ពលរដ្ឋជាសាច់ញាតិយោធិនពលីនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្អូញត្អែរពីការស្វែងរកប្រភពបើកប្រាក់ខែជាង ១០ឆ្នាំមកហើយ តែពុំបានទទួលប្រាក់ទាល់តែសោះ។ ក្រុមគ្រួសារយោធិនពលី កំពុងទន្ទឹងរង់ចាំប្រាក់ខែ ដើម្បីយកទៅដោះស្រាយជីវភាពគ្រួសារ និងធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកស្លាប់។
សាច់ញាតិមន្ត្រីយោធិនពលី ដែលកំពុងទន្ទឹងរង់ចាំប្រាក់ខែ អំពាវនាវឲ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ពន្លឿនបើកប្រាក់ខែមន្ត្រីយោធិនពលីឲ្យបានឆាប់។ ការអំពាវនាវនេះ បន្ទាប់ពីពួកគាត់ទៅសុំបើកប្រាក់ខែជាច្រើនកន្លែងមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផល។
ប្អូនប្រុសយោធិនពលី លោក សំ បូរី រស់នៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគិរី ថ្លែងនៅថ្ងៃទី១ តុលា ថា ប្រាក់ខែរបស់បងប្រុសជាមន្ត្រីយោធិនពលី ពុំបានបើកប្រាក់ខែជាង ១០ឆ្នាំមកហើយ។ លោកបន្តថា បន្ទាប់ពីអតីតមន្ត្រីយោធាស្លាប់ទៅ លោកបានទាក់ទងទៅអង្គភាព ដើម្បីបើកប្រាក់ខែជាបន្តបន្ទាប់។ លោកថា ខាងអង្គភាពជំរុញឲ្យលោកទៅទាក់ទងបើកប្រាក់ខែនៅឯមន្ទីរសង្គមកិច្ច ខេត្តបាត់ដំបង វិញ។ លោកបន្តថា លោកបានទាក់ទងទៅខាងមន្ទីរ និងការិយាល័យសង្គមកិច្ចស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំនួនពីរលើកមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផលទាល់តែសោះ។
លោក សំ បូរី៖ «ខ្ញុំមកសួរខាងបាត់ដំបង ព្រោះខ្ញុំស្ដាប់សម្ដី ឯកឧត្ដម យឹន សាញ់ គាត់ថាអ៊ីចឹង ក្រោយមកមួយឆ្នាំអត់ឃើញឈ្មោះ សំ សាន់ ហ្នឹងមានបញ្ជីនៅក្នុងសង្គមកិច្ច ស្រុកមោង ឬក៏នៅខេត្តបាត់ដំបង អត់មានណាស់បង។ ខ្ញុំទៅសួរដល់ខេត្ត។ អ៊ីចឹងហើយតាំងពីឆ្នាំ២០០៤ រហូតមកដល់ឥឡូវ វា ១០ហើយបង អត់ដែលបានបើកទេ។ ព្រោះគាត់ស្លាប់ក្នុងឆ្នាំ២០០១ ហ្នឹង ខ្ញុំបានបើកម៉ាឆ្នាំទៅបើកម្ដងបាន ៣០-៤០ម៉ឺនដែរ បើកពីផ្ទះ ឯកឧត្ដម យឹម សាញ់ ហ្នឹង តែឥឡូវឮថាគាត់បានមរណភាពបាត់ទៅហើយ ឯកឧត្ដម យឹម សាញ់ ហ្នឹង»។
មន្ត្រីយោធិនពលីដែលបានស្លាប់ឈ្មោះ លោក សំ សាន់ អតីតមន្ត្រីយោធាប្រចាំការនៅកងកាំភ្លើងធំលេខ១៨៥ ស្លាប់ដោយសារជំងឺគ្រុនចាញ់ កាលពីឆ្នាំ២០០១ ក្នុងវ័យ ៣១ឆ្នាំ។ សាច់ញាតិយោធិនពលីឲ្យដឹងថា កាលដែលបងប្រុសស្លាប់ទៅ ក្រុមគ្រួសារបើកប្រាក់បានប្រមាណជិត ៥០ម៉ឺនរៀល យកទៅធ្វើបុណ្យសព កាលពីឆ្នាំ២០០១ កន្លងទៅ។
