ក្រុមគ្រូបង្រៀនជំនាន់ទី៣ ដែលឡើងកាំប្រាក់ពីកាំ "គ" ទៅកាំ "ខ១៤" នៅក្នុងស្រុកសំរោង ខេត្តតាកែវ អំពាវនាវឲ្យ លោក ហ៊ុន សែន ទប់ស្កាត់អំពើកាត់ប្រាក់ពីមន្ត្រីរាជការ។
ការអំពាវនាវនេះ បានធ្វើឡើងក្រោយពី លោក ហ៊ុន សែន ដែលជាប់ជានាយករដ្ឋមន្ត្រីអាណត្តិទី៥ បានប្រកាសកាលពីចុងខែកញ្ញា ថា គ្រប់ស្ថាប័នរដ្ឋទាំងអស់ មិនត្រូវកាត់ប្រាក់ពីមន្ត្រីរាជការទេ។
លោកគ្រូបង្រៀននៅអនុវិទ្យាល័យសំរោង សុំមិនបញ្ចេញឈ្មោះ និយាយថា អនុក្រឹត្យតែងតាំងគាត់ដំឡើងកាំប្រាក់ពីកាំ "គ" ទៅកាំ "ខ១៤" តាមអនុក្រឹត្យលេខ១២៦៥ អនក្រសក ប្រកាសថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩។ ប៉ុន្តែ គាត់មិនបានទទួលប្រាក់រំលឹកតាំងពីឆ្នាំដំឡើងមកទេ។ គាត់ទើបតែបានទទួលនៅឆ្នាំ២០១២ បានគ្រប់ចំនួន ៣ខែ បានគ្រប់ចំនួន បើទោះបីមានកាត់យកប្រាក់តិចតួចខ្លះក្តី៖ «បើខ្ញុំចេញតាំងពី២០០៩ មក ហើយ២០១០ គេថាសុំបង្កក។ កាលពីសង្គ្រាមជាមួយថៃ នោះ បាត់អ៊ីចឹងទៅ។ រហូតដល់ថ្ងៃហ្នឹង ខ្ញុំមានបានប្រាក់រំលឹកឯណា បានតែ ៣ខែ។ សុំតវ៉ាសុំឲ្យសម្ដេចនាយកហ្នឹងលោកជួយ ចង់ឲ្យមើលអំពើពុករលួយហ្នឹងនៅត្រឹមណា»។
លោកគ្រូជំនាន់ទី៣ ម្នាក់ទៀត អះអាងថា ប្រាក់រំលឹកគាត់បាត់ ៩ខែ ព្រោះមានការប្រកាសថា បានខ្ចីប្រើប្រាស់ជួយសមរភូមិមុខ ពេលកម្ពុជា មានជម្លោះជាមួយថៃ រឿងប្រាសាទព្រះវិហារ។ គាត់រង់ចាំប្រាក់រំលឹកនោះសងមកវិញ តែគាត់ទទួលបានតែ ៣ខែ៖ «ឲ្យរដ្ឋាភិបាលថ្មីចង់ឲ្យគិតថា បំបាត់ខ្ញុំ ៩ខែ ឯណោះ។ បើគេគ្រូកម្រិតមូលដ្ឋានដូចគ្នាដែរ ជំនាន់ទី៤ ជំនាន់ទី២ គេបើកពេញ ហើយខ្ញុំបានតែ ៣ខែទេ»។
មន្ត្រីមួយរូបទៀត និយាយថា គាត់បាត់ប្រាក់ដំឡើងកាំប្រាក់ចំនួន ១៦ខែ ពីឆ្នាំ២០១០ មក។ លោកថា គ្រូជំនាន់ទី៣ មានសរុប ១៥០នាក់ នៅខេត្តតាកែវ ដែលបាត់ប្រាក់រំលឹកច្រើនខែនោះ។ ប៉ុន្តែ គ្រូជំនាន់ទី១ ទី២ ទី៤ គ្រូទាំងនោះបានទទួលប្រាក់រំលឹកពេញលេញ។ គាត់មិនអាចសុំសើរើប្រាក់នោះបានទេ ដោយសារតែមន្ត្រីការិយាល័យអប់រំស្រុក និងប្រធានមន្ទីរអប់រំខេត្តចូលនិវត្តន៍៖ «តែអភ័ព្វតែគ្រូជំនាន់ទី៣ ដែលម្នាក់ត្រូវបាន ២លាន ឬ ១លាន ៩០ម៉ឺន បានតែ ៤០ម៉ឺន សម្រាប់គ្រូប្រភេទកាំប្រាក់ "គ៣ ១២" បាន ២២ម៉ឺន សម្រាប់ប្រភេទកាំប្រាក់ "គ៣ ៧" អីហ្នឹង អ្នកដែលដូរមកកាំ "ខ៣ ១៤" ហ្នឹង អ៊ីចឹង វាត្រូវបាត់ ១២ខែហ្នឹង ហើយតាំងពីហ្នឹងមក ស្ងាត់រហូត»។
