អង្គការសង្គ្រោះកុមារ (Save Children Organization) ជួយគាំទ្រដល់ក្រសួងអប់រំ ឲ្យអនុវត្តគោលនយោបាយសាលាកុមារមេត្រី បង្កើននូវសេវាគាំពារ និងអភិវឌ្ឍកុមារតូច និងរៀបចំក្របខ័ណ្ឌសាលារៀនមានសុវត្ថិភាព។ អង្គការនេះ ក៏ចូលរួមជំរុញការសិក្សាប្រកបដោយគុណភាពខ្ពស់សម្រាប់កុមារគ្រប់រូប ជាពិសេសកុមារដែលកំពុងរស់នៅតំបន់ដាច់ស្រយាល។
អង្គការសង្គ្រោះកុមារ បានប្រគល់អគារសិក្សាចំនួន ២៣១ខ្នង និងអគារសិក្សារោងដោល ឬឆ្លងកាត់ចំនួន ១៨៦ខ្នងទៀត ដែលអង្គការនេះបានកសាងក្នុងខេត្តចំនួន៩ ដល់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រគល់នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធសាលាបឋមសិក្សា ខ្ចាន់ ជាល ឋិតក្នុងស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី៨ ខែមិថុនា។
មន្ត្រីឯកទេសជាន់ខ្ពស់ផ្នែកតស៊ូមតិអង្គការសង្គ្រោះកុមារ អ្នកស្រី សៀវ សិនិទ្ធ បញ្ជាក់ថា គោលបំណងសំខាន់របស់អង្គការសង្គ្រោះកុមារ គឺធ្វើយ៉ាងណាផ្តល់លទ្ធភាពផ្នែកអប់រំឲ្យបានទៅដល់កុមារនៅប្រទេសកម្ពុជា ជាពិសេសកុមារដែលគេបោះបង់ចោល រួមទាំងកុមាររស់នៅតំបន់ជនបទ។ អ្នកស្រីកត់សម្គាល់ថា កន្លងទៅនេះ ការផ្តល់សេវាវិស័យអប់រំដែលអង្គការសង្គ្រោះកុមារ បានសហការធ្វើជាមួយក្រសួងអប់រំ ជួយលើកកម្ពស់យល់ដឹងរបស់អាជ្ញាធរមូលដ្ឋាន មាតាបិតាកុមារនៅតាមមូលដ្ឋានចូលរួមលើកកម្ពស់វិស័យអប់រំបានកាន់តែច្រើន និងធ្វើឲ្យគម្លាតវិស័យអប់រំនៅទីក្រុង និងជនបទបានកាន់តែប្រសើរឡើង៖ « យើងត្រូវតែរួមគ្នាធ្វើម៉េចឲ្យកម្មវិធីអប់រំបានទៅដល់កុមារនៅជនបទដាច់ស្រយាលឲ្យបានច្រើនជាងមុន កុំឲ្យមានគម្លាតរវាងការអប់រំជនបទ និងទីក្រុងដាច់គ្នាឆ្ងាយពេក។ ដូច្នេះយើងត្រូវបង្វែរទិសដៅទាំងរដ្ឋាភិបាល ទាំងអ្នកធ្វើការទាក់ទងកុមារទាំងឡាយ ផ្ដោតអារម្មណ៍ឲ្យច្បាស់ទៅលើក្មេងនៅតំបន់ជនបទដាច់ស្រយាល »។
ចាប់ពីឆ្នាំ២០០០ រហូតឆ្នាំ២០១៥ អគារសិក្សាចំនួន ៤១៧ខ្នង បង្គន់អនាម័យ ៣០០ និងអន្តេវាសិកដ្ឋានសម្រាប់គ្រូ និងសិស្សចំនួន ៥០ខ្នង ត្រូវបានអង្គការសង្គ្រោះកុមារ សាងសង់សម្រាប់វិស័យអប់រំនៅកម្ពុជា ដែលចំណាយអស់ថវិកាចំនួន ១១លានដុល្លារអាមេរិក ក្នុងនោះថវិកាមួយភាគធំទទួលបានពីទីភ្នាក់ងារប្រទេសន័រវេសន៍ (Norway) សម្រាប់ការអភិវឌ្ឍអន្តរជាតិ (NORAD) និងអង្គការម្ចាស់ជំនួយផ្សេងទៀត។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន ស្វាគមន៍ការចូលរួមរបស់អង្គការជាតិ និងអន្តរជាតិនានា ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ និងការគាំពារកុមារងាយរងគ្រោះ និងកុមាររស់នៅតំបន់ជនបទ។ លោកថា នៅប្រទេសកម្ពុជា កុមារខ្វះទីពឹង ក្រីក្រ កុមារពិការមានចំនួន ២ភាគរយនៃចំនួនកុមារដែលចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាបច្ចុប្បន្ន៖ « ដោយសារការអប់រំរឹតតែដើរតួសំខាន់ក្នុងការផលិតធនធានមនុស្ស ដែលមានគុណភាព។ ដូច្នេះយើងគិតគូរតាំងពីកម្រិតមត្តេយ្យ និងកម្រិតបឋមមកតែម្តង។ អ៊ីចឹងទេ ក្រសួងស្វាគមន៍ធ្វើការជាមួយដៃគូទាំងអស់ ធ្វើការកសាងសាលា ការអនុវត្តកម្មវិធីក្នុងសាលារៀន និងកម្មវិធីផ្សេងៗពាក់ព័ន្ធកុមារតូចៗ និងកុមារមធ្យម »។
អង្គការសង្គ្រោះកុមារ គឺជាអង្គការឯករាជ្យឈានមុខគេលើពិភពលោកសម្រាប់កុមារ។ ចាប់តាំងពីឆ្នាំ១៩៧៩ មក អង្គការសង្គ្រោះកុមារ ប្រចាំប្រទេសកម្ពុជា កំពុងធ្វើការជាមួយដៃគូក្នុងស្រុក និងដៃគូជាតិ និងអន្តរជាតិ ដោយផ្តល់អាទិភាពលើសិទ្ធិកុមារ និងលើកកម្ពស់សំឡេងរបស់កុមារដែលរងគ្រោះ និងបាត់បង់ឱកាស។
នាយិកាអង្គការសង្គ្រោះកុមារ ប្រចាំប្រទេសកម្ពុជា គឺអ្នកស្រី អេលីហ្សាប៊ែត ភៀស អះអាងថា នឹងបន្តធ្វើការងារជាមួយក្រសួងអប់រំ រហូតធានាបាននូវការសិក្សាប្រកបដោយគុណភាពខ្ពស់សម្រាប់កុមារគ្រប់រូបក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
