អាជ្ញាធរ​ខេត្ត​កំពង់ចាម​ប្ដេជ្ញា​រក្សា​សន្តិសុខ​ឲ្យ​បាន​ល្អ​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កំពង់ចាម បញ្ជាក់​ថា សមត្ថកិច្ច​បាន​ត្រៀម​កម្លាំង​ជាច្រើន​ពាន់​នាក់ ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។ អាជ្ញាធរ​លើក​ឡើង​ថា សមត្ថកិច្ច​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​រក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ រហូត​ទទួល​បាន​ការ​លើក​សរសើរ​ពី​សំណាក់​ពលរដ្ឋ​ទូទៅ ឬ​ទទួល​បាន​ជ័យ​លាភី​ពី​ថ្នាក់​លើ​ថែម​ទៀត​ផង។

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក បែន រ័ត្ន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ មេសា ថា អាជ្ញាធរ​ខេត្ត បាន​តៀម​កង​កម្លាំង​ប្រមាណ ២​ពាន់​នាក់ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់ សន្តិសុខ ព្រម​ទាំង​សម្រប​សម្រួល​ចរាចរណ៍​ឲ្យ​បាន​ប្រសើរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ ដែល​មាន​រយៈពេល ៤​ថ្ងៃ​នេះ។ លោក​បន្ត​ថា អាជ្ញាធរ​បាន​ត្រៀម​កម្លាំង​ដាក់​នៅ​តំបន់​គោលដៅ​សំខាន់ៗ ដូចជា​នៅ​តាម​ទីផ្សារ រមណីយដ្ឋាន និង​តាម​វត្ត​អារាម កំពង់​ចម្លង ព្រម​ទាំង​ដាក់​កម្លាំង​ចរាចរណ៍​នៅ​ជិត ២០​គោលដៅ។

លោក​បន្ត​ថា មន្ត្រី​ចរាចរណ៍​កាន់​តែ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ស្ថានភាព​បើកបរ​របស់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត។ ស្នងការ​រូប​នេះ​បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​ស្ថានភាព​ចរាចរណ៍ គឺ​មិន​មែន​មាន​គោលដៅ​ចង់​ផាក​ពិន័យ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដល់​ពួក​គាត់ ជៀសវាង​មាន​គ្រោះថ្នាក់​កើត​ឡើង​ដោយ​យថាហេតុ ពីព្រោះ​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល៖ « ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ប្រឹងប្រែង​ដើម្បី​ឲ្យ​ទទួល​បាន​ជ័យ​លាភី​ក្នុង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​នៅ​ខេត្ត​កំពង់ចាម »

ស្នងការ​ដដែល​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​បាន​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​គ្រោះ​អគ្គីភ័យ ទាំង​ភ្លើង​ចង្ក្រាន ភ្លើង​ធូប​ទាន និង​ភ្លើង​អគ្គិសនី​ផ្សេងៗ ជាដើម ក្នុង​នោះ​សមត្ថកិច្ច​បាន​ត្រៀម​ឡាន​ទឹក ៤​ស្ថានីយ​ទូទាំង​ខេត្ត ព្រម​ទាំង​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​លើ​បញ្ហា​នេះ​ទៀត​ផង។ លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​មន្ត្រី​នគរបាល​ទាំងអស់ ត្រូវ​ត្រៀម​លក្ខណៈ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​ក៏ដោយ ប៉ុន្តែ​ជា​គោលការណ៍ ពួក​គាត់​ត្រូវ​ប្ដូរ​វេន​គ្នា​ដើម្បី​ឈប់​សម្រាក​ទៅ​ចូលរួម​ធ្វើ​បុណ្យ​ទាន​ជួប​ជុំ​ប្រពន្ធ​កូន និង​មាន​ថវិកា ព្រម​ទាំង​សម្ភារៈ​ឧបត្ថម្ភ​ខ្លះ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់។

អភិបាល​ស្តីទី​ខេត្ត​កំពង់ចាម លោក ជឹម លាវ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ស្ថានភាព​ក្រុង និង​នៅ​តាម​កន្លែង​កម្សាន្ត​មួយ​ចំនួន​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង។ ជាមួយ​គ្នា​នេះ គ្រប់​ស្ថាប័ន អង្គភាព ឬ​មន្ទីរ គេ​បាន​រៀបចំ​ចង​បដា ដោយ​មាន​អត្ថន័យ​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​មាន​ភ្លើង​ពណ៌​ផ្សេងៗ ដើម្បី​លំអ​សម្រស់ ជាដើម។ លោក​សង្ឃឹម​ថា នឹង​មាន​ប្រជាពលរដ្ឋ​ច្រើន​មក​លេង​កម្សាន្ត​នៅ​ក្នុង​ទឹក​ដី​ខេត្ត​មួយ​នេះ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី៖ « នៅ​ក្រុង​កំពង់ចាម យើង​ជ្រើស​រើស​យក​វត្ត​នគរ​ក្នុង គឺ​ប្រាសាទ​នគរ​បាជ័យ ដើម្បី​លេង​ល្បែង​កម្សាន្ត​នៅ​តំបន់​នោះ »

ខេត្ត​កំពង់ចាម មាន​វត្ត​អារាម​ជាង ៣០០​វត្ត និង​មាន​រមណីយដ្ឋាន​មួយ​ចំនួន ដូចជា​រមណីយដ្ឋាន​វត្ត​នគរ​បាជ័យ ឬ​ប្រសាទ​វត្ត​នគរ រមណីយដ្ឋាន​ទឹកឆា ភ្នំ​ប្រុស​ភ្នំ​ស្រី វត្ត​ហានជ័យ ឬ​ភ្នំ​ហានជ័យ។ ក្រៅ​ពី​នេះ ពលរដ្ឋ​អាច​នាំ​គ្នា​ទៅ​លេង​បឹង​ធំ ដែល​ជា​បឹង​ធម្មជាតិ។ លើស​ពី​នេះ​ទៀត ពួក​គាត់​អាច​នាំ​គ្នា​ទៅ​លេង​រមណីយដ្ឋាន​កោះ​ប៉ែន ឬ​ទឹក​ដី​កោះ​ប៉ែន ដោយ​ត្រូវ​ឆ្លង​ស្ពាន​ឫស្សី​ចេញ​ពី​ក្រុង​កំពង់ចាម ហើយ​ពួក​គាត់​អាច​គយគន់​សម្រស់​ទឹក​ដី​កោះ​ប៉ែន ព្រម​ទាំង​ដំណាំ​ហូប​ផ្លែ​ដែល​មាន​ជាច្រើន​នៅ​ទីនោះ។

ក្រៅ​ពី​ជួយ​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ ស្នងការ​នគរបាល​ខេត្ត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ទាំង​ការ​បើកបរ និង​ដើរ​លេង​កម្សាន្ត ព្រម​ទាំង​រាយការណ៍​មក​សមត្ថកិច្ច​គ្រប់​ពេល ខណៈ​ឃើញ​មាន​មនុស្ស​គួរ​ឲ្យ​សង្ស័យ ឬ​មាន​ហេតុ​អាក្រក់​បម្រុង​នឹង​កើត​មាន​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។