កម្ពុជា​ជំរុញ​ឲ្យ​មាន​គោល​នយោបាយ​ជាតិ​ស្ដីពី​បច្ចេកវិទ្យា​និង​ការ​ច្នៃប្រឌិត

វិទ្យាសាស្ត្រ បច្ចេកវិទ្យា គឺ​ជា​ចង្កូត​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក។ ហេតុនេះ មន្ត្រី​អន្តរ​ក្រសួង​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​មួយ ដើម្បី​ជជែក​អំពី​ខ្លឹមសារ​នៅ​ក្នុង​សេចក្ដី​ព្រាង​គោល​នយោបាយ​ជាតិ ស្ដីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត​បង្កើត​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា។
ដោយ ខែ សុណង
2013-02-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អាន (Anne) តំណាង​យូណេស្កូ ៣០៥
អ្នកស្រី អាន (Anne) តំណាង​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​១ លើ​សេចក្ដី​ព្រាង​គោល​នយោបាយ​ជាតិ ស្ដីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៣។
RFA/Khe Sonorng

ការ​រៀបចំ​ឲ្យ​មាន​សេចក្ដី​ព្រាង​គោល​នយោបាយ​នេះ កម្ពុជា មាន​បំណង​លើក​កម្ពស់​ការ​កសាង​ទេពកោសល្យ​សមត្ថភាព​ធនធាន​មនុស្ស ការ​សិក្សា​ស្រាវជ្រាវ បច្ចេកវិទ្យា និង​ការ​ប្រើប្រាស់ ការ​ច្នៃប្រឌិត​បង្កើត​ថ្មី​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដើម្បី​ប្រកួត​ប្រជែង​នៅ​ពេល​ដែល​អាស៊ាន​បង្កើត​ជា​សហគមន៍​តែ​១​នៅ​ឆ្នាំ​២០១៥​ខាង​មុខ។

វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សង្គម​មនុស្ស ពីព្រោះ​ការ​សម្រេច​បាន​ជោគជ័យ​ផ្នែក​វិទ្យាសាស្ត្រ បាន​រួម​វិភាគទាន​កាន់​តែ​ច្រើន​ឡើង​ទៅ​ក្នុង​ភាព​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា ដែល​មាន​ឥទ្ធិពល​លើ​ទម្លាប់​ដែល​មនុស្ស​កំពុង​រស់នៅ និង​ប្រកប​ការងារ។

តំណាង​ក្រុម​ជំនាញ​ថ្នាក់​ជាតិ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជិន ឆរម្យ មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា រៀបចំ​ឲ្យ​មាន​គោល​នយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​នេះ។ កម្ពុជា ដាច់​ខាត​ត្រូវ​តែ​មាន​គោល​នយោបាយ​ថ្នាក់​ជាតិ​មួយ​ច្បាស់​លាស់​ក្នុង​ការ​តម្រែតម្រង់ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ត្រៀម​ប្រកួត​ប្រជែង​នៅ​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

លោក ជិន ឆរម្យ៖ «យើង​ត្រូវ​ត្រៀម​ខ្លួន យើង​ចង់ៗ​មិន​ចង់ គឺ​យើង​ទៅ​ហើយ។ ចង់​មិន​ចង់​គឺ​នៅ​២០១៥ នេះ គឺ​យើង​ចូល​រួម​ជាមួយ​គេ​ហើយ។ ដូច្នេះ​បច្ចុប្បន្ន​នៅ​សល់​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ដើម្បី​យើង​ត្រៀម​ខ្លួន​យើង​នៅ​ពេល​យើង​ចូល​សមាគម​អាស៊ាន»

កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៣ គណៈកម្មាធិការ​ជាតិ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អាស៊ាន ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកទេស បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើក​ទី​១ លើ​សេចក្ដី​ព្រាង​គោល​នយោបាយ​ជាតិ ស្ដីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រាប់​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ ក្រោម​កិច្ច​សហការ​របស់​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​នៅ​កម្ពុជា ដែល​គាំទ្រ ដោយ​មូលនិធិ​ជប៉ុន។ សេចក្ដី​ព្រាង​គោល​នយោបាយ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដាក់​ជូន​រដ្ឋាភិបាល​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០១៣។

អគ្គនាយក​រង​ឧស្សាហកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​អ្នក​សម្របសម្រួល​គម្រោង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា លោក សឹម ណារ៉ា បាន​ថ្លែង​ថា ការ​ចងក្រង​សេចក្ដី​ព្រាង​គោល​នយោបាយ​នេះ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​អ្នក​ជំនាញ​ជាតិ។ លោក​ថា សេចក្ដី​ព្រាង​នេះ​មាន​គោលដៅ​បង្កើត​លក្ខខណ្ឌ និង​បរិស្ថាន​ដ៏​សមស្រប​មួយ​សម្រាប់​កសាង​សមត្ថភាព​ធនធាន​មនុស្ស និង​ការ​សិក្សា​ស្រាវជ្រាវ​បច្ចេកវិទ្យា និង​ការ​ប្រើប្រាស់​ច្នៃប្រឌិត​បង្កើត​ថ្មី។ ទន្ទឹម​នឹង​គ្នា​នេះ គឺ​ការ​បង្កើត​ក្របខ័ណ្ឌ​ការងារ​សម្រាប់​អន្តរ​ស្ថាប័ន​នៅ​ក្នុង​ការ​អភិវឌ្ឍ និង​អនុវត្តន៍​កម្មវិធី​បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត​បង្កើត​ថ្មី​នៅ​គ្រប់​វិស័យ រួម​ទាំង​មាន​គោលដៅ​ធ្វើ​សមាហរណកម្ម​បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត​ទៅ​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ។

