ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ឬគណៈកម្មការទី៧ រដ្ឋសភា បានសម្ដែងការបារម្ភពីការកសាងទីសក្ការបូជាខុសច្បាប់ សម្រាប់ទេសចរសាសនាដែលកំពុងកើតមាននៅកម្ពុជា។ ការបារម្ភនេះ បង្ហាញឡើងនៅក្នុងសិក្ខាសាលាស្ដីពីសុខដុមនីយកម្មក្នុងវិស័យសាសនានៅកម្ពុជា ដែលត្រូវបានរដ្ឋសភារៀបចំឡើងកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា។
ទេសចរសាសនាអនាធិបតេយ្យកំពុងនាំមកនូវផលវិបាកជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រង និងការរៀបចំសណ្ដាប់ធ្នាប់ក្នុងវិស័យសាសនានៅកម្ពុជា។ នេះជាការលើកឡើងរបស់ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ នៅចំពោះមុខព្រះសង្ឃ ពុទ្ធសាសនិកជន អ៊ីស្លាមសាសនិកជន និងគ្រិស្តសាសនិកជនជាង ២០០នាក់ ដែលបានចូលរួមនៅក្នុងសិក្ខាសាលាស្ដីពីសុខដុមនីយកម្មក្នុងវិស័យសាសនានៅកម្ពុជា។
សិក្ខាសាលាស្ដីពីសុខដុមនីយកម្មក្នុងវិស័យសាសនានៅកម្ពុជា ត្រូវបានរដ្ឋសភារៀបចំឡើងក្នុងគោលបំណងពង្រឹងភាពសុខដុមនីយកម្មរបស់សាសនាទាំងអស់នៅកម្ពុជា និងស្វែងយល់ពីបញ្ហាប្រឈមមួយចំនួនដើម្បីរកដំណោះស្រាយចូលរួមចំណែកអភិវឌ្ឍវិស័យសាសនាទៅតាមក្រឹត្យក្រម និងវិន័យ។
បើទោះជាលោក យ៉ែម បុញ្ញឫទ្ធិ មើលឃើញថា បច្ចុប្បន្នប្រទេសកម្ពុជា មានសុខដុមរមនាក្នុងវិស័យសាសនាផ្សេងៗក្តី ប៉ុន្តែលោកថា ទេសចរសាសនាអនាធិបតេយ្យ ដូចការសាងសង់កន្លែងសក្ការបូជាខុសច្បាប់របស់ជនជាតិវៀតណាម នៅតំបន់ភ្នំបូកគោ ខេត្តកំពត នៅលើកោះកុងក្រៅ ខេត្តកោះកុង និងនៅស្រុកស្វាយលើ ខេត្តសៀមរាប នៅពេលកន្លងមក បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ពលរដ្ឋខ្មែរជាច្រើន។ លោកថា បញ្ហានេះ បើគ្មានដំណោះស្រាយ ឬការគ្រប់គ្រងត្រឹមត្រូវពិតប្រាកដនោះទេ វាអាចបង្កជាទំនាស់នៅក្នុងសង្គម។

កន្លងមក គណៈកម្មការទី៧ នៃរដ្ឋសភា និងមន្ត្រីមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ធ្លាប់បានចុះផ្ទាល់ដល់តំបន់ភ្នំបូកគោ ដើម្បីពិនិត្យពីភាពស្របច្បាប់កន្លែងសក្ការបូជារបស់ជនជាតិវៀតណាម ដែលបានសាងសង់នៅទីនោះ។ ក្រោយការពិនិត្យ គណៈកម្មការទី៧ នៃរដ្ឋសភា ពិតជារកឃើញថា មានការសាងសង់ខុសច្បាប់មែន។ លើសពីនេះ សមត្ថកិច្ចខេត្តកោះកុង កាលពីខែមេសា ក៏បានដុតបំផ្លាញអាស្រម និងរូបសំណាកព្រះនាង គង់ ស៊ីអ៊ីម នៅលើកោះកុងក្រៅ ក្នុងខេត្តកោះកុង បន្ទាប់ពីរកឃើញថា រូបសំណាកទាំងនេះត្រូវបានជនជាតិវៀតណាម