អ្នក​ជំនាញ​ថា​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​យុវជន​ក្រីក្រ

0:00 / 0:00

ស្ថាប័ន​ចំនួន​៣៩ រាប់​តាំង​ពី​អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល និង​វិស័យ​ឯកជន ជួប​ប្រជុំ​ពិគ្រោះ​យោបល់​គ្នា​សាជាថ្មី​ម្ដង​ទៀត​ជា​លើក​ទី​៤ នៅ​ថ្ងៃ​ទី​២៨ មេសា ដើម្បី​រិះរក​ចំណុច​ផែនការ​រួម​គ្នា ក្នុង​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ក្រីក្រ​តាម​រយៈ​ការ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ។

កម្មវិធី​នេះ នឹង​ជួយ​រួម​ចំណែក​ពង្រឹង​គុណភាព​កម្លាំង​ពលកម្ម​ជំនាញ​បន្ថែម​ទៀត ខណៈ​ទីផ្សារ​ការងារ​នៅ​ប្រទេស​កម្ពុជា កំពុង​ខ្វះ​ធនធាន​មនុស្ស ពិសេស​កម្មករ​ជំនាញ​ផ្នែក​បច្ចេកទេស។

កង្វះ​ជំនាញ ឬ​ការ​ធ្វើ​ការ​ខុស​ជំនាញ ជា​ហេតុផល​ចម្បងៗ​ដែល​នាំ​ឲ្យ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​ក្នុង​ទីផ្សារ​ការងារ​កម្ពុជា នៅ​តែ​ខ្វះខាត បើ​ទោះ​បី​ជា​របាយការណ៍​បាន​បង្ហាញ​ថា អត្រា​ភាព​គ្មាន​ការងារ​ធ្វើ មិន​ទាន់​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​ក៏ដោយ។ បន្ថែម​ពី​លើ​នេះ យុវជន​ដែល​បោះបង់​ការ​សិក្សា​ក្នុង​កម្រិត​វិទ្យាល័យ ឬ​យុវជន​ក្រីក្រ យុវជន​ជនបទ ដែល​ស្ថិត​ក្នុង​វ័យ​ពលកម្ម ក៏​ជា​ក្រុម​មនុស្ស​ដែល​ខ្វះ​ជំនាញ ចំ​ពេល​ដែល​ទីផ្សារ​ការងារ​ត្រូវ​ការ​ពួក​គេ។

ទីប្រឹក្សា​កម្មវិធី​ប្រយុទ្ធ​ក្រីក្រ​របស់​កុមារ​នៃ​អង្គការ​សង្គ្រោះ​កុមារ (Save the Children) អ្នកស្រី សម្បត្តិ រតនា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Cheu Sideth
ទីប្រឹក្សា​កម្មវិធី​ប្រយុទ្ធ​ក្រីក្រ​របស់​កុមារ​នៃ​អង្គការ​សង្គ្រោះ​កុមារ (Save the Children) អ្នកស្រី សម្បត្តិ រតនា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Cheu Sideth (RFA/Cheu Sideth)

ទីប្រឹក្សា​កម្មវិធី​ប្រយុទ្ធ​ក្រីក្រ​របស់​កុមារ​នៃ​អង្គការ​សង្គ្រោះ​កុមារ (Save the Children) អ្នកស្រី សម្បត្តិ រតនា ថ្លែង​ថា ការ​ធ្វើ​ការ​រួម​គ្នា​ជា​ធ្លុង​មួយ​នៃ​ភាគី​ពាក់ព័ន្ធ មិន​ថា​តែ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ឬ​រដ្ឋាភិបាល​នោះ​ទេ នឹង​អាច​ដោះស្រាយ​បញ្ហា​កង្វះ​ជំនាញ និង​អាច​រួម​គ្នា​អភិវឌ្ឍ​យុវជន​នៅ​កម្ពុជា បាន​ប្រសើរ។

