ញត្តិនេះបានទាមទារសុំឲ្យមានការស៊ើបអង្កេតករណីពិសេសមួយទៅលើក្រុមហ៊ុនសាប៊្រីណា (Sabrina) ដែលបានបង្កអំពើហិង្សាទៅលើកម្មករ រហូតដល់ការចាប់ និងការទាមទារសុំដោះលែងកម្មករចំនួនប្រាំបីនាក់ចេញពីពន្ធនាគារ។
តំណាងកម្មការនីម្នាក់ គឺអ្នកស្រី នី ឌីណា មានប្រសាសន៍នៅថ្ងៃទី២៧ មិថុនា ថា កម្មករបានស្នើសុំទៅតុលាការច្រើនលើករួចមកហើយ តែតុលាការមិនបានអន្តរាគមន៍ដោះលែងកម្មករចេញពីពន្ធនាគារដដែល ទើបឈានចូលដល់ការប្រមូលផ្ដុំគ្នាដង្ហែញត្តិសុំអន្តរាគមន៍ពីស្ថានទូតអង់គ្លេស វិញម្ដង។
រីឯប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គឺលោក ជា មុនី មានប្រសាសន៍ជុំវិញការដង្ហែញត្តិសុំអន្តរាគមន៍នេះថា កម្មករមានគ្នាប្រមាណជាង ៤០០នាក់ និងមកពីរោងចក្រនានាចំនួន៣៣ នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ក្នុងគោលបំណងយកសំណើរបស់កម្មករទៅដាក់ស្ថានទូតអង់គ្លេស និងអាមេរិក នៅកម្ពុជា និងបន្តទៅក្រុមហ៊ុនណៃគី (Nike) ដែលជាក្រុមហ៊ុនទទួលទិញទំនិញដ៏ធំពីក្រុមហ៊ុនសាប៊្រីណា។
ប្រធានការិយាល័យស្ថិតិទំនាក់ទំនងក្រៅនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហាន់ នព្យគុណ មានប្រសាសន៍ថា ការប្រមូលគ្នាដង្ហែញត្តិ គឺមិនអាចធ្វើទៅរួចទេប្រសិនបើគ្មានការយល់ព្រមពីអាជ្ញាធរឲ្យបានត្រឹមត្រូវទៅតាមនីតិវិធីច្បាប់នោះ។
តែយ៉ាងណាក៏ដោយ ក្រុមកម្មករនៅតែតស៊ូទាមទាររហូតដង្ហែញត្តិដល់ស្ថានទូតសហរដ្ឋអាមេរិក និងអង់គ្លេស។ ហើយមន្ត្រីស្ថានទូតបានចេញមកទទួលយកញត្តិរបស់កម្មករទាំងនោះ ដើម្បីធ្វើការពិនិត្យវាយតម្លៃនូវបញ្ហានេះជាបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។