លោក ស ខេង បញ្ជាក់​ថា​តុលាការ​រក​ឃើញ​ថា​នាយ​រង​ប៉ុស្តិ៍​ប៉ោយប៉ែត​ពិត​ជា​ជន​រងគ្រោះ

ដោយ រាជ វិញ្ញូ
2017-01-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧។ RFA/Leng Maly
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧។ RFA/Leng Maly
RFA/Leng Maly

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​សន្និដ្ឋាន​បឋម​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដែល​រក​ឃើញ​ថា នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ដែល​ត្រូវ​បាន​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា បើក​រថយន្ត​បុក​ឲ្យ​រង​របួស​ដួល​សន្លប់ គឺ​ជា​ការ​ពិត។ ការ​អះអាង​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នេះ គឺ​បន្ទាប់​ពី​ពលរដ្ឋ​មួយ​ចំនួន និង​អ្នក​ដែល​គាំទ្រ​លោក ឌិន ពុទ្ធី ដែល​ជា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា នៅ​តែ​ចាត់​ទុក​ការ​រក​ឃើញ​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ ធ្វើ​ឡើង​ដោយ​អយុត្តិធម៌។

មតិ​ផ្ទុយ​គ្នា​ពាក់ព័ន្ធ​នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ជាមួយ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី នៅ​តែ​ជា​បញ្ហា​ចម្រូងចម្រាស​ខ្លាំង​ដដែល។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា ឆ្លង​កាត់​តាម​ការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​នោះ គឺ​ការ​រក​ឃើញ​របស់​អយ្យការ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ដែល​ថា​លោក ឈាន ពិសិដ្ឋ ជា​ជន​រងគ្រោះ​ដោយសារ​ការ​បើក​រថយន្ត​បុក​របស់​លោក ឌិន ពុទ្ធី គឺ​ជា​រឿង​ពិត៖ «ពិនិត្យ​អស់​ហើយ​ជុំវិញ​រឿង​នេះ ពិត​គឺ​វា​អ៊ីចឹង ព្រោះ​អ្វី​ដែល​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ គេ​បាន​ដំណើរ​ការ»

ការ​ថ្លែង​បញ្ជាក់​របស់​លោក ស ខេង គឺ​ក្រោយ​ពី​បិទ​បញ្ចប់​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧ និង​បន្ទាប់​ពី​តុលាការ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​ចេញ​សេចក្ដី​សន្និដ្ឋាន​បឋម​ថា នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ពិត​ជា​រង​របួស​នៅ​ជើង​ស្ដាំ​រហូត​ដួល​សន្លប់ ដោយសារ​លោក ឌិន ពុទ្ធី មែន។

លោក ឈាន ពិសិដ្ឋ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក រហូត​ទៅ​ដល់​ប្រទេស​ថៃ តែ​ពីរ​បី​ថ្ងៃ​ក្រោយ​មក ស្រាប់​តែ​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នាំ​គ្នា​បង្ហោះ​ឃ្លីប​វីដេអូ​មួយ​យ៉ាង​ព្រោងព្រាត បង្ហាញ​អំពី​សកម្មភាព​លោក ឈាន ពិសិដ្ឋ កំពុង​ដើរ​ចេញ​ពី​ផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ប្រទេស​ថៃ ជាមួយ​ស្ត្រី​ម្នាក់ ហាក់​ពុំ​មាន​របួស​ឈឺ​ជើង​បន្តិច​សោះ​ឡើយ។

អ្នក​ដែល​បាន​ថត​ឃ្លីប​វីដេអូ​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២៧ ធ្នូ ថែម​ទាំង​ចោទ​សួរ​ថា តើ​ឯណា​ទៅ​ដែល​លោក ឈាន ពិសិដ្ឋ បាន​រង​របួស​ក និង​ជើង ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ តែ​បែរ​ជា​អាច​ដើរ​ដូច​មនុស្ស​ធម្មតា​បែប​នេះ​នៅ​ក្នុង​ផ្ទះ​សំណាក់​ទៅ​វិញ? ការ​ចេញ​ឃ្លីប​វីដេអូ​នេះ ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក​ចាប់​អារម្មណ៍​យ៉ាង​ច្រើន និង​បញ្ចេញ​មតិ​បន្ថែម​ថា លោក ឈាន ពិសិដ្ឋ សម្ដែង​ធ្វើ​ពុត​ជា​ដួល​សន្លប់ ហើយ​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក ឌិន ពុទ្ធី ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន។

