បុរសសញ្ជាតិរុស្ស៊ីម្នាក់ ត្រូវប៉ូលិសខេត្តរតនគិរី ចាប់ខ្លួនពីបទឆ្លងដែនខុសច្បាប់ ហើយបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានប៉ូលិសអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែធ្នូ។
ស្នងការប៉ូលិសខេត្តរតនគិរី ទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ លោក ជា ប៊ុនធឿន មានប្រសាសន៍បញ្ជាក់ថា ជនជាតិរុស្ស៊ីនេះ មានឈ្មោះ ដូរូខូវ វ៉ាស៊ីលី (Dorokhov Vasily) អាយុ ៣៥ឆ្នាំ ត្រូវគេប្រទះឃើញក្នុងចំការមួយរបស់ប្រជាពលរដ្ឋនៅឃុំម៉ាលិច ស្រុកអណ្ដូងមាស កាលពីថ្ងៃទី៥ ខែធ្នូ។ បុរសជាតិរុស្ស៊ីនេះ មានតែវាឡូមួយជាប់នឹងខ្លួនហើយមិនព្រមនិយាយអ្វីជាក់លាក់ជាមួយប៉ូលិសពីការធ្វើដំណើររបស់គេមកតំបន់នោះ។
លោកបន្តថា ប៉ូលិសរកឃើញលិខិតឆ្លងដែនមួយរបស់ជនជាតិរុស្ស៊ីនេះ ប៉ុន្តែមិនមានទិដ្ឋាការចូលពីប្រទេសណាទេ៖ «យើងមិនទាន់ចោទថាម៉េចទេ ប៉ុន្តែយើងមើលលិខិតឆ្លងដែនអត់មានវាយទិដ្ឋាការចូលក្នុងប្រទេស។ ជាបណ្ដោះអាសន្នយើងចាត់ទុកថា ជាជនបរទេសឆ្លងដែនខុសច្បាប់»។
ជនជាតិរុស្ស៊ីនេះត្រូវបានបញ្ជូនទៅដល់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៧ ធ្នូ ដើម្បីប្រគល់ឲ្យប៉ូលិសនាយកដ្ឋានអន្តោប្រវេសន៍សាកសួរបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
