អង្គការស៊ីប៉ា (SIPAR) ដែលធ្វើការខាងលើកស្ទួយអំណាន ឬការអានសៀវភៅ ទទួលបានលទ្ធផលល្អប្រសើរនៅក្នុងគម្រោងបង្កើតបណ្ណាល័យនៅក្នុងពន្ធនាគារ។ មន្ត្រីគ្រប់គ្រងពន្ធនាគារនិយាយថា ជួយដល់អ្នកជាប់ឃុំ និងអ្នកគ្រប់គ្រង។
លទ្ធផលនេះ ត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ នៅថ្ងៃទី១៧ ធ្នូ ស្ដីពីលទ្ធផល ៣ឆ្នាំ ដែលមានប្រធានពន្ធនាគារទូទាំងប្រទេស និងអង្គការពាក់ព័ន្ធចូលរួមជិត ២០០នាក់។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក គុយ ប៊ុនសន មានប្រសាសន៍ថា កិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធនាគារ និងអង្គការស៊ីប៉ា (SIPAR) បង្កើតបណ្ណាល័យនៅក្នុងពន្ធនាគារ គឺបានជួយឲ្យអ្នកជាប់ឃុំបានយល់ដឹងពីវិជ្ជាផ្សេងៗ ពីការអានសៀវភៅ មានជាអាទិ៍ វិជ្ជាកសិកម្ម៖ «ពេលទំនេរពីការងារ ជនជាប់ឃុំគាត់អាចឆ្លៀតអានឆ្លៀតសិក្សានូវចំណេះដឹងទាំងនោះ ហើយពេលដែលគាត់ចប់ គាត់មានចំណេះដឹងខ្លួនឯងមួយ។ ទាំងអស់នោះហើយជាការជំរុញចិត្តអារម្មណ៍ ទីមួយឲ្យស្រឡាញ់ការអាន។ យើងដឹងហើយនៅកម្ពុជា យើង ក្រោយរបបប្រល័យពូជសាសន៍ឆ្នាំ១៩៧៩ ដែលរបបខ្មៅងងឹតដួលរលំទៅ គ្មាននរណាគិតអានសៀវភៅទេ។ រហូតដល់សព្វថ្ងៃ មិនសូវជាឃើញអ្នកអង្គុយលើបង់ ឬអង្គុយលើរថយន្តក្រោយកាន់សៀវភៅដូចនៅអឺរ៉ុប នៅបស្ចិមប្រទេសទេ។ តែនេះក៏ជាឥរិយាបថមួយដែរ ដែលស៊ីប៉ា ផ្ដួចផ្ដើមគំនិតនេះឡើង សហការគ្នាជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីទាញឥរិយាបថពួកគាត់ជាជនជាប់ឃុំហ្នឹង ឲ្យស្រឡាញ់ការអាន ធម្មតាទេ ការអានច្រើន នឹងស្វែងយល់ច្រើន»។
ប្រធានពន្ធនាគារខេត្តកណ្ដាល លោក ចាត ស៊ីនាង មានប្រសាសន៍ថា ការបង្កើតបណ្ណាល័យនេះមានប្រយោជន៍ច្រើនដល់ពន្ធនាគារ៖ «យើងបានចលនាឲ្យជនជាប់ឃុំទាំងអស់ហ្នឹងមើលសៀវភៅ ពីព្រោះថាតាមរយៈនៃការមើលសៀវភៅនេះ យើងបានឆ្លុះបញ្ចាំងឃើញថា ពីមុនគាត់ទំនេរអផ្សុក គាត់បង្កើតសកម្មភាពគ្រប់យ៉ាង។ អផ្សុកអង្គុយប្រកែកគ្នាឈ្លោះគ្នា។ ប៉ុន្តែ យើងត្រូវដឹងថា អ្នកដែលចាប់ទៅហ្នឹងមិនមែនសុទ្ធតែចេះអក្សរទាំងអស់ទេ។ សព្វថ្ងៃ គ្រាន់តែកន្លែងខ្ញុំ គ្រាន់បង្ហាត់រៀននៅក្នុងបន្ទប់មាន ២០ថ្នាក់។ យើងដឹងហើយថា អ្នកខ្លះមាននិស្ស័យចូលចិត្ត អ្នកខ្លះអត់។ ចំពោះបញ្ហាដែលយើងគិតថា ដាក់លុយដើម្បីកក់ ដាក់លុយបានទៅបណ្ណាល័យ នេះជាបញ្ហាមួយដែលយើងមិនបដិសេធទាំងស្រុងទេ ខ្លាចក្រែងលោវាមាន។ ប៉ុន្តែបើចំពោះកន្លែងខ្ញុំ ខ្ញុំធានាថាមិនមានទេ។ ប៉ុន្តែយើងត្រូវដឹងកលល្បិចរបស់ជនជាប់ឃុំ។ ជនជាប់ឃុំ យើងត្រូវដឹងថា ពួកគាត់ប្រើគ្រប់ល្បិចទាំងអស់»។
