ការនាំផលិតផលកសិកម្មរបស់ពលរដ្ឋនៅក្នុងខេត្តព្រៃវែង យកទៅលក់នៅប្រទេសវៀតណាម នោះ ត្រូវក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនតាមកាណូត ឬទូក លើកឡើងថា តម្លៃស្រូវនៅក្នុងខេត្តព្រៃវែង ទំនងមិនអាចឡើងថ្លៃបានទេ ដោយសារតែពួកគាត់ត្រូវចំណាយប្រាក់ច្រើនទៅលើសមត្ថកិច្ចដែលនៅតាមច្រកព្រំដែន។
ក្រុមឈ្មួញដឹកស្រូវតាមទូក ឬកាណូតពីខេត្តព្រៃវែង ទៅលក់នៅប្រទេសវៀតណាម បានចោទក្រុមមន្ត្រីតាមច្រកព្រំដែន ថាបានប្រព្រឹត្តអំពើពុករលួយ កិបកេងថវិកាជាតិតាមរយៈទារលុយពីពួកគាត់ ដើម្បីជាថ្នូរឲ្យទូក ឬកាណូត ដឹកស្រូវឆ្លងទៅលក់នៅប្រទេសវៀតណាម ដោយមិនមានវិក្កយបត្របង់ប្រាក់ ឬទទួលប្រាក់ទេ។
ក្រុមឈ្មួញដឹកស្រូវតាមទូក ឬកាណូត ថ្លែងថា នៅតាមច្រកកោះសំពៅ ច្រកបន្ទាយចក្រី និងច្រកទន្លេធំ និងច្រកពាមមន្ទារ គឺអ្នករកស៊ីដឹកស្រូវតាមទូកចំណុះផ្ទុកពី ៧០តោន ទៅ ១០០តោន ត្រូវបង់ទៅប៉ុស្តិ៍ព្រំដែន មានទីស្នាក់ការខេត្ត មានគយ មានប៉ូលិស និងកាំកុងត្រូល ដែលត្រូវចំណាយសរុបប្រហែល ២លានរៀលក្នុងទូកចេញមួយលើកៗ។
លោក ប៊ុន ធឿន ជាអ្នកដឹកស្រូវតាមទូក ថ្លែងថា លោកសុំឲ្យរដ្ឋាភិបាលកំណត់តម្លៃចំពោះការបង់សេវាទាំងនោះ និងមានវិក្កយបត្រច្បាស់លាស់ ដើម្បីឲ្យឈ្មួញងាយស្រួលក្នុងការធ្វើជំនួញ៖ «គិតចង់បានអី (វិក្កយបត្រ) បង ឲ្យតែគេឲ្យទៅនោះបានហើយ ទៅស្រួលមកស្រួល តែសរុបៗទៅវាអស់ច្រើនពេកវា ២លានរៀលបន្តិចបន្តួចក្នុងមួយជើងៗ ខ្ញុំចង់សំណូមពរឲ្យរាជរដ្ឋាភិបាលជួយបន្ធូរបន្ថយ និងមើលតាមច្រកព្រំដែនហ្នឹងផង កុំឲ្យយកពន្ធ ឬបង់អីច្រើនពេកអ៊ីចឹង ព្រោះថា បង់ច្រើនពេកអ៊ីចឹង ខ្ញុំរកស៊ីក៏មិនបានសល់អី ចំណេញអីផង។ ដល់ពេលអត់ចំណេញអ៊ីចឹងទៅ គិតមានតែកន្លែងទារលុយរបស់យើងចំណេញបានបន្តិចបន្តួចហ្នឹង ដល់យើងបង់ច្រើនទៅវាខាត ឬចំណេញតិច ហើយឲ្យទៅគេចំណាយច្រើន»។
លោកបានថ្លែងបន្តថា ប្រសិនបើបង់សេវានៅតាមច្រកនីមួយៗនោះអស់តម្លៃតិច គឺអ្នកទិញស្រូវក៏ហ៊ានទទួលទិញស្រូវពីពលរដ្ឋក្នុងតម្លៃខ្ពស់បន្តិចដែរ។
