សាច់ញាតិ និងអ្នកគាំទ្រលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ប្រមាណ ៧០នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ធ្វើបុណ្យបួងសួងសុំឲ្យវត្ថុស័ក្ដិសិទ្ធិ ជួយឲ្យលោក ឌិន ពុទ្ធី ឆាប់បានចេញពីពន្ធនាគារ។
ប្អូនប្រុសបង្កើតរបស់ជនត្រូវចោទ គឺលោក ឌិន ធីរិទ្ធ ឲ្យដឹងនៅថ្ងៃទី១ មករា ថា ពិធីនេះរៀបចំឡើងនៅផ្ទះរបស់លោក ឌិន ពុទ្ធី នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ដោយចាប់ផ្ដើមពីម៉ោងប្រមាណ ៩ព្រឹកដល់ម៉ោង ១២កន្លះថ្ងៃត្រង់។
លោកអះអាងថា អ្នកចូលរួមពិធីបុណ្យរួមមានប្រពន្ធលោក ឌិន ពុទ្ធី ប្អូនបង្កើត ប្អូនថ្លៃ បងថ្លៃ និងសហការីសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងអ្នកគាំទ្រលោក ឌិន ពុទ្ធី នៅក្រុងប៉ោយប៉ែត ចូលរួមប្រហែល ៧០នាក់។ លោកបន្ថែមថា គោលបំណងដែលរៀបចំពិធីបុណ្យនេះ ធ្វើឡើងដើម្បីសុំសិរីសួស្ដីក្នុងឱកាសឆ្លងឆ្នាំ២០១៧ ផង និងធ្វើបុណ្យសុំឲ្យវត្ថុស័ក្ដិសិទ្ធិទាំងឡាយដែលថែរក្សាប្រទេសកម្ពុជា បន្ទន់ចិត្តតុលាការខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ដើម្បីឲ្យផ្ដល់យុត្តិធម៌ជូនដល់លោក ឌិន ពុទ្ធី ឲ្យមានសេរីភាពឲ្យបានឆាប់រហ័ស៖ « ខ្ញុំត្រូវធ្វើ ព្រោះដោយសារតែឃុំគាត់មានភាពយុត្តិធម៌ពេក។ មិនថាខ្ញុំ សូម្បីតែពលរដ្ឋនៅក្នុង និងក្រៅប្រទេស ដែលលេងហ្វេសប៊ុក (facebook) ក៏បានមើលឃើញដែរ ហើយអ្នកខ្លះដែលបានមកចូលរួមមានការក្ដុកក្ដួលក្នុងចិត្តស្ទើរគ្រប់គ្នា ដោយសារការអាណិតអាសូរគាត់ »។
អាស៊ីសេរី ពុំអាចទាក់ទងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីសុំអត្ថាធិប្បាយពីការធ្វើបុណ្យនេះបានទេ នៅថ្ងៃទី១ មករា។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា បញ្ហានេះគឺជាជំនឿផ្លូវចិត្តរបស់ពលរដ្ឋ ដែលពួកគាត់មានចិត្តស្រឡាញ់ និងគាំទ្រលោក ឌិន ពុទ្ធី ដើម្បីបង្ហាញឲ្យតុលាការមើលឃើញថា ជនជាប់ចោទជាមនុស្សធ្វើការងារដើម្បីប្រយោជន៍នៅក្នុងសង្គមជាតិនាពេលកន្លងទៅ។ លោកសង្កត់ធ្ងន់ថា កន្លងទៅ ពលរដ្ឋដែលលោក ឌិន ពុទ្ធី ធ្លាប់ជួយរួមមាន អ្នករត់ម៉ូតូឌុប កម្មករអូសរទេះ បុគ្គលិកកាស៊ីណូ និងអាជីវករលក់ដូរនៅផ្សាររ៉ុងក្លឿ ប្រទេសថៃ ជាដើម៖ « អ៊ីចឹងនេះជាសារមួយសម្រាប់ដល់ប្រព័ន្ធយុត្តិធម៌ ឲ្យគិតមើលអ្វីដែលជាទង្វើល្អរបស់អង្គការដែលធ្វើឡើងដើម្បីផលប្រយោជន៍មនុស្សធម៌ មិនគួរណាដាក់ស្ថានទម្ងន់ទោស ឬក៏ដាក់ទោសទណ្ឌដល់ពួកគាត់នោះទេ »។
លោក ស៊ុំ ច័ន្ទគា បន្ថែមថា តុលាការគួរតែឲ្យជនត្រូវចោទបាននៅក្រៅឃុំបណ្ដោះអាសន្ន ហើយធ្វើការស៊ើបអង្កេតរកការពិតដោះស្រាយតាមក្រោយ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ កន្លងមកបង្ហាញថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ លោក ឌិន ពុទ្ធី បានរោទ៍ម៉ាស៊ីនឡាន ហើយបើកបុកនាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ម្នាក់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើឲ្យដួលបោកក្បាលទៅនឹងថ្នល់សន្លប់បាត់ស្មារតី។ ចំណែកតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចបើកការស៊ើបអង្កេតសួរទៅលោក ឌិន ពុទ្ធី ពីបទបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។ ប៉ុន្តែសាក្សី និងអ្នកគាំទ្រលោក ឌិន ពុទ្ធី ជាច្រើននាក់អះអាងថា ឡានរបស់លោកមិនបានបើកបុកមន្ត្រីប៉ូលិសនោះទេ។
កាលពីថ្ងៃទី២៩ ធ្នូ សាច់ញាតិ និងអ្នកគាំទ្រប្រមាណ ៥០នាក់ ធ្វើបាតុកម្មបិទផ្លូវច្រកអន្តរជាតិប៉ោយប៉ែត ម្ដងរួចមកហើយ ដើម្បីឲ្យតុលាការទម្លាក់ការចោទប្រកាន់ទៅលើលោក ឌិន ពុទ្ធី។
ជនត្រូវចោទ ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៤ ធ្នូ រហូតមកទល់ពេលនេះ មិនទាន់ដោះលែងនៅឡើយ។ សាច់ញាតិ និងអ្នកគាំទ្រអះអាងថា ពួកគាត់នឹងដាក់ពាក្យស្នើសុំទៅអាជ្ញាធរខេត្ត ធ្វើបាតុកម្មតវ៉ាក្នុងពេលឆាប់ៗបន្តទៀត ប្រសិនបើតុលាការមិនផ្ដល់យុត្តិធម៌ជូនជនត្រូវចោទនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