នាយកអង្គការស៊ីប៉ា លោក ហុក សិទ្ធិ បញ្ជាក់បន្ថែមថា ភាពជោគជ័យនៃការបង្កើតបណ្ណាល័យនៅក្នុងពន្ធនាគារ គឺបន្ទាប់ពីលោកសាកល្បងដំបូងនៅមណ្ឌលអប់រំកែប្រែ ម១ នៅព្រៃស នៅពន្ធនាគារសៀមរាប និងបាត់ដំបង៖ «អ៊ីចឹងជោគជ័យលើពន្ធនាគារទាំងអស់ហ្នឹង កាលណាយើងបង្កើតបណ្ណាល័យទៅ ធ្វើឲ្យជនជាប់ឃុំទទួលនូវការកម្សាន្តមួយបន្ថែម ពីព្រោះកាលណាគាត់ចូលមកបណ្ណាល័យ ជាពេលវេលាមួយធ្វើឲ្យគាត់មានសេរីភាពជាងដែលគាត់នៅក្នុងមន្ទីរឃុំឃាំង បន្ទប់ឃុំឃាំងរបស់គាត់។ អ៊ីចឹងយើងចូលរួមចំណែកផ្ដល់ការកម្សាន្តដល់គាត់។ បានន័យថា នៅក្នុងបន្ទប់ឃុំឃាំងគាត់ចង្អៀត ដល់ពេលគាត់មកបណ្ណាល័យគាត់សប្បាយ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក គុយ ប៊ុនសន មានប្រសាសន៍ថា ក្នុងចំណោមពន្ធនាគារ២៧ នៅទូទាំងប្រទេស មានពន្ធនាគារ២៦ ដែលមានបណ្ណាល័យ។
ទន្ទឹមគ្នានឹងការបង្កើតឲ្យមានបណ្ណាល័យនៅតាមពន្ធនាគារ ដើម្បីបង្កើនការយល់ដឹងរបស់អ្នកជាប់ឃុំឃាំង អគ្គនាយកដ្ឋានពន្ធនាគារ ក៏មានវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈដែរ ប៉ុន្តែលោកថ្លែងថា មិនបានធ្វើព្រមៗគ្នាដូចបណ្ណាល័យទេ ព្រោះទីតាំងពន្ធនាគារខ្លះមិនអំណោយផលល្អ។
លោក គុយ ប៊ុនសន ឲ្យដឹងដែរថា មានអ្នកជាប់ឃុំចំនួនពី ២.៥០០ ទៅ ៣ពាន់នាក់ ក្នុងចំនួនសរុប ១ម៉ឺន ៥ពាន់នាក់ បានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបន្តថា ក្នុងមួយឆ្នាំៗមានផុតទោសចេញពីពន្ធនាគារប្រមាណ ៩០០នាក់ ហើយពួកគេពាក់កណ្ដាលបានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះមានត្រឹមតែជាងគំនូរ និងជាងកាត់សក់ទេ។ លោកចង់ឲ្យមានវគ្គជាងម៉ាស៊ីន និងជាងជួសជុលគ្រឿងអេឡិចត្រូនិកទៀតនៅពេលខាងមុខ។
ទាក់ទងបញ្ហានេះ នាយកអង្គការស៊ីប៉ា លោក ហុក សិទ្ធិ ថ្លែងថា នៅពេលខាងមុខ លោកគ្រោងបង្កើតវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅពន្ធនាគារធំៗចំនួន៥ ដោយសហការជាមួយអង្គការមិត្តសំឡាញ់។
លោក គុយ ប៊ុនសន ឲ្យដឹងថា កំណើនអ្នកជាប់ឃុំទូទាំងប្រទេសចាប់ពីខែមករា រហូតមកដល់ខែធ្នូ កើនឡើងចំនួន ១១៧នាក់។ លោកកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានករណីចែកចាយ និងជួញដូរគ្រឿងញៀនច្រើនជាងមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