អ្នកស្រី​បន្ថែម​ទៀត​ថា ក្រុម​ការងារ​សម្រប​សម្រួល​សម្រាប់​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ការងារ​ដល់​យុវជន​នេះ នឹង​សហការ​គ្នា​ផ្ដល់​ការ​អភិវឌ្ឍ​ជំនាញ​ការងារ និង​ផ្ដល់​ព័ត៌មាន​ស្ដីពី​ជំនាញ​ការងារ​ដល់​យុវជន ពិសេស​យុវជន​ដែល​បោះបង់​ការ​សិក្សា ឬ​អ្នក​គ្មាន​ឱកាស៖ «អ្វី​ដែល​យើង​មើល​ឃើញ ប្រមើល​មើល​ពី​វិស័យ​របស់​យើង គឺ​យើង​អាច​ដោះស្រាយ​បញ្ហា​យុវជន​ជា​ច្រើន ទាក់ទង​នឹង​បញ្ហា​ធ្វើ​ការ​ខុស​ជំនាញ ហើយ​និង​ទីផ្សារ​ការងារ តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​ឱកាស​​ទទួល​បាន​ព័ត៌មាន​ជំនាញ​ដែល​ត្រូវ​ការ ហើយ​សម្រាប់​មុខ​ជំនាញ​ហ្នឹង​មួយ តើ​មុខ​តំណែង​ហ្នឹង​មួយ​គាត់​ត្រូវ​ការ​ជំនាញ​អ្វី​ខ្លះ?»

ការ​សិក្សា​មុខ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ហាក់​មិន​ត្រូវ​យុវជន​ផ្ដល់​តម្លៃ ខណៈ​អ្នក​ជំនាញ​អះអាង​ថា ជំនាញ​បច្ចេកទេស​នេះ​ឯង​ដែល​ទីផ្សារ​ការងារ​កំពុង​ត្រូវ​ការ។

នាយក​រង​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា-ឥណ្ឌា លោក ម៉ិល ផូ ជំរុញ​ឲ្យ​យុវជន​ចាប់​យក​ជំនាញ​បច្ចេកទេស៖ «ស្រុក​ខ្មែរ​សព្វ​ថ្ងៃ​ ត្រូវ​ការ​ច្រើន​ណាស់ ទាក់​ទង​នឹង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ជំនាញ​ខ្លី​នេះ​ឯង។ ទាក់ទង​ការ​ត​បណ្ដាញ​អគ្គិសនី​តាម​អគារ ការ​ដំឡើង​ម៉ាស៊ីន​ត្រជាក់ ការ​បោះពុម្ព​ផ្សាយ គឺ​ជា​ជំនាញ​មួយ​ដែល​កំពុង​ត្រូវ​ការ​យ៉ាង​ខ្លាំង​ក្នុង​ទីផ្សារ។ ប្រសិន​បើ​យុវជន​ដែល​មិន​មាន​ការងារ​ធ្វើ យុវជន​ដែល​បោះបង់​ការ​សិក្សា ក្រឡេក​មើល​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ ក្នុង​ពេល​ដែល​ប្អូន​សិក្សា​វគ្គ​ជំនាញ​នេះ សង្ឃឹម​មុតមាំ​ថា ងាយ​ស្រួល​រក​ការងារ​ធ្វើ ហើយ​ទីផ្សារ​កំពុង​តែ​ត្រូវការ»

ទីប្រឹក្សា​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ កញ្ញា អ៊ូច ជាច័ន្ទមល្លិកា បញ្ជាក់​ថា ក្រៅ​ពី​ជំនាញ​បច្ចេកទេស លក្ខណៈ​សម្បត្តិ​អត្តចរិត​របស់​យុវជន ក៏​ជា​ឧបសគ្គ​ដែល​រារាំង​ដល់​យុវជន​ពិបាក​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ៖ «បុគ្គល​ ឥឡូវ ខ្វះ​នូវ​ជំនាញ​បច្ចេកទេស​មិន​សូវ​ពេញ​លេញ ហើយ​ជំនាញ​ទន់​របស់​ពួកគាត់ ទាក់​ទង​នឹង​ការ​ប្រាស្រ័យ​ទាក់ទង ការ​ធ្វើ​ការងារ​ជា​ក្រុម ការ​ដោះស្រាយ​បញ្ហា​គឺ​នៅ​ខ្សោយ​ទៀត»

ទិន្នន័យ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ (NIS) បង្ហាញ​ថា អត្រា​គ្មាន​ការងារ​ធ្វើ​របស់​យុវជន​មាន​តិចតួច ក្នុង​អត្រា ២,៤​ភាគរយ ក៏ប៉ុន្ដែ​អ្នកស្រី សម្បត្តិ រតនា គូស​បញ្ជាក់​ថា យុវជន​នៅ​ខ្វះខាត​ជំនាញ​វិជ្ជាជីវៈ និង​ធ្វើ​ការ​មិន​ត្រូវ​ជំនាញ ដែល​ទាមទារ​ឲ្យ​បង្កើន​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។