ពលរដ្ឋ និងអាណាព្យាបាល រស់នៅខេត្តព្រះសីហនុ សង្ស័យថាស្នងការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ថាទំនងជាអាចជាប់ពាក់ព័ន្ធ ការបង្កើតឲ្យមានទីតាំងភ្នាល់បាល់ ឬ ជល់មាន់ និងល្បែងខុសច្បាប់ច្រើនទៀត កំពុងធ្វើសកម្មភាពរាល់ថ្ងៃ នាខេត្តព្រះសីហនុ។
បញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានស្នើឲ្យប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មាន ត្រូវសហការប្រាប់ពីទីតាំងប្រព្រឹត្តិល្បែងស៊ីសងទាំងនោះ ឲ្យបានច្បាស់លាស់ ដើម្បីសមត្ថកិច្ចមានវិធានការតាមផ្លូវច្បាប់។
អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋ មានលំនៅឋានក្នុងខេត្តព្រះសីហនុ បានឲ្យវិទ្យុអាស៊ីសេរី ដឹងនៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកាថា ទីកន្លែងបើកចាក់ភ្នាល់បាល់ទាំងនោះ គឺសមត្ថកិច្ចជំនាញមិនពិបាករកទេ។ ប្រជាពលរដ្ឋបានបង្ហាញទីតាំងមួយចំនួន ដែលទទួលចាក់បាល់ និងចែកតារាងប្រកួតបាល់តាមប្រព័ន្ធអ៊ីនធើណេត(Internet) ឬការប្រកួតបាល់នៅក្រៅប្រទេស មានដូចជាទីតាំងនៅកែងរ៉ា ឬមុខកំពង់ផែ។ ទីតាំងខាងក្រោយរោងមហោស្រពចាស់ ខេត្តព្រះសីហនុ ហើយទីតាំងទាំងនេះស្ថិតនៅក្នុងផ្ទះល្វែង ជ្រកក្រោមស្លាកបោកអ៊ុត ឬផ្ទះសំណាក់ជាដើម។ ផ្ទះសំណាក់ដែលប្រជាពលរដ្ឋ ចោទថាជាទីតាំងទទួលភ្នាល់បាល់ដ៏ធំ នៅខេត្តព្រះសីហនុ ហើយមានមន្ត្រីមានអំណាចកាងការពារ គឺមានយីហោឌីឌីម៉ាត និងផ្ទះសំណាក់កោះមាសជាដើម។
ប្រជាពលរដ្ឋចោទថា បើកល្បែងស៊ីសងដូចជាភ្នាល់បាល់ ឬជល់មាន់ អាចធ្វើសកម្មភាពទៅបាន ទាល់តែមានការអនុញ្ញាត ពីសមត្ថកិច្ចខេត្តព្រះសីហនុ មាននគរបាល និងកងរាជអាវុធជាដើម។
ទោះជាបែបនេះក្ដី លោក ស៊ាង កុសល ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ថ្លែងបដិសេធន៍ថា មិនជាប់ពាក់ព័ន្ធល្បែងស៊ីសងគ្រប់ប្រភេទ ដូចពលរដ្ឋចោទនោះទេ។
លោក ស៊ាង កុសល មានប្រសាសន៍ថា មិនអនុញ្ញាតឲ្យល្បែងស៊ីសង ធ្វើសកម្មភាពអនាធិបតេយ្យ នាមូលដ្ឋានខេត្តព្រះសីហនុបានទេ។ លោកថាបទល្មើសបើកល្បែងភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធើណេត នាខេត្តព្រះសីហនុ អាជ្ញាធរធ្លាប់បង្ក្រាបបាន ១ករណីរួចហើយ។
លោកបន្តថានឹងពិនិត្យទីតាំងភ្នាល់បាល់ ដែលពលរដ្ឋបានលើកឡើង នាខេត្តព្រះសីហនុ ដើម្បីឈានទៅបង្ក្រាប ឲ្យបានជាស្ថាពរ។
ស្រដៀងគ្នាដែរ សម្រាប់លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ក៏បានព្រមានចាត់វិធានការក្ដៅ ចំពោះរាល់ទីតាំងល្បែងស៊ីសងផ្សេងៗ មានល្បែងភ្នាល់បាល់ បៀអាប៉ោង ឬជល់មាន់ជាដើម។ លោកបន្តថាមិនបានដឹងពីតាំងល្បែងស៊ីសង បើកធ្វើសកម្មភាព នាទីប្រជុំខេត្តជាប់ឆ្នេរសមុទ្រមួយនេះទេ ប៉ុន្តែបើដឹងទីតាំងពិតប្រាកដ នឹងពង្រាយកម្លាំងបង្ក្រាប ឲ្យបានឆាប់បំផុត។ លោកព្រមានថា នឹងមិនអនុញ្ញាត ឲ្យមានល្មើសល្បែងស៊ីសងគ្រប់ប្រភេទ អាចធ្វើសកម្មភាពអនាធិបតេយ្យបានជានោះទេ។
ទាក់ទិនបញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលប្រមុខដឹកនាំរដ្ឋាភិបាលបានដាក់ចេញ ត្រូវតែអនុវត្ត ឲ្យមានប្រសិទ្ធភាព។
លោកព្រមានចាត់វិធានការក្ដៅ ទៅលើទីតាំងល្បែងភ្នាល់បាល់ ឬជល់មាន់ ជាដើម មិនឲ្យធ្វើសកម្មភាព នាខេត្តព្រះសីហនុបានជាដាច់ខាត។ លោកថានឹងស្នើទៅសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថ និងប៉ូលិស ជាដើម ឲ្យពិនិត្យល្បែងស៊ីសង កំពុងធ្វើសកម្មភាពនាខេត្តព្រះសីហនុ ដើម្បីមានវិធានការទប់ស្កាត់ ឬឈានដល់អនុវត្តតាមផ្លូវច្បាប់។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានរំលឹកដល់សមត្ថកិច្ចក្រោមឱវាទ នៅតាមខេត្តក្រុង និមួយៗ ឲ្យបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញឲ្យបានជាប្រចាំ និងមិនត្រូវធ្វេសប្រហែសទេ។
យ៉ាងនេះក្ដី ក្រុមប្រជាពលរដ្ឋខេត្តព្រះសីហនុ ហាក់មានជំនឿតិចតួច ចំពោះការអះអាង របស់មេប៉ូលិស និងមេបញ្ជាការប៉េអិម ខេត្តព្រះសីហនុ ដោយសង្ស័យថា សមត្ថកិច្ចជំនាញខេត្តនេះ ទំនងជាអាចជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសល្បែងស៊ីសងផ្សេងៗ ពិសេសល្បែងភ្នាល់បាល់ដ៏ធំនៅខេត្តព្រះសីហនុ ទើបល្បែងភ្នាល់នេះ អាចធ្វើសកម្មភាពបានដោយចំហ និងគ្មានការបង្ក្រាបមកដល់ពេលនេះ។ ជាងនេះកងកម្លាំងនៅក្នុងស្ថាប័នជំនាញទាំងនេះ ក៏តែងតែទៅយកតារាងចាក់បាល់ ឬប៉ុងបាល់ ដើម្បីចាក់ភ្នាល់ ស្ទើរជារៀងរាល់ថ្ងៃថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
