ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងបើកសម័យប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុប ឆ្នាំ២០១៤ នេះ លើកទី២ នៅពាក់កណ្ដាលខែតុលា ខាងមុខ គឺក្រោយការប្រកាសលទ្ធផលប្រឡងលើកទីមួយប្រមាណមួយខែកន្លះ។ ការប្រឡងឡើងវិញនេះ ដោយសារក្រសួងប៉ាន់ប្រមាណថា អ្នកប្រឡងប៉ីសជាប់នឹងមានចំនួនច្រើនលើសលប់។
ចំណែកសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ បានរិះគន់ចំពោះគម្រោងប្រឡងឡើងវិញនេះថា ធ្វើតែតាមសម្ដីនាយករដ្ឋមន្ត្រីដោយពុំមានគោលការណ៍ ទិសដៅក្នុងការកែទម្រង់គុណភាពលើវិស័យអប់រំច្បាស់លាស់។
ទន្ទឹមនឹងការដាក់ផែនការរៀបចំប្រឡងឡើងវិញនោះ ក្រសួងអប់រំ ក៏កំពុងរៀបចំឲ្យមានវគ្គសិក្សាបំប៉នរយៈពេលខ្លីដល់សិស្សប្រឡងធ្លាក់នៅតាមគ្រឹះស្ថានសិក្សានីមួយៗដោយឥតគិតថ្លៃ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍បញ្ជាក់នៅថ្ងៃទី១៤ សីហា ថា វគ្គសិក្សាបំប៉ននេះមានរៀបចំជាមេរៀនខ្លីៗលើមុខវិជ្ជាសំខាន់ៗ ដែលត្រូវប្រឡង ហើយសិស្សដែលប្រឡងធ្លាក់លើមុខវិជ្ជាណា អាចចូលរៀនមុខវិជ្ជានោះបន្ថែម មុនចូលប្រឡងលើកទី២ ដែលក្រសួងទុករយៈពេលមួយខែកន្លះ ក្រោយចេញលទ្ធផលប្រឡងលើកទីមួយ ដែលគ្រោងប្រកាសនៅចុងខែសីហា នេះ៖ «ដើម្បីជួយសិស្សដែលក្រីក្រ គាត់លំបាកអីហ្នឹង ជួយបង្រៀនដោយអត់គិតថ្លៃ»។
លោក ហង់ ជួនណារ៉ុន បញ្ជាក់ទៀតថា ការប្រឡងលើកទី២ គឺក្រសួងនៅតែរក្សាស្តង់ដារតែមួយ ដូចការប្រឡងលើកទីមួយនៅឆ្នាំ២០១៤ នេះដែរ។
សម្រាប់ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យវិញ លោកមិនគាំទ្រឲ្យប្រឡងឡើងវិញទេ ដោយលោកគិតថា នឹងនាំឲ្យខាតថវិកាជាតិ ហើយលោកបានរិះគន់ថា ក្រសួងហាក់មានជំហរមិនរឹងមាំក្នុងការតាំងចិត្តពង្រឹងគុណភាពប្រឡង គុណភាពសិក្សាដោយអនុវត្តតាមតែការស្រែកបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ដូចថាជារូបភាពមួយដែលនាយករដ្ឋមន្ត្រីផ្គាប់ចិត្តតាមសាកលវិទ្យាល័យ មហាវិទ្យាល័យ ព្រោះកាលណាធ្លាក់ច្រើនអ៊ីចឹងទៅ សាកលវិទ្យាល័យមហាវិទ្យាល័យមួយចំនួនធំហ្នឹង នឹងអត់សិស្សដាក់ កាលណាអត់សិស្សដាក់ នឹងប្រឈមនឹងការបិទទ្វារ ពីព្រោះសាកលវិទ្យាល័យ មហាវិទ្យាល័យច្រើនជារបស់អ្នកឧកញ៉ា អ្នកមុខអ្នកការចេញពីរដ្ឋាភិបាលចេញពីរដ្ឋាភិបាល។ អ៊ីចឹងបើគិតពីផលប្រយោជន៍បុគ្គល ក្រុមបក្ខពួកច្រើនដោយមិនគិតពីផលប្រយោជន៍ជាតិ»។
