ទាហាន​ការពារ​ចម្ការ​កៅស៊ូ​នៅ​ឧត្តរមានជ័យ​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​លើ​ពលរដ្ឋ

0:00 / 0:00

អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រស់​នៅ​ជុំវិញ​ចម្ការ​កៅស៊ូ ទំរីង រ៉ាប់បឺ (Tom Ring Rubber) នា​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឧស្សាហ៍​មាន​ការ​ភ័យ​ខ្លាច ដោយសារ​តែ​ទាហាន​១​ក្រុម​ជា​អ្នក​ការពារ​ចម្ការ​កៅស៊ូ​ទីនោះ តែង​បង្ក​អំពើ​ហិង្សា។ ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ជាច្រើន​លើក​មក​ហើយ ទាហាន​១​ក្រុម​នៅ​ក្នុង​ចម្ការ​កៅស៊ូ ទំរីង រ៉ាប់បឺ តែង​ប្រើ​អាវុធ​គំរាម​កំហែង​លើ​ប្រជាពលរដ្ឋ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ចេញ​មុខ​ដោះស្រាយ​ទេ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរតាម៉េង នា​ឃុំ​អន្លង់វែង បាន​ចោទ​ប្រកាន់​ទាហាន​ខ្លះ​ដែល​ការពារ​ចម្ការ​កៅស៊ូ ទំរីង រ៉ាប់បឺ ថា​បាន​ប្រើ​ហិង្សា​វាយ​តប់​លើ​រាង​កាយ ហើយ​ថែម​ទាំង​យក​អាវុធ​បាញ់​មក​លើ​ពួក​គេ​ទៀត​ផង។

អ្នក​ភូមិ​អូរតាម៉េង ម្នាក់ គឺ​លោក នូ ធឿន។ លោក​បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​មីនា ថា កាល​ពី​៣​ថ្ងៃ​មុន កូន​ប្រុស​របស់​គាត់​ឈ្មោះ ហុង វិចិត្រ អាយុ ២១​ឆ្នាំ ត្រូវ​ទាហាន ២​នាក់ ដែល​ការពារ​ចម្ការ​កៅស៊ូ ទំរីង រ៉ាប់បឺ ចាប់​ខ្លួន​វាយ​ធ្វើ​បាប ព្រម​ទាំង​យក​កាំភ្លើង​បាញ់​ផង នៅ​ពេល​ដែល​កូន​ប្រុស​របស់​គាត់​រើ​បម្រះ ហើយ​ព្យាយាម​រត់​គេច​ចេញ​ពី​ការ​ធ្វើ​ទារុណកម្ម។

លោក នូ ធឿន៖ «កូន​វា​ចេញ​ពី​ធ្វើ​ការ​ពី​ក្នុង​ចម្ការ​ដំឡូង លី​ផ្គាក់ លី​ពូថៅ ធុង​ទឹក​កក។ ដើរ​មក​ក៏​ជួប​កាំភ្លើង ២​ដើម គ្នា ២​នាក់ មក​ពី​កើត​តាម​ដង​ផ្លូវ​ក្រុមហ៊ុន​ហ្នឹង។ ដល់​ក៏​គេ​ភ្ជង់​ឱ្យ​ទម្លាក់​កាំបិត​ពូថៅ នៅ​ពេល​ទម្លាក់​កាំបិត​ពូថៅ​ទៅ ក៏​ស្រវា​ចាប់​កូន​ខ្ញុំ​ក្របួច​ក​អាវ ច្របាច់​ក​គ្នា រយះ​ក ២-៣​ដុំ​ទៅ។ កូន​ខ្ញុំ​វា​រើ​រួច វា​រត់​ទៅ! រត់​បាញ់​ធ្លុះ​មួក​ធ្លុះ​អី វាយ ២​ស្វាយ​កាំភ្លើង។ ដល់​ប្អូន​ខ្ញុំ​ឈ្មោះ ឆេង ដូង នាំ​កូន ២​នាក់​រត់​ទៅ​មើល ក៏​បាញ់​ប្អូន​ខ្ញុំ អ្នក​រត់​មក​សួរ ហើយ​នាំ​ប្អូន​ខ្ញុំ​ទៅ​ឯ​ផ្ទះ ក៏​បាញ់​ផ្អើល​ឯ​ផ្ទះ​ទៀត​ទៅ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ការ​ទាក់ទង​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ទំរីង រ៉ាប់បឺ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត ចំពោះ​កង​ទាហាន​ដែល​ការពារ​ចម្ការ​កៅស៊ូ​នៅ​ជិត​ភូមិ​របស់​ពួក​គេ​នោះ​ទេ។

