ក្នុងរយៈពេលប្រមាណ ២ខែចុងក្រោយនេះ មានមនុស្ស ១០នាក់ស្លាប់ក្នុងអណ្ដូងខ្នោះ ឬអណ្ដូងទឹកយោង ដោយសារថប់ដង្ហើម។ អ្នកជំនាញបង្ហាញថា បញ្ហានេះបណ្ដាលមកពីខ្វះការផ្សព្វផ្សាយព័ត៌មានស្ដីពីសុវត្ថិភាពនៅពេលចុះក្នុងអណ្ដូងនោះ និងវិធីការពារមួយចំនួនដល់ប្រជាពលរដ្ឋនៅជនបទ ដែលនៅប្រើប្រាស់ទឹកអណ្ដូងនោះ។
អាជ្ញាធរឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដាក់ផែនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យយល់ដឹងពីគ្រោះថ្នាក់ពេលចុះទៅក្នុងអណ្ដូងខ្នោះ និងវិធីការពារជាមុនមួយចំនួន។
ការដាក់ផែនការនេះ បន្ទាប់ពីមានមនុស្សស្លាប់ផ្ទួនៗគ្នា កាលពីដើមខែមិថុនា ស្លាប់មនុស្ស ៧នាក់ នៅខេត្តសៀមរាប និងនៅដើមខែកក្កដា នេះ ស្លាប់មនុស្ស ៣នាក់ទៀតនៅខេត្តក្រចេះ ដោយចុះទៅក្នុងអណ្ដូងនោះ ហើយពលរដ្ឋបានហៅអណ្ដូងនោះថាជាអណ្ដូងមច្ចុរាជ។ បច្ចុប្បន្ន អណ្ដូងទាំងនោះអាជ្ញាធរបានបិទចោលឈប់ឲ្យប្រើប្រាស់ទៀតហើយ។
ការសន្និដ្ឋានបឋមរបស់អាជ្ញាធរ និងអ្នកភូមិដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក បញ្ជាក់ថា បណ្ដាលមកពីនៅបាតអណ្ដូងនោះខ្វះខ្យល់អុកស៊ីហ្សែន (Oxygen) នាំឲ្យថប់ដង្ហើមគាំងបេះដូងស្លាប់។
មេឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ លោក តិច ងួនស្រីម មានប្រសាសន៍ថា ព័ត៌មានស្ដីពីមនុស្សស្លាប់ក្នុងអណ្ដូងទឹកស្ទើរអស់មួយគ្រួសារនៅខេត្តសៀមរាប នោះ ជាបទពិសោធន៍មួយ និងបានឮដល់ខេត្តក្រចេះ ដែរ ប៉ុន្តែមិនបានសព្វទីកន្លែង ជាពិសេសនៅភូមិល្អៀត កន្លែងកើតហេតុផ្ទាល់នោះដែលមានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីទីរួមខេត្ត។ លោកថា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តមិនទាន់បង្ហាញពីផែនការថា ត្រូវធ្វើយ៉ាងម៉េចចំពោះបញ្ហានេះនៅឡើយ ប៉ុន្តែសម្រាប់អាជ្ញាធរឃុំ លោកនឹងបញ្ជ្រាបបញ្ហានេះ និងបទពិសោធន៍មួយចំនួនជាដំណោះស្រាយជូនដល់ប្រជាពលរដ្ឋតាមភូមិឃុំនីមួយៗ និងសូមឲ្យពួកគាត់មានការប្រុងប្រយ័ត្នមុននឹងចុះទៅស្ដារអណ្ដូង ឬចុះទៅយកអ្វីមួយនៅបាតអណ្ដូងនោះ៖ «ខាងឃុំយើងមានកម្មវិធីកន្លែងណា យើងលើកកម្មវិធីផ្សព្វផ្សាយកន្លែងហ្នឹងដែរ យើងប្រជ្រៀតចូលឲ្យប្រជាជនយល់ដឹង»។
ទាក់ទងបញ្ហានេះដែរ អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រវារីវប្បកម្ម និងជាអតីតទីប្រឹក្សានៃគណៈកម្មាធិការជាតិ ដើម្បីអភិវឌ្ឍន៍ជនបទ លោក ទូច សាវី បានឲ្យដឹងដែរថា ពលរដ្ឋនៅតាមជនបទនៅខ្វះព័ត៌មានលម្អិតអំពីសុវត្ថិភាព នៃការប្រើប្រាស់អណ្ដូងទឹក ឬគ្រោះថ្នាក់នៃការចុះអណ្ដូងដោយប្រថុយប្រថាន។ លោកពន្យល់ថា ការចុះទៅក្នុងអណ្ដូងខ្នោះកាន់តែជ្រៅលើសពី ៣ម៉ែត្រឡើងទៅ កាន់តែមានបញ្ហាប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង ជាពិសេសអណ្ដូងចាស់ដែលប្រើយូរឆ្នាំហើយ។
បញ្ហាប្រឈមនោះអាចមានចំណុចសំខាន់មួយចំនួន ដូចជា ខ្វះអុកស៊ីហ្សែនសម្រាប់ឲ្យមនុស្សដែលចុះទៅនោះដកដង្ហើមគ្រប់គ្រាន់។ អណ្ដូងចាស់អាចមានជាតិពុលពពួកមេតាន (Methane) ដែលបង្កចេញពីភក់ ស្លឹកឈើស្អុយរលួយបន្ថែមពីលើបញ្ហាខ្វះអុកស៊ីហ្សែននៅក្នុងអណ្ដូងនោះទៅទៀត៖ «កាលណាស្លឹកឈើកាន់តែច្រើន កក់ស្លឹកឈើ និងភក់កាន់តែក្រាស់ ហើយវាបង្កប់មេតាន អេតាន តាមស្រទាប់នោះ ពេលជាន់ទៅវាព្រុល ផ្ទុះចេញមកអាហ្នឹង គឺពុលតែម្តងអាហ្នឹង ពុលហើយខ្វះអុកស៊ីហ្សែនបន្តទៀត គួបផ្សំពីរយ៉ាងអាចធ្វើឲ្យស្លាប់បាន»។
លោកបន្តថា ករណីមួយទៀតបើអណ្ដូងនោះស្ថិតនៅទីតាំងម្លប់ មានដើមឈើស៊ប់ទ្រុប ខ្វះពន្លឺថ្ងៃ កម្រិតនៃការខ្វះអុកស៊ីហ្សែនមានជាតិពុលក្នុងនោះកាន់តែខ្ពស់។
ឆ្លើយតបនឹងសំណួរថា ចុះកាលពីចាប់ផ្ដើមជីកដំបូង ម៉េចមិនមានករណីថប់ដង្ហើម? លោក ទូច សាវី ពន្យល់ថា កាលពីចាប់ផ្ដើមជីកដំបូងមិនមានបញ្ហានោះ ដោយសារអ្នកជីកចាប់ផ្ដើមមានចលនាយោងអាចម៍ដីឡើងចុះចាប់ពីជម្រៅរាក់ទៅ ធ្វើឲ្យមានបណ្ដូលអុកស៊ីហ្សែនក៏មានជាប់ ហើយអណ្ដូងថ្មីពុំទាន់មានជាតិពុលអ្វីផ្សេងមកឡូកឡំគ្នាដែរ៖ «វាអ៊ីចេះ កាលណាយើងកំពុងតែជីក យើងទាញទៅអាខ្យល់ហ្នឹងវាត្រូវផ្លាស់ប្ដូរពីលើចុះមកក្រោម កាលណាយើងទាញរបស់មួយឡើងទៅលើទៅ អាបណ្ដូលខ្យល់វាមក អ៊ីចឹងអ្នកនៅខាងក្រោមវាមានចំនួនតិច អ៊ីចឹងវាប្រើប្រាស់អុកស៊ីហ្សែនតិច»។
មេឃុំជ្រោយបន្ទាយ លោក តិច ងួនស្រីម បង្ហាញពីបទពិសោធន៍ផ្ទាល់នៅជនបទ ដែលធ្វើឲ្យអណ្ដូងមានអុកស៊ីហ្សែន តាមរយៈប្រើសំណុំមែក និងស្លឹកឈើ។ សំណុំមែក និងស្លឹកឈើនោះ ត្រូវចងជាប៉ាច់ទំហំប៉ុនមាត់អណ្ដូង ហើយទម្លាក់ដល់បាតអណ្ដូង ហើយទាញឡើងមកលើវិញចុះឡើងៗពី ៥ ទៅ ១០នាទី ទើបអាចចុះទៅក្នុងអណ្ដូងនោះ ដើម្បីស្ដារ ឬធ្វើអ្វីមួយបាន៖ «ដល់ពេលចុះទៅ គាត់នៅតែរាងហប់ គាត់ឡើងមកវិញមក ដល់រួចគាត់ថប់ខ្យល់ហ្នឹងទៀតទៅ ហ្នឹងដែលគាត់នៅតាមចម្ការដែលគាត់ធ្លាប់ចុះទៅដូចថប់ៗដង្ហើម ដល់ពេលធ្វើអ៊ីចឹងបានស្រួលវិញ»។
