អភិបាលថ្មីក្រុងព្រះសីហនុ ដាក់បទបញ្ជាចំនួន ៨ចំណុច ជូនពលរដ្ឋដែលបម្រើសេវាផ្នែកទេសចរណ៍ រួមគ្នាអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសោភ័ណភាពឆ្នេរ រួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរ។ បញ្ហានេះ ទាំងមន្ត្រីសង្គមស៊ីវិល និងភ្ញៀវទេសចរ ជាដើម បានសាទរចំពោះវិធានការនេះ និងស្នើឲ្យអនុវត្តឲ្យមានប្រសិទ្ធភាពបានយូរអង្វែង។
ការដាក់បទបញ្ជាក្តៅ និងឈានដល់មានវិធានការតាមផ្លូវច្បាប់ ឬផាកពិន័យធ្ងន់ធ្ងរចំពោះអ្នកល្មើសបញ្ជានេះ កើតឡើងក្រោយពេលមានមតិរិះគន់មិនសំចៃមាត់ជាបន្តបន្ទាប់ពីសាធារណជន ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលតែងតែពោលចំអកថា បរិស្ថានខេត្តជាប់មាត់សមុទ្រមួយនេះគ្មានអនាម័យ ដោយមានបង្ហូរទឹកស្អុយ ឬទឹកលាមកចូលសមុទ្រ និងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ ជាដើម។
សារព្រមានទាំង ៨ចំណុចរបស់អភិបាលក្រុងព្រះសីហនុ ដែលទើបឡើងកាន់តំណែងថ្មី គឺលោក អ៊ី សុខឡេង បានដាក់ជូនពលរដ្ឋ ឬក្រុមអាជីវករ ឲ្យចូលរួមអនុវត្តនោះមានដូចជា មិនអនុញ្ញាតឲ្យអាជីវករដាក់តុ ឬកៅអីនៅលើឆ្នេរខ្សាច់ ដើម្បីទទួលភ្ញៀវអង្គុយទទួលទានអាហារដូចមុនទៀតទេ។ សាលាក្រុង នឹងចាត់វិធានការរុះរើសំយាបផ្ទះ និងឆត្រ ជាដើម ដែលដាក់តាំងនៅតាមឆ្នេរ និងតាមចិញ្ចើមផ្លូវថ្នល់ ដើម្បីរក្សាសោភ័ណភាពក្រុង ជាពិសេសលើកកម្ពស់សោភ័ណភាពឆ្នេរ ព្រមទាំងសណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈ តម្រូវឲ្យអាជីវករត្រូវដាក់តម្លៃមុខម្ហូបអាហារ និងបិទតម្លៃថ្លៃតូបអង្គុយលេងជូនភ្ញៀវឲ្យបានត្រឹមត្រូវ និងមិនអនុញ្ញាតឲ្យដំឡើងតម្លៃសេវារបស់ខ្លួនតាមទំនើងចិត្តនោះទេ ជាពិសេសថ្ងៃបុណ្យ។
ត្រង់ចំណុចនេះ លោក អ៊ី សុខឡេង បញ្ជាក់ថា ក្រុមអាជីវករ និងភ្ញៀវទេសចរ ត្រូវវេចខ្ចប់កាកសំណល់រឹងរាវឲ្យបានត្រឹមត្រូវ និងត្រូវបង់សេវាប្រមូលកាកសំណល់ជូនក្រុមប្រមូលសំរាមឲ្យបានទៀងទាត់។ ក្រៅពីនេះ សាលាក្រុងក៏នឹងរៀបចំចំណតរថយន្តជាថ្មី ដោយបំពាក់ភ្លើងបំភ្លឺសម្រាប់ផ្តល់ជូនភ្ញៀវចតរថយន្តប្រកបដោយសុវត្ថិភាព។ ជាងនេះទៀត សាលាក្រុងនឹងពិភាក្សាជាមួយមន្ទីរជំនាញ ដើម្បីឈានដល់ស្ថាបនាអាងចម្រោះទឹកស្អុយឲ្យបានត្រឹមត្រូវ ដោយមិនអនុញ្ញាតឲ្យបង្ហូរទឹកស្អុយ ឬទឹកលាមកចូលសមុទ្រដូចពេលមុនទៀតទេ។ បន្ថែមលើនេះទៀត សាលាក្រុងនឹងរកទីតាំងមួយកន្លែង ទុកសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ សម្រាប់បាញ់កាំជ្រួចកម្សាន្ត ដោយមិនអនុញ្ញាតឲ្យបាញ់បោះសេរីនៅតាមឆ្នេរ បង្ការរំខាន