ពាក់ព័ន្ធ​ការ​បែក​ធ្លាយ​វីដេអូ​នេះ លោក ស ខេង បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​បន្ត​ស៊ើប​អង្កេត​ស្វែងរក​អ្នក​បាន​បញ្ចេញ​ឃ្លីប​វីដេអូ​នេះ​ហើយ។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ គ្រួសារ និង​ពលរដ្ឋ​ជា​អ្នក​គាំទ្រ​លោក ឌិន ពុទ្ធី បាន​លើក​គ្នា​តវ៉ា​បិទ​ផ្លូវ ដើម្បី​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា រូប​នេះ​មក​វិញ ព្រោះ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌។

ជុំវិញ​ការ​ខ្វែង​គំនិត​គ្នា​បែប​នេះ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម លោក គឹម សុខ យល់​ថា ប្រទេស​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ និង​គោរព​ច្បាប់​ជា​ធំ គួរ​តែ​ធ្វើ​វេទិកា​ជជែក​គ្នា ដែល​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ ចុង​ចោទ​លោក ឌិន ពុទ្ធី និង​ជន​រងគ្រោះ លោក ឈាន ពិសិដ្ឋ រួច​ហើយ​ចាក់​ផ្សាយ​វេទិកា​នោះ​តាម​ទូរទស្សន៍ ដើម្បី​កុំ​ឲ្យ​មតិ​សាធារណជន​នៅ​តែ​សង្ស័យ និង​យល់​ច្រឡំ​ថា​ជា​ឆាក​ល្ខោន​ត​ទៅ​ទៀត៖ «ទូរទស្សន៍​មួយ​ណា​ហ៊ាន​ធ្វើ​កិច្ចការ​មួយ​ហ្នឹង ប្រហែល​កាន់​តែ​ល្បី​មែន​ទែន ហើយ​ការ​ធ្វើ​អ៊ីចឹង គឺ​ចំណេញ​ដល់​ស្ថានភាព​ចិត្ត​របស់​មហាជន ថា​តុលាការ​ធ្វើ​អ្វី​ដើម្បី​ពលរដ្ឋ ពន្លឺ​រឿង​ពិត​កុំ​ខ្លាច»

លោក គឹម សុខ បន្ត​ថា រឿង​អាជ្ញាធរ​តាម​ចាប់​ខ្លួន​អ្នក​បង្ហោះ​វីដេអូ​តាម​ហ្វេសប៊ុក​ដែល​បាន​ថត​សកម្មភាព​លោក ឈាន ពិសិដ្ឋ នៅ​ក្នុង​ផ្ទះ​សំណាក់​នោះ គឺ​អាច​ជា​ផែនការ​ដ៏​អាក្រក់​មួយ​បន្ថែម​ទៀត ព្រោះ​ការ​បញ្ចេញ​វីដេអូ​នេះ មិន​មែន​ជា​ករណី​លួច​ថត​ដូច​ករណី​លួច​ថត​សំឡេង​របស់​លោក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នោះ​ទេ តែ​ជា​វីដេអូ​ដែល​បង្ហាញ​ជា​សាធារណៈ ដែល​ម្ចាស់​ផ្ទះ​សំណាក់​បំពាក់​កាមេរ៉ា​ថត​រាល់​សកម្មភាព​ភ្ញៀវ​ទូទៅ​ប៉ុណ្ណោះ។

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​បញ្ជាក់​ថា អាជ្ញាធរ​គួរ​តែ​ស្វាគមន៍​ចំពោះ​ភស្តុតាង​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ឃ្លីប​វីដេអូ​បន្ថែម​នេះ រួច​យក​ទៅ​ស្រាវជ្រាវ​បន្ត ដើម្បី​អាច​ឈាន​ទៅ​ដល់​ការ​ជម្រះ​មន្ទិល​សង្ស័យ​ជូន​ពលរដ្ឋ។ ម្យ៉ាង​វិញ​ទៀត ការ​ធ្វើ​បែប​នេះ អាជ្ញាធរ​ក៏​អាច​ទទួល​បាន​ការ​កោត​សរសើរ​ថា​មាន​សេចក្ដី​ថ្លៃថ្នូរ និង​ការ​គិតគូរ​អំពី​សុខ​ទុក្ខ​ពលរដ្ឋ ស្រប​ពេល​អាជ្ញាធរ និង​តុលាការ​កំពុង​ទទួល​រង​រិះគន់​ស្រាប់​ថា អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ។ ម្យ៉ាង​វិញ​ទៀត លោក ឈាន ពិសិដ្ឋ ដួល​នៅ​មុខ​ឡាន​របស់​លោក ឌិន ពុទ្ធី នោះ ក៏​មាន​វីដេអូ​ឃ្លីប​ឃើញ​ច្បាស់​ពី​សកម្មភាព​ដួល​នោះ​ដែរ។ លើស​ពី​នេះ មាន​ទាំង​សាក្សី​ជាច្រើន​អះអាង​ថា ឡាន​លោក ឌិន ពុទ្ធី មិន​បាន​បើក​បុក​លោក ឈាន ពិសិដ្ឋ ទេ គឺ​លោក ឈាន ពិសិដ្ឋ ដួល​ដោយ​ខ្លួន​ឯង​ទៅ​វិញ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

@Him

Stop to stupid anymore people...time to wake up call and time to change a head machine...because 38+years repression and still not work at all...no time to let this group to buy a time or bargaining power anymore...be smart people do not let any stupid person to foul u around"stop stupid from now on".