វិទ្យុអាស៊ីសេរី ពុំអាចរកប្រភពទាក់ទងមេបញ្ជាការយោធាកងកាំភ្លើងធំលេខ១៨៥ ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២ តុលា។
ចំណែកឯប្រធានការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្រុកមោងឫស្សី លោក ប៉ែត សុរិយា មានប្រសាសន៍ថា ហេតុដែលសាច់ញាតិយោធិនពលីបើកប្រាក់ខែយឺតយ៉ាវជាង ១០ឆ្នាំមកនេះ ដោយសារពួកគាត់មិនបានធ្វើការទំនាក់ទំនងបើកប្រាក់ឲ្យបានញឹកញាប់ទៅខាងសង្គមកិច្ចស្រុក ដើម្បីធ្វើការស្រាវជ្រាវរកឈ្មោះ ពីព្រោះថា ឈ្មោះរបស់មន្ត្រីយោធិនពលី ពុំទាន់ធ្លាក់មកដល់ស្រុកនៅឡើយ៖ «អត់ដែលឃើញគាត់មកជួបពួកខ្ញុំផងហ្នឹង ហើយគាត់ចេះតែថានេះអ៊ីចឹង។ ខ្ញុំសួរនាំគាត់ថាគាត់ទៅតែម្ដងទេ ទៅជួបពូ ចាន្នី អ្នកអឺ! ប្រធានមុននោះបាទ! ខ្ញុំសួរគាត់ដែរ គាត់ថាគាត់ទើបទៅតែម្ដងហ្នឹង។ ហើយពូ ចាន្នី បាននាំទៅស៊ុបស្រុកមោង ហ្នឹងដែរ។ ពេលសួរទៅថាអត់ឃើញទេ អ៊ីចឹងណាស់! គាត់ថាតាំងពីហ្នឹង គាត់អត់បានទៅទៀតទេណែក!»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីផ្នែកស៊ើបអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ការបើកប្រាក់ខែមន្ត្រីយោធិនពលីយឺតយ៉ាវជាង ១០ឆ្នាំនេះ ជាកំហុសរបស់មន្ត្រីពាក់ព័ន្ធ ដែលមិនបានជួយជំរុញលើការងារនេះ។ លោកថា បញ្ហានេះអាចមានការពាក់ព័ន្ធទៅនឹងអំពើពុករលួយ ក្នុងការបញ្ជូនឈ្មោះរបស់យោធិនពលី។ លោក ហេង សាយហុង ចាត់ទុកការឆ្លើយបដិសេធរបស់មន្ត្រីសង្គមកិច្ចស្រុក ថាគ្រាន់តែជាលេសមួយដើម្បីដោះបន្ទុកពីការទទួលខុសត្រូវប៉ុណ្ណោះ។
លោក ហេង សាយហុង៖ «ពីព្រោះបួនដប់ឆ្នាំហើយ ហើយយើងធ្វើការងារដើម្បីតែមួយផ្នែកហ្នឹង ហើយឆ្លើយដោះសា ថាក្រុមគ្រួសារមិនមកជួបអីញឹកញាប់អីអ៊ីចឹង វាម៉េចត្រូវ ពីព្រោះប្រាក់អាដែងបញ្ជីឈ្មោះហ្នឹងវាត្រូវបាត់ឈ្មោះ ព្រោះខ្ញុំមិនជឿថា មន្ត្រីណាមួយកប់ឈ្មោះបាត់ឈ្មោះអីបួនដប់ឆ្នាំអ៊ីចឹងទេ។ អ៊ីចឹងមន្ត្រីធ្វើកិច្ចការងារហ្នឹង ត្រូវតែជំរុញ ឬតាមមើលបញ្ជីឈ្មោះទៅក្រសួង»។
បើតាមសាច់ញាតិឲ្យដឹងថា ប្រាក់ខែរបស់យោធិនពលីដែលធ្លាប់បើកកន្លងមក គឺប្រមាណ ៨ម៉ឺនរៀលក្នុងមួយខែ ហើយមិនបានបើកចាប់តាំងពីឆ្នាំ២០០៤ រហូតមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