មន្ត្រីគណនេយ្យការិយាល័យអប់រំស្រុកសំរោង លោក ឈិន ប៊ុនធឿន ថ្លែងថា កាលពីឆ្នាំ២០១០ រដ្ឋាភិបាលបានបង្កកប្រាក់នានាដែលលើសពីប្រាក់ខែ។ លោកមិនដឹងថា ការបង្កកប្រាក់នោះ មកពីមូលហេតុអីទេ។ ប៉ុន្តែ ចាប់ពីឆ្នាំ២០១២ មក គាត់ចូលជាមន្ត្រីគណនេយ្យ ប្រាក់ទាំងអស់មិនបាត់ទេ៖ «បើអត់មានឃើញបាត់លុយអីផង បើបាត់កាលពី២០១០ ដែលគេបង្កក»។
ក្រៅពីក្រុមគ្រូបង្រៀនជំនាន់ទី៣ នៃស្រុកសំរោង ត្រូវបាត់ប្រាក់រំលឹកច្រើនខែ ក៏មានមន្ត្រីយោធិនពិការតាំងពីឆ្នាំ១៩៨៤ នៅខេត្តតាកែវ ដែរ អះអាងថា មន្ត្រីគណនេយ្យសង្គមកិច្ចមិនបានបើកប្រាក់គាត់គ្រប់ចំនួន ១៦ម៉ឺនរៀល ដែលគាត់ត្រូវទទួលបាននោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងអប់រំ ជម្រាបសួរពីបញ្ហាការប្ដូរកាំប្រាក់ ដំឡើងឋានៈគ្រូ ហើយបង្កកប្រាក់នោះ ព្រោះបញ្ហាអ្វីបានទេ នៅថ្ងៃទី១ ខែតុលា។
គ្រូជំនាន់ទី៣ នៅក្នុងខេត្តតាកែវ ឲ្យដឹងថា ប្រាក់រំលឹកកាំប្រាក់ដំឡើងនោះ គ្រូខ្លះបាត់ ១៦ខែ គ្រូខ្លះបាត់ ១ឆ្នាំ គ្រូខ្លះបាត់ ១០ខែ ដែលមិនដឹងពីមូលហេតុច្បាស់ឡើយ។ ពួកគាត់គិតថា ប្រាក់រំលឹកនោះ ក្នុងម្នាក់ ១ខែ ទទួលបានជាង ៣០ម៉ឺនរៀល បើបាត់ ១០ខែ ទៅជាង ១ឆ្នាំ។ ប្រសិនបើរដ្ឋាភិបាលមិនជួយសើរើជួយដល់ពួកគាត់ទាំង ១៥០នាក់ទេ ប្រាក់នោះនឹងធ្លាក់ទៅក្នុងអំពើពុករលួយ៕
មន្ទីរធម្មការខេត្តព្រៃវែង រងការចោទថាបានកាត់ប្រាក់ខែគ្រូកិច្ចសន្យាពុទ្ធិកសិក្សា
ដោយ ហ៊ុំ ចំរើន
ខេត្តព្រៃវែង៖ មន្ត្រីសង្ឃពុទ្ធិកសិក្សាខេត្តព្រៃវែង មានព្រះថេរដីកាថា មន្ទីរធម្មការ និងកិច្ចការសាសនាខេត្តព្រៃវែង បានកាត់ប្រាក់ខែគ្រូកិច្ចសន្យាពុទ្ធិកសិក្សាមួយនាក់ ១ខែក្នុងមួយឆ្នាំ ដើម្បីប្រើប្រាស់ក្នុងការរត់ការសេវាផ្សេងៗរបស់មន្ទីរ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់ លោក ហ៊ុំ ចំរើន៖
គ្រូបង្រៀននៅខេត្តកំពង់ធំ ត្អូញត្អែរពីការបង្កកប្រាក់ខែរយៈពេលបីខែ
ដោយ ទីន ហ្សាការីយ៉ា
ខេត្តកំពង់ធំ៖ ក្រុមគ្រូបង្រៀនមួយចំនួននៅខេត្តកំពង់ធំ បានត្អូញត្អែរអំពីបញ្ហាលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ពិសេសនៅពេលបុណ្យភ្ជុំបិណ្ឌនេះ គ្មានលុយទៅលេងស្រុកកំណើត ដោយសារប្រាក់ខែតិច។ គ្រូបង្រៀនមួយចំនួនបានលើកឡើងថា នៅខណៈដែលពួកគាត់ទទួលបានប្រាក់ខែតិចហើយ បែរជាត្រូវមន្ទីរអប់រំខេត្តកំពង់ធំ បានបង្កកប្រាក់ខែគាត់រយៈពេលបីខែទៀត។
សូមស្ដាប់សេចក្ដីរាយការណ៍របស់ លោក ទីន ហ្សាការីយ៉ា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
