តំណាង​រោងចក្រ​ច្រាន​ចោល​ការ​អំពាវនាវ​របស់​អ្នក​បញ្ជា​ទិញ​ទំនិញ​អន្តរជាតិ

ភាព​ចម្រូងចម្រាស​លើ​ការ​ចរចា​កំណត់​ប្រាក់​ខែ​គោល មិន​អាច​ឈាន​ដល់​ការ​រក​ដំណោះស្រាយ​បាន​ឡើយ។ ទាំង​ភាគី​កម្មករ និង​តំណាង​អ្នក​បញ្ជា​ទិញ​ទំនិញ​អន្តរជាតិ ចង់​ឲ្យ​មាន​ការ​ជួប​គ្នា​ជា​ថ្មី​ទៀត ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​នេះ។ ប៉ុន្តែ តំណាង​ខាង​ថៅកែ​រោងចក្រ​វិញ បាន​អះអាង​នៅ​ថ្ងៃ​ទី​១៧ មករា ថា គ្មាន​ការ​ជួប​ចរចា​គ្នា​ឡើង​វិញ​ឡើយ។

0:00 / 0:00

តំណាង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ច្រាន​ចោល​ការ​អំពាវនាវ​របស់​តំណាង​ខាង​កម្មករ និង​អ្នក​បញ្ជា​ទិញ​ទំនិញ​លក់​រាយ​អន្តរជាតិ ដែល​ចង់​ឲ្យ​អ្នក​ពាក់ព័ន្ធ​ជួប​ចរចា​គ្នា​ឡើង​វិញ ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​ភាព​តានតឹង​លើ​ការ​កំណត់​ប្រាក់​ខែ​គោល។

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ខេន លូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ មករា ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​ត្រូវ​ចូល​រួម​ក្នុង​តុ​ចរចា​ទៀត​ឡើយ។ ការ​ចរចា​បាន​បញ្ចប់ គឺ​បាន​សម្រេច​ផ្ដល់​ប្រាក់​ខែ​គោល​ចំនួន ១០០​ដុល្លារ​អាមេរិក។

«សំឡេង»

សមាគម​អ្នក​ទិញ​សម្លៀកបំពាក់ និង​ស្បែក​ជើង​លក់​រាយ​ធំៗ​ចំនួន​៦ នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ដែល​រួម​គ្នា​ចុះ​ហត្ថលេខា​លើ​លិខិត​ចំហ កាល​ពី​ថ្ងៃ​ទី​១៥ មករា ដោយ​អះអាង​ថា ពួក​គេ​ជា​អ្នក​ទិញ​ផលិតផល​កាត់​ដេរ​ពី​កម្ពុជា ប្រមាណ ៩០%។ លិខិត​ដដែល​បាន​បញ្ជាក់​ថា អ្នក​បញ្ជា​ទិញ​ទំនិញ​អន្តរជាតិ ចង់​ឲ្យ​មាន​ការ​ជួប​ចរចា ដើម្បី​ដោះស្រាយ​ប្រាក់​ខែ​គោល​របស់​កម្មករ​ឡើង​វិញ។ ការ​ជួប​ចរចា​គ្នា​នេះ នឹង​ជំរុញ​ស្ថានភាព​វិស័យ​កាត់​ដេរ​មាន​ស្ថិរភាព និង​រក្សា​ចំណង​មិត្ត​ល្អ​រវាង​វិស័យ​កាត់​ដេរ​កម្ពុជា និង​អ្នក​បញ្ជា​ទិញ​ទំនិញ​អន្តរជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​លិខិត​របស់​សមាគម​អ្នក​លក់​រាយ​របស់​សហរដ្ឋ​អាមេរិក និង​កាណាដា នោះ​នៅ​ឡើយ​ទេ ហើយ​ការ​ជួប​ប្រជុំ​ឡើង​វិញ ក៏​នៅ​មិន​ទាន់​កំណត់​ពេល​ដែរ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​ជួប​ចរចា​ឡើង​វិញ គឺ​ត្រូវ​តែ​មាន ដើម្បី​ឲ្យ​កម្មករ​ស្ញប់​ចិត្ត។ ក្រៅ​ពី​ភាគី​ថៅកែ​រោងចក្រ អ្នក​ដែល​មាន​ឥទ្ធិពល​ដែល​នាំ​ឲ្យ​មាន​ការ​ជួប​គ្នា​ជា​ថ្មី គឺ​រដ្ឋាភិបាល និង​ក្រុម​អ្នក​បញ្ជា​ទិញ​ទំនិញ​អន្តរជាតិ​ពី​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា ការ​ជួប​ចរចា​គ្នា​នោះ គឺ​ចង់​ឲ្យ​មាន​ការ​បង្ហាញ​ភាព​ស្មោះត្រង់​ចំពោះ​អាជីវកម្ម​ម្ចាស់​រោងចក្រ​កាត់​ដេរ និង​កម្មករ។

«សំឡេង»

លោក អាត់ ធន់ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ប្រាក់​ចំណេញ​របស់​និយោជក ឬ​ថៅកែ​រោងចក្រ ត្រូវ​មាន​ចន្លោះ​ពី ២០% ទៅ ៥០%។ ដូច្នេះ ការ​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ គឺ​ជា​ការ​បង្ហាញ​ភាព​ស្មោះត្រង់​ចំពោះ​ថៅកែ​រោងចក្រ​នៅ​កម្ពុជា។