និងបង្កគ្រោះថ្នាក់ដូចពេលមុនទៀតឡើយ៖ «ជាពិសេសនៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ គឺជារដូវវិស្សមកាល ដែលមានជនបរទេស ឬភ្ញៀវទេសចរជាតិអន្តរជាតិ ចូលមកកម្សាន្តខេត្តព្រះសីហនុ ច្រើន។ ដូច្នេះ ប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវរួមគ្នាជាមួយអាជ្ញាធរ ដើម្បីសម្អាតអនាម័យ ឬបរិស្ថានឆ្នេរឲ្យមានសោភ័ណភាពល្អ ដើម្បីជាការទាក់ទាញកំណើនភ្ញៀវទេសចរឲ្យបានច្រើនថែមទៀត»។
ផ្ដើមពីបញ្ហានេះ អភិបាលក្រុងព្រះសីហនុ បានស្នើដល់ក្រុមអាជីវករ និងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តបទបញ្ជាទាំង ៨ចំណុចនេះជាមួយអាជ្ញាធរដោយការទទួលខុសត្រូវខ្ពស់។
អភិបាលក្រុងវ័យក្មេងរូបនេះ ក៏បានព្រមានថា នឹងមិនអនុញ្ញាតឲ្យក្រុមអាជីវករ និងប្រជាពលរដ្ឋ បន្តប្រព្រឹត្តកំហុសឆ្គង ឬមិនអនុវត្តច្បាប់ស្ទើរក្លាយជាទម្លាប់ដូចពេលកន្លងទៅទៀតទេ៖ «បញ្ហានេះ ខ្ញុំបានប្រជុំគណៈកម្មការ ដើម្បីចុះអនុវត្តរក្សាសោភ័ណភាពនៅតាមទីសាធារណៈឲ្យមានរបៀបរៀបរយឡើងវិញ ដោយមិនអនុញ្ញាតឲ្យសម្ភារៈផ្សេងៗ គឺមិនអនុញ្ញាតឲ្យដាក់តាំងនៅលើចិញ្ចើមផ្លូវថ្នល់ដូចពេលមុនទៀតទេ ដើម្បីរក្សាសោភ័ណភាព និងសណ្ដាប់ធ្នាប់ក្រុង»។
ទាក់ទងបញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងភ្ញៀវទេសចរមួយចំនួននាខេត្តព្រះសីហនុ បានគាំទ្រសកម្មភាពនេះ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) លោក ប៊ួន ណារិទ្ធិ និងអ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ បង្ហាញការគាំទ្រថា នេះជាសកម្មភាពកែតម្រូវភាពអសកម្ម ដែលកើតមាននាមូលដ្ឋានខេត្តទេសចរណ៍នេះគួរឲ្យកត់សម្គាល់ ក្នុងនោះបានរក្សាសណ្ដាប់ធ្នាប់នៃការចតយានយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ជាដើម ទប់ស្កាត់សកម្មភាពដាក់តាំងលក់ដូរសម្ភារៈគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវថ្នល់ ដើម្បីបញ្ចៀសការកកស្ទះ និងការចុះសម្អាតអនាម័យតាមទីសាធារណៈ និងតាមឆ្នេរសមុទ្រ ជាដើម។
ទោះជាបែបនេះក្តី ទាំងមន្ត្រីសង្គមស៊ីវិល និងភ្ញៀវទេសចរ ដែលចូលមកកម្សាន្តខេត្តព្រះសីហនុ បានសំណូមពរដោយស្នើដល់អភិបាលថ្មីក្រុងព្រះសីហនុ លោក អ៊ី សុខឡេង ត្រូវអនុវត្តការងារសម្អាតបរិស្ថានឆ្នេរ និងរក្សាសណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈឲ្យបានជាប្រចាំ និងអនុវត្តដោយស្មើភាព ទើបមានប្រសិទ្ធភាព ហើយនឹងទទួលបានការគាំទ្រច្រើនពីសាធារណជននាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
