ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ស្នើ​ពង្រឹង​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ក្នុង​ឆ្នាំ​ថ្មី

0:00 / 0:00

បញ្ហា​គ្រឿង​ញៀន ចោរកម្ម ល្បែង​ស៊ី​សង និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ បាន​ក្លាយ​ជា​រឿង​ដ៏​ស្មុគស្មាញ​គ្រប់​ទីកន្លែង និង​កំពុង​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​ដល់​មជ្ឈដ្ឋាន​នានា បើ​ទោះ​បី​ជា​មាន​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ក្តី។ សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ អំពាវនាវ​រដ្ឋាភិបាល​ឲ្យ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោល​នយោបាយ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ឆ្នាំ​ថ្មី។

គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ថា មាន​តែ​នៅ​លើ​បបូរ​មាត់ និង​នៅ​លើ​ក្រដាស ពោល​គឺ​ការ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​ឡើយ​នៅ​ក្នុង​ឆ្នាំ​២០១៥។ នោះ​ជា​ការ​បង្ក្រាប និង​បង្ការ​ទប់ស្កាត់​ចោរកម្ម គ្រឿង​ញៀន ក្មេង​ទំនើង ការ​ជួញ​ដូរ​មនុស្ស ជួញ​ដូរ​ផ្លូវ​ភេទ និង​ល្បែង​ស៊ី​សង ជាដើម។

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បង្ហាញ​ថា អ្នក​ប្រើ​បំពាន​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១៥ មាន​ប្រមាណ ១​ម៉ឺន ៦​ពាន់​នាក់។ តួលេខ​នេះ​មាន​ការ​កើន​ឡើង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន​ប្រមាណ ១​ម៉ឺន ១​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស។ ការ​ចរាចរ​គ្រឿង​ញៀន​សព្វថ្ងៃ​នេះ កើត​មាន​សឹង​គ្រប់​ទីកន្លែង ទាំង​ទី​ប្រជុំជន និង​តាម​ជនបទ​គ្រប់​ច្រកល្ហក ដោយ​អ្នក​ប្រើប្រាស់​ទាំង​នោះ ភាគ​ច្រើន​ជា​យុវជន​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ដល់ ៣៥​ឆ្នាំ ដែល​មាន​មុខ​របរ​មិន​ពិត​ប្រាកដ និង​ខ្លះ​ទៀត​ជា​សិស្ស​និស្សិត។

ប្រធាន​សមាគម​សង្គ្រោះ​ជន​រងគ្រោះ​ដោយ​គ្រឿង​ញៀន​កម្ពុជា លោក មាស សុវណ្ណ ចាត់​ទុក​ថា នេះ​ជា​សញ្ញា​ធ្ងន់ធ្ងរ​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ បន្ត​ចាត់​វិធានការ​ទប់ស្កាត់ និង​ដោះស្រាយ។ លោក​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក អាជ្ញាធរ​មូលដ្ឋាន​ហាក់​ដូចជា​មាន​ភាព​ឆក​ល្វែង​ក្នុង​ការ​ទទួល​ខុស​ត្រូវ​រុក​រក​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន និង​ការ​អនុវត្ត​ច្បាប់៖ «ប្រសិន​បើ​ថ្នាក់​ជាតិ​ចុះ​អប់រំ និង​ទប់ស្កាត់​គ្រឿង​ញៀន​គ្រប់​កន្លែង​ដូច​អ៊ីចឹង​ទៀត ដូចជា​អាជ្ញាធរ​ជាតិ​ចុះ​ដល់​ខេត្ត ហើយ​ខេត្ត​ចុះ​ដល់​ស្រុក​នោះ ខ្ញុំ​គិត​បញ្ហា​គ្រឿង​ញៀន​នឹង​កាត់​បន្ថយ​បាន​ច្រើន»

សៀវភៅ​កត់​កន្ទុយ​លេខ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៥។
សៀវភៅ​កត់​កន្ទុយ​លេខ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៥។

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក​ឧត្តមសេនីយ៍ឯក មាស វិរិទ្ធិ បញ្ជាក់​ថា ក្នុង​ឆ្នាំ​ថ្មី​នេះ អាជ្ញាធរ​នឹង​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ និង​រៀបចំ​យន្តការ​ចុះ​ទៅ​តំបន់​ដែល​មិន​ទាន់​រៀបរយ និង​តំបន់​ដែល​ប្រឈម​ការ​ជួញ​ដូរ និង​ការ​ប្រើប្រាស់។ ទន្ទឹម​គ្នា​នេះ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបាល និង​ស្ដារ​នីតិសម្បទា ព្រម​ទាំង​បណ្តុះបណ្តាល​វិជ្ជាជីវៈ៖ «ជាមួយ​គ្នា​នោះ យើង​ក៏​ត្រៀម​បណ្តុះបណ្តាល​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​គាត់​ធ្វើ​ការ​នៅ​មូលដ្ឋាន ឲ្យ​គាត់​ចេះ​ស៊ើប​អង្កេត និង​បង្ក្រាប​គ្រឿង​ញៀន​ដោយ​ខ្លួន​ឯង។ ទន្ទឹម​គ្នា​នេះ យើង​ក៏​មាន​វិធី​លើក​ទឹក​ចិត្ត​ចំពោះ​អ្នក​ដែល​សកម្ម និង​ចូលរួម​បង្ក្រាប និង​ទប់ស្កាត់​គ្រឿង​ញៀន»

ដោយឡែក​ករណី​ឆក់​ប្លន់​ប្រដាប់​អាវុធ បាន​កើត​ឡើង​យ៉ាង​កក្រើក​ស្ទើរ​រាល់​ថ្ងៃ។ បទល្មើស​ក្នុង​ឆ្នាំ​២០១៥ នេះ ត្រូវ​បាន​អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ម៉ក់ ជីតូ បង្ហាញ​ថា ករណី​ប្លន់​មាន​ចំនួន ២៥០​ករណី ឆក់ ៩​ករណី និង​លួច​មាន​ចំនួន​ជាង ១​ពាន់​ករណី (១.០៣៨​ករណី)។

ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លើក​ឡើង​ថា ករណី​ឆក់​ប្លន់ គឺ​កើត​ឡើង​ដោយសារ​កត្តា​ធំៗ​បី គឺ​ការ​ជួញ​ដូរ​គ្រឿង​ញៀន ភាព​មិន​ប្រក្រតី​នៃ​ការ​ដោះ​លែង​ទណ្ឌិត និង​ការ​រីក​រាល​ដាល​នៃ​ល្បែង​ស៊ី​សង។ ថ្វីត្បិតតែ​ល្បែង​ស៊ី​សង​មាន​បៀ អាប៉ោង ចាក់​កន្ទុយ​លេខ និង​ឆ្នោត​កោស​វៀតណាម ជា​មេ​រោគ​បង្ក​ឲ្យ​មាន​បទល្មើស​ផ្សេងៗ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក្តី ប៉ុន្តែ​អាជ្ញាធរ​ហាក់​ពុំ​សូវ​មើល​ឃើញ​ឡើយ និង​ចាត់​វិធានការ​ទប់ស្កាត់​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ព្រៃស្រឡិត ស្រុក​ពារាំង ខេត្ត​ព្រៃវែង លើក​ឡើង​ថា នៅ​ភូមិ-ឃុំ​របស់​គាត់​មាន​ទាំង​ល្បែង មាន​ទាំង​ការ​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​វិញ​យក​ច្បាប់​បោះ​ចោល​ក្នុង​ធុង​សំរាម មិន​ខ្វាយខ្វល់​ចាត់​វិធានការ ដោយ​រវល់​តែ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ មាន​វិធានការ​លុប​បំបាត់​រាល់​អំពើ​អវិជ្ជមាន​ទាំង​នេះ​ក្នុង​ឆ្នាំ​ថ្មី៖ «មេ​ប៉ុស្តិ៍​អី បាន​បី​ទៅ​បួន​ម៉ឺន​ទៅ​បាត់​ទៅ ចង់​លេង​ល្បែង​ម៉េច​លែង​ទៅ។ ហើយ​ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា​រាល់​ថ្ងៃ»

ឆ្លើយ​តប​នឹង​ការ​ព្រួយ​បារម្ភ​នានា​ទាក់ទង​នឹង​សុវត្ថិភាព​សង្គម​នេះ កន្លង​មក​គេ​ឯង​តែង​តែ​ឮ​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ ថា​ខ្លួន​កំពុង​មាន​វិធានការ​ជាក់លាក់​ដើម្បី​ទប់ស្កាត់ និង​បង្ការ។

និយាយ​ពី​របាយការណ៍​នៃ​ការ​ជួញ​ដូរ​មនុស្ស និង​ផ្លូវ​ភេទ ដែល​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក (ADHOC) ទទួល​បាន​ពី​គ្រួសារ​ជន​រងគ្រោះ​វិញ​ម្តង។ ក្នុង​ឆ្នាំ​២០១៥ ករណី​ជួញ​ដូរ​កម្លាំង​ពលកម្ម​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន ២២៩​ករណី មាន​ជន​រងគ្រោះ​ជាង ៥០០​នាក់។ ថ្វីត្បិតតែ​តួលេខ​ថយ​ចុះ ប៉ុន្តែ​ចំនួន​ជន​រងគ្រោះ​បាន​កើន​ឡើង។ ចំណែក​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​មាន ៥​ករណី។

ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ និង​ការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​សមាគម​អាដហុក អ្នកស្រី ឆន សុគន្ធា ពន្យល់​ថា បទល្មើស​ទាំង​នេះ​ផ្ដើម​ចេញ​ពី​កត្តា​ក្រីក្រ បាត់បង់​ដីធ្លី​ក្រោម​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល។ បញ្ហា​ទាំង​នេះ បណ្ដាល​ឲ្យ​ពួក​គាត់​ងាយ​ចាញ់​បោក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​វិទ្យុ ស្ដីពី​ការ​ជ្រើស​រើស​ពលករ​ទៅ​បម្រើ​ការងារ​ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ពី​ក្រសួង​ព័ត៌មាន និង​ក្រសួង​ការងារ៖ «បញ្ហា​មួយ​ទៀត ទីផ្សារ​ការងារ​នៅ​កម្ពុជា មិន​មាន​តុល្យភាព​ជាមួយ​ចំនួន​ពលរដ្ឋ​ខ្មែរ​ដែល​ពេញ​កម្លាំង​ធ្វើ​ការ ហើយ​ប្រាក់​បៀវត្ស​ក៏​នៅ​ទាប​ជាង​បណ្ដា​ប្រទេស​ជិត​ខាង​បើ​ប្រៀបធៀប​ទៅ»

ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។ (RFA/Saut Sokprathna)

ចំពោះ​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី និង​កុមារ ដែល​មាន​ទាំង​ករណី​រំលោភ​សម្លាប់​ផង​នោះ ក៏​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​កម្ពុជា។ សមាគម​អាដហុក រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៥ បទល្មើស​រំលោភ​សេពសន្ថវៈ​មាន​ចំនួន ២២៥​ករណី កើន​ឡើង​ជាង​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន ២០១​ករណី។ ការ​កើន​ឡើង​បទល្មើស​រំលោភ​នេះ អ្នកស្រី ឆន សុគន្ធា អះអាង​ថា ដោយសារ​ការ​សម្រុះសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​កើន​ឡើង​នូវ​រូបភាព និង​វីដេអូ​អាស​អាភាស៖ «រឿង​រំលោភ គឺ​ជា​រឿង​ព្រហ្មទណ្ឌ​ដែល​មិន​អាច​ធ្វើ​ការ​សម្រុះសម្រួល​បាន​ទេ រឿង​សំណង​ជា​រឿង​សំណង ប៉ុន្តែ​នៅ​តែ​ជាប់​បណ្ដឹង​អាជ្ញា។ ជាក់ស្តែង អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​ធ្វើ​ការ​សម្រុះសម្រួល​រឿង​រំលោភ​ដដែល»

ទាក់ទិន​បញ្ហា​នេះ​ដែរ អង្គការ​លីកាដូ (LICADHO) រក​ឃើញ​ថា មាន​សំណុំ​រឿង​ជិត ៨០០​ករណី (៧៦២​ករណី) គិត​ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ ក្នុង​នោះ​ការ​រំលោភ​សេពសន្ថវៈ​ចំពោះ​ស្ត្រី និង​កុមារ​ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ គឺ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដ៏​តិចតួច ខណៈ​សំណុំ​រឿង​ជាច្រើន​ត្រូវ​បាន​បិទ​បញ្ចប់​មុន​សវនាការ​ចាប់​ផ្ដើម ឬ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ។

ការ​បណ្តោយ​ឲ្យ​អ្នក​ប្រព្រឹត្តិ​បទល្មើស​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ និង​បញ្ហា​អំពើ​ពុក​រលួយ គឺ​ជា​ការ​បង្កើត​អំពើ​អយុត្តិធម៌​ក្នុង​អំពើ​អយុត្តិធម៌​មួយ​ទៀត ដែល​នឹង​បង្កើត​ឲ្យ​សង្គម​មួយ​មាន​អំពើ​អយុត្តិធម៌​ទ្វេ​ដង ហើយ​អំពើ​អនាធិបតេយ្យ អំពើ​ហិង្សា និង​ចោរកម្ម នឹង​កើន​ឡើង​បន្ថែម​ទៀត ជាពិសេស​នឹង​ធ្វើ​ឲ្យ​បរាជ័យ​លើ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ដែល​ជា​គោល​នយោបាយ​មួយ​ការពារ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

ក្នុង​ឆ្នាំ​ថ្មី​២០១៦ នេះ ដើម្បី​ឲ្យ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​បាន​ជោគជ័យ និង​ផ្តល់​សុខដុមរមនា​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទិសទី​នោះ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ អំពាវនាវ​ឲ្យ​អាជ្ញាធរ​រឹត​បន្តឹង​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែង​ស៊ី​សង និង​រឹត​បន្តឹង​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ព្រម​ទាំង​អប់រំ​ផ្សព្វផ្សាយ​បញ្ហា​ពាក់ព័ន្ធ​ផ្សេងៗ​ឲ្យ​ពលរដ្ឋ​យល់​ដឹង។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​គួរ​តែ​ប្រើ​យន្តការ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខិតខំ​បំពេញ​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។