លោកបន្តថា បើប្រឡងឡើងវិញ ក្រសួងនៅតែរឹតបន្តឹងមិនឲ្យមានអំពើពុករលួយ មិនឲ្យមានលួចចម្លងគ្នា លេចធ្លាយវិញ្ញាសាមុនប្រឡង ជាដើមនោះ លោកមិនសង្ឃឹមថា សិស្សនឹងអាចប្រឡងជាប់ច្រើននោះទេ ព្រោះសិស្សភាគច្រើនគាត់មិនចេះ ឬបានបណ្តោយខ្លួនមិនរៀនសូត្រពេញមួយឆ្នាំរួចទៅហើយ៖ «បាទ! យើងគិតថាការដែលពួកគាត់អត់ចេះនេះ មិនមែនកំហុសរបស់ពួកគាត់ទេ គឺដោយសារបរិយាកាសសង្គមផង ដោយមិនបានយកចិត្តទុកដាក់ និងជំរុញបញ្ហាទាំងអស់នេះ»។
ទាក់ទងបញ្ហានេះ លោក ហង់ ជួនណារ៉ុន បានបដិសេធចំពោះការលើកឡើងរបស់ លោក រ៉ុង ឈុន លោកបន្តថា ការប្រឡងលើកទី២នេះ ដោយសារក្រសួងចង់រក្សាជំហរដើមរបស់ខ្លួន ហើយមិនចង់ទម្លាក់គុណភាព ឬស្តង់ដារនៃកាប្រឡង ប៉ុន្តែក្រសួងចង់ផ្តល់ឱកាសជាលើកទី២ដល់សិស្សទទួលបានពិន្ទុប៉ីសជាប់ ដែលគិតថានឹងអាចមានចំនួនច្រើន ព្រមទាំងចង់ឲ្យសិស្សទាំងអស់ប្ដូរឥរិយាបថថា ត្រូវតែខំប្រឹងរៀនទើបចេះ ហើយអាចប្រឡងជាប់៖ «នេះជាសារមួយថាត្រូវតែខំរៀន ហើយទោះបីជាមួយខែក្តី មួយខែកន្លះក្តី បើគាត់ចេះ ហើយរៀនបន្ថែមទៀតទៅ គឺគាត់ចេះហើយ»។
លោកបន្តថា ការប្រឡងលើកទី២នេះ មិនមែនជារឿងថ្មីទេសម្រាប់កម្ពុជា គឺមានការប្រឡងលើកទី២ តាំងពីចន្លោះឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ១៩៩៩ ប៉ុន្តែការកំណត់បែបនេះ គឺពុំមានចែងក្នុងច្បាប់អប់រំទេ។
ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិបាក់ឌុបឆ្នាំ២០១៤ នេះ ក្រសួងបានចំណាយប្រាក់សរុបចំនួនប្រមាណ ៤លានដុល្លារ ដែលបានកើនឡើងទ្វេដង បើប្រៀបធៀបនឹងការចំណាយនៅឆ្នាំមុនៗ។ ចំណែកការចំណាយក្នុងការប្រឡងលើកទី២វិញ ក្រសួងគ្រោងចំណាយប្រមាណតែពាក់កណ្ដាលទេ បើប្រៀបធៀបនឹងការចំណាយកាលពីលើកទីមួយនោះ ពីព្រោះសិស្សប្រឡងអាចមានចំនួនតិចជាងមុន ហើយថវិកាទាំងនេះជាថវិកាជាតិ។
ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០១៤ មានបេក្ខជនសរុបចំនួនជាង ៩ម៉ឺននាក់។ តាមការប៉ានប្រមាណពីក្រុមកំណែវិញ្ញាសា បានបង្ហាញលទ្ធផលបឋមមិនផ្លូវការថា សិស្សដែលមានពិន្ទុជាប់នោះមានតែប្រមាណ ២០ភាគរយប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