ដើម្បីពិសោធឲ្យដឹងថា អណ្ដូងនោះមានអុកស៊ីហ្សែន ឬអត់នោះ? លោក ទូច សាវី បង្ហាញថា វិធីពិសោធមានច្រើនយ៉ាង ប៉ុន្តែវិធីមួយដែលងាយ គឺយកត្រីពីមួយទៅពីរក្បាល ឬច្រើនជាងនេះ ដាក់ក្នុងទ្រុង ឬទ្រូ ទម្លាក់ចុះទៅក្នុងទឹកនៅបាតអណ្ដូងនោះយ៉ាងតិច ១០នាទី បើត្រីនោះងាប់បង្ហាញថាអណ្ដូងនោះពុំមានខ្យល់អុកស៊ីហ្សែនទេ និងពុំគួរចុះទៅទាំងប្រថុយប្រថាននោះទេ បើចាំបាច់ត្រូវមានខ្យល់បាញ់ចុះទៅជាមួយ។
ករណីមនុស្ស ១០នាក់ស្លាប់ក្នុងអណ្ដូងខ្នោះកន្លងមកនោះ ផ្ដើមឡើងដោយការជ្រុះរបស់របរបន្តិចបន្តួចចូលទៅក្នុងអណ្ដូង ហើយចង់ចុះទៅតាមយកមកវិញភ្លាមៗ។ ដូចកាលពីថ្ងៃទី៥ កក្កដា ដោយសារឆ្កែមួយក្បាលធ្លាក់ចូលក្នុងអណ្ដូងខ្នោះ នៅភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ហើយបុរសម្ចាស់ឆ្កែចុះទៅជួយស្រង់ ជាមួយគ្នានោះម្តាយ និងបុរសជាអ្នកជិតខាងម្នាក់ទៀត ដែលជាអ្នកជីកអណ្ដូងនោះផ្ទាល់ ចុះទៅតាមជួយក៏ថប់ដង្ហើមស្លាប់ទាំងឆ្កែទាំងមនុស្សបីនាក់ជាមួយគ្នា។
ចំណែកនៅខេត្តសៀមរាប វិញមានកុមារ និងមនុស្សពេញវ័យប្រុសស្រីចំនួន ៧នាក់ នៅភូមិសាលាក្រវ៉ាន់ ឃុំរំចេក ស្រុកបន្ទាយស្រី ក៏បានស្លាប់នៅក្នុងអណ្ដូងទឹកមួយកន្លែង កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា កន្លងទៅនេះដែរ។ កាលនោះ បុរសម្ចាស់ផ្ទះបានទៅដងទឹកអណ្ដូង ហើយជ្រុះដែកកេះ និងលុយចំនួន ៣ពាន់រៀល ទៅក្នុងអណ្ដូងជម្រៅ ៥ម៉ែត្រ។ គាត់បានយកបង្អោងឫស្សី១ដើម ដាក់ទៅក្នុងអណ្ដូង ហើយចុះរាវរកឃើញតែដែកកេះ មិនឃើញលុយទេ។ ក្រោយមក គាត់បានចេញពីអណ្ដូងទឹកដោយមិនបានដកបង្អោងចេញវិញទេ ធ្វើឱ្យកូនតូចៗរបស់គាត់ និងអ្នកជិតខាងចុះទៅរាវរកលុយ និងជួយក្មេងៗ ហើយក៏ដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់តែម្តង។
ទោះយ៉ាងណា ពុំទាន់មានការស្រាវជ្រាវណាមួយបញ្ជាក់ថា មានករណីស្រដៀងគ្នានេះមានប៉ុន្មានករណីទៀតនៅទូទាំងប្រទេសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