Jan 04, 2017 04:07 PM

អ្នក​អាន​អនាមិក

ពាក្សថាជាប្រព័ន្ធពិតជាពាក្សត្រូវឥតខុសទាល់តែសោះក្នុងស្រុកខ្មែរ
យើងនេះ។ តាំងពីថ្នាក់តូចដល់ថ្នាក់កំពូលគឺមានភាសាតែមួយពេល
ចង់ដាក់ទោសនរណាម្នាក់។ តើឲ្យប្រជាពលរដ្នមានជំនឿយ៉ាងម៉្តេច
ទៅបើមានភស្តុតាងក្នុងខ្លិបវីដេអូទាំងពីរយ៉ាងនេះទៅហើយក៍អាចក្រ
លៃថាពិតដែរ។ យូរៗទៅទោះថ្ងៃក្រោយរឿងពិតមិនក៍គ្មាននរណា
គេយល់ថាពិតដែរព្រោះគ្មានជំនឿទាល់តែសោះ។ ខូចពូជហើយ។

Jan 02, 2017 11:19 PM

lala

ពី phnom penh

ជារឿងធម្មតាទៅហេីយត្រីធំសីុត្រីតូច‌។ហីេយបេីយេីងងាកមកមេីលសង្គមវិញវាមិនខុសគ្នាប៉ុន្មានទេអ្នកមានលុយមានអំណាចតែងតែឈ្នះអ្នកក្រជានិច្ច។
ពាក្យថាយុត្តិធមសំរាប់អ្នកក្រអ្នកគ្មានអំណាចប្រៀបដូចជារាវម្ជុលក្នុងបាតសមុទ្រអពា្ចឹង។

Jan 02, 2017 11:12 PM

មានតែអញត្រូវ

ពីដើមឡើយតែងគិតថា មកពីថ្នាក់ក្រោមធ្វើរបាយការណ៏ រឺនិយាយ ភូតភរ កុហក លើកជើង បញ្ជោរថ្នាក់លើ ទើបថ្នាក់លើមិនបានដឹងរឿងពិតរបស់រាស្ត្រ។ តែករណីមួយនេះ មានភស្ពុតាងជាវីដេអូ ហើយកក្រើកពេញប្រទេស ថ្នាក់លើនៅនិយាយទៅរួចថាឡានបើកបុក បង្កគ្រោះថា្នក់ធ្ងន់ធ្ងរ ទៅកើត ។ បើមនុស្សមើលឃើញហើយចង់ធ្វើខ្វាក់ សូមវត្ថុសាកសិទ្ធ ជូនតាមសំនើរការចង់បានរបស់ពួកគាត់ផង។ ឈប់សុំទេវតា ហើយព្រោះទេវតា បានសេពសោយឆ្អែតពីពពួកទមិឡទាំងអស់នោះ សិង្បបិទព្រះនេត្យអស់ហើយ ។

Jan 02, 2017 08:36 PM

ហានិភ័យ

ពី តាកែវ

ព្រោះតែតុលាការលោកសខេងហ្នឹងហើយ បានជារឿងឃាតកម្មជាវិជ្ជា ចាប់បានឃាតករសិប្បនិមិត្តយកមកផ្តន្ទាទោសលេងរាប់សិបឆ្នាំ ឥឡូវយកអ្នករងគ្រោះសិប្បនិមិត្តមកលេងប៉ាហ៊ីទៀតហើយ។មិនតែប៉ុណ្ណោះបែរជាចង់ទៅរកចាប់អ្នកផ្សាយរូបភាពទាញចេញពីកាម៉ាររ៉ាសុវត្តិភាពទៅវិញ តាមពិតត្រូវអរគុណគេទៅវិញទេទើបត្រូវ ឬក៏លោកសខេងចាប់ផ្តើមវង្វេងហើយទេដឹង ព្រោះអាយុកាន់តែចាស់ អង្គុយកៅអីឡើងដុះស្នឹម។

Jan 02, 2017 07:13 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល