេចក្ដីថ្លែងការណ៍ទាំងឡាយនោះ គ្រាន់តែបិទបាំងនូវរឿងអាស្រូវទាំងអស់ហ្នឹងទេ គាត់សុំឲ្យក្រសួងការពារជាតិ ឬក៏ស្ថាប័នណាមួយដែលជាស្ថាប័នយុត្តិធម៌ សុំផ្ដល់យុត្តិធម៌ឲ្យគាត់ក្នុងការឆ្លើយបំភ្លឺ សុំឲ្យដកមេហ្នឹងសិន កុំឲ្យគាត់មានឋានៈ និងអំណាចណាមួយដែលគាបសង្កត់ដល់កូនទាហាន និងពលទាហានមួយចំនួននៅក្នុងខេត្តហ្នឹង ទើបបានក្រុមទាហានទាំងអស់ហ្នឹងហ៊ាននិយាយ»។
សមាគមអាដហុក យល់ថា អតីតទាហានទាំងនោះសុទ្ធជាអ្នកមានបញ្ហា ដូច្នេះគេត្រូវដោះស្រាយជូនពួកគាត់។ នៅមានរឿងអាស្រូវមួយចំនួនទៀត ដូចជាការលួចលាក់ចំនួនទ័ពខ្មោច និងការប្រមូលបងប្អូនសាច់ញាតិបក្ខពួករបស់ខ្លួន ចូលបម្រើទ័ព រួចផ្ញើតាមអង្គភាពចំណុះ និងនៅក្នុងបញ្ជាការដ្ឋាន។ បញ្ហានេះ បានធ្វើឲ្យមេបញ្ជាការអង្គភាពផ្ទាល់ជួបការលំបាកក្នុងការប្រើប្រាស់កម្លាំងនៅពេលថ្នាក់លើត្រូវការ។ ក្រៅពីនេះ នៅមានរឿងកាត់ប្រាក់របបគោលនយោបាយជំហានដំបូងរបស់យោធិនពលី គ្រួសារយោធិនពលី យោធិនគ្រប់អាយុចូលនិវត្តន៍និងយោធិនបាត់បង់សមត្ថភាព ដែលត្រូវផ្ទេរទៅសង្គមកិច្ចចំនួនពីរលើក។
ក្នុងនោះ លើកទី១នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០០៩ មានយោធិនពិការ និងគ្រួសារយោធិនពលីចំនួន ៧៣៤នាក់ ដែលត្រូវផ្ទេរចេញនោះ ត្រូវបានកាត់ប្រាក់ម្នាក់ៗចំនួន ២៥ម៉ឺនរៀល និងលើកទី២ នៅខែតុលា ឆ្នាំ២០១០ យោធិនគ្រប់អាយុចូលនិវត្តន៍ និងយោធិនបាត់បង់សមត្ថភាពចំនួន ១៥៩នាក់ ដែលត្រូវផ្ទេរចេញនោះ ត្រូវបានគេកាត់ប្រាក់ ១២ម៉ឺនរៀលក្នុងមនុស្សម្នាក់ និងកិបកេងរបបអង្ករសរុបអស់ចំនួន ១៥៩ការុងថែមទៀត។
នៅក្នុងពាក្យបណ្ដឹងនោះបន្តថា មេបញ្ជាការទាំងពីររូបនេះបានប្រព្រឹត្តបទល្មើសជាច្រើនផ្សេងទៀត នៅតាមច្រករបៀងខ្មែរថៃ។ ក្នុងនោះដូចជា ការយកគ្រឿងចក្រក្នុងអង្គភាពជាច្រើនគ្រឿង ទៅប្រើប្រាស់ជាលក្ខណៈឯកជនផ្ដាច់មុខរបស់ខ្លួន ការដឹកឈើគ្រញូងពីតំបន់ព្រំដែនចូលមកផ្ទៃក្នុងជាញឹកញាប់។ ក្នុងពាក្យបណ្ដឹងនោះចោទថា ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១០ លោកវរសេនីយ៍ឯក កែវ សេងលន បានយករថយន្តអង្គភាពចំនួន ២គ្រឿង ទៅដឹកឈើគ្រញូងពីកងវរសេនាតូច៥០៥ ឈរជើងនៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ចូលទៅក្រុងស្រីសោភ័ណ តែត្រូវសមត្ថកិច្ចស្រុកថ្មពួក ចាប់បាន។
នៅថ្ងៃទី៤ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១០ លោកឧត្ដមសេនីយ៍ត្រី ភ្លន់ តារា បានបញ្ជាឲ្យកងកម្លាំងកងវរសេនាតូច៥០៥ នាំគ្នាដឹកឈើគ្រញូងចេញពីទឹកដីថៃ ចំនួន ៦រថយន្ត ចូលទៅក្រុងសិរីសោភ័ណ ដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ក្នុងពាក្យបណ្ដឹងនោះបន្តការចោទប្រកាន់ថា លោកឧត្ដមសេនីយ៍ត្រី ភ្លន់ តារា ប្រើអំណាចរឹបអូសយកដីធ្លីអង្គភាពទ័ពជាច្រើនកន្លែងទៅលក់ ដោយពុំបានយកប្រាក់ពីការលក់ដីនោះទៅកសាងអ្វីសោះឡើយនៅក្នុងអង្គភាព។
ទន្ទឹមគ្នានេះ នៅក្នុងពាក្យបណ្ដឹងក៏ចោទដែរថា មេបញ្ជាការនៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានកិបកេងអំណោយរបស់កងកម្លាំងទ័ពគ្រប់អង្គភាពក្នុងតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យ យកទៅចែកជូនបងប្អូននៅឯស្រុកកំណើតរបស់ខ្លួន។ អតីតទាហានក្រោមឱវាទទាំងនោះលើកឡើងថា អំពើពុករលួយ និងការប្រព្រឹត្តល្មើសច្បាប់ ដែលប្រព្រឹត្តដោយមេបញ្ជាការរបស់ពួកគេនេះ បានបង្កឲ្យមានភាពស្មុគស្មាញ ការប្រកាន់បក្ខពួក ការបែកបាក់សាមគ្គីផ្ទៃក្នុង ការមិនចុះសម្រុងគ្នាក្នុងការបំពេញភារកិច្ច។ បញ្ហានេះ ក៏បានធ្វើឲ្យកងកម្លាំងទ័ពធ្លាក់ទឹកចិត្តក្នុងពេលបំពេញភារកិច្ចការពារបូរណភាពទឹកដីជូនជាតិមាតុភូមិថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