លោក សឹម ណារ៉ា៖ «ផែនការ​របស់​យើង​ខែ​៣ រៀបចំ​ដើម្បី​ដាក់​ជូន​រាជ​រដ្ឋាភិបាល​យើង​មិន​ដឹង​ថា​តើ​រាជ​រដ្ឋាភិបាល​អនុម័ត​យ៉ាង​ម៉េច​ទេ។ ប៉ុន្តែ​ក្រុម​ខ្ញុំ​ខាង​គណៈកម្មាធិការ​ជាតិ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អាស៊ាន ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកទេស​នេះ គឺ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​សេចក្ដី​ព្រាង​នេះ​ដាក់​ជូន​រាជ​រដ្ឋាភិបាល​តាម​រយៈ​ថ្នាក់​ដឹកនាំ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល»

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកទេស លោក ជា ស៊ាងហុង បាន​ថ្លែង​ថា ប្រទេស​ជាតិ​មួយ​មិន​អាច​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​នៅ​លើ​ទីផ្សារ​ពិភពលោក ដោយ​ពុំ​មាន​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បាន​ទេ ស្រប​ពេល​ដែល​កម្ពុជា ជា​ប្រទេស​សមាជិក​អាស៊ាន​នោះ។

លោក ជា ស៊ាងហុង៖ «វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សង្គម​មនុស្ស ពីព្រោះ​ការ​សម្រេច​បាន​ជោគជ័យ​ផ្នែក​វិទ្យាសាស្ត្រ បាន​រួម​វិភាគទាន​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ភាព​ជឿនលឿន​ផ្នែក​វិទ្យាសាស្ត្រ​ដែល​មាន​ឥទ្ធិពល​លើ​ទម្លាប់​ដែល​ប្រជាពលរដ្ឋ​នៅ និង​ប្រកប​ការងារ»

លោក ជា ស៊ាងហុង បន្ត​ថា វិទ្យាសាស្ត្រ​បាន​គាំទ្រ​ដល់​ការ​លើក​កម្ពស់​សុខុមាលភាព​មនុស្ស ពីព្រោះ​វា​បាន​អភិវឌ្ឍន៍​បច្ចេកវិទ្យា​សម្រាប់​ផលិតកម្ម​ចំណី​អាហារ សុខភាព វិស្វកម្ម និង​ទំនាក់ទំនង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វិទ្យាសាស្ត្រ​មាន​សារៈសំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​មនុស្ស ដូចជា​ការ​បំផ្លាញ​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម។

ពិត​មែន​ហើយ បច្ចេកវិទ្យា វិទ្យាសាស្ត្រ មាន​សារប្រយោជន៍​សម្រាប់​សង្គម​ជាតិ។ ប៉ុន្តែ​គេ​ពុំ​ទាន់​ឃើញ​មាន​ការ​ស្រាវជ្រាវ​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា អំពី ថា​តើ​ពលរដ្ឋ​មាន​ការ​យល់​ដឹង​កម្រិត​ណា​ចំពោះ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នោះ​ទេ។

តំណាង​ក្រុម​ជំនាញ​ថ្នាក់​ជាតិ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជិន ឆរម្យ បញ្ជាក់​ថា បច្ចេកវិទ្យា វិទ្យាសាស្ត្រ កំពុង​តែ​ជ្រួតជ្រាប​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​ប្រចាំ​ថ្ងៃ៖ «បើ​សិន​យើង​និយាយ​សាមញ្ញ ថា​តើ​ប្រជាជន​យើង​យល់​ដឹង​ប៉ុណ្ណា​ក្នុង​បច្ចេកវិទ្យា វិទ្យាសាស្ត្រ។ យើង​មិន​បាច់​មើល​អី​ច្រើន​ទេ គ្រាន់​តែ​ប្រជាជន​សព្វ​ថ្ងៃ​ប៉ុន្មាន​នាក់​ប្រើ​ទូរស័ព្ទ​ដៃ​បច្ចុប្បន្ន​នោះ យើង​អាច​យល់​ដឹង​ហើយ»

សេចក្ដី​ព្រាង​គោល​នយោបាយ​ជាតិ ស្ដីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត​បង្កើត​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា ពុំ​មាន​ចែង​ជា​ជំពូក ឬ​មាត្រា​ឡើយ។

សេចក្ដី​ព្រាង​នេះ​ផ្ដោត​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន គឺ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ការ​ជំរុញ​ការ​ស្រាវជ្រាវ ការ​ជំរុញ​ការ​សិក្សា​ផ្នែក​បច្ចេកវិទ្យា វិទ្យាសាស្ត្រ ជំរុញ​ការ​ទំនាក់ទំនង​គ្នា​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ទាក់ទង​វិស័យ​វិទ្យាសាស្ត្រ ដើម្បី​សហការ​គ្នា​ឈាន​ទៅ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា វិទ្យាសាស្ត្រ​នេះ​មាន​ប្រសិទ្ធភាព ក្នុង​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល