កាកបាទក្រហមកម្ពុជា ប្រារព្ធខួបលើកទី១៥៣ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» នៅព្រឹកថ្ងៃទី៨ ឧសភា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ថាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះ។
ដោយឡែកសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន យល់ថា ជំនួយឧបត្ថម្ភរបស់កាកបាទក្រហម នៅមិនទាន់ឆ្លើយតបគ្រប់ជ្រុងជ្រោយឡើយ ដូចជាពលរដ្ឋរងគ្រោះដីធ្លីបាត់បង់ផ្ទះសម្បែងជាដើម កាកបាទក្រហម មិនសូវយកចិត្តទុកដាក់អ្នកទាំងនេះឡើយ។
នាឱកាសប្រារព្ធខួបលើកទី១៥៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដែងអំណរគុណ និងអំពាវនាវទៅដល់សប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀតដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបទុក្ខលំបាក។
លោក ហ៊ុន សែន បានលើកសរសើរថា ប្រធានបទ "កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា"នេះ គឺដើរក្រោយសកម្មភាពជាក់ស្តែង៖ «យ៉ាងណាក៏ដោយ នេះក៏ជាការពង្រឹងស្មារតីមួយសម្រាប់កាកបាទក្រហមកម្ពុជា ដែលកំពុងមាននៅគ្រប់ទីកន្លែងហើយស្រេច ដើម្បីធ្វើសកម្មភាពឲ្យកាន់តែសកម្មឡើងតទៅទៀត។ ដូច្នេះហើយបានជាយើងតែងឃើញថា នៅពេលដែលមានគ្រោះមហន្តរាយធម្មជាតិម្ដងៗ យើងតែងតែឃើញសកម្មភាពមមាញឹកទាន់ពេលវេលា និងចុះដល់ទីកន្លែងនៃកាកបាទក្រហមកម្ពុជា ដោយសារតែការផ្សារភ្ជាប់នៃរចនាសម្ព័ន្ធនៃកាកបាទក្រហមកម្ពុជា ជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ដែលបានរួមគ្នាជាធ្លុងមួយ»។
ខួបលើកទី១៥៣ នេះ កាកបាទក្រហម ទទួលបានថវិកាពីសប្បុរសជនជាង ១៣លានដុល្លារ។ លោក ហ៊ុន សែន ចាត់ទុកការឧបត្ថម្ភទាំងនេះ គឺជាសិល្បៈនៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងអ្នកគ្មានលទ្ធភាព និងអ្នកមានលទ្ធភាព ជាពិសេសការចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។
យ៉ាងណាក៏ដោយចុះ សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន នៅតែរិះគន់ចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា កន្លងមក ដែលមានការឆ្លើយតបយឺត មានភាពខ្វះចន្លោះ និងមានការរើសអើង ជាដើម។
អតីតអ្នកបុរីកីឡាចំនួន ១៤០គ្រួសារ ដែលអាជ្ញាធរបានយកទៅចាក់ចោលនៅតំបន់ភ្នំបាត ត្រង់ចំណុចភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ដោយសារផ្ទះរបស់ពួកគាត់ត្រូវក្រុមហ៊ុន ផាន អ៊ីម៉ិច (PhanImex) ឈូសបំផ្លាញចោលកាលពីឆ្នាំ២០១២ នោះ ពួកគាត់ប្រាប់ថា មិនដែលទទួលបានជំនួយឧបត្ថម្ភណាមួយពីខាងកាកបាទក្រហមកម្ពុជា ឡើយ។
តំណាងពលរដ្ឋរស់នៅភ្នំបាត អ្នកស្រី ខៀវ ឡៃ រៀបរាប់ថា សព្វថ្ងៃ ពួកគាត់រស់ទាំងត្រដាបត្រដួស រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ដោយកូនក្មេង និងមនុស្សចាស់មួយចំនួនក្លាយជាអ្នកសុំទាន និងសុំបាយសល់ពីព្រះសង្ឃនៅវត្តក្បែរនោះ។ អ្នកស្រីបន្តថា ពួកគាត់គ្មានទីជម្រកត្រឹមត្រូវ គ្មានដីសម្រាប់បង្កបង្កើនផល គ្មានទឹកស្អាត បង្គន់អនាម័យ សាលារៀន មន្ទីរពេទ្យ ជាពិសេសមុខរបរទីផ្សារ។ ពួកគាត់ដង្ហោយរកជំនួយពីកាកបាទក្រហមកម្ពុជា ដោយគ្មានការរើសអើង៖«ពួកខ្ញុំជាជនរងគ្រោះពីដីធ្លីនៅបុរីកីឡា ហើយកំពុងជួបទុក្ខលំបាក ខ្វះខាត សូមអោយកាកបាទក្រហមជួយផង ទាំងស្បៀងអាហារ និងសម្ភារៈផ្សេងៗ»។
ដោយឡែកប្រជាពលរដ្ឋក្រីក្ររងគ្រោះដីធ្លីនៅភូមិប្រមា ស្រុកឆ្លូង ខេត្តក្រចេះ ដែលតែងតែឡើងមកស្នាក់នៅជាច្រើនថ្ងៃនៅវត្តសាមគ្គីរង្សី ក្នុងក្រុងភ្នំពេញ ដើម្បីទាមទាររកដំណោះស្រាយពីរដ្ឋាភិបាលនោះ ពួកគាត់ក៏មិនដែលទទួលបានជំនួយពីខាងកាកបាទក្រហមកម្ពុជា ដែរ ទោះបីជាពួកគាត់ប្រឈមមុខដាច់ពោះ បើកុំតែបានព្រះសង្ឃឲ្យបាយឲ្យទឹកបរិភោគក្តី៖ «ប្រជាពលរដ្ឋជួបការខ្វះខាតហ្នឹងវាហួសហើយ។ អ្នកខ្លះជំពាក់លុយគេ អ្នកខ្លះយកកូនទៅដាក់ខ្ញុំគេ វេទនាណាស់! សូមសម្ដេចនាយករដ្ឋមន្ត្រីជួយដោះស្រាយរឿងដីធ្លីពួកខ្ញុំផង»។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គួរតែពិនិត្យមើលទៅលើការអនុវត្តការងារកន្លងមក ដើម្បីឆ្លុះបញ្ចាំង និងកំណត់យុទ្ធសាស្ត្រសម្រាប់ឆ្លើយតបចំពោះប្រជាពលរដ្ឋដែលរងគ្រោះនៅពេលអនាគត ដូចជារងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរងគ្រោះដោយការបាត់បង់ដីធ្លី ជាដើម៖«លក្ខខណ្ឌ មួយចំនួនដែលកាកបាទក្រហមលើកឡើងហាក់ដូចជានៅមានចំណុចខ្វះចន្លោះ ខ្លះដែរ ដូចជាករណីប្រជាពលរដ្ឋដែលរងនូវការបណ្ដេញចេញ ហើយពួកគេក្រីក្រ ត្រូវការជំនួយនោះ ឃើញថា នៅមានចំណុចមិនទាន់ឆ្លើយតបអោយចំគោលដៅ»។
ស្ថាប័នកាកបាទក្រហម ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកចិត្តទុកដាក់ខ្លាំងណាស់ រហូតដល់លើកតម្កើងភរិយារបស់លោកជាមេដឹកនាំទៀតផង។ តាំងតែពីសម្ដេចគតិព្រឹទ្ធបណ្ឌិតបានឡើងដឹកនាំមក កាកបាទក្រហម បានរីកចម្រើនខ្លាំងណាស់ ហើយបន្តិចម្តងៗ កាកបាទក្រហមកម្ពុជា បានបំពេញមុខងារបន្ថែមលើសពីនាទីរបស់ខ្លួន រហូតសឹងក្លាយជាសេនាធិការពង្រឹងគណបក្សប្រជាជនកម្ពុជា យ៉ាងមានប្រសិទ្ធភាព។
ព្រះសង្ឃនៅក្នុងវត្តអារាមមួយចំនួន ត្រូវបានអាជ្ញាធរមូលដ្ឋានហាមឃាត់មិនឲ្យចែកបច្ច័យ និងសម្ភារៈដល់ជនក្រីក្រ និងជនរងគ្រោះផ្ទាល់ព្រះហស្ដរបស់ព្រះអង្គឡើយ ពោលគឺអាជ្ញាធរបង្គាប់ឲ្យព្រះសង្ឃយកបច្ច័យ និងសម្ភារៈមួយចំនួន ទុកជូនកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនជំនួសក្នុងន័យបង្អួតបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដឹកនាំដោយបក្សកាន់អំណាច។ នេះបើតាមការអះអាងរបស់ព្រះសង្ឃមួយអង្គដែលគង់នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេង។
ដោយស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតដូច្នេះ កាកបាទក្រហមកម្ពុជា ល្បីរន្ទឺណាស់។ មានអ្នកនិពន្ធមួយចំនួន ខំបូជាប្រាជ្ញាស្មារតី និងកម្លាំងកាយចិត្តទាំងអស់ដែលខ្លួនមាន ដើម្បីនិពន្ធបទចម្រៀង និងសរសេរបទយកការណ៍លើកសរសើរពីស្នាដៃរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ក្នុងការដឹកនាំស្ថាប័នដ៏អស្ចារ្យមួយនេះ។
អ្នកខ្លះខំសរសេរ និងខំផ្សាយលើកសរសើរអំពីកាកបាទក្រហមកម្ពុជា រហូតដល់ធ្លាក់ខ្លួនពីអ្នកនិពន្ធទៅជាបានងារជាឯកឧត្ដមទៅវិញ។ ហើយប្រហែលដោយជឿជាក់ក្នុងការដឹកនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតនេះដែរ ឈ្មួញអ្នករកស៊ីធំៗមួយចំនួន ក៏តម្រង់ជួរគ្នាខ្ចប់លុយមកជួយកាកបាទក្រហមកម្ពុជា ទោះជាមានការអំពាវនាវ ឬមិនមានក្តី។ ពួកឈ្មួញទាំងនោះ ហាក់មានទឹកចិត្តជ្រះថ្លាណាស់។ ពួកគេគ្មានចង់បានអ្វីក្រៅតែពីបានឈរថតជាមួយសម្ដេចគតិព្រឹទ្ធបណ្ឌិត ដើម្បីផ្ដិតពង្រីកយកទៅតាំងហាងរបស់ខ្លួន គ្រាន់តែឲ្យគេឯងគោរពបូជាតែប៉ុណ្ណោះ។
ក្រុមអ្នករងគ្រោះដីធ្លីរិះគន់ថា កាកបាទក្រហម មិនត្រូវរើសអើងក្នុងការជួយដល់អ្នករងគ្រោះនោះទេ។ ពួកគេលើកឡើងថា អ្នករងគ្រោះដីធ្លីជាច្រើន ខ្លះមកពីតាមបណ្ដាខេត្ត ឡើងមកតវ៉ានៅរាជធានីភ្នំពេញ គ្មានទីកន្លែងស្នាក់នៅ គ្មានអាហារបរិភោគ តែកាកបាទក្រហម មិនបានជួយដល់អ្នកទាំងនោះទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