សាងសង់ដោយគ្មានការអនុញ្ញាត។ ស្រដៀងគ្នានេះ អាជ្ញាធរខេត្តសៀមរាប កាលពីខែឧសភា ក៏បានបំផ្លាញចោលទីតាំង និងរូបសំណាកសក្ការបូជាបែបសាសនា ដែលជនជាតិវៀតណាម លួចសាងសង់ខុសច្បាប់នៅស្រុកស្វាយលើ ខេត្តសៀមរាប ផងដែរ។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា គណៈកម្មការទី៧ នឹងបន្តសិក្សាជាមួយក្រសួងពាក់ព័ន្ធបន្ថែមទៀត ជុំវិញបញ្ហាទេសចរសាសនាអនាធិបតេយ្យនេះ៖ «ពាក្យថាសុខដុមនីយកម្មសាសនានៅកម្ពុជា យើងមានហើយ ប៉ុន្តែយើងត្រូវការបង្ការ ទប់ស្កាត់ ដូច្នេះយើងរកសិក្សារកភាពអវិជ្ជមាន និងភាពខ្វះខាត ហើយភាពខ្វះខាតនេះ គឺប្រព័ន្ធគ្រប់គ្រង និងការរៀបចំមិនទាន់បានពេញលេញ ដូច្នេះមានបញ្ហាទេសចរសាសនាអនាធិបតេយ្យ»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ដែលបានចូលរួមក្នុងសិក្ខាសាលាដែរនោះ មិនបានបកស្រាយច្រើនចំពោះការលើកឡើងរបស់លោក យ៉ែម បុញ្ញឫទ្ធិ នោះទេ គ្រាន់តែបញ្ជាក់ថា ក្រសួងនឹងកែលំអនូវចំណុចអវិជ្ជមាននានា៖ «បញ្ហាដូចខ្ញុំលើកឡើងអ៊ីចឹងថា ការប្រតិបត្តិ សូម្បីតែយើងម្នាក់ឯងមានថ្ងៃខ្លះដើរជំពប់ ជើង ថ្ងៃខ្លះដើរទៅល្អ ដេកលក់ស្រួល ថ្ងៃខ្លះដេកក៏មិនលក់ នេះវាជាសកម្មភាពនៃការប្រព្រឹត្ត មានចំណុចខ្វះខាតត្រង់ណា យើងកែលម្អត្រង់ចំណុចហ្នឹង»។
បើទោះជានៅកម្ពុជា សាសនាព្រះពុទ្ធត្រូវបានចាត់ទុកថា ជាសាសនារបស់រដ្ឋក្តី ប៉ុន្តែនេះជាលើកទី២ហើយ ដែលរដ្ឋសភាកម្ពុជា រៀបចំឲ្យមានសិក្ខាសាលាស្ដីពីសុខដុមនីយកម្មក្នុងវិស័យសាសនានេះឡើង។ ក្នុងសិក្ខាសាលាលើកនេះ វាគ្មិនតំណាងឲ្យសាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាគ្រិស្តត្រូវបានអង្គសិក្ខាសាលានិមន្ត និងអញ្ជើញឲ្យឡើងថ្លែងអំពីការប្រៀនប្រដៅរបស់សាសនានីមួយៗ។ ពួកគេសុទ្ធតែបង្ហាញក្តីសង្ឃឹមថា សាសនានានានៅកម្ពុជា អាចធ្វើការរួមគ្នាដើម្បីរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា ដោយឈរលើការមិនបៀតបៀន ការសាមគ្គី និងការយល់ចិត្តគ្នាទៅវិញទៅមក។
កម្ពុជាមានវត្តព្រះពុទ្ធសាសនា ៤.៧៥៥វត្ត មានព្រះសង្ឃសរុប ៥៩.៥១៦អង្គ និងមានអ្នកគោរពប្រមាណ ៩៥% នៃចំនួនប្រជាជនកម្ពុជា សរុប។
ក្រៅពីសាសនាព្រះពុទ្ធ សាសនាឥស្លាម និងសាសនាគ្រិស្តនៅកម្ពុជា ក៏មានអ្នកគោរពសាសនាដទៃទៀតផងដែរ មានដូចជាសាសនាបាហៃ សាសនាកៅដាយ និងសាសនាព្រះពុទ្ធ បែបមហាយាន ដូចជាការគោរពលើអ្នកតាចិន ឬព្រះនាង គង់ ស៊ីអ៊ីម ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
