ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាច្រើនគ្រួសារ រិះគន់អាជ្ញាធរសង្កាត់ប៉ោយប៉ែត ថាមិនយកចិត្តទុកដាក់ធ្វើសំបុត្របញ្ជាក់កំណើតជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សឡើយ។ អ្នកភូមិកំពុងខ្វល់ខ្វាយខ្លាចក្រែងកូនចៅរបស់ពួកគាត់ មិនអាចដាក់ពាក្យធ្វើការងារក្នុងស្ថាប័នផ្សេងៗបាននៅថ្ងៃអនាគត ដោយសារគ្មានសំបុត្របញ្ជាក់កំណើត។ ប៉ុន្តែស្មៀនសង្កាត់ប៉ោយប៉ែត បញ្ជាក់ថា អាជ្ញាធរដំណើរការធ្វើសំបុត្របញ្ជាក់កំណើតជូនប្រជាពលរដ្ឋជាប្រចាំ ដោយពុំមានបញ្ហាអ្វីនោះទេ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ស្នើអាជ្ញាធរសង្កាត់ ពន្លឿនធ្វើសំបុត្របញ្ជាក់កំណើតឲ្យបានឆាប់រហ័ស ដើម្បីពួកគាត់យកទៅប្រើប្រាស់ទាន់ពេលវេលា។
ពលរដ្ឋរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត លោក រឿន ប៊ុនរិទ្ធ ឲ្យដឹងនៅថ្ងៃទី៦ កក្កដា ថា កូនរបស់លោកអាយុ ៤ឆ្នាំទៅហើយ នៅមិនទាន់ធ្វើសំបុត្របញ្ជាក់កំណើតបាននៅឡើយ។ លោកអះអាងថា លោកបាននាំកូនទៅសុំធ្វើសំបុត្របញ្ជាក់កំណើតនៅសាលាសង្កាត់ប៉ោយប៉ែត ជាច្រើនលើកច្រើនសាមកហើយ ក៏ប៉ុន្តែអាជ្ញាធររុញពីមួយទៅមួយ ដោយមិនព្រមធ្វើឲ្យនោះទេ៖ « ព្រោះកូនបងខ្ញុំមានម្នាក់ដែរ ដែលអាជ្ញាធរមិនធ្វើសំបុត្របញ្ជាក់កំណើតឲ្យតាំងពីតូចរហូតដល់អាយុ ៧ឆ្នាំ។ អាជ្ញាធរនិយាយថា ចាំធំបន្តិចតិចទៀតចាំធ្វើក៏បានដែរ នៅមិនទាន់ហួសពេលទេ »។
ស្រដៀងគ្នានេះដែរ ពលរដ្ឋនៅសង្កាត់ប៉ោយប៉ែត ម្នាក់ទៀត លោក ជួង គិមហ៊ាង អះអាងថា លោកមានលិខិតបញ្ជាក់ពីមេភូមិត្រឹមត្រូវ ដើម្បីយកទៅធ្វើសំបុត្របញ្ជាក់កំណើតឲ្យកូនរបស់លោកអាយុ ១១ឆ្នាំ ប៉ុន្តែឲ្យអាជ្ញាធរធ្វើរយៈពេល ២ឆ្នាំមកហើយ ពុំទទួលបានលទ្ធផលឡើយ។ លោកព្រួយបារម្ភខ្លាចក្រែងក្មេងមិនអាចដាក់ពាក្យចូលធ្វើការងាររដ្ឋ និងឯកជននៅតាមក្រុមហ៊ុនផ្សេងៗបាន ពីព្រោះគ្មានសំបុត្របញ្ជាក់កំណើត៖ « ខ្ញុំកាន់អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសាររបស់ខ្ញុំយកទៅ តែធ្វើអត់បាន។ គេថាចាំវគ្គក្រោយៗរាប់ឆ្នាំមកហើយ។ គាត់បដិសេធថាអត់ទាន់ដល់ពេលគេធ្វើ បើសិនគេចុះធ្វើ គេនឹងប្រាប់ហើយ »។
ឆ្លើយតបនឹងបញ្ហានេះ ស្មៀនសង្កាត់ប៉ោយប៉ែត លោក ពុំ សុភិន មានប្រសាសន៍ថា អាជ្ញាធរសង្កាត់ប៉ោយប៉ែត បានប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីជួយសម្រួលធ្វើសំបុត្របញ្ជាក់កំណើតជូនប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។ លោកអះអាងថា ពលរដ្ឋមានចំនួនតិចតួចដែលមិនទាន់ធ្វើសំបុត្របញ្ជាក់កំណើតនោះ៖ « ក្មេងដែលទើបកើតបានក្រោម ៣០ថ្ងៃ លោកចៅសង្កាត់ អាំង គីហេង គាត់ចុះធ្វើដល់ផ្ទះពលរដ្ឋ ហើយថែមទាំងយកទៅជូនដល់ផ្ទះទៀត។ ដល់តែនិយាយធ្វើមិនបានអ៊ីចឹង មិនដឹងថាគាត់មកជួបជាមួយអ្នកណាទេ ដូចមិនយល់គាត់ដែរ »។
ផ្ទុយពីការលើកឡើងនេះ ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត មកពីគណបក្ស សម រង្ស៊ី លោក ចៅ វាសនា មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលត្អូញត្អែរជួបការលំបាកដោយសារធ្វើសំបុត្របញ្ជាក់កំណើត ពុំមានរាប់ពាន់នាក់ឯណោះ៖ « ចៅសង្កាត់គាត់ទទួលធ្វើឲ្យ ហើយដេញពលរដ្ឋឲ្យទៅបញ្ជាក់ពីមេភូមិ ហើយមេភូមិក៏ទុកចោល ២អាទិត្យទៅទម្រាំបញ្ជូនទៅសាលាសង្កាត់។ ហើយសាលាសង្កាត់មិនហៅគាត់ទៅធ្វើទេ។ ដល់ពេលគាត់បានប្រញាប់ ត្រូវចំណាយប្រាក់រត់ការថ្មីទើបធ្វើបាន »។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន លើកឡើងថា អាជ្ញាធរពាក់ព័ន្ធត្រូវផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋឲ្យបានច្បាស់លាស់អំពីនីតិវិធីធ្វើសំបុត្របញ្ជាក់កំណើត ដើម្បីសម្រួលការងារនេះជូនពួកគាត់បានឆាប់រហ័ស។
របាយការណ៍ស្មៀនសង្កាត់ប៉ោយប៉ែត ឆ្នាំ២០១៦ បង្ហាញថា នៅក្នុងសង្កាត់នេះមានប្រជាពលរដ្ឋរស់នៅជាង ៤ម៉ឺន ៤ពាន់នាក់ (៤៤.២៦១នាក់) ក្នុងនោះពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅជិត ២ម៉ឺន ៥ពាន់នាក់ (២៤.៧៨៩នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