ការ​រក​ឃើញ​ដោយ​អ្នក​សេដ្ឋកិច្ច​កន្លង​ទៅ ថៅកែ​រោងចក្រ​បាន​ទទួល​ផល​ចំណេញ​ប្រមាណ ៨០% មាន​ន័យ​ថា កម្មករ​ម្នាក់​អាច​រក​ប្រាក់​ចំណេញ​ឲ្យ​ថៅកែ​រោងចក្រ​ចំនួន ២០០​ដុល្លារ​អាមេរិក ប៉ុន្តែ​កម្មករ​វិញ​ទទួល​បាន​តែ​ជាង ៥០​ដុល្លារ​អាមេរិក ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ វិស័យ​កាត់​ដេរ​កម្ពុជា បាន​រីក​ចម្រើន និង​ចាប់​ផ្ដើម​នាំ​ចេញ​ច្រើន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដោយ​ការ​លើក​លែង​ពន្ធ​គយ ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ប៉ុន្តែ​ការ​អនុគ្រោះ​នេះ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ​២០០៤។

ភាព​រស់​រាន​វិស័យ​កាត់​ដេរ​កម្ពុជា បច្ចុប្បន្ន ដោយសារ​តែ​ប្រទេស​ធំ​ជា​ច្រើន ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ផ្ដល់​នូវ​ទីផ្សារ​តូច​មួយ​សម្រាប់​ផលិត​ផល​កាត់​ដេរ​កម្ពុជា ដែល​ហៅ​ថា នីច ម៉ាខិត (Niche Market)។ ការ​ទទួល​បាន​ទីផ្សារ​នេះ លុះ​តែ​អ្នក​នាំ​ចេញ​ផលិតផល​កាត់​ដេរ​ពី​កម្ពុជា ត្រូវ​គោរព​លក្ខខណ្ឌ​មួយ​ចំនួន ដូច​ជា ការ​ប្រើប្រាស់​វត្ថុ​ធាតុ​ផលិត​ក្នុង​ស្រុក​យ៉ាង​ហោច​ណាស់ ៤០% និង​ដំណើរ​ការ​នៃ​សង្វាក់​ផលិតកម្ម ត្រូវ​ស្រប​ច្បាប់ និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។

តំណាង​សហជីព​កម្មករ​ចំនួន​៧ ដាក់​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ស្នើ អោយ​ក្រសួង​រៀប​ចំ​អោយ​មាន​ការ​ចរចា​ដោយ​ភាព​ស្មោះ​ត្រង់ និង​ឆាប់​រហ័ស

តំណាង​សហជីព​កម្មករ​ចំនួន​៨ បាន​ដាក់​លិខិត​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ដោយ​ស្នើ​អោយ​ក្រសួង​រៀប​ចំ​អោយ​មាន​ការ​ចរចា​ដោយ​ភាព​ស្មោះ​ត្រង់ និង​ឆាប់​រហ័ស ដើម្បី​ដំឡើង​ប្រាក់​ខែ និង​អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​កម្មករ។

ស្រប​គ្នា​នេះ ក៏​បាន​ស្នើ​អោយ​មាន​ចំណាត់​ការ​ចំពោះ​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​កម្មករ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា គឺ​នៅ​ពេល​ពួក​គេ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​នៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​ផ្លូវ​វ៉េងស្រេង។ ក្នុង​នោះ ត្រូវ​ដាក់​ទោស​ចំពោះ​កម្លាំង​ប្រដាប់​អាវុធ និង​អ្នក​បញ្ជា​អោយ​បាញ់​សម្លាប់​កម្មករ និង​សង​ការ​ខូចខាត ប្រាក់​ជំងឺ​ចិត្ត​ទៅ​ដល់​គ្រួសារ ទាំង​អ្នក​ស្លាប់ និង​របួស ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ២៣​នាក់ ដោយ​គ្មាន​លក្ខខណ្ឌ និង​បញ្ឈប់​ការ​គំរាម​កំហែង​លើ​មេ​ដឹក​នាំ​សហជីព​តាម​មូលដ្ឋាន។

លិខិត​ដដែល​ក៏​បាន​ស្នើ​អោយ​និយោជក​ត្រូវ​ដក​ពាក្យ​បណ្ដឹង និង​បញ្ឈប់​ការ​ប្ដឹង​ផ្ដល់​សហជីព​កម្មករ និង​ទទួល​យក​តំណាង​សហជីព និង​កម្មករ​ដែល​ក្រុមហ៊ុន​បញ្ឈប់ នៅ​ក្រោយ​ពេល​ធ្វើ​បាតុកម្ម​អោយ​ចូល​ធ្វើ​ការ​វិញ​ដោយ​ពុំ​មាន​ការ​រើសអើង។

សហជីព​ធំៗ​ទាំង​៨ នោះ គឺ​រួម​មាន​សហជីព ដែល​ដឹក​នាំ​ដោយ លោក ជា មុនី អ្នកស្រី ម៉ម ញឹម លោក អាត់ ធន់ លោក រ៉ុង ឈុន លោក ប៉ាវ ស៊ីណា និង​លោក ហ្វា សាលី ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។