ប៉ូលិស​ខេត្ត​សៀមរាប​រក​ឃើញ​ម៉ូតូ​ជាង​៧០​គ្រឿង​លាក់​ទុក​ខុស​ច្បាប់​ក្នុង​ផ្ទះ​មួយ​កន្លែង

ស្នងការ​រង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប បាន​រក​ឃើញ​កន្លែង​លាក់​ទុក​ម៉ូតូ​ខុស​ច្បាប់​ចំនួន ៧២​គ្រឿង នៅ​ក្នុង​ភូមិ​អារញ្ញ នៃ​សង្កាត់​សៀមរាប ក្រុង​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២១ ខែ​កក្កដា។

ស្នងការ​រង​នគរបាល ទទួល​បន្ទុក​ព្រហ្មទណ្ឌ គឺ​លោក ថង សាគុណ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២១ ខែ​កក្កដា ថា កម្លាំង​របស់​លោក​បាន​រក​ឃើញ​ផ្ទះ​មួយ​ដែល​នៅ​ជាប់​មាត់​ស្ទឹង ហើយ​បាន​លាក់​ទុក​ម៉ូតូ​ជាច្រើន​គ្រឿង។ តាម​ការ​សាកសួរ ម្ចាស់​ផ្ទះ​បាន​ប្រាប់​ថា គឺ​ជា​ម៉ូតូ​ដែល​គេ​យក​មក​បញ្ចាំ។ ទោះ​យ៉ាង​ណា មន្ត្រី​ប៉ូលិស​បាន​ពិនិត្យ​មើល​ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​បញ្ចាំ ហើយ​រក​ឃើញ​ថា ម៉ូតូ​ខ្លះ​ដែល​គេ​រក្សា​ទុក គឺ​មិន​ត្រឹមត្រូវ​តាម​ច្បាប់។

លោក ថង សាគុណ ឲ្យ​ដឹង​ថា ប៉ូលិស​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ផ្ទះ​ដែល​លាក់​ទុក​ម៉ូតូ​នោះ គឺ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក​ម៉ូតូ ដែល​បាន​ពី​អំពើ​ចោរកម្ម៖ «សាលា​ក្រុង សាលា​ខេត្ត​សៀមរាប បាន​ចុះ​ពិនិត្យ​ទៅ​លើ​ផល​ប៉ះពាល់​ដី​ចំណី​ស្ទឹង ពេល​នោះ​ស្នងការ​ក៏​បញ្ជា​កម្លាំង​សន្តិសុខ​ឲ្យ​តាម​ពិនិត្យ​មើល​ទៅ​លើ​ផ្នែក​រដ្ឋបាល​ផង ស្រាប់​តែ​ប្រទះ​ឃើញ​ផ្ទះ​មួយ​កន្លែង បាន​លាក់​ទុក​ម៉ូតូ​ដ៏​ច្រើន​នេះ»

ក្រោយ​ពី​ការ​រក​ឃើញ​កន្លែង​ស្ដុក​ម៉ូតូ​គួរ​ឲ្យ​សង្ស័យ​នោះ​មក គឺ​សមត្ថកិច្ច​បាន​រឹប​អូស​យក​ម៉ូតូ​ចំនួន ២៨​គ្រឿង ក្នុង​ចំណោម​នោះ​ទៅ​រក្សា​ទុក ដោយ​សង្ស័យ​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។