ក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា ក្រសួងនឹងរៀបចំឲ្យចុះបញ្ជីយានយន្តតាមប្រព័ន្ធអ៊ីនធឺណិត ឬអនឡាញ (Online)នៅដំណាច់ឆ្នាំ២០១៦ នេះ ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យឆាប់រហ័ស មានតម្លាភាព និងប្រសិទ្ធភាពជាងមុន។ ករណីនេះ សង្គមស៊ីវិលធ្វើការទាក់ទងនឹងចរាចរណ៍ សាទរ និងជំរុញឲ្យរដ្ឋមន្ត្រីថ្មីនេះ ដោះស្រាយបញ្ហាដែលជាមូលហេតុសំខាន់ៗនៃគ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពជាងមុន។
សង្គមស៊ីវិលធ្វើការទាក់ទងនឹងចរាចរណ៍ ចង់ឃើញការរៀបចំប្រព័ន្ធចុះបញ្ជីយានយន្តតាមអនឡាញ ឬតាមប្រព័ន្ធអេឡិចត្រូនិកនៅដំណាច់ឆ្នាំ២០១៦ ខាងមុខនេះ មានការគ្រប់គ្រងច្បាស់លាស់ត្រឹមត្រូវ មិនមានអំពើពុករលួយ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឲ្យមានប្រសិទ្ធភាព។
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងរៀបចំប្រព័ន្ធចុះបញ្ជីយានយន្តតាមអនឡាញនៅចុងឆ្នាំ២០១៦។ ក្រសួងអះអាងថា នឹងប្រើប្រាស់រថយន្តទំនើបដើម្បីចុះត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬធ្វើឆៀកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងលុបបំបាត់ទាំងស្រុងនូវអ្នករត់ការក្រៅផ្លូវការ។
ប្រធានអង្គការសម្ព័ន្ធអន្តរជាតិ ទប់ស្កាត់ផលប៉ះពាល់គ្រឿងស្រវឹង (IARD) លោក គង់ សុវណ្ណ សាទរចំពោះគម្រោងនេះ។ ប៉ុន្តែលោកយល់ថា ដើម្បីឲ្យការចុះបញ្ជីយានយន្តតាមអនឡាញទទួលបានជោគជ័យ និងមានប្រសិទ្ធភាពទៅបាន ក្រសួងត្រូវគិតលើរបៀបនៃការគ្រប់គ្រងប្រព័ន្ធអនឡាញ ទាំងបច្ចេកទេស និងប្រតិបត្តិការ ថាតើបានផ្តល់សេវាកម្មជូនប្រជាពលរដ្ឋបានប្រសិទ្ធភាពកម្រិតណា?៖ « ចំណុចសំខាន់នៅពេលដែលបង្កើតប្រព័ន្ធអនឡាញនោះហើយ គឺតែងមានអ្នកគ្រប់គ្រងប្រព័ន្ធអេឡិចត្រូនិកហ្នឹង គ្រប់គ្រងការប្រើប្រាស់ គ្រប់គ្រងប្រតិបត្តិការនៅក្នុងប្រព័ន្ធកុំព្យូទ័រ គឺត្រូវធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋគាត់បានដឹង។ ដោយឡែកអ្នកដែលយល់ដឹងពីប្រព័ន្ធអនឡាញ តើអ្នកណានឹងជួយសម្រួលគាត់បាន »។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អ៊ា ចរិយា យល់ថា ទោះបីជាវិធានការនេះមិនមែនជាវិធានការចម្បង ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្តី យ៉ាងណាក៏ជាចំណែកមួយជួយកាត់បន្ថយការចំណាយ និងពេលវេលាជូនប្រជាពលរដ្ឋ។ លោក អ៊ា ចរិយា ចង់ឃើញក្រសួង ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋដែលជាក្រុមគោលដៅ ឲ្យយល់ដឹងបានទូលំទូលាយពីរបៀបនៃការចុះបញ្ជីតាមប្រព័ន្ធអនឡាញនេះមានភាពត្រឹមត្រូវ និងមិនមានអំពើពុករលួយ៖ « ខ្ញុំយល់ថា ចំណេះដឹងប្រជាពលរដ្ឋនៅមានកម្រិត។ ដូច្នេះហើយជាជំហានដំបូង ក្រសួងសាធារណការ ត្រូវតែរៀបចំឲ្យមានការិយាល័យតាមកន្លែងគោលដៅ ដើម្បីពន្យល់ និងណែនាំពួកគាត់ឲ្យដឹងពីរបៀបចុះបញ្ជី ដើម្បីឲ្យគាត់អាចធ្វើចុះបញ្ជីដោយខ្លួនឯង និងទទួលបានជំនួយពីមន្ត្រី »។
កាលពីពេលថ្មីៗ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលប្ដូរ និងពន្យារប័ណ្ណបើកបរ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ដើម្បីឲ្យការចុះបញ្ជីយានយន្តតាមអនឡាញនៅចុងឆ្នាំ២០១៦ មានប្រសិទ្ធភាព ក្រសួងកំពុងសិក្សាពីប្រព័ន្ធចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញពីប្រទេសម៉ាឡេស៊ី ថៃ និងអាល្លឺម៉ង់ (Germany)។
ជាងនេះ ក្រសួងក៏កំពុងត្រៀមនាំចូលរថយន្តចល័តធុនធំទំនើបពីរគ្រឿងពីប្រទេសកូរ៉េ ដែលអាចត្រួតពិនិត្យបច្ចេកទេសយានយន្ត សម្រាប់ធ្វើឆៀកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៃបណ្ដាខេត្តនីមួយៗ ដើម្បីផ្តល់ភាពងាយស្រួល និងការផ្តល់សេវារហ័ស មានប្រសិទ្ធភាព និងតម្លាភាពជូនប្រជាពលរដ្ឋ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រូបនេះ ក៏ឲ្យដឹងទៀតថា បច្ចុប្បន្ន កម្ពុជា មានរថយន្តជិត ១លានគ្រឿង និងម៉ូតូប្រមាណ ៦លានគ្រឿង។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៦ ក្រសួងបានចុះបញ្ជីយានយន្តបានជាង ៣១ម៉ឺនគ្រឿង (៣១៤.៨០១គ្រឿង) ក្នុងនោះរថយន្តមានចំនួនជាង ៣ម៉ឺនគ្រឿង (៣៤.១៤៣គ្រឿង) និងម៉ូតូមានចំនួនជាង ២៨ម៉ឺនគ្រឿង (២៨០.៦៤៨គ្រឿង)។
យ៉ាងណា សង្គមស៊ីវិលធ្វើការទាក់ទងនឹងចរាចរណ៍ ក្រៅពីចង់ឃើញការចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញមានប្រសិទ្ធភាព សង្គមស៊ីវិលក៏ចង់ឃើញក្រសួងសាធារណការ ចុះអប់រំប្រជាពលរដ្ឋពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានទូលំទូលាយ ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