មេ​ភូមិ​អូរតាម៉េង លោក ញ៉ែម ប៊ុនចាន់ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​រឿងរ៉ាវ​ដែល​ទាហាន​ការពារ​ចម្ការ​កៅស៊ូ វាយ​ធ្វើ​បាប និង​បាញ់​មក​លើ​ប្រជាពលរដ្ឋ​នោះ។ លោក​មេ​ភូមិ​បាន​បញ្ជាក់​ថា លោក​ព្យាយាម​បញ្ជូន​ព័ត៌មាន​នេះ​ទៅ​អាជ្ញាធរ​ថ្នាក់​លើ​ឱ្យ​ជួយ​ដោះស្រាយ ក៏ប៉ុន្តែ​ការ​ចាត់​វិធាន​ការ​ហាក់​មាន​ភាព​យឺតយ៉ាវ មិន​ស្រប​នឹង​ស្ថានការណ៍​ទេ៖ «ឥឡូវ​នេះ ខ្ញុំ​បាន​ធ្វើ​កំណត់​ហេតុ​ចូល​ក្នុង​សាលា​ឃុំ​ហើយ ហើយ​ខ្ញុំ​ឱ្យ​មន្ត្រី​ឃុំ និង​ប៉ូលិស​ហ្នឹង ឱ្យ​មក​ត្រួត​ពិនិត្យ​មើល​កន្លែង​កើត​ហេតុ​ហ្នឹង ក៏ប៉ុន្តែ​មក​ដល់​ពេល​នេះ​ហើយ មិន​ទាន់​បាន​ឃើញ​រៀប​ចំ​ចេញ​មក​ទេ»

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​រក​ឃើញ​ថា ក្នុង​រយៈពេល ១​សប្ដាហ៍​នេះ អំពើ​ហិង្សា​នៅ​ក្នុង​ចម្ការ​កៅស៊ូ ទំរីង រ៉ាប់បឺ បាន​កើត​មាន​ចំនួន ២​ករណី​ផ្សេង​គ្នា។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​មក​ហើយ បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​នៅ​តែ​កើត​មាន ដោយសារ​តែ​កាល​ពី​ក្រុមហ៊ុន​ស្នើសុំ​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​មាន​ប៉ះពាល់​ទៅ​លើ​ដី​ភូមិ និង​ស្រែ​ចម្ការ​មួយ​ចំនួន។ រហូត​មក​ដល់​ពេល​នេះ ការ​ប៉ះពាល់​ទាំង​ឡាយ​មិន​ទាន់​បាន​ដោះស្រាយ​ឱ្យ​សមស្រប​នៅ​ឡើយ។

លោក ស្រី ណារ៉េន បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា កន្លង​ទៅ បុរស​ចំណាស់​ម្នាក់​ឈ្មោះ ស៊ិន ស្ងួន អាយុ ៦៨​ឆ្នាំ ជា​អ្នក​ភូមិ​អូរតាម៉េង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ បន្ទាប់ពី​គាត់​បាន​កាប់​កូន​កៅស៊ូ​ចំនួន ៣​ដើម ក្នុង​បំណង​បញ្ចៀស​ភ្លើង​ព្រៃ​មិន​ឱ្យ​រាល​ឆេះ​ដល់​ផ្ទះ​របស់​គាត់។ លោក ស្រី ណារ៉េន បាន​ចាត់​ទុក​សកម្មភាព​របស់​ទាហាន​ការពារ​ចម្ការ​កៅស៊ូ ទំរីង រ៉ាប់បឺ ដែល​ប្រើ​កាំភ្លើង​បាញ់​គំរាម​ប្រជាពលរដ្ឋ​នោះ​ថា ជា​អំពើ​ខុស​ច្បាប់។

ក្រុម​អ្នក​ភូមិ​អូរតាម៉េង បាន​អះអាង​ថា ជា​ញឹកញាប់ ទាហាន ១​ក្រុម​ដែល​ការពារ​ចម្ការ​កៅស៊ូ ឧស្សាហ៍​បាញ់​បោះ​សេរី ដោយ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច និង​ភ្ញាក់​ផ្អើល ក៏ប៉ុន្តែ​មិន​ដែល​មាន​សមត្ថកិច្ច​ណា​ចេញ​មុខ​ហាម​ឃាត់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។