អភិបាលរងខេត្តព្រៃវែង លោក ម៉ុក ធារី មានប្រសាសន៍ថា ជាគោលការណ៍ គឺសាលាខេត្តមិនអនុញ្ញាតឲ្យមានយកប្រាក់ពីពលរដ្ឋ ដែលរកស៊ីដឹកផលិតផលកសិកម្មពីខេត្តព្រៃវែង ទៅប្រទេសវៀតណាម នោះទេ៖ «បើសិនជាមានពាក់ព័ន្ធថាមានយកលុយស្រូវ គឺជារឿងខុសច្បាប់ អត់មានទេពីព្រោះអត់មានតម្រូវឲ្យបង់អ្វីទាំងអស់។ បើសិនជាខាងគយគេយក អាហ្នឹងខ្ញុំពិបាកដឹងដែរ ពីព្រោះខ្ញុំធ្លាប់សួរកន្លងមកមិនមានទេ។ តែជាក់ស្ដែង ខ្ញុំក៏មិនហ៊ាននិយាយថាគ្មានដែរ គឺគ្រាន់តែនិយាយថា គេអត់យកទេ។ ចំពោះខាងខេត្ត គឺខេត្តមិនមានចាត់អ្នកណាឲ្យយកទេ។ អ៊ីចឹង គឺបើមានការយកនៅទីនោះ គឺជារឿងខុសច្បាប់ហើយ ប៉ុន្តែជារួម យើងដឹងទាំងអស់គ្នា យើងទទួលស្គាល់ទាំងអស់គ្នាហើយ តែកាលណាយកលុយដោយឥតមានវិក្កយបត្រ គឺជារឿងខុសច្បាប់។ អ៊ីចឹងបើសិនជាមានបុគ្គលណាច្បាស់ អាចផ្ដល់ព័ត៌មានមក ខ្ញុំនឹងមានវិធានការជាមួយបុគ្គលដែលយកអត់មានវិក្កយបត្រនេះ»។
លោកមានប្រសាសន៍បន្តថា ក្រៅពីគោលការណ៍ថ្នាក់ជាតិ គឺនៅក្នុងខេត្តព្រៃវែង មានការសម្រួលចំពោះឈ្មួញដែលចេញចូលទិញផលិតផលកសិកម្មរបស់ពលរដ្ឋនៅក្នុងតំបន់បានច្រើន គឺដើម្បីឲ្យកសិករខ្មែរមានទីផ្សារលក់ផលស្រូវ ហើយមានតម្លៃខ្ពស់ផង។
ចំណែកឯអ្នកសម្របសម្រួលអង្គការអាដហុក (adhoc) ប្រចាំខេត្តព្រៃវែង គឺអ្នកស្រី អ៊ាង គឹមលី មានប្រសាសន៍ថា តាមស្ថានភាពបច្ចុប្បន្ននេះ ប្រសិនបើមានពលរដ្ឋលើកឡើងពីករណីមិនប្រក្រតីក្នុងការបង់ប្រាក់ អាជ្ញាធរខេត្តគួរតែចុះទៅអង្កេត ជាជាងបណ្ដោយឲ្យខូចគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយអំពើពុករលួយនោះ៖ «អ៊ីចឹងដោយសារតែកត្តាអំពើពុករលួយហ្នឹងហើយ ដែលធ្វើឲ្យតម្លៃស្រូវរបស់ប្រជាកសិករខ្មែរយើងចុះថោក។ អ៊ីចឹងខ្ញុំគិតថា គួរតែត្រួតពិនិត្យឲ្យបានមែនទែន ជាពិសេស គឺច្រកចេញចូលនាំផលិតផលកសិផលខ្មែរហ្នឹងចេញទៅបរទេស កន្លែងច្រកចេញចូល ដើម្បីកាត់បន្ថយអំពើពុករលួយហ្នឹង ហើយមួយទៀតដើម្បីឲ្យតម្លៃកសិផលរបស់ប្រជាជនយើងហ្នឹងកើនឡើងផង កុំឲ្យមានបញ្ហាអ៊ីចឹង»។
អ្នកស្រីក៏លើកទឹកចិត្តឲ្យពលរដ្ឋចូលរួមកាត់បន្ថយអំពើពុករលួយ ដោយរាយការណ៍មកអាជ្ញាធរជំនាញ ដើម្បីមានវិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
